Thursday, March 20, 2014

សុន្ទរកថា ឯកឧត្ដម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១២-២០១៣ និង​ទិស​ដៅ​ឆ្នាំ​សិក្សា​២០១៣-២០១៤

សុន្ទរកថា
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួល​បន្ទុកទីស្ដីការ​គណៈរដ្ឋមន្ដ្រី តំណាង​ដ៏ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១២-២០១៣ និង​ទិស​ដៅ​ឆ្នាំសិក្សា២០១៣-២០១៤
រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤

-        ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
-        ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល
-        ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត-រដ្ឋទូត នៃប្រទេសជាមិត្តប្រចាំនៅព្រះរាជាណាចក្រ​កម្ពុជា
-        ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនិងមន្ត្រីរាជការទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡា ជាទីមេត្រី!

ថ្ងៃនេះ​ ខ្ញុំមានសេចក្តីសោមនស្សរីករាយ​ ចូលរួមជាមួយ ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១២-២០១៣ និង​ទិស​ដៅ​ឆ្នាំ​សិក្សា២០១៣-២០១៤។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ក្នុង​នាម​ខ្លួនខ្ញុំ​ផ្ទាល់ ខ្ញុំសូមសម្តែង​នូវការកោត​សរសើរ និង​វាយតម្លៃខ្ពស់ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែ​ង របស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការទាំងអស់ របស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង​អង្គការជាតិ​និង​អន្តរជា​តិ និងដៃគូ​អភិវឌ្ឍន៍​​ ដែលបានបន្តយកចិត្តទុកដាក់ខ្ពស់ និងជួយ​ឧបត្ថម្ភ​គាំទ្រ ទាំងសម្ភារៈ ថវិកា និង​បច្ចេក​ទេស សំដៅ​លើកកម្ពស់គុណភាព​អប់រំ និង​ប្រសិទ្ធភាពនៃការបណ្តុះបណ្តាល​ធនធា​ន​​​មនុស្ស ជាមួយនឹង​សមិទ្ធផលធំៗជាច្រើនទៀត​ ក្នុង​ការ​អភិវឌ្ឍ​​​វិស័យ​អប់រំនៅកម្ពុជា។ ជាការ​ពិ​ត​ សមិទ្ធផល​ទាំងនេះ កើតមានឡើង​ដោយ​បាន​ការ​ចូលរួមយ៉ាងសកម្មពីអស់លោក លោកស្រី​សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល​សិស្ស និស្សិតទាំងអស់ ដែលបាន​ខិត​ខំ​បង្រៀននិង​បញ្ជូនកូនមក​រៀន​គ្រប់ៗគ្នា ដើម្បីសម្រេចបាននូវគោលដៅ​ «ការអប់រំសម្រាប់​ទាំង​អស់​គ្នា ហើយ​​​ទាំងអស់​គ្នា​សម្រាប់​ការអប់រំ»។  ខ្ញុំក៏​​សូម​​យក​​ឱកាស​នេះផងដែរ សម្តែង​នូវ​ការ​កោត​​សរសើរ​ដល់ឯកឧត្តម​បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា ដែល​​​​បន្ត​ដឹកនាំការងារ​ក្នុង​វិស័យ​ដ៏មានសារៈសំខាន់នេះ យ៉ាងសកម្ម​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដោយ​​​​សម្រេចបាន​លទ្ធផល​​គួរជាទី​មោទនៈ នា​ពេលកន្លង​មកនេះ។

