Thursday, March 20, 2014

សុន្ទរកថា ឯកឧត្តម ស ខេង, ថ្លែងក្នុង ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​របស់ក្រុម​ប្រឹក្សា​ខេត្ត​តាកែវ អាណត្តិ​ទី១ (ឆ្នាំ​២០០៩~២០១៤)

សុន្ទរកថា
ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុង ពិធបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី១(ឆ្នាំ២០០៩~២០១៤) និងបូកសរុបលទ្ធផលការងារឆ្នាំ២០១៣ និងលើកទិសដៅការងារឆ្នាំ២០១៤ របស់រដ្ឋបាលខេត្តតាកែវ រួមជាមួយ ការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងអភិបាល អភិបាលរងនៃ គណៈអភិបាលខេត្តតាកែវ
ខេត្តតាកែវ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤

–ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

–ឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តតាកែវ

–ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សា អភិបាលរង

–ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គសន្និបាត ជាទីមេត្រី !

–ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបាន មកចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី១(ឆ្នាំ២០០៩~២០១៤)​ និងការបូកសរុបលទ្ធផលអនុវត្តការងារឆ្នាំ២០១៣ និង លើកទិសដៅការងារឆ្នាំ២០១៤ របស់រដ្ឋបាលខេត្តតាកែវ រួមជាមួយការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងអភិបាល អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ នាឱកាសដ៏មហោ ឡារិកនេះ។

–ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងក្នុងនាម ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈ អភិបាលខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ដឹកនាំគ្រប់ភូមិ មន្ទីរ អង្គភាពជំនាញ នានា និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ ដែលបានខិតខំ ប្រឹងប្រែងរួមគ្នាធ្វើការកសាង​អភិវឌ្ឍន៍ខេត្តតាកែវឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

–ទន្ទឹមនេះ ខេត្តតាកែវរបស់យើងក៏បានធ្វើការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលខេត្ត អភិបាលរងខេត្ត ០២រូប និងអភិបាលក្រុងដូនកែវ អភិបាលស្រុកគិរីរង្ស និង អភិបាលស្រុកត្រាំកក់ផងដែរ។ ហេតុនេះ ក្នុងឱកាសដ៏មហោឡារិកនេះ ខ្ញុំសូមសំដែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ស្រី បេន​ ដែលបានធ្វើពលីកម្មយ៉ាងធំធេង ក្នុង​ការ​ដឹកនាំ​កសាង​អភិវឌ្ឍន៍​ខេត្តតាកែវក្នុងមុខ​តំណែង​ជា​បន្តបន្ទាប់ចាប់តាំងពីក្រោយថ្ងៃ រំដោះប្រទេសជាតិ ៧មករា​ ឆ្នាំ១៩៧៩រហូតមក ពិសេសចាប់តាំងពីឯកឧត្តមបានទទួលមុខ តំណែងជាអភិបាលខេត្តតាកែវអស់រយៈពេលប្រមាណ ០៨ឆ្នាំចាប់តាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០០៦មក។

ព្រមជាមួយនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងអបអរសាទរចំពោះឯកឧត្តម ឡាយ វណ្ណៈដែលត្រូវបានតែងតាំងជាអភិបាលខេត្តតាកែវ ជំនួសឯកឧត្តម ស្រី បេន ដើម្បី​ បន្តដឹកនាំ​អភិវឌ្ឍន៍​ខេត្ត​តាកែវ​ឲ្យកាន់​តែមានការអភិវឌ្ឍរីកចម្រើនជាបន្ថែមទៀត។

–ការតែងតាំង ផ្លាស់ប្តូរភារកិច្ចទាំងនេះគឺជាកិច្ចដំណើរការជាធម្មតាក្នុងកិច្ចការមុខងារ​សាធារណៈដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។

