Tuesday, August 27, 2019

ព្រឹកស្អែក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពិនិត្យសមិទ្ធផលការងារមួយឆ្នាំ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩ស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាអ្នកផ្តួចផ្តើមបង្កើតឡើងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះ នឹងជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពិនិត្យការងាររយៈពេលមួយឆ្នាំ ដើម្បីរកចំណុចកែលំអរ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឱ្យដឹងថា កិច្ចប្រជុំនៅថ្ងៃស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងផ្តល់នូវទស្សនវិស័យ ក៏ដូចជាចក្ខុវិស័យមួយចំនួនសម្រាប់ការអនុវត្តន៍ការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ កិច្ចប្រជុំ ក៏នឹងផ្តល់ឱកាសឱ្យសមាជិកទាំងអស់ចូលរួមជាយោបល់ស្ថាបនា និងសំណូមពរផងដែរ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយពេលបោះឆ្នោត ជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។
ក្រោយពេលបង្កើតឡើងហើយនោះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាក់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលរួមមានការពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តី ព្រាងច្បាប់នានាមុនដាក់ឲ្យរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានកោះអញ្ជើញថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា មកសាកសួរលើបញ្ហាមិនប្រក្រតីមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះផងដែរ។
ក្រៅពីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏ត្រូវបានគេមើលឃើញថា បានចុះធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ រួមមានបញ្ហាជម្លោះដីធ្លី នៅតាមបណ្តាខេត្ត។ លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយបានប្រមូលយកធាតុចូលជាច្រើនជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងបញ្ហាដទៃទៀតកើតមាននៅក្នុងសង្គម។
លោក ឈឹម ផលវរុណ បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានចុះបំពេញបេសកកម្មចំនួន ២០០ និងបានធ្វើរបាយការណ៍ ជូននេះលោកនាយករដ្ឋមន្រ្តីផងដែរ។ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានមើលឃើញផងដែរថា ការបំពេញបេសកកម្មនៅតាមបណ្តារបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មិនសូវជាមានឧបសគ្គទៀតនោះឡើយ ដោយសារមន្ត្រីអាជ្ញាធរមូលដ្ឋានបានយល់ពីតម្លៃ និងតួនាទីភារកិច្ចរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
បើទោះបីជាយ៉ាងណាលោក ឈឹម ផលវរុណ បានលើកឡើងថា មានបញ្ហាប្រឈមមួយចំនួន ក៏ដូចជា ភាពអសកម្មក្នុងការបំពេញការរបស់មន្ត្រី ក៏នឹងត្រូវដាក់ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយនៅថ្ងៃស្អែកនេះផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានប្រកាសថា លោកចាត់លទ្ធផលនៃកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ស្មើនឹងលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីផងដែរ។ ក្រោយកិច្ចប្រជុំលោក ឈឹម ផលវរុណ នឹងធ្វើសន្និសីទព័ត៌មានបង្ហាញលទ្ធផលនៃកិច្ចប្រជុំនោះ បន្ទាប់មកក៏នឹងមានការរៀបចំពិសារអាហាររួមគ្នារវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់៕



ទស្សនៈមិត្តអ្នកអាន៖ ទណ្ឌិតរត់ចោលស្រុក បន្តបោកប្រាស់ឱ្យប្រជាពលរដ្ឋប្រឈមមុខនឹងច្បាប់

