Thursday, March 20, 2014

ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ​ សុខ អាន ផ្តល់​​អនុ​សាសន៍​​សម្រាប់​ការ​​អភិវឌ្ឍន៍​​លើ​​វិស័យ​​អប់រំ​

ដោយ​រំលឹកអនុស្សាវរីយ៍ក្នុង​អាជីពជាគ្រូ​បង្រៀន ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧ ប​នាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​នា​ព្រឹក​ថ្ងៃទី​១៩​ ខែមីនា ឆ្នាំ​២០១៤ បានដាក់​ចេញ​នូវ​អនុសាសន៍ចំនួន ១០ចំណុច​ធំៗ ដើម្បី​ជួយ​អភិវឌ្ឍន៍ និង​លើក​កម្ពស់​គុណ​ភាព​អប់រំ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ជូន​សមាជិក​សមាជិកា ដែល​អញ្ជើញ​ចូល​ក្នុង​​​សន្និបាត​បូកសរុប​ការងារ​ក្រសួង​អប់រំ យុវជន ​និង​កីឡា ​ឆ្នាំ​សិក្សា​២០១២- ២០១៣ និង ទិសដៅ​ឆ្នាំ​សិក្សា ២០១៣-២០១៤ ពិនិត្យ និង​ពិភាក្សាសម្រាប់​ជាការ​អនុវត្ត។

ក្នុង​ឱកាស​អញ្ជើ​ញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និបាតបូកសរុប​ការងារ​ក្រសួង​អប់រំយុវជន ​និង​កីឡា ​ឆ្នាំ​សិក្សា​២០១២- ២០១៣ និង ទិសដៅ​ឆ្នាំ​សិក្សា ២០១៣-២០១៤ ដែល​ប្រារព្ធ​ធ្វើ​នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យាកម្ពុជា​(តិចណូ) ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ចាត់​ទុក​​​ការ​ជួប​ជុំគ្នា​ថ្ងៃនេះ(សន្និបាត) គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​នូវ​ការបន្ត​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំយុវជន និង កីឡា​នៅ​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ​ក៏​ជា​វេទិកា​ដ៏​ល្អ​សម្រាប់​អ្នកជំនាញ អ្នកស្រាវជ្រាវ និងអ្នក​ពាក់ព័ន្ធ​ដទៃទៀត​ក្នុង​វិស័យ​អប់រំ ផ្លាស់ប្តូរ​បទពិសោធន៍ និងការអនុវត្ត​ល្អៗ​សម្រាប់​ជា​ធាតុ​ចូល ក្នុង​ការបង្កើន​ប្រសិទ្ធភាព​ថែមទៀត​នៃ​ការអនុវត្ត​គោលនយោបាយ និងផែនការ​យុទ្ធ​សាស្ត្រ​​វិស័យ​អប់រំ យុវជន និងកីឡា ព្រមទាំង​សម្រាប់​លើក​ទិសដៅ​ការងារ​របស់​ក្រសួង​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ឱ្យបាន​កាន់តែ​ប្រសើរ​ថែមទៀត​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការថ្មីៗ នៃ​ការ​អភិវឌ្ឍ​ធន​ធានមនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់​ទាំង​ចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសីលធម៌​។

ក្នុង​ឱកាស​នោះឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ផ្ដល់​នូវ​អនុសាសន៍​ ១០ចំណុច ដែល​ជា​គំនិត​ផ្តួច​ផ្តើម​សម្រាប់​ការពិភាក្សា​ក្នុង​អង្គសន្និបាត​ ដែល​ប្រារព្ធ​ធ្វើ​រយៈពេល​បី​ថ្ងៃ​រួម​មាន៖

ទី​១-​អនុវត្ត​ឱ្យបាន​សម្រេច​គោលដៅ​អប់រំ​ជាតិ និង​គោលដៅ​សហស្សវត្ស​ដែល​តម្រូវឱ្យ​ប្រ​ទេ​ស​នីមួយៗ ខិតខំ​រំដោះ​អន​ក្ខ​រ​ភាព​ឱ្យបាន​សម្រេច​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០១៥​ខាងមុខ​ ក្នុង​ក្រប​ខ័ណ្ឌ​នៃ “​ការអប់រំ​សម្រាប់​ទាំងអស់គ្នា ទាំងអស់គ្នា​សម្រាប់​ការអប់រំ”។

ទី​២-​គប្បី​ផ្តោត​ឤ​ទិ​ភាព​លើ​គុណភាព​អប់រំ​ជា​ចម្បង។

ទី​៣-​ចំពោះ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​គួរ​លើកកម្ពស់​ការសិក្សា​ស្រាវជ្រាវ ប្រកបដោយ​គុណភាព​ខ្ពស់​​ដើម្បី​បង្កើន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល ​ក្នុង​ការបង្រៀន​និង​ការផ្សារភ្ជាប់​ទ្រឹស្តី​នៅ​នឹង​ការ អនុវត្ត​ជាក់ស្តែង ហើយ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ត្រូវ​លើកទឹកចិត្ត​ឱ្យ​បោះ​ពុ​ម្ភ​ក្នុង​ ទិនានុប្បវត្តិ វិទ្យាសាស្ត្រ ជាពិសេស​ទិនានុប្បវត្តិ​វិទ្យាសាស្ត្រ​ក្នុង​តំបន់​និង​អន្តរជាតិ​។

