Monday, November 04, 2013

ទស្សនៈវិភាគ ដោយ រ័ត្ន សណ្តាប់ «តើពេលណាទើបបក្ស​ឆាំង​ភ្ញាក់ខ្លួនឈប់ឆបោកខ្មែរ និងឈប់បំផ្លាញជាតិឯង?»

ទស្សនៈវិភាគ​
រត្ន័ សណ្ដាប់

តើពេលណាទើបបក្ស​ឆាំង​ភ្ញាក់ខ្លួនឈប់ឆបោកខ្មែរ
និងឈប់បំផ្លាញជាតិឯង?

ថ្មីៗនេះ គណបក្សប្រឆាំងបានធ្វើ​លិខិត​ចំហមួយ ផ្សព្វផ្សាយដល់​បណ្ដា​ប្រទេស​នានា​ ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី​​ និងក្រុមវិនិយោគ​ ក្នុងគោល​បំណង​​ខ្ទប់​ដង្ហើម​សេដ្ឋ​កិច្ច​ជាតិ។ ទង្វើ​នេះប្រៀបបាន​នឹង​ការ​ទម្លាក់​គ្រាប់បែក​បរមណូមួយ​គ្រាប់​មកលើ​ប្រទេស​កម្ពុជា​ ​​តែ​គ្រាប់បែកបរមណូនេះ ជាគ្រាប់បែក​សិប្ប​និមិ្មត​សោះ​។
នរណា​ក៏​គេ​ដឹង​ដែរថា ចាប់​តាំង​ពី​ពេល​​បដិសន្ធិរបស់​បក្ស​ប្រឆាំង នាឆ្នាំ​១៩៩៨ មក បក្ស​ប្រឆាំង​បាន​ប្រើ​នូវ​គ្រប់​ឧបាយកល មាន​ការ​បោក​បញ្ឆោត ភូតភរ​​​កុហក អំពើ​ហិង្សា ​គៀង​គរប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​បាតុកម្ម​​​ប្រឆាំង​នឹង​រដ្ឋាភិបាល​​ជាដើម ដើម្បីធ្វើ​យ៉ាង​ណា​បន្ទុច​បង្អាក់​នូវ​ចរន្ដ​​កសាង​ជាតិ និង​កសាង​សេដ្ឋ​កិច្ច​។ ជា​ការ​ពិត​ណាស់ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ គឺ​ជា​ឆ្នាំ​ដែល​ប្រទេស​នានា​នៅ​លើ​សកល​លោក​ ប្រទេស​​មហាអំណាចទាំង​ ៥​ រួម​ទាំងអង្គការ​សហប្រជា​ជាតិ បាន​ខិត​ខំធ្វើ​​យ៉ាង​ណា ជួយ​ស្រោច​ស្រង់​កម្ពុជា​ឲ្យ​រស់​រាន​មាន​ជីវិត​​ឡើង​វិញ ទាំង​ផ្នែក​សង្គម សេដ្ឋ​កិច្ច​ និងនយោបាយ។
លិខិត​ចំហ​នេះ​បាន​ពន្លិច​យ៉ាង​​ច្បាស់​ នូវ​មហិច្ឆតារបស់​បក្សប្រឆាំងដែល​​កំពុងតែ​ស្រមើស្រមៃ​ស្រេក​​ឃ្លាន​អំណាចយ៉ាងខ្លាំង​​ ទោះបីខ្លួនឯងចាញ់​ឆ្នោត​ហើយ​ក្ដី ក៏នៅតែបន្ដទ្បាំប៉ា​ គួរឲ្យធុញទ្រាន់។
ឈាន​មក​ដល់ឆ្នាំ​២០១៣ នេះ គេ​បាន​សង្កេត​ឃើញរាជ​រដ្ឋាភិបាល​កម្ពុជា បាន​ខិត​ខំ​ប្រឹង​ប្រែង​ដឹកនាំ​ប្រទេស​មាន​​រយៈ​ពេល ២០​ឆ្នាំ​ហើយ។ បើ​គេ​មើល​សើៗ ឃើញ​ថា ២០​ឆ្នាំកន្លង​ទៅ​​មាន​រយៈពេល​ដូច​មួយ​ប៉ព្រិចភ្នែក​ តែ​បើ​គេ​អង្គុយ​ពិចារណា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ទៅ​លើ​ចលនា​ សកម្ម​ភាព ដែល​ជំរុញ​​ឲ្យ​ប្រទេស​មួយ​ដែល​ខ្ទេច​ខ្ទី​អស់​ទៅ​ហើយ ចាប់​ផ្ដើម​ពី​សូន្យ​មិន​មែន​ជា​ការ​ធម្មតា​ទេ។ ប្រទេស​មហា​អំណាច​ទាំង​អស់ រួម​ទាំង​មហា​អំណាច​សេដ្ឋកិច្ច​ផង គេ​បាន​ផ្ដល់​ជំនួយ​យ៉ាង​សន្ធឹក​សន្ធាប់​រាប់​រយ​លាន​ រាប់​ពាន់​លាន​ដុល្លារមក​ឲ្យ​កម្ពុជា