Monday, November 04, 2013

អង្គ​កឋិនទាន​លើក​ទី​៤​របស់​រាជ​រដ្ឋា​ភិបាល​ប្រមូល​បច្ច័​យ​កសាង​​វត្ត​មរតក​​តេជោ បុរីស្វារៈស្ថិត​​ក្នុង​​ភូមិ​​ធម្មជាតិ​សម្ដេច​តេ​ជោ​

ក្រោមគំនិតផ្តួច​ផ្តើមខ្ពង់ខ្ពស់បំផុត​ពីសម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ដ្រី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣  គណៈ​កម្មា​ការ​ ​រៀបចំបុណ្យដែលរួមមាន ​ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ស ខេង និង​លោក​ជំទាវ ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អានឧប​នាយក​រដ្ឋមន្រ្ដី និងលោកជំទាវ​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ និងលោកជំទាវ ​ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ដ្រី ហោ ណាំហុង និងលោកជំទាវ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្ដី គាត ឈុន និង​លោក​ជំទាវ លោកជំទាវឧបនាយក​រដ្ឋមន្ដ្រី ម៉ែន សំអន និងស្វាមី ឯកឧត្តម​ឧបនាយក​រដ្ឋមន្ដ្រី យឹម ឆៃលី  និង​លោក​ជំទាវ​ ឯក​ឧត្តម​​​ឧប​នាយក​​រដ្ឋ​មន្ដ្រី កែ​ គឹមយ៉ាន និងលោកជំទាវ ​ឯក​​ឧត្តម​​ឧបនាយក​រដ្ឋមន្ដ្រី ប៊ិន ឈិន និង​លោក​ជំទាវ ព្រមទាំង​ឯកឧត្តម ​លោកជំទាវ ជា​ទេសរដ្ឋមន្ដ្រី រដ្ឋម​ន្ដ្រី រដ្ឋលេខា​ធិការ អនុរដ្ឋ​លេខា​ធិការ ​គណៈ​អភិបាល​​ខេត្ត​ អភិបាល​រងខេត្ត​ ថ្នាក់​ដឹកនាំ​មន្ដ្រីរាជ​ការ​រួមជាមួយ​ប្រជា​​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​​វត្តជា​ច្រើន​រូប​ទៀត​ បាន​​ដង្ហែអង្គ​ក​​ឋិន​​ទាន​​សាមគ្គី​មួយនាំយកប​ច្ច័យ​​ទេយ្យ​​​ទាន យក​ទៅ​វេប្រគេន​​ព្រះសង្ឃ​​ដែល​​គង់​​​ចាំ​​ព្រះ​​វស្សា​​អស់​​កាល​ត្រីមាស​​ក្នុង​​ពុទ្ធសិមា វត្ត​មរត​ក តេ​ជោ​បុរីស្វារៈ​ស្ថិត​​ក្នុង​​ភូមិ​​ធម្ម​​ជាតិ​​​សម្ដេច​តេជោ​ ស្ថិត​ឃុំកន្ទួត ស្រុក​ជាំ​ក្សាន្ដ ខេត្ត​ព្រះវិហារ​។

​តាម​គន្លង​ប្រពៃណីព្រះពុទ្ធសាសនា​នៅ​​រសៀល​​ថ្ងៃ​១៣​រោច ខែ​អស្សុជ ឆ្នាំ​ម្សាញ់ ​បញ្ចស័ក​ព.ស២៥៥៧ ត្រូវនឹង​ថ្ងៃសុក្រទី​១ ខែវិច្ឆិកា ​ឆ្នាំ២០១៣ ​​​​ថ្នាក់​​ដឹក​នាំ​មន្ដ្រីរាជ​ការ​ទាំង​​អស់​​បាន​រៀប​ចំ​ពិធី​​​ចំរើន​​ព្រះបរិត្ត​​សមាទាន​សីល​ និង​សម្ដែងព្រះ​​ធម៌​​ទេសនា​​នៅ​​អាគារ​​មិត្តភាព នៃទីស្ដីការ​គណៈ​រដ្ឋមន្ដ្រីក្រោមអធិបតេយភាពឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ​តំណាង​ដ៍ខ្ពង់​ខ្ពស់​​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន។​ លុះ​ព្រឹកឡើងថ្ងៃ១​កើត​ខែកក្ដិក​ ត្រូវនឹង​ថ្ងៃ អាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៣ ​អង្គ​កឋិន​ទាន​​បានដង្ហែ​ឆ្ពោះ​​​ទៅ​កាន់​​​​​វត្ត​មរត​ក​តេ​ជោបុរី​ស្វារៈ​ដែល​ជា​វត្ត​​ប្រវត្តិ​សាស្ដ្រស្ថិតនៅទឹកដីខេត្តព្រះ​វិហារ  ​ដើម្បី​​យក​​ទៅ​វេប្រគេន​​ដល់​ព្រះ​សង្ឃ​ដែលគង់ចាំព្រះវស្សាអស់ត្រីមាស​។

