Monday, November 04, 2013

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ជួបសំណេះសំណាលជាមួយ កងយោធពលខេរៈភូមិន្ទ ប្រចាំទិសប្រាសាទព្រះវិហារ

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧប​នាយក​រដ្ឋ​មន្រ្ដី​​ រដ្ឋមន្រ្ដីទទួល​បន្ទុក​ទីស្ដី​ការ​គណៈ​រដ្ឋមន្រ្ដីនាព្រឹកថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០១៣ បាន​សម្ដែង​ការ​កោតសរសើរ​ចំពោះ​នាយ​ និងពល​ទា​ហាន​ ​​ដែល​​កំពុង​​ឈរ​​ជើង​​នៅតាម​​បណ្ដោយ​​ព្រំដែន​​ទាំង​អស់​​ដែលបាន​​គោរព អនុវត្ត​និង​​​​ឆ្លើយ​​តប​​បាន​​ទាន់​ពេល​​វេលា​​រាល់​​បទ​​បញ្ជារ​​របស់​​រាជ​​រដ្ឋាភិបាល​​ដើម្បី​​បុ​ព្វ​​ហេតុ​​កិច្ច​​ការ​ពារ​​ជាតិ​​មាតុ​​ភូមិ​។

នៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និង​ពល​ទាហាន កងយោធពល​ខេរៈ​ភូមិន្ទ​ដែល​កំពុង​ឈរជើងប្រចាំការ​​ទិសប្រាសាទព្រះវិហារ និង​​បន្ទាប់​​​ពីឯកឧត្តមនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជារ​ការ​រងនៃកងយោធពល​ខេមរ​ភូមិន្ទ​ បាន​រាយការណ៏​អំពី​សភាព​ការណ៏​ទូទៅ​នៅ​តាម​បណ្ដាយ​​ព្រំដែន​កម្ពុជា​-ថៃ​រួចមក ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក៏បានមានប្រសាសន៏ជម្រាបជូន​កងកម្លាំងប្រដាប់អាវុធទាំងអស់​ដែលមានវត្តមាននាក្នុងឱកាសនោះ ទាក់​ទងនឹងតុលា​ការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដែល​នឹង​ត្រូវធ្វើការ​បក​ស្រាយ​សាល​ដី​ការឡា​អេ (I.C.J) ឆ្នាំ១៩៦២ រឿង​ក្ដីប្រាសាទព្រះវិហារ​ នៅ​ថ្ងៃ​ទី១១ ​ខែ​វិច្ឆិកា ឆ្នាំ២០១៣ ខាង​មុខ​តាម​ការ​ស្នើរ​សុំ​ពី​ភាគី​កម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យដឹងថា៖ ​យោង​តាម​ស្មារតី​និងតាមរយៈជំនួបពិភាក្សារវាងប្រមុខរាជរដ្ឋាភិបាលនៃប្រទេស​ទាំងពីរ (កម្ពុជា‑ថៃ)ជា​ច្រើន​លើក​ច្រើន​សារ សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន និង លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត់ ​បាន​​ប្តេជ្ញា​ចិត្ត​រួច​ហើយ​​ថា ទោះ​ជា​​ក្នុង​ករណី​ដែល​ការបកស្រាយរបស់​តុលា​ការយុត្តិធម៏​អន្ដរ​ជាតិ​ក្រុង​ឡាអេ (I.C.J) មានអំណោយផលដល់ប្រទេសកម្ពុជា ឬមាន​អំណោយ​ផល​ដល់​ប្រទេស​ថៃ​យ៉ាង​ណាក៏​ដោយ​គឺ​ភាគី​ទាំង​២​ត្រូវ​តែ​គោរពតាម ​ហើយ​ការ​បកស្រាយ​នេះ​ដែ​រ ​គឺ​មិន​មាន​ផល​ប៉ះ​ពាល់​​​ដល់​ទំនាក់​ទំនង​ល្អរវាង​ប្រទេសទាំងពីរ ប្រជាពលរដ្ឋនៃប្រទេស​ទាំង​ពីរ ​ក៏ដូច​ជា​ការ​ទំនាក់​ទំនងសហប្រតិបតិ្ដការ​លើ​គ្រប់​វិស័យរវាងប្រទេសទាំងពីរ​នោះ​ឡើយ។​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៏បញ្ជក់ថា ​អ្វីដែល​ជាបំណង​ប្រាថ្នា​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំងពីរចង់បាន​នោះ គឺ​ការបញ្ជៀសនូវកំទេច​ភ្លើង​មួយ​ដែលនាំឲ្យក្លាយទៅ​អណ្ដាត​​ភ្លើង​​​ឆាប​​ឆេះ​​​​​បង្ករឲ្យទៅ​ជា​សង្គ្រាម​បាន។

គួរបញ្ជាក់​ថា៖​ អំណោយ​ដែល​ឯក​ឧត្តមបណ្ឌិត​សភាចារ្យ​ឧប​នាយក​រដ្ឋមន្រ្ដី សុខ អាន យក​ទៅ​ប្រគល់​ជូន​ដល់កង​យោធ​ពល​ខេរៈ​ភូមិន្ទ​ ដែល​កំពុង​ឈរ​ជើង​នៅ​ទិស​ប្រាសាទ​ព្រះវិហារ​ក្នុង​ពិធីសំណេះសំណាលនា​ពេលនេះរួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ ស្ករសរ ព្រមទាំងថវិកាផងដែរ៕

No comments:

Post a Comment