ដែល​ញ៉ាំ​ង​ឲ្យ​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ថ្មី​ស្រឡាង​​ ទាំង​ការ​លូត​លាស់​ផ្នែក​សង្គម ការចូល​​រួម​ចំណែក​របស់​ពលរដ្ឋ​គ្រប់​ស្រទាប់ ទាំង​បុរស ទាំង​ស្រ្តី ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ ធ្វើ​ឲ្យ​មាន​ការ​វិវត្ត​ក្នុង​សហគមន៍ ហើយ​ក៏​ត្រូវ​បាន​អ្នក​ឯក​ទេស​សេដ្ឋកិច្ច​​​វាយតម្លៃ​​ថា កំណើន​សេដ្ឋកិច្ច​កម្ពុ​ជា​​មាន​សន្ទុះ​លឿន​ជាង​គេ​នៅ​ក្នុង​ពិភព​លោក ថ្វី​ត្បិត​តែ​​ពិភពលោកកំពុង​ជួប​ប្រទះនឹង​វិបត្តិ​សេដ្ឋកិច្ច​ក៏​ដោយ។
ក្នុង​ន័យ​​នេះ ទង្វើដែល​បក្ស​ប្រឆាំងបាន​​ខិត​ខំ​ប្រឹង​ប្រែង​​​ផ្សព្វ​ផ្សាយ​មនោគមវិជ្ជា​​របស់​ខ្លួន ធ្វើឲ្យ​ប្រជា​ពល​រដ្ឋជឿ​តាម​ខ្លួន ​ដុត​បញ្ឆេះ​ជា​ចលនា​មហា​ជន​ធ្វើ​ឲ្យ​​កម្ពុជា​ដើរ​ថយ​ក្រោយ​វិញ តើ​នេះ​ពុំ​មែន​ជា​បំណង​ដ៏​ខ្មៅ​​កខ្វក់ប្រកបដោយ​ពិស​ពុល​ បែបអាត្មា​និយម​ ដើម្បី​​ខ្ទប់​ដង្ហើម​សេដ្ឋ​កិច្ចសង្គម​ជាតិ និង​សេដ្ឋ​កិច្ចជាតិ​​ទេ​ឬ​អ្វី​?
ម្យ៉ាង​វិញ​ទៀត លិខិត​ចំហ​របស់​បក្ស​ប្រឆាំង​ក៏បាន​បង្ហាញយ៉ាង​ច្បាស់​ អំពី​មាយាទ​ ចរិត​ពុតត្បុត ភូត​ភរកុហក ប្រឌិត​រឿង​រ៉ាវ​ដែល​មិន​ពិត។ល។ ដើម្បី​ធ្វើ​ឲ្យ​សង្គម​មួយ​ច្របូក​ច្របល់​ពិសេស​បន្ទាប់​ពីការ​បោះ​ឆ្នោត​សកល។
គេ​យល់​ច្បាស់​ថា​​​ បក្សប្រឆាំង និង​​អង្គការក្រៅ​​រដ្ឋាភិបាល គឺ​ខុមហ្រ្វែល​​ និង NDIបាន​ឃុប​ឃិត​បានបំភ្លៃ​​តួលេខ​អ្នក​ចុះឈ្មោះបោះ​ឆ្នោត​ដោយ​ចោទ​ប្រកាន់គ..ប ថា​បានធ្វើឲ្យបាត់ឈោ្មះ​អ្នក​បោះ​ឆោ្នត​​​​ប្រមាណ​ជាង១លាននាក់ ប៉ុន្ដែ​នៅ​ពេល​ដែល​ ​​គ..បទាមទារ​ឲ្យ​អង្គ​ការ​ទាំងនេះ​បង្ហាញ​អំពី​ឈោ្មះ​ដែល​​ចោទ​ថាបាត់​ គេ​​បដិសេធដោយ​យក​លេស​​ថា​រក្សាការសម្ងាត់ទៅ​វិញ​។​ ប្រសិនបើ​អង្គការក្រៅ​រដ្ឋាភិ​បាល​​ទាំង​នេះ​​ដែល​ជា​អង្គការ​ទទួលបាន​​ការ​ផ្គត់​ផ្គង់​ជំនួយ​ពីបរទេស​យ៉ាង​សន្ធឹក​សន្ធាប់​​​នោះ ពិតជា​មាន​ភាព​សុច​រិត​​​មែន​​​ ហេតុ​អ្វីក៏គេ​មិនផ្ដល់ឈោ្មះឲ្យ​ គ..ប ដើម្បី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់។ តើនេះពុំ​មែន​ជា​ទង្វើ​ឆបោក​ទេ​ឬ​អ្វី​?