–អាស្រ័យហេតុនេះ ខ្ញុំសូមស្នើក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តតាកែវ  ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ មន្ទីរ អង្គភាពជំនាញនានា កងកម្លាំង មានសមត្ថកិច្ច និងកងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ គាំទ្រ និងចូលរួមជាមួយឯកឧត្តម ឡាយ វណ្ណៈ  អភិបាលខេត្ត  អភិបាលរងខេត្ត និងអភិបាល ក្រុង ស្រុកដែលទើបបានទទួល ការតែងតាំងខាងលើនេះ ដោយរួបរួមសាមគ្គីជួយ​ឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ដើម្បីបន្ត កសាងអភិវឌ្ឍន៍ខេត្តតាកែវឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងខិតខំរួមគ្នាបំរើប្រជាជន ឲ្យបានល្អបំផុត។

ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក !
            អំពីកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងអាណត្តិទី១នៃក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក និងការងារគ្រប់វិស័យក្នុងខេត្តតាកែវនាឆ្នាំ២០១៣ ខ្ញុំសូមធ្វើការកត់សំគាល់ ដូចខាងក្រោម៖

I-សមិទ្ធផលក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី១
–ការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការគឺជាដំណើរការ កំណែទម្រង់ជាប្រវត្តិសាស្រ្តក្នុងប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិនៅកម្ពុជា ដែលបានចាប់ ផ្តើមស្របពេលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ជាលើកដំបូងនៅកម្ពុជានា ខែកុម្ភៈ ឆ្នាំ២០០២។

–សមិទ្ធផលជាវិជ្ជមាននៃកិច្ចដំណើរការកំណែទម្រង់នៅថ្នាក់ឃុំ សង្កាត់បានជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាពង្រីកដំណើរការកំណែទម្រង់នេះនៅថ្នាក់ក្រោម ជាតិទាំងមូល តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី១ កាលពីខែឧសភា ឆ្នាំ ២០០៩កន្លងទៅនេះ។

–អាស្រ័យដោយមានការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យកម្មវិធីកំណែទម្រង់នេះសម្រេចបានសមិទ្ធផលជាច្រើនក្នុងអាណត្តិទី១ របស់​ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលក្នុងនោះមានសមិទ្ធផលសំខាន់ជាគន្លឹះ ចំនួន០៦ រួមមាន៖

ទីមួយ.ការចូលរួមពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការពង្រឹងលទ្ធិប្រជាធិប- តេយ្យ សេរីពហុបក្សនៅកម្ពុជា តាមរយៈការបង្កើតឡើងនូវក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេស។

ទីពីរ.ដោយសារកំណែទម្រង់នេះមានភាពស៊ាំញាំ និងរសើប ​យើងបានដាក់ចេញនូវ កម្មវិធីជាតិរយៈពេល១០ឆ្នាំសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលជាផែនទីបង្ហាញផ្លូវរយៈពេលវែងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩។ ផ្អែកលើកម្មវិធីជាតិនេះ  គ.ជ.អ.បបានដាក់ចេញនូវផែនការអនុវត្តរយៈពេល០៣ឆ្នាំដំបូងដែលជាផែនការសកម្មភាព រយៈពេលមធ្យមសម្រាប់កំណែទម្រង់ដ៏មានសារៈសំខាន់នេះ។

ទីបី.ផ្អែកតាមច្បាប់រៀបចំអង្គការ រចនាសម័្ពន្ធ និងប្រព័ន្ធអភិបាលកិច្ចថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានរៀបចំឡើងវិញ។ ជាក់ស្តែង គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានតែងតាំងដើម្បីធ្វើគណនេយ្យភាពដោយផ្ទាល់ជាមួយក្រុមប្រឹក្សា និងជាមួយរាជរដ្ឋាភិបាលសម្រាប់អាណត្តិការងារ០៤ឆ្នាំ និងអាចបន្ត០៤ឆ្នាំទៀតក្នុងដែន សមត្ថកិច្ចដដែល។ ទន្ទឹមនេះ មន្រ្តីរាជការស៊ីវិលប្រមាណជិត០១ម៉ឺននាក់នៅសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ត្រូវបានធ្វើសមាហរណកម្មចូលទៅក្នុងរចនាសម័្ពន្ធ និងប្រព័ន្ធអភិបាលកិច្ចថ្មីនេះផងដែរ។

