Thursday, March 20, 2014

ពិធី​បិទ​​សន្និ​បាត​​បូក​​សរុប​​លទ្ធ​​ផល​​​ការ​ងារ របស់​​ក្រុម​​ប្រឹក្សា​​ខេត្ត​​តាកែវ​​អាណត្តិ​​ទី១ និង​​បូក​​សរុប​​លទ្ធ​ផល​​​ការ​ងារ​​​ប្រចាំ ឆ្នាំ​២០១៣

ឯកឧត្តម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ  អាន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១៨​ ខែមីនា ឆ្នាំ​២០១៤ បាន​ផ្តល់​ការ​ណែនាំ​ជាទូ​ទៅ​មួយក្នុង​នយោបាយ​កំណែទម្រង់​របស់​រាជរ​ដ្ឋាភិបាល ​ឲ្យមន្រ្តីអ្នក​ផ្ដល់សេវា​ថ្នាក់រដ្ឋ​បាល​ក្រោម​ជាតិ​ទាំង​អស់​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្តូរឥរិយា​បថ ​និងផ្នត់​គំនិត​ពី “ភាព​ជាអ្នក​ត្រួតត្រា” ទៅជា “អ្នកផ្តល់​សេវា ” បំរើ​ប្រជា​ពល​រដ្ឋ​ប្រកប​ដោយ​ឆន្ទៈ​ស្មោះ​ត្រង់ ពិសេស​អាជ្ញាធរ កង​កម្លាំង​ប្រដាប់​អាវុធ ត្រូវ​សហការ​គ្នា​ឲ្យ​បាន​ល្អ​ រួម​ជាមួយ​នឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិត​ខាង ដើម្បី​ការពារ​សុខសន្តិភាព​ជូន​ប្រជា​ពលរដ្ឋ​ និង​ការ​អភិវឌ្ឍន៍។

ថ្លែងក្នុង​សន្និបាតបូក​សរុបលទ្ធផល​ការងារ​ក្រុមប្រឹក្សា​ខេត្តតា​កែវ​អាណត្តិទី១ និង​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​រដ្ឋបាល​ខេត្តតា​កែវ រួម​ជាមួយ​និង​ពិធីប្រកាស​ផ្ទេរ​ភារកិច្ច និងមុខ​តំណែង​ថ្មី​ដល់អភិបាល អភិ​បាល​រង​ខេត្តអភិបាល អភិ​បាល​រងស្រុក​មួយចំនួន​របស់​ខេត្តតាកែវ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន មាន​ប្រសាសន៏​ថា​រដ្ឋ​បាល​ថ្នាក់​ក្រោមជាតិ មិន​ត្រឹម​តែមាន​តួនាទី ជាអ្នក​ការពារ​សន្តិភាព សុវត្ថិភាព និង​សណ្តាប់ធ្នាប់សាធារណៈ​ជូនប្រជា​ពលរដ្ឋ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​មាន​តួនាទី ជាអ្នក​ផ្តល់សេវា​សាធា​រ​ណៈ និង​ជាសេនា​ធិការ​ផ្ទាល់ និង​ជាតំណាង​របស់​រាជរដ្ឋាភិបាល​ក្នុង​មូលដ្ឋាន។ ដូច្នេះ​មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទាំង​អស់ តែ​ត្រូវយក​ចិត្តទុកដាក់​ខ្ពស់​លើ​ការលើក​កម្ពស់​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាព​ល​រដ្ឋ ដោយ​ស្មារតីម្ចាស់ការ​ភក្តីភាព សីលធម៌ វិជ្ជាជីវៈ និង​វប្បធម៌​សេវាសា​ធារណៈ ក្នុងគោល​ដៅ​ធ្វើ​យ៉ាង​ណា​គឺ “បម្រើ​ប្រជាពលរដ្ឋឱ្យ​បានកាន់​តែប្រសើរ​ឡើង”។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសា​សន៍​បញ្ជាក់​ថា ដើម្បីសម្រេច​បាននូវ​វត្ថុបំណង​នេះ រដ្ឋបាលថ្នាក់​ក្រោមជាតិ ដែល​ជាអ្នក​ផ្តល់​សេវា​សាធា​រណៈ ត្រូវ​មានទស្សនា​ទានប្រែ​ក្លាយ​រដ្ឋបាល​សាធារណៈពី “អ្នកគ្រប់​គ្រង និងអនុវត្ត​វិធាន​និង នីតិវិធី” ឱ្យ​ទៅ​ជា “អ្នក​ផ្តល់​សេវា​ជូនប្រជាពលរដ្ឋ។

ដោយ​ឡែក​ ឯកឧត្តម ស ខេង ​ឧបនាយករដ្ឋមន្ត្រី បានសំដែងការ​អបអរសាទរ​ចំពោះមន្ត្រី​វ័យក្មេង​ដែល​ត្រូវ​បានព្រះ​មហាក្សត្រ និង​រាជរដ្ឋាភិបាលតែងតាំង​ផ្តល់តួនាទី​ជាអ្នកបន្តវេន​ពីអ្នក​ជំនាន់​មុន ក្នុង​ការបំ​រើ​ប្រយោជន៏​ជូន​ប្រជា​ពល​រដ្ឋ និង​ប្រទេស​ជាតិ ដើម្បី​ឈាន​ទៅពង្រឹង​ប្រសិទ្ធភាព​ការងារ​នៅថ្នាក់​រដ្ឋបាល​ក្រោម​ជាតិឲ្យមានប្រសិទ្ធិ​ភាពខ្ពស់ និងភាពសក្ត័សិទ្ធិ​ក្នុងការបំរើ​សេវាជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន។ ឯកឧត្តម ស ​ខេង ក៏បានជំរុ​ញឲ្យ​មន្ត្រី​អ្នក​បំ​រើសេវាសាធារណៈ​ទាំង​អស់ ពិសេស​មន្ត្រីដែល​ត្រូវ​បាន​ប្រកាស់​ផ្ទេរ​ភារកិច្ចទទួល​តំណែង​ថ្មី​នៅ​ថ្ងៃនេះ​ ត្រូវខិតខំលើក​កំពស់​ការបំរើសេវា​ជូនប្រជា​ពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ ដើម្បី​បំពេញនូវ​តំរូវការទាំង​ឡាយជូនពួកគាត់​ទៅ​តាមភាព​ចាំបាច់​ដែលគាត់​ត្រូវការ​ឲ្យយើង​ជួយ​​បំរើ ចៀស​វាងបង្ករការ​ថ្នាំងថ្នាក់​ចំពោះ​ប្រជា​ពលរដ្ឋ​។