ការជួបជុំគ្នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ឆ្លុះបញ្ចាំងឱ្យ​ឃើញ​នូវការបន្តយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍវិស័យអប់រំ​ យុវជន និង​កីឡា​​នៅ​កម្ពុជា។ ព្រឹត្តិការណ៍​នេះ​ក៏​ជា​វេទិកា​ដ៏ល្អសម្រាប់អ្នកជំនាញ អ្នកស្រាវជ្រាវ និងអ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត​ក្នុងវិស័យអប់រំ ផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗសម្រាប់ជាធាតុចូល ក្នុងការ​បង្កើន​ប្រសិទ្ធភាព​ថែមទៀតនៃការ​អនុវត្តគោលនយោបាយ និង​ផែន​ការ​យុទ្ធ​សាស្ត្រ​វិស័យ​អប់រំ យុវជន និងកីឡា ព្រមទាំង​សម្រាប់​​​លើកទិស​ដៅ​ការងាររបស់ក្រសួង​ក្នុងឆ្នាំសិក្សា​ថ្មី​​ឱ្យបាន​កាន់​តែ​ប្រសើរ​ថែមទៀត ដើម្បី​ឆ្លើយ​តប​​ទៅនឹង​តម្រូវ​ការ​​​ថ្មីៗ​​នៃការអភិវឌ្ឍ​ធនធានមនុស្ស ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ទាំងចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសីលធម៌។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
គ្រឹះស្ថានសិក្សា រួមទាំង​ស្ថាប័នដទៃទៀតទាំងអស់ត្រូវ​បាន​បំផ្លិចបំផ្លាញទាំងស្រុង​ដោយ​របប​ប្រល័យ​​​ពូជសាសន៍ក្នុងរយៈពេលតែជាងបីឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ យើង​បាន​ឆ្លង​កាត់​ការ​លំបាក​គ្រប់បែបយ៉ាង ដោយដៃម្ខាងខិតខំប្រឹងប្រែងស្ដារ និងកសាង​ជាតិ​មាតុភូមិជាទីស្នេហានៃយើងពីបាតដៃទទេ និងដៃម្ខាងទៀតខិតខំការពារមិន​ឱ្យមានការវិល​ត្រឡប់​​មកវិញនៃរបប​ប្រល័យពូជសាសន៍​។ លើសពីនេះទៀត តាមរយៈគោល​នយោបាយ​​ឈ្នះ-ឈ្នះរបស់​សម្តេចតេជោនាយករដ្ឋមន្ត្រី  ដែលបានធ្វើការផ្សះផ្សារ បង្រួបបង្រួម និង​ឯកភាព​​ជាតិ ​ដោយ​ពុំមាន​ការបង្ហូរឈាមគ្នា  កម្ពុជាទទួលបាន​សន្តិភាព​ពេញ​លេញ​​​ដែល​ពុំ​ធ្លាប់​​មាន​​ក្នុង​រយៈ​កាលប្រមាណ ៥០០ ឆ្នាំ​ចុង​ក្រោយ​នេះ​។

សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​គឺ​ជាមូលដ្ឋាន​ដ៏រឹងមាំ​សម្រាប់​​ធានា​បាន​នូវការ​អភិវឌ្ឍ​​​​​លើ​គ្រប់​វិស័យ សំដៅ​លើក​​​​​កម្ពស់​ជីវភាពរស់នៅ និងកាត់បន្ថយភាព​ក្រីក្ររបស់​ប្រជាជ​ន​។ ជាក់​ស្តែង​ ក្នុងឆ្នាំ២០១២ កម្ពុជា​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច ៧,៣% ហើយ​កំណើននេះ​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ស្ថិតក្នុង​រង្វង់​ពី​ ៧% ទៅ ៨% នៅឆ្នាំបន្តបន្ទាប់ ដោយរក្សា​បាន​​នូវអតិផ​រ​ណា​​ទាប។ ផ្អែកលើកំណើន​ដ៏ខ្ពស់នេះ  កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេសដែលមាន​ប្រាក់​​ចំណូលមធ្យម​​កម្រិត​​​​ទាបក្នុងពេលអនាគត​ដ៏ខ្លីខាងមុខនេះ និង​ឈាន​ទៅ​ជាប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅឆ្នាំ២០៣០។

រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​បាន​និង​កំពុង​​យកចិត្តទុកដាក់​ខ្ពស់ទៅលើវិស័យអប់រំ ដែល​ជា​វិស័យ​អាទិភាពមួយ​ដ៏សំខាន់ ដោយហេតុថាវិស័យនេះគឺជា​ឆ្អឹង​ខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ​ព្រមទាំង​ការអភិវឌ្ឍ​វិស័យដទៃៗទៀត។ ផ្អែក​តាម​របាយការណ៍​របស់ឯកឧត្តមរដ្ឋមន្រ្តី ​វិស័យអប់រំ​ទាំង​មូល​មាន​ការ​រីក​ចម្រើន​​ជាបន្តបន្ទាប់គួរ​ឱ្យ​កត់សម្គាល់ ទាំងបរិមាណនិងគុណភាព ​ រួមមាន​​​​ការរីកដុះដាល​យ៉ាង​ខ្លាំង​នៃ​សាលា​រៀន​ចំណេះ​​ទូទៅ​ គ្រឹះស្ថានឧត្តមសិក្សា និងចំនួនសិស្ស និស្សិតចុះឈ្មោះចូលរៀន​នៅ​​គ្រប់ភូមិ​សិក្សា​​ទាំង​ផ្នែក​សាធារណៈ និងផ្នែកឯកជន ដែលនេះគឺ​ជា​មូលដ្ឋានគ្រឹះដ៏ចាំបាច់​សម្រាប់​ឈាន​ទៅ​ពង្រឹងគុណភាពអប់រំឱ្យកាន់តែប្រសើរឡើង​ថែម​ទៀត។ ជោគជ័យទាំងនេះ គឺជាការ​រួម​ចំណែក​​​​យ៉ាងសំខាន់ដល់ការលើកកម្ពស់ ការ​អភិវឌ្ឍ​ធនធានមនុស្សឱ្យឆ្លើយតបទៅនឹងទីផ្សារការងារ ។

អង្គសន្និបាតជាមេត្រី!
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​របៀបនៃ​ដំណើរការ​របស់អង្គសន្និបាតនេះ  ដែលបានធ្វើការប្រមូលផ្ដុំមតិយោបល់ចាប់ពី​ថ្នាក់​ក្រោមជាតិ តាមរយៈ​សន្និបាត​អប់រំតាមខេត្ត និង​ជាបន្តបន្ទាប់ ដែលមតិយោបល់ទាំងនោះ ត្រូវបាន​បញ្ជូន​ឡើង​មក​ថ្នាក់​ជាតិ។ លើសពីនេះ ប្រធានបទទាំង១៥ ដែលនឹងត្រូវពិភាក្សា​ មានភាព​ប្រទាក់​ក្រឡាគ្នា និង​ជា​ប្រធាន​បទ​ដែលកំពុងតែទាមទារឱ្យមានការបកស្រាយ ពន្យល់ រិះរក​ដំណោះ​ស្រាយ និង​ត្រូវ​ចំ​សភាពការណ៍  ព្រមទាំងមានការចូលរួមចំណែកពីសំណាក់​បណ្ដា​តំណាង​អាជ្ញាធរ​មូលដ្ឋាន ផ្នែកឯកជន  និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