ទីបួន.រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេសបានរៀបចំនូវផែនការអភិវឌ្ឍន៍ រយៈពេល០៥ឆ្នាំ និងកម្មវិធីវិនិយោគ០៣ឆ្នាំរំកិល ដែលកំណត់អំពីយុទ្ធសាស្រ្តសម្រាប់ការ អភិវឌ្ឍមូលដ្ឋាន ដោយផ្អែកលើមូលដ្ឋាននៃការចូលរួម ការពិគ្រោះយោបល់ តម្លាភាព និង គណនេយ្យភាព ដែលឆ្លុះបញ្ចាំងនូវតម្រូវការខុសៗគ្នាពីមូលដ្ឋានមួយទៅមូលដ្ឋានមួយទៀត។

ទន្ទឹមនេះ ប្រព័ន្ធផ្ទេរថវិកាពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិក៏ត្រូវបានរៀបចំឡើងវិញ ពិសេសការបង្កើតឲ្យមានមូលនិធិក្រុង ស្រុក ដើម្បីថ្នាក់រដ្ឋបាលដ៏មានសារៈសំខាន់នេះ ទទួលបានធនធាន ថវិកាសម្រាប់ចាត់ចែងប្រើប្រាស់ក្នុងការផ្តល់សេវា និងធ្វើការអភិវឌ្ឍ មូលដ្ឋាន ស្របតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ខ្លួន។

ទីប្រាំ.ក្រសួងអាទិភាពចំនួន០៥បានរៀបចំបញ្ជីមុខងារ ហើយបាននិងកំពុងធ្វើការ វិភាគមុខងារ និងធនធានសម្រាប់ជាមូលដ្ឋានធ្វើការផ្ទេរមុខងារ ធនធានទៅឲ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ។

ទីប្រាំមួយ.រៀបចំឲ្យមានប្រព័ន្ធលើកកម្ពស់ការចូលរួម គណនេយ្យភាព តម្លាភាព របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជាប្រព័ន្ធគ្រប់គ្រងបុគ្គលិក ការបញ្ជ្រាបយេនឌ័រ ការពង្រឹងកិច្ច ប្រជុំជាសាធារណៈរបស់ក្រុមប្រឹក្សា  ការរៀបចំវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ការរៀបចំក្របខ័ណ្ឌគណនេយ្យភាពសង្គម...។ល។

II-សមិទ្ធផលការងារឆ្នាំ២០១៣របស់ខេត្តតាកែវ
ក្នុងឆ្នាំ២០១៣កន្លងទៅនេះ ខេត្តតាកែវខិតខំពុះពារសម្រេចបានសមិទ្ធផលនយោបាយ និងសង្គមនានាជាច្រើន ក្នុងនោះមានសមិទ្ធផលសំខាន់ៗចំនួន០៥ដែលលេចធ្លោគឺ៖

-ខិតខំរួមគ្នារក្សាការពារសន្តិសុខសម្រាប់ការបោះឆ្នោតជាតិលើកទី៥ ឲ្យប្រព្រឹត្តទៅ ក្នុងបរិយាកាសសន្តិភាព សេរី ត្រឹមត្រូវ និងគ្មានអំពើហិង្សានយោបាយ។

-កងកម្លាំងនគរបាល កងរាជអាវុធហត្ថ កងកម្លាំងមានសមត្ថកិច្ចនានា និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់នៃខេត្តតាកែវ បានប្រឹងប្រែងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ខិតខំបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសនានាក្នុងទូទាំងខេត្ត ដោយប្រើប្រាស់វិធានការជំនាញ ដើរទន្ទឹមនឹងការចលនាមហាជន​ ដើម្បីអនុវត្តគោលនយោបាយឃុំ ភូមិមានសុវត្ថិភាព ជាហេតុ ធ្វើឲ្យបទល្មើសជាទូទៅក្នុងខេត្តតាកែវមានការថយចុះប្រមាណ២៨%​ បើ ប្រៀបធៀបទៅនឹង ឆ្នាំ២០១២។