ដូច​គ្នា​នឹង​ប្រសាសន៍​របស់​ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ដែរ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានមាន​ប្រសាសន៍​អំពាវនាវ​បន្ថែម​ទៀត​ដល់​កងកម្លាំង​ប្រដាប់អាវុធ និង​អាជ្ញាធរមា​នសមត្ថកិច្ច​គ្រប់​លំ​ដាប់​ថ្នាក់ឲ្យ​បន្ត​រួមសហការ​គ្នា ​​​ពង្រឹងការ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម តាម​វិស័យ​របស់​ក្រសួងស្ថាប័ន​នានា ព្រមទាំងផ្តោត​ការយកចិត្ត​ទុកដាក់​លើការផ្តល់​សេវា​សាធារ​ណៈជូនប្រ​ជា​ពល​រដ្ឋ​ជាអាទិភាព និងត្រូវបន្តរួមគ្នា​ថែរក្សា​ការពារ​សុខសន្តិភាព ស្ថិរភាព​នយោបាយ សណ្តាប់ធ្នា​ប់សង្គមឲ្យ​បា​ន​ល្អ​នៅទូទាំងខេត្ត​ ត្រូវបន្ត​ទប់ស្កាត់​ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន​គ្រប់​ប្រភេទ ការលេង​ល្បែង​ស៊ីសង សកម្ម​ភា​ពក្មេង​ទំនើង ​ដែលអាចជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គមជា​តិ និង​ជាពិសេស​ដល់​ក្មួយៗ​យុវជន ព្រមទាំង​ត្រូវលើក​កម្ពស់ការ​គ្រប់គ្រងច្រក​ទ្វារព្រំដែន​ច្រករបៀង​រួមគ្នា​បង្ការ​ទប់ស្កាត់​ និង​បង្រ្កាប​ឲ្យបានទាន់​ពេល​វេលា និង​មានប្រសិទ្ធភាព​នូវ​បទ​ល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ។

សូម​បញ្ចាក់​ថា រដ្ឋបាល​ខេត្តតាកែវ​ដែលត្រូវប្រកាស​ផ្ទេរ​ភារកិច្ច និងមុខ​តំណែង​ថ្ងៃនេះ​តាម​ព្រះរាជ​ក្រឹត្យ​តែង​តាំង​​បាន​ត្រាស់បង្គាប់​ផ្ទេរ​ឯកឧត្តម ស្រី បេន អភិបាល​នៃគណអភិបាល​ខេត្តតាកែវ ឲ្យទទួល​ភារ​កិច្ច​ជា​ទីប្រឹក្សារាជ​រដ្ឋាភិបាល​មានឋានៈស្មើរដ្ឋមន្ត្រី។ សម្រេច​តំឡើង​ឋានន្តរស័ក្តិ និងតែងតាំងឯកឧត្តម ឡាយ  វណ្ណៈ ជាអភិបាល​ខេត្តតាកែវ។ ដោយ​ឡែកអនុក្រឹត្យ​របស់រាជ​រដ្ឋាភិ​បាល ក៏បាន​សម្រេច​តែង​តាំង​លោក គាវ  សុវណ្ណធី។ លោកអ៊ួច ​ភា ឲ្យឡើង​ជាអភិបាលរង​នៃគណអភិបាល​ខេត្តតាកែវ និង​សម្រេច​ផ្ទេរ​ភារកិច្ច​លោក អៀង អូននី ពី​អភិបាល​រង​ខេត្ត​តាកែវ ទៅ​ជា​អភិបាល​រង​រាជធានីភ្នំពេញ។ ​អនុក្រឹត្យ​ក៏បាន​សម្រេច​ផ្ទេរ​ភារកិច្ច​លោក មូល  វិចិត្រ ពីអភិបាល​ស្រុកអង្គរបូរី ឲ្យទៅ​ទទួលតំ​ណែងជាអភិ​បាល​ក្រុងដូនកែវ។ លោក​ស្រី គា សុភូ ពីអភិបាល​ស្រុក​ត្រាំកក់ ឲ្យទៅទទួល​ភារកិច្ចថ្មីនៅ​សាលា​ខេត្តតាកែវ។ លោក តឹក​តុងលឹម ពីអភិបាល​ស្រុក​គិរីវង់ ឲ្យទៅទទួល​តំណែងជា​អភិបាល​ស្រុកត្រាំកក់ និង​តែងតាំង​លោក ឃុន បូរ ជាអភិ​បាលស្រុក​អង្គរបូរី។ លោក កៅ វគ្គសែល ជាអភិ​បាលស្រុកគិរីវង់៕

No comments:

Post a Comment