ក្នុងន័យនេះ ខ្ញុំមានជំនឿថា​ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកា អង្គសន្និបាតដែលបានអញ្ជើញមកពីរាជធានី ខេត្ត តំណាងឱ្យលោកគ្រូ អ្នកគ្រូ​សាស្ត្រាចារ្យជាង ១១ ម៉ឺននាក់ រួមជាមួយដៃគូអភិវឌ្ឍន៍ នឹងចូលរួមយ៉ាងផុលផុស ដើម្បីចែក​រំលែក​បទពិសោធន៍ល្អៗ និង​ពិភាក្សាផ្លាស់​ប្ដូរយោបល់​ សំដៅរកឱ្យឃើញនូវចំណុចខ្លាំង និង​ចំណុចខ្សោយ ព្រមទាំងបញ្ហាប្រឈមនានា​នៅក្នុ​​ងវិស័យអប់រំ ជាពិសេសពាក់ព័ន្ធនឹង​ប្រធាន​បទ​ទាំង​១៥នេះ។ ខ្ញុំសង្ឃឹមជឿជាក់ថា ផ្លែផ្កានៃកិច្ចពិភាក្សានេះនឹងអាចជាដំណោះ​ស្រាយ​ប្រកប​ដោយប្រសិទ្ធភាព​មាន​​លក្ខណៈស៊ីជម្រៅ និង​មាន​វិសាលភាពកាន់តែទូលាយ ដើម្បីរួមចំណែក​ដោះស្រាយបញ្ហា​ប្រឈម​​នានាពាក់ព័ន្ធនឹងការងារអប់រំ​ យុវជន និងកីឡា ជាអាទិ៍ ការពង្រឹង​គុណភាពអប់រំនៅគ្រប់​កម្រិត  ការជំរុញឱ្យកុមារនិងយុវជនទទួលបានការអប់រំ​នៅគ្រប់​កម្រិត​សិក្សា ការផ្ដល់​សេវាអប់រំប្រកបដោយប្រសិទ្ធភាពនិងសមធម៌ ការអភិវឌ្ឍស្ថាប័ននិងពង្រឹង​សមត្ថភាព​​មន្ត្រី​អប់រំ​នៅគ្រប់កម្រិត ការពង្រឹងសកម្មភាព​អប់រំកាយនិងកីឡានៅតាម​គ្រឹះស្ថាន​សិក្សា ការពង្រឹង​សកម្មភាព​កីឡា​មហាជន ជាដើម។

ដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈមទាំងនេះ ខ្ញុំសូមផ្ដល់ជាគំនិតខ្លះៗ ដែលជា​ធាតុចូលសម្រាប់ការពិភាក្សាក្នុងអង្គសន្និបាតរយៈពេលបីថ្ងៃនេះ ដូចខាងក្រោម៖

ទី១- ដើម្បីអនុវត្តឱ្យបានសម្រេចគោលដៅអប់រំជាតិ និងគោលដៅសហស្សវត្ស​ដែល​​តម្រូវ​ឱ្យប្រទេស​នីមួយៗខិតខំរំដោះ​អនក្ខរភាពឱ្យបានសម្រេចជាស្ថាពរនៅឆ្នាំ២០១៥ ខាង​មុខ ក្នុង​ក្របខ័ណ្ឌនៃ “ការអប់រំ​សម្រាប់ទាំងអស់គ្នា”​។ ក្នុងបរិបទនេះ ការអប់រំក្នុងប្រព័ន្ធនិង​ក្រៅ​ប្រព័ន្ធ​​ជា​ការងារដ៏សំខាន់។ ហេតុនេះ រាជធានី ខេត្ត គួរ​ខិតខំថែមទៀត ក្នុងការ​ជំរុញ​កុមារ​ដល់​វ័យសិក្សា កុមារលើសអាយុសិក្សា និងកុមារបោះ​បង់ចោលការសិក្សា កុមារនិងយុវជននៅក្រៅ​សាលា​រៀនដែលជួញដូរនិងប្រើប្រាស់គ្រឿងញៀន ព្រម​ទាំង​កុមារ​និង​យុវជន​ដែល​ទទួលរង​គ្រោះ​ពីការរំលោភបំពាននិងអំពើហិង្សាជា​ដើម​ ឱ្យបានទទួលសេវាអប់រំក្នុងប្រព័ន្ធ និងក្រៅ​ប្រព័ន្ធ​ឡើងវិញ និង​ទទួល​បាន​ការ​បណ្ដុះបណ្ដាលជំនាញ​ខ្លីៗប្រកបដោយសមធម៌។