-ឆ្នាំ២០១៣កន្លងមកនេះ ការដាំដំណាំស្រូវ និងការដាំដំណាំរួមផ្សំផ្សេងៗទូទាំងខេត្ត មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ដែលជាការរួមចំណែកផ្តល់ប្រភពចំណូលដល់ប្រជា ពលរដ្ឋ និងការផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ។

-អាជ្ញាធរខេត្តតាកែវបានខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយខេត្ត ក្រុង សម្ព័ន្ធមេត្រីភាព ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ សង្គមស៊ីវិល និងបណ្តាប្រទេសក្នុងតំបន់ ពិសេសបណ្តាខេត្តនៃប្រទេសវៀតណាមដែលជាប់ព្រំប្រទល់ជាមួយខេត្តតាកែវ ដើម្បីជំរុញ លើកកម្ពស់កិច្ចអភិវឌ្ឍលើគ្រប់វិស័យទូទាំងខេត្ត។

-ក្រៅពីសមិទ្ធផលខាងលើនេះ អាជ្ញាធរ មន្ទីរ អង្គភាពជំនាញ និងកងកម្លាំងមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តតាកែវ ក៏ខិតខំពុះពាររួមគ្នាជំរុញការងារគ្រប់វិស័យក្នុង ទូទាំងខេត្តឲ្យសម្រេចបានសមិទ្ធផលនានាជាច្រើនទៀត។

កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែលខេត្តតាកែវសម្រេចបានខាងលើនេះ គឺពិត ជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពជាតិ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជាហេតុធ្វើឲ្យកម្ពុជាយើងសម្រេចបានកំណើន សេដ្ឋកិច្ចប្រមាណ៧,៦% ក្នុងឆ្នាំ២០១៣កន្លងទៅនេះ។ ជាមួយនឹងការសម្រេចបានកំណើន សេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលមធ្យម បានធ្វើឲ្យអត្រាភាពក្រីក្រនៅកម្ពុជាធ្លាក់ចុះពីប្រមាណ ២៧% នាឆ្នាំ២០០៩ មកនៅត្រឹមប្រមាណ១៩% នៅឆ្នាំ២០១៣នេះ។

III-ទិសដៅជាយុទ្ធសាស្ត្រ
ដើម្បីបន្តថែរក្សាពង្រឹងពង្រីកសមិទ្ធផលនយោបាយ សមិទ្ធផលសង្គមលើគ្រប់វិស័យ ដែលប្រជាជាតិ និងប្រជាជនយើង ខិតខំរួមគ្នាសម្រេចបានយ៉ាងលំបាកលំបិនក្នុងរយៈពេល ជាង៣០ឆ្នាំកន្លងមក  សម្រាប់រយៈពេលបន្តទៀតយើងត្រូវខិតខំពុះពាររួមគ្នាសម្រេចឲ្យបាន នូវទិសដៅជាយុទ្ធសាស្រ្តចំនួន០៣គឺ៖

ទីមួយ.ត្រូវធ្វើការប្តេជ្ញាចិត្តរួមគ្នាដើម្បីធានាដល់ប្រក្រតីភាពនៃស្ថាប័នជាតិ រដ្ឋបាល សាធារណៈ និងដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា។

ទីពីរ.ត្រូវខិតខំរួមគ្នាបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសការចូលរួមអនុវត្តគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

ទីបី.ត្រូវខិតខំរួមគ្នាជំរុញកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ទប់ស្កាត់អតិផរណា ខិតខំប្រមូលចំណូល ត្បិតត្បៀតការចំណាយ ដោយខិតខំប្រើប្រាស់ចំណាយឲ្យចំគោលដៅ ជាអាទិភាពនានា និងជំរុញផលិតកម្មលើគ្រប់ផ្នែក គ្រប់វិស័យ។