ទី​៤-​គប្បី​ជំរុញ​ការអភិវឌ្ឍ​កម្មវិធីសិក្សា​ដើម្បី​លើកកម្ពស់​គុណភាព អប់រំ​និង​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​ជាក់ស្ដែង​នៅក្នុង​ទីផ្សារការងារ​ដែល​ កាន់តែ​មានការ​ប្រកួតប្រជែង​ខ្លាំង​។

ទី​៥-​គួរយកចិត្តទុកដាក់​លើ​ការកែលម្អ​ជីវភាព​រស់នៅ​របស់ លោកគ្រូ អ្នកគ្រូ និង សាស្ត្រាចារ្យ ព្រមទាំង​បុគ្គលិក​សិក្សា​ទាំងអស់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​អប់រំ​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​។

ទី​៦- ដោយ​ការអប់រំ គឺជា​ការវិនិយោគ​រយៈ​វែង គឺ​ត្រូវឱ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​កៀរ​គរ​ហិរញ្ញប្បទាន​ ការជំរុញ​កំណែទម្រង់​អភិបាលកិច្ច​ក្នុង​វិស័យ​អប់រំ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​ភាព​ខ្ពស់​ការផ្សារភ្ជាប់​ការអប់រំ​ទៅនឹង​ការអភិវឌ្ឍន៍​ និងការជំរុញ​វិទ្យាសាស្ត្រ​បច្ចេកទេស។

ទី​៧-​គ្រប់​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​វិស័យ​ឯកជន និងអង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បំពេញ​ការ​ងារ​ក្នុង​វិស័យ​អប់រំ មេត្តា​ពិនិត្យ​លើ​ឤ​ទិ​ភាព​សំខាន់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិ​បាល និង​ផ្តល់​ការគាំទ្រ​ឱ្យបាន​ពេញលេញ តាម​សមត្ថកិច្ច និង​លទ្ធភាព​របស់ខ្លួន ទាំង​បច្ចេក​ទេស ហិរញ្ញវត្ថុ និងសម្ភារៈ​។

ទី​៨-​គួរ​បន្ដ​កៀរគរ​បញ្ញា​វ័​ន្ដ​កម្ពុជា ដែលមាន​សញ្ញាបត្រ​ខ្ពស់ ជាពិសេស សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ និង​មានបទពិសោធន៍​រួមចំណែក​ដល់​ការ​អភិ​វឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា ប្រកបដោយ​គុណភាព​និង​ចីរភាព​។

ទី​៩-​គួរ​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​យុវជន​កម្ពុជា​​ សំដៅ​អភិ​វឌ្ឍ​យុវជន​ទាំង​ខាងចំណេះដឹង ​ចំណេះធ្វើ សុខភាព កាយសម្បទា និង​សីលធម៌ ឱ្យក្លាយ​ទៅ​ជា​មូលធន​មនុស្ស ប្រកបដោយ​សក្តានុពល និង​ធានាបាន​នូវ​ការបង្កើត​កាលានុវត្តភាព​ការ​ងារ​​សម្រាប់​យុវជន ជាពិសេស​តាមរយៈ​ការបង្កើត​វេទិកា​ស្វែងរក​ការងារ​សម្រាប់​យុវជន និងទី​១០-​គួរ​ផ្សារភ្ជាប់​ការអប់រំ​ទៅនឹង​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​ឱ្យ​ កាន់តែ​ប្រសើរឡើង​ថែម​ទៀត តាម​​រយៈ​ការ​បង្រួម​ឱ្យ​បានជា​អប្បរ​មា​នូវ​គម្លាត​រវាង​ការ​ផ្ត​ត់​ផ្ត​ង់ និង​តម្រូវ​ការជំនាញ​ក្នុង​ទីផ្សា​រ​ការងារ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក៏បាន​អំពាវនាវ​ផង​ដែរ ដល់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និងកីឡា និង​មន្ត្រីរាជការ គ្រប់លំដាប់​ថ្នាក់ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ បុគ្គលិក​សិក្សា​ទាំងអស់ ព្រម​ទាំង​អ្នកពាក់ព័ន្ធ​នានា សូម​បន្ត​ចូលរួមចំណែក និងការគាំទ្រ​បន្ថែមទៀត​ក្នុង​ការ​អនុវត្ត​នូវ​កម្មវិធី​កំណែទម្រង់​វិស័យ​អប់រំ ជាពិសេស​អាទិភាព​ទាំង៨ គឺ​៖​ការពង្រឹង​កា​រ​គ្រប់​គ្រង​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ការពង្រឹង​ការគ្រប់គ្រង​បុគ្គលិក ការពង្រឹង​ការ​ប្រល​ង​គ្រប់​ប្រភេទ ការបង្កើត​ធនាគារ​ខួរក្បាល​វិស័យ​អប់រំ កំណែទម្រង់​ឧ​ត្ត​មសិ​ក្សា ការ​បង្កើន​គុណភាព និង​​ប្រសិទ្ធភាព​នៃ​សេវា​អប់រំ​នៅ​គ្រប់​កម្រិតសិក្សា ក្នុងការ​បណ្តុះបណ្តាល​ប​ច្ចេក​ទេស​ និង​មុខជំនាញ​ឱ្យស្រប​ទៅតាម តម្រូវការ​អភិវឌ្ឍរ​បស់​ប្រទេស​ការអភិវឌ្ឍ​សម្រាប់​យុវជន​នូវ​ជំនាញ​ បច្ចេកទេស​និង​ជំនាញ​ទន់ និង​កំណែ​ទម្រង់ការអប់រំ​កាយ និងកីឡា ដើម្បី​ត្រៀមខ្លួន​ឱ្យ​បានល្អ​ចូលរួម​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ឆ្នាំ​២០២៣។