ទី២- គប្បី​​ផ្តោតឤទិភាពលើគុណភាពអប់រំជាចម្បង។ ដើម្បីសម្រេចបាន​នូវគោល​បំណង​នេះ ខ្ញុំសូមលើក​ទឹកចិត្តដល់​ថ្នាក់​ដឹក​នាំ​និង​មន្ត្រីរាជការទាំងអស់របស់ក្រសួងអប់រំ យុវ​ជ​ន និងកីឡា ចូលរួមយ៉ាងសកម្មក្នុងការងារ​កំណែ​ទម្រង់និង​អភិវឌ្ឍ​វិស័យអប់រំបន្ថែមទៀត ប្រកប​ដោយ​​ឆន្ទៈពិតប្រាកដនិងភាពជាម្ចាស់ ដោយចាត់ទុកកំណែទម្រង់ក្នុងវិស័យនេះ​ជាកត្តា​កំណត់​​​​​ជោគវាសនារួម​ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ដូចនេះ ក្រសួង​គួរ​បន្ត​យកចិត្ត​ទុកដាក់ធ្វើ​វិក្រឹតការគ្រូបង្រៀន​ប្រកបដោយគុណវុឌ្ឍិ​ខ្ពស់ ដើម្បីបន្តលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ​ក្នុង​ការ​អប់រំ សំដៅរួមចំណែកដល់ការកាត់បន្ថយនូវអត្រា​បោះបង់​ការសិក្សា ជាមួយនិងការ​ផ្តល់​នូវ​ឤហារូបករណ៍ដល់​សិស្ស-និស្សិត​ក្រីក្រ ដើម្បីធានាឱ្យមាននូវការទទួលបាន​ការអប់រំ ប្រកប​ដោយ​គុណភាពខ្ពស់និងសមធម៌។

ទី៣- ចំពោះ​គ្រឹះស្ថាន​ឧត្ត​មសិក្សា​ គួរ​លើកកម្ពស់​ការ​សិក្សាស្រាវជ្រាវ​ ប្រកបដោយ​គុណភាពខ្ពស់​​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​និង​ប្រសិទ្ធផលក្នុង​ការ​បង្រៀន និងការ​ផ្សារភ្ជាប់​ទ្រឹស្តី​នៅ​​នឹង​​ការ​អនុវត្តជាក់ស្តែង ហើយ​លទ្ធផលនៃការ​ស្រាវជ្រាវត្រូវ​លើកទឹកចិត្តឱ្យបោះពុម្ភក្នុង​ទិនានុប្បវត្តិ​វិទ្យាសាស្រ្ត ជាពិសេសទិនានុប្បវត្តិវិទ្យាសាស្រ្តក្នុងតំបន់និង​អន្តរជាតិ។​ ដើម្បីធានា​ឱ្យ​មាន​គុណភាព​​ខ្ពស់​និងការបោះពុម្ពផ្សាយជាអន្តរជាតិ ឯកសារស្រាវជ្រាវគួរ​ត្រូវបាន​ត្រួតពិនិ​ត្យ​​ដោយ​​​អ្នកឯកទេស​ឯករាជ្យ​លើប្រធានបទស្រាវជ្រាវនោះ។ លើសពីនេះ អ្នកសិក្សាស្រាវជ្រាវគួរ​​ប្រកាន់ខ្ជាប់​​ជានិច្ចនូវសីលធម៌អាជីពរបស់ខ្លួនម្នាក់ៗ ដើម្បីជៀសវាងឱ្យបាន​នូវការ​ប្រើប្រាស់​ស្នាដៃ​របស់​អ្នក​​ស្រាវជ្រាវដទៃទៀតដែលពុំបានផ្តល់នូវប្រភពត្រឹមត្រូវ និងសេចក្តីទុច្ចរិតក្នុង​ការ​​សិក្សា​​ស្រាវ​ជ្រាវ។ ខ្ញុំមាន​ជំនឿយ៉ាងមុតមាំថា សកម្មភាពការសិក្សា​នេះ​នឹងពិតជារួម​ចំណែ​ក​​​​ដល់ការ​ផ្សព្វ​ផ្សាយ​នូវគុណភាពនៃ​ការ​អប់រំ​នៅ​កម្ពុជា និងកម្ពុជានៅលើឆាក​អន្តរជាតិ។

ទី៤- គប្បី​​ជំរុញ​ការ​អភិវឌ្ឍ​កម្ម​វិធី​សិក្សា​ ដើម្បី​លើកកម្ពស់​គុណភាព​អប់​រំ​ និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់​ស្ដែង​នៅក្នុង​ទីផ្សារការងារ​​ដែល​​កាន់តែ​មាន​ការ​ប្រកួត​ប្រជែងខ្លាំង​។​ ​