បន្ទាប់ពីការប្រើសារនយោបាយភូតកុហកប្រជាពលរដ្ឋម្តងហើយម្តងទៀត អំពីគម្រោងការវិលចូលស្រុករបស់ខ្លួនមិនទទួលបានជោគជ័យមក ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី មិនអៀនខ្មាស់ក្នុងការបន្តក្បួនភូតកុហកបោកប្រាស់របស់ខ្លួនតទៅទៀតឡើយហើយបានប្រកាសបោកប្រាស់ប្រជាពលរដ្ឋថាខ្លួននឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះសារជាថ្មីទៀត។
តាមការពិត ផ្អែកតាមលក្ខណៈវិនិច្ឆ័យជាច្រើនដែលក្រុមអ្នកវិភាគនៅកម្ពុជាធ្លាប់បានវាយតម្លៃកន្លងមកដូចជា ការគាំទ្រនៅក្នុងប្រទេសនៅមានសេសសល់តែបន្តិចបន្តួច រួមផ្សំជាមួយនឹងការគាំទ្ររបស់បរទេសនៅខាងក្រៅក៏មានតិចតួច ប្រភពថវិកាដែលប្រមូលបានពីការបោកប្រាស់ក៏ស្តួចស្តើង បញ្ហាសុខភាពព្រមទាំងវ័យកាន់តែចាស់នៅក្នុងជីវិតនយោបាយ ដែលទទួលតែការបរាជ័យស្ទើរពេញមួយជីវិត រួមនឹងចំណងបញ្ហាគ្រួសារ និងជាពិសេសលក្ខខណ្ឌអំណោយផលក្នុងការត្រឡប់មកវិញប្រកបដោយសុវត្ថិភាពមិនមានដូចកាលត្រឡប់មកលើកមុនៗនោះ (ការលើកលែងទោសពីព្រះមហាក្សត្រ) គេអាចដឹងមុនយ៉ាងច្បាស់ថា សម រង្ស៉ី នឹងមិនវិលត្រឡប់មកកម្ពុជាតាមការសន្យានោះឡើយ ព្រោះ គាត់ជាមនុស្សកំសាក និងខ្លាចជាប់គុកជាទីបំផុត។
ជាការគិតលេងៗរបស់ខ្ញុំ ខ្ញុំយល់ថា ការកំណត់យកថ្ងៃទី៩ វិច្ឆិកា គឺគ្រាន់តែជាសារនយោបាយញុះញង់ ដើម្បីវាស់ស្ទង់កម្លាំងគាំទ្រនៅក្នុងស្រុកដែលនៅសេសសល់ ក្នុងគោលបំណងក្រែងអាចប្រមូលផ្តុំកម្លាំងធ្វើបាតុកម្ម កុប្បកម្ម និងអាចបញ្ឆេះកំហឹងទៅជាចលនាបដិវត្តពណ៌មហាជនថ្មីមួយទៀតនៅក្នុងឱកាសបុណ្យឯករាជ្យជាតិដែលនៅក្នុងឆ្នាំនេះ ជនទុច្ចរិត សម រង្ស៊ី និងបក្ខពួកដែលរត់ចោលស្រុក ប្រមើលមើលឃើញថាបានប្រារព្ធភ្ជាប់គ្នាជាមួយថ្ងៃប្រារព្ធពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនៅក្នុងរយៈពេលនេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេសនឹងមកចូលរួមលេងកំសាន្តនៅរាជធានីភ្នំពេញ និងទីប្រជុំជនខេត្តនានាយ៉ាងច្រើនកុះករ ក្នុងការទស្សនាការប្រណាំងទូក ង និងការតាំងពិពណ៌សមិទ្ធផលផ្សេងៗជាច្រើន ហើយក៏ជាឱកាសល្អរបស់ពួកជនទុច្ចរិតទាំងនោះប្រើឧបាយកលទុច្ចរិតដើម្បីបង្កើតព្រឹត្តិការណ៍ឱ្យមានអំពើហិង្សានិងការដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋ ជាពិសេសយុវជនដែលមកចូលរួមកំសាន្តក្នុងពិធីនោះឱ្យមានសកម្មភាពចលាចលតែប៉ុណ្ណោះ។ ទោះបីជាបែបនេះក្តី ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ននឹងមិនចាញ់ឧបាយកលបោកប្រាស់ ញុះញង់របស់ទណ្ឌិតរត់ចោលស្រុក និងបក្ខពួកនោះទេ ព្រោះថា តាមរយៈបទពិសោធន៍ដែលធ្លាប់កើតមានកន្លងមក ប្រជាពលរដ្ឋកម្ពុជាបានយល់ដឹងច្រើនពីផលវិបាកនៃអំពើញុះញង់ឱ្យមានអំពើហិង្សាដោយក្រុមប្រឆាំង ដែលពួកគេធ្លាប់បានដឹកនាំធ្វើបាតុកម្មនៅផ្លូវវេងស្រេង ស្ទឹងមានជ័យ ស្ពានក្បាលថ្នល់ និងទីលានប្រជាធិបតេយ្យ។ល។ កាលពីឆ្នាំ២០១៣ នាពេលកន្លងមក សុទ្ធតែបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញ និងសោកនាដកម្ម ដោយមានការបាត់បងនូវទ្រព្យសម្បត្តិ ឯកជន សាធារណៈ និងបានបន្សល់ទុកនូវអ្នករងរបួស និងស្លាប់ ហើយ សម រង្ស៊ី និងបក្ខពួកដែលជាមេក្លោងដឹកនាំញុះញង់អំពើហិង្សាទាំងនោះតែងតែគេចវេសមិនទទួលខុសត្រូវម្តងណាឡើយ ។
ចេតនានៃការប្រកាសយកថ្ងៃទី៩ ខែវិច្ឆិកា ថាជាថ្ងៃវិលចូលស្រុកវិញជាថ្មីទៀតនៅពេលនេះគឺ គ្រាន់តែជាផែនការខ្យល់ដដែលៗ និងជាសម្តីអ្នកនយោបាយពូកែបោកតែប៉ុណ្ណោះ។ ម្យ៉ាងទៀត សាររបស់អ្នកនយោបាយមាន់សម្លររូបនេះ គឺគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រក្នុងការញុះញង់ឱ្យសកម្មជនអ្នកគាំទ្រដ៏តិចតួចរបស់ខ្លួននៅមានសង្ឃឹម ប៉ុន្តែជាក់ស្តែងកម្លាំងទាំងនោះគឺពុំមានឥទ្ធិពលអ្វីសូម្បីតែបន្តិចចំពោះស្ថេរភាព សន្តិសុខសង្គម និងដំណើរការកសាងសេដ្ឋកិច្ចជាតិរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋត្រូវយល់ថា អំពើ ឬសកម្មភាពចូលរួមការបះបោរប្រឆាំងនិងរដ្ឋអំណាចស្របច្បាប់កើតចេញពីការបោះឆ្នោត តាមការញុះញង់របស់ទណ្ឌិតរត់ចោលស្រុក និងបក្ខពួកគឺជាអំពើខុសច្បាប់ដែលត្រូវមានទោស ហើយប្រការដែលទណ្ឌិតរត់ចោលស្រុករូបនេះបន្តចេញសារអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងប្រកបដោយលទ្ធិប្រជាធិបតេយ្យនោះ គឺពិតណាស់វាជាទម្រង់នៃការអនុវត្តផែនការបដិវត្តពណ៌ថ្មីមួយទៀតយ៉ាងពិតប្រាកដ ព្រោះទណ្ឌិតក្បត់ជាតិម្នាក់នេះបានសារភាពជាសាធារណៈថាខ្លួនវិលចូលមកក្នុងប្រទេសវិញនាពេលឆាប់ៗខាងមុខនេះ គឺដើម្បីដឹកនាំកម្លាំងប្រជាពលរដ្ឋផ្តួលរំលំរាជរដ្ឋាភិបាលបច្ចុប្បន្ន។