IV-ទិសដៅការងារជាក់ស្តែង

-អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

–ពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងរយៈពេល០៥ឆ្នាំខាងមុខនេះ ទិសដៅសំខាន់ជាអាទិភាព គឺត្រូវបន្តពង្រឹងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ទាំងស្ថាប័ន និងសមត្ថភាព ដើម្បីទទួលយកមុខងារ និងធនធានដែលនឹងត្រូវផ្ទេរ សំដៅឆ្លើយតបតម្រូវការ របស់មូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ ឆាប់រហ័ស និងមានប្រសិទ្ធភាព។

–លើកកម្ពស់ការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យបានកាន់តែសកម្មថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

–បន្តរៀបចំផែនការអនុវត្តរយៈពេល០៣ឆ្នាំដំណាក់កាលទី២នៃកម្មវិធីជាតិរយៈពេល ១០ឆ្នាំសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

-ទិសដៅការងារគ្រប់វិស័យក្នុងឆ្នាំ២០១៤
ឆ្នាំ២០១៤នេះគឺជាឆ្នាំទី១នៃការចាប់ផ្តើមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា។ ហេតុនេះ ខ្ញុំសូមធ្វើការផ្តល់នូវ អនុសាសន៍លើកិច្ចការសំខាន់ៗ ដូចខាងក្រោម៖

មួយ.ត្រូវយកចិត្ដទុកដាក់អនុវត្ដការងារស្របតាមផែនការសកម្មភាព និងទិសដៅការងារ ដែលបានពិភាក្សា និងឯកភាពគ្នានៅក្នុងអង្គសន្និបាតនេះ។ ផែនការសកម្មភាព និងទិសដៅ ទាំងនេះត្រូវផ្អែកលើផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍របស់ខេត្ត ផែនការយុទ្ធសាស្ដ្រតាមវិស័យ នៃក្រសួង ស្ថាប័ននីមួយៗ ដោយខិតខំតម្រង់ទិសការរៀបចំផែនការ និងការអនុវត្តឲ្យស្រប ជាមួយកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីធ្វើសុខុដុមនីយកម្មរាល់សកម្មភាពការងារទាំងអស់ដែលត្រូវអនុវត្ដនៅក្នុងដែន សមត្ថកិច្ចរបស់ខេត្តតាកែវ។

ពីរ.បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ដោយខិតខំយកចិត្ដទុកដាក់បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធ្វើឲ្យបទល្មើសបន្តថយចុះជាបន្ថែមទៀត។ ក្នុងនោះ ត្រូវយកចិត្តទុកដាក់លើកិច្ចការ សំខាន់ៗដូចខាងក្រោម៖

–លើកកម្ពស់វិធានការបង្ការ និងទប់ស្កាត់បទល្មើសជាកត្តាចម្បង និងគន្លឹះបំផុត។ ហេតុនេះ ត្រូវខិតខំជំរុញលើកកម្ពស់ការចូលរួមឲ្យបានកាន់តែសកម្មថែមទៀតក្នុងការអនុវត្ដ នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

–កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវលើកកម្ពស់ការគោរពវិន័យ ត្រូវមាន គុណធម៌ សីលធម៌ មនសិការវិជ្ជាជីវៈ និងភាពស្អាតស្អំនៅក្នុងការបំពេញតួនាទីរបស់ខ្លួន សំដៅបង្កើននូវជំនឿទុកចិត្ដ និងភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ។

–ត្រូវបង្កើនការអប់រំប្រជាពលរដ្ឋឲ្យម្ចាស់ការក្នុងការការពារនូវគ្រោះថ្នាក់នានាក្នុងសង្គម ពិសេសគ្រោះថ្នាក់ចរាចរ អគ្គីភ័យ គ្រោះធម្មជាតិ ។​