ទី៥- គួរ​យកចិត្តទុកដាក់លើការកែលម្អជីវភាពរស់នៅរបស់លោកគ្រូ អ្នកគ្រូ និង​សាស្ត្រាចារ្យ ព្រមទាំងបុគ្គលិកសិក្សាទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាព​ការងារអប់រំឱ្យ​កាន់​តែ​ប្រសើរថែមទៀត។

ទី៦-​ ដោយ​ការអប់រំ គឺជាការវិនិយោគរយៈវែង ខ្ញុំសូមអំពាវនាវឱ្យមាន​ការយកចិត្ត​ទុក​ដាក់ខ្ពស់​លើការកៀរគរហិរញ្ញប្បទាន ការជំរុញកំណែទម្រង់អភិបាលកិច្ចក្នុង​វិស័យ​អប់រំ​​ឱ្យកាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ការផ្សារ​ភ្ជាប់​ការ​អប់​រំទៅ​នឹងការអភិវឌ្ឍន៍ និង​ការ​ជំរុញ​​វិទ្យាសាស្ត្រ​ បច្ចេកទេស និង​នវានុវត្តភាព។

ទី៧- ខ្ញុំសូមអំពាវនាវ​ដល់ស្ថាប័នជាតិនិងអន្តរជាតិ វិស័យឯកជន និងអង្គការមិនមែន​រដ្ឋាភិបាល ដែល​បំពេញ​ការងារក្នុងវិស័យអប់រំ មេត្តា​ពិនិ​ត្យ​​​លើ​ឤទិភាពសំខាន់​ក្នុងផែនការ​យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និង​ផ្តល់​ការ​គាំទ្រឱ្យបាន​ពេញលេញ តាមសមត្ថកិច្ច និង​លទ្ធភាព​របស់ខ្លួន ទាំងបច្ចេកទេស ហិរញ្ញវត្ថុ និងសម្ភារៈ។
ទី៨-​ គួរ​បន្ដ​​កៀរគរ​បញ្ញាវ័ន្ដ​កម្ពុជា ដែល​មាន​សញ្ញា​បត្រខ្ពស់ ជាពិសេស​ សញ្ញាបត្រ​ថ្នាក់បណ្ឌិតដែលត្រូវបាន​ទទួល​ស្គាល់​​​ជាអន្តរជាតិ និងមាន​​បទ​ពិសោធន៍ ​រួមចំណែកដល់​ការ​អភិវឌ្ឍវិស័យ​អប់រំ​នៅកម្ពុជា ប្រកប​ដោយ​គុណភាព​និង​ចីរភាព​។

ទី៩- គួរ​យកចិត្តទុកដាក់អនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា សំដៅ​​​អភិវឌ្ឍ​យុវជន ទាំងខាងចំណេះដឹង ចំណេះធ្វើ សុខភាព កាយសម្បទា និងសីលធម៌ ឱ្យ​ក្លាយ​ទៅជាមូលធន​មនុស្ស ប្រកបដោយសក្តានុពល និងធានាបាននូវការបង្កើត​កាលានុវត្តភាព​​​​ការងារ​​សម្រាប់យុវជន ជាពិសេសតាមរយៈ​ការបង្កើត​​វេទិកា​ស្វែងរកការងារសម្រាប់យុវជន។