ក្នុងនាមជាពលរដ្ឋល្អគឺត្រូវជៀសឱ្យឆ្ងាយពីសកម្មភាពញុះញង់របស់ក្រុម ដែលកំពុងមានពិរុទ្ធភាពដើម្បីកុំឱ្យមានការពាក់ព័ន្ធ ព្រោះថា អ្វីដែលទណ្ឌិត សម រង្ស៉ី និងបក្ខពួក បាននិងកំពុងនិយាយ កំពុងធ្វើនៅពេលនេះវាមិនមែនជាសេរីភាពនៅក្នុងសិទ្ធិជាពលរដ្ឋ និងសិទ្ធិនយោបាយនោះទេ ហើយក៏មិនមែនជាសេរីភាពនៃការបញ្ចេញមតិនោះឡើយ ប៉ុន្តែ វាគឺជាបទញុះញង់បង្កឱ្យមានបទឧក្រិដ្ឋជាអាទិ៍ដែលបណ្តាលឱ្យមានចលាចល អស្ថេរភាព និងអសន្តិសុខសង្គម ដែលបានដើរហួសបន្ទាត់ក្រហមនៃច្បាប់ និងជាការអនុវត្តនូវផែនការបដិវត្តពណ៌ថ្មីមួយទៀត ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដូចផែនការដែលពួកគេធ្លាប់បានធ្វើកាលពីឆ្នាំ២០១៣ ហើយត្រូវទទួលបរាជ័យយ៉ាងអាម៉ាស់ម្តងរួចមកហើយ។ ក្រុមឧទ្ទាមក្រៅច្បាប់នេះគ្មានវិធីអ្វីផ្សេងដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលក្រៅពីការប្រើប្រាស់កម្លាំងប្រជាពលរដ្ឋក្នុងការញុះញង់ មួលបង្កាច់ លាបពណ៌មកលើរាជរដ្ឋាភិបាល ដើម្បីបង្កចលាចល បំផ្លាញជាតិ បំផ្លាញផលប្រយោជន៍ប្រជាជន ប្រឆាំងនឹងសន្តិភាព ការអភិវឌ្ឍរបស់ជាតិខ្មែរឡើយ។
ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូបគប្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលថែរក្សាសុខសន្តិភាពដែលកំពុងមាននាពេលបច្ចុប្បន្នដើម្បីការពារសមិទ្ធផលជាច្រើនដែលកំពុងមាន និងបន្តការអភិវឌ្ឍជាតិកម្ពុជា ដោយមិនត្រូវជឿលើការអូសទាញរបស់ទណ្ឌិតរត់ចោលស្រុក និងបក្ខពួកឱ្យប្រព្រឹត្តអំពើប្រឆាំងនិងរដ្ឋអំណាចនោះឡើយ។
ជាការសន្និដ្ឋាន ទណ្ឌិតរត់ចោលស្រុក និងបក្ខពួកប្រាកដជាមិនហ៊ានវិលត្រឡប់ចូលស្រុកវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ដូចពេលមុនៗដូច្នោះដែរ ពួកគេបានត្រឹមតែញុះញង់ប្រជាពលរដ្ឋខ្មែរដែលចាញ់ការបោកប្រាស់ឱ្យប្រឈមមុខនឹងច្បាប់ ហើយទីបំផុតគឺប្រជាពលរដ្ឋទេដែលត្រូវជាប់គុគច្រវ៉ាក់ បាត់បង់ការងារនិងប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារ ចំណែកឯទណ្ឌិត សម រង្ស៊ី ដែលជាមេក្លោង និងបក្ខពួកគឺតែងតែរត់គេចខ្លួនទៅសម្ងំសុខឯបរទេសរហូត។ ម្យ៉ាងទៀត សាររបស់ទណ្ឌិតកំសាក និងបក្ខពួកនេះគឺគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រផ្តល់ក្តីសង្ឃឹមដ៏តិចបំផុត សម្រាប់ក្រុមប្រឆាំងដែលជឿងប់ងុលប៉ុណ្ណោះ ប៉ុន្តែកម្លាំងទាំងនោះគឺពុំមានឥទ្ធិពលអ្វីសូម្បីតែបន្តិចចំពោះភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងស្ថេរភាព សន្តិសុខសង្គម និងដំណើរការកសាងសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ៕
ដោយ៖ សួន ចំរើន