–ក្នុងឆ្នាំ២០១៣ គ្រោះថ្នាក់ចរាចរនៅខេត្តតាកែវមានការកើនឡើងបើប្រៀបនឹងឆ្នាំ ២០១២។ ហេតុនេះ ត្រូវជំរុញការអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរ ដើរទន្ទឹមនឹងការពង្រឹងការ អនុវត្ដច្បាប់ចរាចរឲ្យបានម៉ឺងម៉ាត់បំផុត។

–បន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការបន្តរៀបចំផ្លាកសញ្ញាចរាចរ និងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនានាក្នុងទូទាំងខេត្ត ដើម្បីសម្រួលដល់ការធ្វើចរាចរ គ្រប់ប្រភេទ។

បី.នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ខាងមុខនេះ ប្រទេសយើងនឹងរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សា ខណ្ឌ អាណត្ដិទី២។

–ការងារជាអាទិភាពរបស់រាជរដ្ឋាភិបាល គឺត្រូវខិតខំរួមគ្នាដើម្បីការពារសន្តិសុខសម្រាប់ ការបោះឆ្នោត និងបង្កលក្ខណៈឲ្យគណបក្សនយោបាយ និងអ្នកនយោបាយនានាអាចអនុវត្ដ សិទ្ធិនយោបាយរបស់ខ្លួន ដើរទន្ទឹមនឹងការលើកកម្ពស់ការគោរពឲ្យបានត្រឹមត្រូវនូវច្បាប់ បោះឆ្នោត បទបញ្ជា និងនីតិវីធីនៃការបោះឆ្នោត ដើម្បីលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។

–ចំពោះមុខនេះ ត្រូវជំរុញការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យបានទាន់ពេល វេលា និងការពិនិត្យឯកសារបញ្ជាក់អត្ដសញ្ញាណសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតរបស់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ម្នាក់ៗដែលជាអង្គបោះឆ្នោត។

បួន.ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវប្រកាសរួម ស្ដីពីការកំណត់អំពីប្រភេទសេវា កម្រៃ និងរយៈពេលនៃការផ្ដល់សេវាដោយរដ្ឋបាលថ្នាក់ ក្រោមជាតិ។

–រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តតាកែវត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវតារាង កម្រៃសេវា រយៈពេលនៃការផ្ដល់សេវាដល់ប្រជាពលរដ្ឋ។

–បិទផ្សាយតារាងនេះនៅតាមក្ដារព័ត៌មាននៃសាលាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។

–ជំរុញលើកកម្ពស់ការចូលរួមពីសាធារណជន  រួមទាំងប្រព័ន្ធផ្សព្វផ្សាយនានាក្នុង ការងារនេះ ដើម្បីធានាឲ្យមានតម្លាភាព និងគណនេយ្យភាពក្នុងផ្ដល់សេវាជូនប្រជាពលរដ្ឋ។

–ត្រូវរួមគ្នាលុបបំបាត់ការយកកម្រៃសេវាមិនស្របច្បាប់នានា។

ប្រាំ.ត្រូវជំរុញលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋឲ្យកាន់តែ មានប្រសិទ្ធភាពថែមទៀត ពិសេសសេវាអប់រំ និងសុខាភិបាល ជាវិស័យដែលមានការ ពាក់ព័ន្ធ ផ្ទាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។

ប្រាំមួយ.បន្តខិតខំដោះស្រាយទំនាស់ដីធ្លីដែលនៅសេសសល់។

–ចំពោះមុខនេះត្រូវផ្តល់ អាទិភាពចំពោះដីធ្លីបង្កបង្កើនផលរបស់ប្រជាជន ដោយខិតខំ ប្រមូលផ្តុំកម្លាំងចុះដោះស្រាយឲ្យបានរួចរាល់មុនរដូវវស្សាឆ្នាំ២០១៤នេះ។