អង្គ​​កឋិន​​ទាន​​នេះ​ប្រមូលបច្ច័យបាន​សរុប​ចំនួន​១៣ម៉ឺន​៥ពាន់​ ៥រយដុល្លារអាមេរិក និងទ័យ​វត្ថុផ្សេងៗ ជាពិសេសត្រ័យចីវរជាដើម សំរាប់​​យក​​ទៅ​បន្ដកសាង​​​​ទី​អារាមមរតកតេជោបុរីស្វារៈ​​ឲ្យ ​​សក្តិសម​​ជា​ទី​កន្លែង​​សំរាប់​ប្រជា​ពុទ្ធ​​​បរិស័ទ្ធ​​គ្រប់​រូប​មក​គោរព​​ប្រតិបត្តិ​ និង​សិក្សា​​រៀន​​សូត្រ​​ធម៌​វិន័យ​នៅក្នុងទឹកដីក្បែរតំបន់​ប្រាសាទ​​ព្រះ​វិហារ​​ជាទី​សក្ការៈរបស់​ប្រជា​ពលរដ្ឋ និងរបស់មនុស្សជាតិ​។ តាម​ការ​បញ្ជាក់​​ពី​គណៈ​កម្មា​ការសាង​សង់​បាន​ឲ្យ​ដឹង​ថា៖   ដោយ​​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ និង​ប្រជា​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​តាម​រយៈ​កឋិន​ទាន​ចំនួន ៤ ​លើក​ជាប់ៗ​គ្នា​​ បាន​ធ្វើ​ឲ្យ​​​ទី​អារាម វត្ត​​មរតក​តេ​ជោបុរីស្វារៈ​មាន​ការរី​កចំរើន​យ៉ាងឆាប់រហ័ស ក្នុង​នោះ​បាន​កសាងកុដិ​ព្រះចៅ​អធិការ​វត្ត ​ព្រះវិហារ រោង​ស្រង់​នាគ​ដែល​ជាអា​ស្រម​សំរាប់​សូត្រ​មន្ត ស្រោច​​ទឹក​រំដោះ​​គ្រោះ តាម​​បែប​គំរូ​​ដូន​តា​​នៅ​ភ្នំ​គូ​លេន ​ដង​ទង់​​ញី ឈ្មោល ព្រម​ទាំងកុដិព្រះ​សង្ឃ កុដិសីលវ័ន សីលវតី ក្លោង​​ទ្វារ ​ឧបដ្ឋាន​​សាលា ព្រម​ទាំង​សមិទ្ធិ​ផល​ផ្សេងៗ​ជា​ច្រើន​ទៀត​។