លោក គួច ចំរើន ទទួលជួបពិភាក្សាជាមួយក្រុមហ៊ុនបង្ហោះដ្រូន

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារ និងធ្វើបទបង្ហាញអំពីសក្តានុពលរបស់ក្រុមហ៊ុន បង្ហោះដ្រូន ដើម្បីសិក្សា និងប្រមូលទិន្នន័យប្រព័ន្ធអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ក្នុងការរំដោះជំនន់ទឹកភ្លៀង ។
លោក សោម មិថុនារត្ន័ ប្រធានក្រុមហ៊ុន KCC Cambodia Co Ltd មានប្រសាសន៍ថា ដោយសារតែស្ថានភាពជំនន់ទឹកភ្លៀងបង្កឱ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋនាពេលកន្លងមក ក្រុមហ៊ុនផ្តោតជាសំខាន់មានដូចជា បញ្ហាទឹកភ្លៀង សណ្ឋានដី កំពស់ទឹកសមុទ្រ ដែលមានវិសាលភាពប្រឈមនឹងជំនន់ទឹកភ្លៀងដូច្នេះយើងត្រូវមានទិន្នន័យពីសណ្ឋានដី គម្រោងកាត់បន្ថយគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង។
លោក បានបន្តថា យើងត្រូវធ្វើកិច្ចការមួយចំនួនដូចជា៖
– ប្រមូលព័ត៌មាន និងទិន្នន័យសុក្រឹត
– សិក្សាសណ្ឋានដី
– ប្រមូលព័ត៌មានពីប្រព័ន្ធអូរ ប្រឡាយទឹកភ្លៀង ទឹកកខ្វក់ និងទឹកស្អាត សិក្សាផ្អែកលើវិទ្យាសាស្ត្រ និងមជ្ឈមណ្ឌលវិភាគ
– បណ្តុះបណ្តាល និងធ្វើបច្ចុប្បន្នភាពទិន្នន័យ។ ម្យ៉ាងទៀតការបង្ហោះដ្រូននេះប្រើពេលប្រហែល ១២សប្តាហ៍ដើម្បីប្រមូលទិន្នន័យជាក់លាក់លើផ្ទៃដី ៥.០៨០ហិកតា ក្នុងក្រុងព្រះសីហនុ។

លោក គួច ចំរើន បានស្វាគមន៍ចំពោះក្រុមហ៊ុន KCC Cambodia Co Ltd ដែលមានគោលបំណងចូលរួមជាមួយរដ្ឋបាលខេត្ត សិក្សាលើប្រព័ន្ធអូរ ប្រឡាយ ដាក់លូរំដោះទឹកភ្លៀង និងទឹកកខ្វក់នៅក្រុងព្រះសីហនុ ដើម្បីកែលម្អសោភ័ណភាព បរិស្ថានកាន់តែល្អប្រសើរឡើងបន្ថែមទៀត ពិតណាស់បញ្ហាប្រឈមដោយជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ន ជាបន្ទុករបស់រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងមួយចំនួន កំពុងយកចិត្តទុកដាក់ក្នុងការដោះស្រាយសភាពការណ៍ នៃគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងសម្រាប់ខេត្តព្រះសីហនុ៕






ប្រជាពលរដ្ឋស្រុកចន្ទ្រា សម្តែងការសប្បាយរីករាយនូវចំណាត់ការដោះស្រាយបញ្ហា ការបម្រើសេវារដ្ឋបាលសាធារណៈ និងបានស្នើសុំការអភិវឌ្ឈន៍ក្នុងមូលដ្ឋាន