ឯកឧត្តម​បណ្ឌិត  ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា បានថ្លែងឲ្យ​ដឹង​ថា នៅ​ក្រោមការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន វិស័យ​អប់រំ​កម្ពុជា​មានការ​រីក​ចម្រើន​ ដែល​ក្នុង​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា បច្ចុប្បន្ន​ក្នុង​ចំណោម​​ពលរដ្ឋកម្ពុជា ៤ នាក់ មាន ម្នាក់​បាន​ទៅ​សាលារៀន។

ឯកឧត្តម​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន បាន​មានប្រសាសន៍ថា ជា​លទ្ធផល​សម្រេចបាន​ឆ្នាំ ២០១២-២០១៣ មាន​ចំណុច​ច្រើនយ៉ាង​ដូចជា​ការកសាង​អគារសិក្សា​នៅ​គ្រប់​ច្រកល្ហក នៅ​ទូ​ទាំង​​ប្រទេស​កម្ពុជា​ពិសេស​នៅ​តំបន់​ព្រំដែន និងតំបន់​ជួប​ការលំបាក​ក្នុងទិសដៅ​បង្ខិត​សា​លា​រៀនឲ្យ​ទៅជិត​លំនៅស្ថាន​រប​ស់​ប្រជាជន។ ​​ជា​លទ្ធផលមក​ដល់​ពេលនេះ ព្រះ​រាជា​ណាច​ក្រ​កម្ពុជា មាន​​សា​លាម​ត្តេ​យ្យ​សិក្សា​ និង​ចំណេះ​ទូទៅ​ទាំង​រដ្ឋ និង​ឯកជន​សរុប​ចំនួន ១៤.៨៥៣ កន្លែង​នៅ​ទូទាំងប្រទេស។ ក្នុង​នោះ​មាន​សា​លាម​ត្តេ​យ្យ​សិក្សា ៥.៨០៧ ដែល​​ក្នុងនោះ​មាន​មតេយ្យ​សិក្សា​រដ្ឋ​ចំនួន ៣.១៨៤ និង ឯកជន​ចំនួន ៤០៣ និង មតេយ្យ​សិក្សា​សហគមន៍​ចំនួន ២.២២០។ កុមា​រអា​យុ​​​ក្រោម ៦ឆ្នាំ ទទួលបាន​សេវា​អប់រំ ចំនួន ១៧,៥៩​ភាគរយ, ​កុមារ​អាយុ​ពី ៣ ដល់​៤ ឆ្នាំ ទទួលបាន​សេវា​អប់រំ​ចំនួន ២០,៥ ភាគរយ និង កុមារ​អាយុ ៥ ឆ្នាំ​ទទួលបាន​សេវា​អប់រំ​ចំនួន ៥៩,៩​ភាគរយ​។ សាលាបឋមសិក្សាមាន​ចំនួន​ ៧.២៣៦ មាន​សិស្ស​ ចំនួន ២.០៧៣.៨១១​នាក់។ អនុវិទ្យាល័យមាន​ចំនួន​​១.២៧៩ និង មាន​សិស្ស​ចំនួន ៥៣៨.៦២៦​នាក់។ វិទ្យាល័យ​មានចំនួន  ៥៣១ និង មាន​សិស្ស​ចំនួន ២៦៦.២៩៣ នាក់។ សម្រាប់​គ្រឹះ​ស្ថាន​​ឧ​ត្ត​មសិ​ក្សា​មាន​ចំនួន ១០៥ មាន​ទីតាំង​នៅតាម​រាជធានី  ខេត្ត ចំនួន ១៩ ដែល​ក្នុងនោះ​មាន​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ ៣៩ និង ឯកជន​ចំនួន ៦៦ មាន​និស្សិត​កំពុង​សិក្សា ចំនួន ២៥៣.៧៦៤ នាក់ ហើយ​ក្នុងនោះ​មាន​អគារ​ចំនួន ៣.៧០៥ ខ្នង​ស្មើនឹង​១៩.៣១៩​បន្ទប់ ដែល​គិត​ត្រឹម ថ្ងៃទី ២៤ មិថុនា ឆ្នាំ២០១៣​៕

No comments:

Post a Comment