រឿង​បំភ្លៃ​​​មួយ​ទៀត ដែល​បក្ស​ប្រឆាំង​បាន​ដើរ​ជាន់​កែង​ឯង​នោះ គឺ​​ប៉ុន្មាន​ថ្ងៃ​មុន​​បោះ​ឆ្នោត​ក្រុម​ប្រឆាំង​បានធ្វើ​ឯកសារ​ក្លែងបន្លំ ​ទាយថាបក្សប្រឆាំងនឹង​ទទួលបាន​៦៤អាសនៈ​ រីឯ​គណបក្ស​ប្រជាជន​ទទួល​បាន៥៩​ អាសនៈ។ នេះ​គឺជា​ការ​ជួនគ្នាយ៉ាង​ជាក់​ស្ដែង​ ដូច​គេ​បានរំពឹង​ទុកមែន​ ព្រោះ​ថានៅ​ល្ងាច​​ថ្ងៃ​ទី២៨ កក្កដា នៅ​ពេល​ដែល​ គ.ជ.ប ចាប់​ផ្ដើម​រាប់​សន្លឹក​ឆ្នោត​បាន​ប្រហែល​កន្លះ​ម៉ោង​ប៉ុណ្ណោះ បក្ស​ប្រឆាំង​បាន​​ស្ទុះ​កញ្រ្ជោល​ប្រកប​ដោយ​ហិង្សា​យ៉ាង​សាហាវ​​ស្រែក​ក្ដែង​ៗថា​ក្រុម​ខ្លួន​ឈ្នះ​បាន​ ៦៣ អាសនៈ។ ក៏​ប៉ុន្ដែ​ថ្ងៃ​ក្រោយ​មកអ្នក​ដឹក​នាំ​បក្ស​ប្រឆាំង​បាន​​ប្រកាសក្ដែងៗ​ម្ដង​​ថា ខ្លួន​ឈ្នះ ៦៣ ម្ដង​ថា ឈ្នះ ៧៣ ម្ដង​ថា ឈ្នះ៧៦​អាសនៈ។ល។​ តើ​នេះ​បាន​​ន័យ​យ៉ាង​ដូចម្ដេច?
ក្នុង​ន័យ​នេះ គេ​គួរ​ពិចារណា​ពី​ខ្លឹម​សារ​​លិខិត​ចំហ​​ផ្លូវ​ការ​របស់​បក្ស​ប្រឆាំងដែល​​បញ្ជាក់​យ៉ាង​នេះ​ថា «ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​​រាស្ដ្រ​នីតិកាល​ទី៥ នេះ មានភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​និង​មាន​ភាព​ចម្រូង​ចម្រាស់​រវាង​គណបក្ស​នយោបាយ​ពីរ ដែល​ទទួល​បាន​សម្លេង​ឆ្នោត​ប្រហាក់​ប្រហែល​គ្នា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ ជុំ​វិញ​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត​នេះ »
ការ​សរសេរ​លិខិត​ជា​ផ្លូវការ​នេះ ​គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លទ្ធ​ផល​​​ដែល​ គ.ជ.ប បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី ១២ ខែ​សីហា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​សន្លឹក​ឆ្នោត ៣លាន២សែន​សម្លេង រីឯ​គណ​បក្ស​​សង្រ្គោះ​ជាតិ​ទទួល​បាន​ស​ន្លឹក​ឆ្នោត ២លាន៩សែនសម្លេងដែល​​​​ខុស​គ្នា​តែប្រមាណ ៣សែន​សម្លេង ​ស្មើ​នឹង​អាសនៈ​ដែល​​​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ៦៨អាសនៈ គណបក្ស​សង្រ្គោះ​ជាតិ​ទទួលបាន ៥៥​អាស​​នៈ​ ប្រាកដ​ជា​ត្រឹម​ត្រូវ​មែន។ ហេតុ​នេះ​ការ​ឡាំ​ប៉ា ការ​បោក​បញ្ឆោតមតិ​ប្រជាជន​ថា​ម្ដង ៦៣ ម្ដង៧៣ ឬ​៧៦ នោះ គឺ​ជា​តម្រិះ​ជិះ​កឯងតែប៉ុណ្ណោះ។
            ដូច​បាន​អធិប្បាយ​ខាង​លើ តើ​បក្ស​ប្រឆាំង​គួរ​បញ្ចប់​នូវ​ចរិត​ឆបោក​ ភូត​ភរ​កុហក និង​ចលនា​បំផ្លិច​បំផ្លាញ​សង្គម សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​ខ្លួន​ឯង​ត​ទៅ​ទៀត ឬ​យ៉ាង​ណា?

កំណត់​អ្នក​និពន្ធ:
បុរាណវិទូ ៖ អតីត​អនុប្រធាន​អាជ្ញាធរជាតិទេសចរណ៍​កម្ពុជា,
សាស្ដ្រាចារ្យ និង​ជា​អ្នក​និពន្ធសៀវភៅ​ប្រវត្តិប្រដាល់​ក្បាច់​គុន​ខ្មែរ (E-mail: rathsandab@yahoo.com)




No comments:

Post a Comment