ស្វាយរៀង៖ នៅថៃ្ងទី២៦ ខែសីហា ឆ្នាំ២០១៩ នៅវត្តសុវណ្ណសាមគ្គីរង្សី (ហៅវត្តកោះគោ) ស្ថិតក្នុងភូមិកោះគោ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង រដ្ឋបាលស្រុកចន្ទ្រា បានរៀបចំវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកចន្រ្ទា ក្រោមអធិបតីភាព លោក អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចន្ទ្រា លោកឧត្តមសេនីយ៍ត្រី ពេជ វិរ: ស្នងការរងនគបាលខេត្តស្វាយរៀងនិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចន្ទ្រា។
ព្រមទាំងមានការអញ្ជើញចូលរួមក្នុងអង្គវេទិកានោះរួមមាន៖ លោក គង់ វស្សា ប្រធានក្រុមប្រឹក្សាស្រុក លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុក លោក លោកស្រី ជាក្រុមការងារចុះមូលដ្ឋានស្រុកចន្ទ្រា លោក លោកស្រីអភិបាល អភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធាន អនុប្រធាន អង្គភាព ការិយាល័យនានាជុំវិញស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ និងប្រជាពលរដ្ឋក្នុងភូមិកោះគោ និងភូមិត្រពាំងបុណ្យ សរុបវត្តមានចូលរួមមានចំនួន ១៣៦ នាក់ ។
នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋក៏បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួនពាក់ព័ន្ធទៅនឹងដំណោះស្រាយបញ្ហាជីវភាពរស់នៅជាប្រចាំថ្ងៃក្នុងមូលដ្ឋានរបស់ខ្លួនមានដូចខាងក្រោម៖
១. ស្នើសុំតភ្ជាប់បណ្ដាញអគ្គិសនីប្រើប្រាស់នៅក្នុងភូមិកោះគោ និងភូមិត្រពាំងបុណ្យ។
២. ស្នើសុំធ្វើផ្លូវកៅស៊ូ ឬ ផ្លូវបេតុងនៅភូមិកោះគោ ។
៣. ស្នើសុំជួយជំរុញធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានឆាប់រហ័ស
៤. ស្នើសុំជួយសាងសង់អាគារសាលាបឋមសិក្សាកោះគោ ។
៥. សុំឱ្យមេឃុំធ្វើសំបុត្រអាពាហ៍ពិពាហ៍ឲ្យបានឆាប់រហ័ស។

ចំពោះបញ្ហាប្រឈម និងសំណូមពរខាងលើត្រូវបាន លោកគណៈអធិបតី និងក្រុមការងារធ្វើការបំភ្លឺ និងដោះស្រាយបញ្ហាទាំងនោះជូនប្រជាពលរដ្ឋបានរួចរាល់។រីឯបញ្ហាប្រឈមពាក់ព័ន្ធនានាដែលនៅសេសសល់មួយចំនួនទៀត ក្រុមការងារនឹងធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីរិះរកវិធីដោះស្រាយបញ្ហាទាំងនោះនៅពេលក្រោយទៀត៕




អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពផ្លូវដោយពន្លឿនការស្ថាបនាឱ្យបានឆាប់ និងដឹកនាំកិច្ចប្រជុំបូកសរុបគម្រោងអនុវត្តការទូទាត់ពហុឆ្នាំ