បន្ទាប់ពីបញ្ចប់ពិធីបុណ្យកឋិនទាន ឯកឧត្តមឧបនាយក​រដ្ឋមន្រ្ដី ស ខេង និង ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្ដី សុខ អាន ព្រមទាំង​ឯកឧត្តម ​លោក​ជំទាវ​​ថ្នាក់​​ដឹក​​នាំ​​រួម​​ដំណើរ បាន​អញ្ជើញ​​ជួប​​សំណេះ​សំណាល​​​ជា​មួយ​​បងប្អូន​​ប្រជាពល​រដ្ឋ និង​ថ្នាក់​ដឹក​នាំ​លោក​គ្រូ ​អ្នក​គ្រូ​ព្រម​ទាំង​សិក្ខា​កាម​មជ្ឈម​ណ្ឌល​បណ្ដុះ​បណ្ដាល​ព្រះ​វិហារ​យ៉ាឡាយ ដោយឯកឧត្តម ស ខេ​ង​បាន​​​នាំ​យក​​ប្រសាសន៍ ផ្ដាំផ្ញើរ​សាក​សួរ​​សុខ​ទុក្ខ អំពី​សំណាក់ សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន និង​​លោក​​ជំទាវ​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនបងប្អូន ប្រជាពលរដ្ឋ​។ ឯកឧត្តម ស ខេង បាន​លើក​ឡើង​ថា  បច្ចុប្បន្ន​​ក្រៅ​ពីការអភិវឌ្ឍន៍ប្រទេស ជាតិ​ឲ្យ​មាន​ការរីក​ចំរើន​រាជរដ្ឋាភិបាល​ក៍យក​ចិត្តទុក​ដាក់​ការពារ​​អធិបតេយ្យ​​ភាព​​ជាតិ​ ដោយ​បាន​ធ្វើការ​​ដោះស្រាយ​ជំលោះ​​ព្រំដែននៅ​​តំបន់​​​ប្រាសាទ​​ព្រះ​វិហារ​​នៅ​​លើ​​ឆាក​​​អន្ត​រជាតិ ដោយ​​ពឹង​​ផ្អែក​លើមូល​​ដ្ឋាន​​ច្បាប់ នៅ​​តុលាការ​​អន្តរ​ជាតិ​​ក្រុង​​ឡាអេ ដើម្បី​តទល់​​ជា​មួយ​នឹង​​ភាគី​​ថៃ។ ឯក​ឧត្តម​​ឧបនាយក​រដ្ឋមន្រ្ដី បាន​ចាត់​​ទុក​​ថា ​ភូមិ​​ធម្ម​​ជាតិ​​​សម្ដេច​​តេជោ​​ហ៊ុន សែន​ ​មាន​​លក្ខណៈ​​ពិសេស​​ជាង​គេ នៅ​ក្នុង​ខេត្តព្រៈវិហារ ដោយ​សារតំបន់​នេះ ​​មាន​​សាលា​​រៀន មន្ទីរ​ពេទ្យ វត្ត​​អារាម​ និង​​សាលា​​បណ្តុះ​​បណ្តាល​​វិជ្ជា​ជីវៈ សំរាប់​ជួយ​ធ្វើការ​បណ្ដុះ​បណ្ដាល ដល់​​កូន​ចៅ​​ប្រជា​​ពលរដ្ឋ និង​​កូន​​ចៅ​​យោធិន មាន​​ឱកាស​​ចូលរៀន​ជំនាញ​​ផ្សេងៗ​ ដើម្បី​​ប្រកប​​មុខ​របរ​​ចិញ្ចឹម​​ជីវិត​ ​ព្រោះ​​តំបន់​​នេះ​​ជា​តំបន់​​ដែល​​មាន​សក្តានុព​ល​​ទេសចរ​មួយ​​ដ៍សំខាន់​​ផង​ដែរ។

ក្នុង​​ឱកាស​នោះ​ឯកឧត្តម ឧប​នាយក​រដ្ឋមន្រ្ដី​ និង​​លោក​​ជំទាវ​​បាន​ចែក​​ជូន​នូវ​​អំណោយ​​មាន​ក្រណាត់​​ស សារ៉ុង និងថវិកា​របស់​សម្តេច​តេជោ និងលោកជំទាវ កិត្តិ​​ព្រឹទ្ធ​បណ្ឌិត​​​ជូន​ដល់សីលវ័ន​សីលវតី ​ប្រជា​ពល​រដ្ឋ គ្រូប​ង្រៀន​ព្រមទាំងសិស្ស​ដែល​ជាសិក្ខា​កាម​សាលា​បណ្ដុះ​បណ្ដាល​នា​ឱកាស​​នោះ​ផងដែរ៕

No comments:

Post a Comment