ទី១០-​ គួរ​ផ្សារភ្ជាប់ការអប់រំទៅនឹងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង​ថែម​ទៀត តាមរយៈការបង្រួមឱ្យបាន​ជាអប្បរមានូវគម្លាតរវាង​ការផ្តត់ផ្តង់ និងតម្រូវការ​ជំនាញ​ក្នុង​ទីផ្សារការងារ។ នេះទាមទារ​ឱ្យ​មាន​ការ​កែ​ទម្រង់​ស៊ីជម្រៅនៃប្រព័ន្ធអប់រំ​នៅកម្រិតឧត្តម​សិក្សា ជាពិសេស​ការ​ពង្រឹងការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈខ្ពស់ សំដៅជម្រុញឱ្យគ្រឹះស្ថាន​ឧត្តម​សិក្សា​​​ទាំង​រដ្ឋ​ ទាំង​​​ឯកជន ផ្តល់ការបណ្តុះបណ្តាលមានគុណភាពខ្ពស់ ដើម្បីបង្កើន​កាលា​នុវត្ត​ភាព​​​​​​ការ​ងារ​សម្រាប់និស្សិតដែលបាន​បញ្ចប់ការសិក្សាអាចរកការងារធ្វើបាន នៅក្នុង​ទីផ្សារ​​​ការងារ​ដែលកំពុងមានភាពប្រកួតប្រជែងកាន់តែខ្ពស់ ជាពិសេសនៅពេល​ដែលសហគមន៍​​​សេដ្ឋកិច្ច​អាស៊ានត្រូវបាន​បង្កើតឡើងនៅឆ្នាំ២០១៥ ខាងមុខនេះ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ជាថ្មីម្ដងទៀត ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ បុគ្គលិក​សិក្សា​​ទាំងអស់  ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ផ្នែកឯកជន អង្គការជាតិ-អន្ដរជាតិ និងដៃគូ​អភិវឌ្ឍន៍​នានា ដែល​បានចូល​រួមចំណែកក្នុង​កិច្ច​​អភិវឌ្ឍ​វិស័យ​អប់រំនៅ​កម្ពុជា ដោយទទួលបាន​លទ្ធផល​ជា​ទី​មោទនៈនាពេលកន្លងមក។​ ​ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ បុគ្គលិកសិក្សាទាំងអស់ ​ព្រម​ទាំ​ង​​​អ្នកពាក់ព័ន្ធនានា សូមបន្តចូលរួមចំណែក និងការគាំទ្របន្ថែមទៀត ក្នុងការអនុវត្ត​នូវ​កម្មវិធី​កំណែទម្រង់វិស័យអប់រំ ជាពិសេសអាទិភាពទាំង ៨ គឺ៖ ការពង្រឹងការគ្រប់គ្រង​ហិរញ្ញ​វត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការពង្រឹងការគ្រប់គ្រងបុគ្គលិក ការពង្រឹងការ​ប្រលង​គ្រប់​ប្រភេ​ទ ការបង្កើតធនាគារខួរក្បាលវិស័យអប់រំ កំណែ​ទម្រង់​ឧត្តម​សិក្សា ការបង្កើនគុណភាព និង​ប្រសិទ្ធភាពនៃសេវាអប់រំនៅគ្រប់កម្រិតសិក្សា ក្នុងការបណ្តុះបណ្តាលបច្ចេកទេសនិង​មុខ​ជំនា​ញ​​​ឱ្យស្របទៅតាមតម្រូវការអភិវឌ្ឍរបស់ប្រទេស ការអភិវឌ្ឍសម្រាប់យុវជននូវជំនាញ​បច្ចេកទេ​ស​​និងជំនាញទន់ និងកំណែទម្រង់ការអប់រំកាយ និងកីឡា ដើម្បីត្រៀមខ្លួនឱ្យបានល្អ​ចូលរួម​ក្នុង​ការប្រកួតកីឡា​ស៊ីហ្គេម នៅឆ្នាំ២០២៣។

ខ្ញុំសង្ឃឹមថា អង្គសន្និបាតនេះនឹងទទួលបានលទ្ធផលល្អ ជាពិសេស​នឹង​ទទួល​បាន​អនុសាសន៍​ណែ​នាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​ក្នុង​ពិធី​បិ​ទ​​សន្និបាត​នេះ។​

ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្ដម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូម​ទទួល​បាន​ជោគ​ជ័យ ​សេចក្ដី​សុ​ខ និងសុភមង្គលក្នុងក្រុមគ្រួសារ។

ខ្ញុំ​សូម​ប្រកាសបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១២-២០១៣ និងទិសដៅឆ្នាំសិក្សា២០១៣-២០១៤ ចាប់ពីពេល​នេះ​តទៅ។
                                                                                       សូមអរគុណ!

No comments:

Post a Comment