–ត្រូវបន្តរួមគ្នាខិតខំបង្ការ ទប់ស្កាត់ជម្លោះដីធ្លីនៅគ្រប់មូលដ្ឋាន។

–អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវមានការប្រុងប្រយ័ត្ន និងមានការទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវចុះហត្ថលេខា និងប្រថាប់ត្រាទទួលស្គាល់លើឯកសារណាមួយពាក់ព័ន្ធនឹងដីធ្លី ដែលពុំមានសាវតាច្បាស់លាស់ និងគ្មានអំណះអំណាងខាងផ្លូវច្បាប់គ្រប់គ្រាន់នោះឡើយ។

–ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះសកម្មភាពទន្ទ្រានកាប់បំផ្លាញព្រៃឈើ ដើម្បីចាប់យកដីធ្លី បទល្មើសព្រៃឈើ បទល្មើសនេសាទ ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យមិនស្រប ច្បាប់គ្រប់មូលដ្ឋានទូទាំងខេត្ត។

ប្រាំពីរ.ត្រូវបន្តជំរុញការរៀបចំសណ្តាប់ធ្នាប់ អនាម័យ សោភ័ណ្ឌភាពតាមទីក្រុង ទីប្រជុំជននានា ក្នុងនោះរួមមាន៖

–យកចិត្តទុកដាក់លើការរៀបចំប្លង់គោលអភិវឌ្ឍន៍ទីក្រុង ទីប្រជុំជន។

–ការគ្រប់គ្រងការសាងសង់សំណង់នានា។

–ការគ្រប់គ្រងកាកសំណល់រឹង រាវ។

–ការរៀបចំសណ្តាប់ធ្នាប់តាមទីផ្សារលក់ដូរ និងត្រូវលុបបំបាត់ការទារកម្រៃផ្សេងៗ ក្រៅពីសៀវភៅបន្ទុកដែលបានកំណត់។

–ចំពោះក្រុងដូនកែវដែលជាទីប្រជុំជនខេត្ត ត្រូវខិតខំថែមទៀតក្នុងការរៀបចំអនាម័យ សោភ័ណ្ឌភាព សណ្តាប់ធ្នាប់ ចំណតយានយន្តគ្រប់ប្រភេទ ការលក់ដូរ បរិស្ថាន ការដាំដើម ឈើ ការរៀបចំសួនច្បារ…។ល។

ប្រាំបី.ដើម្បីអនុវត្តសម្រេចនូវទិសដៅ ភារកិច្ចខាងលើ​​ បញ្ហាសំខាន់ជាគន្លឹះគឺថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តតាកែវត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពឲ្យបានល្អលើ មូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពវិន័យ គោរពបទបញ្ជា ផ្ទៃក្នុង គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីធ្វើជាគំរូដល់មន្រ្តី រាជការជាទូទៅក្នុងការលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

មុននឹងបពា្ចប់ ជាថ្មីម្ដងទៀតក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងក្នុង នាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្ដម លោកជំទាវ លោកស្រី អស់លោកទាំងអស់ ដែលបានប្រឹងប្រែងយកអស់កម្លាំង កាយ ប្រាជ្ញាស្មារតី រួមគ្នាសម្រេចបាននូវសមិទ្ធផលជាច្រើននាពេលកន្លងមក និងសូម ប្រសិទ្ធពរជ័យជូនឯកឧត្ដម លោកជំទាវ លោកស្រី អស់លោកទាំងអស់ សូមទទួលបាន នូវសុខភាពល្អ និងជោគជ័យថ្មីៗបន្ថែមទៀត និងសូមប្រកាសបិទសន្និបាតបូកសរុបលទ្ធផល ការងាររបស់ក្រុមប្រឹក្សាខេត្តតាកែវអាណត្ដិទី១(ឆ្នាំ២០០៩~២០១៤)  និងការបូកសរុបលទ្ធផល ការងារឆ្នាំ២០១៣ និងលើកទិសដៅការងារឆ្នាំ២០១៤របស់រដ្ឋបាលខេត្តតាកែវក្នុងឱកាសនេះ។

                                                                                                សូមអរគុណ !

No comments:

Post a Comment