ត្បូងឃ្មុំ៖ ស្របពេលបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ ជិតចូលមកដល់ក្នុងពេលឆាប់ៗនេះ ហើយដែលថ្ងៃនោះ ប្រជាពលរដ្ឋតែងធ្វើដំណើរ ទៅកាន់ទីវត្តអារាមនានា។ ទើបថ្នាក់ដឹកនាំខេត្ត មានការគិតគូរពីការធ្វើការដំណើររបស់ ប្រជាពលរដ្ឋឲ្យមានភាពងាយស្រួល នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោក អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយគណៈប្រតិភូជំនាញអន្តរក្រសួង បានចុះពិនិត្យមើលផ្លូវនានា ក្នុងខេត្តដើម្បីជួយពន្លឿនការស្ថាបនាផ្លូវឱ្យទាន់ពេលវេលាដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ ជាមធ្យោបាយឱ្យមានភាពងាយស្រួលក្នុងការ ធ្វើដំណើរទៅវិញទៅមក។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូង និងគណៈប្រតិភូជំនាញអន្តរក្រសួង ដែលដឹកនាំដោយលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក សក់ ស៊ីថា រដ្ឋលេខាធិការក្រេសួងមហាផ្ទៃ បានចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំង គម្រោងអនុវត្តការទូទាត់ពហុឆ្នាំ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់រដ្ឋាបាលខេត្តត្បូងឃ្មុំ។
ក្នុងការចុះពិនិត្យនេះបានធ្វើឡើងដោយអនុវត្តតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែគិតគួរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើគ្រប់រូប។ការចុះត្រួតពិនិត្យដល់ទីតាំងអនុវត្តគម្រោងជាក់ស្តែងនេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តគម្រោង និងការរៀបចំថវិការពហុឆ្នាំជាអាទិ៍ ក្នុងការបន្តចុះពិនិត្យដល់ទីតាំងអនុវត្តគម្រោងជាក់ស្តែង។
ជាពិសេសគម្រោងដែលអនុវត្តការទូទាត់ពហុឆ្នាំ ក្នុងទីតាំងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំនេះ ហើយក៏ដើម្បីធ្វើការបូកសរុបគម្រោងដោយមានការឯកភាពលើប្លង់រៀបចំតំបន់រដ្ឋបាលខេត្ត ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់គ្រឿងសង្ហារឹម ការតភ្ជាប់បណ្តាញខ្សែ និងបំពាក់គ្រឿងអេឡិចត្រូនិច ការស្ថាបនាស្ថានីយសម្អាតទឹកកខ្វក់ ។ល។
គម្រោងដែលអនុវត្តការទូទាត់ពហុឆ្នាំ ស្ថិតក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំនេះ មានសារៈសំខាន់ណាស់ កុំអោយគម្លាតឆ្ងាយរវាងជនបទ និងទីប្រជុំជន ហើយកាន់តែខិតជិតគ្នា និងជាសរសៃឈាមសេដ្ឋកិច្ចក្នុងការចរាចរផ្លាស់ប្តូរទំនិញនៅតាមព្រំដែន រវាងប្រជាជន និងប្រជាជន និងសារៈសំខាន់មួយចំនួនទៀត ជាពិសេសធ្វើអោយខេត្តត្បូងឃ្មុំ មានការចម្រើនជាច្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា៖ គណៈកម្មាធិការអន្តរក្រសួងរៀបចំរដ្ឋបាលខេត្តត្បូងឃ្មុំ គឺត្រូវបានអនុវត្ត និងកំពុងបន្ត ក្នុងងនោះមានគម្រោងចំនួន៤ កំពុងអនុវត្តការទូទាត់ជាពហុឆ្នាំ ( ២០១៩- ២០២៤) ដោយមានសេសសល់ការងារមួយចំនួនទៀត ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល ក៏បានឯកភាពអោយស្ថាបនាបន្តបន្ថែម (ជំហ៊ានទី ២)ផងងដែរ ទាំងនេះ គឺក្នុងគោលបំណងបន្ថយសម្ពាធថវិការផង និងបន្ថយបន្ទុកបំណុលនាពេលអនាគតផង៕



ថ្ងៃ៩ វិច្ឆកា គឺជាផែនការបំផ្ទុះបដិវត្តន៍ពណ៌ថ្មីមួយទៀត របស់ សម រង្ស៊ី

ថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី ក្នុងដំណើទស្សនៈកិច្ចរបស់ខ្លួននៅប្រទេសអូស្រ្តាលី និងប្រទេសញូហ្ស៊ីឡែន បានបញ្ចេញវោហាសាស្រ្តនយោបាយដុតកម្តៅ ដុតកំហឹង ញុះញង់ និងបំផុសឱ្យកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងទៅរកលោក ហ៊ុន សែនវិញ។ តើថ្ងៃ៩ វិច្ឆកា គឺជាថ្ងៃកំណត់របស់ទណ្ឌិត សម រង្ស៊ី ក្នុងបំផ្ទុះបដិវត្តន៍ពណ៌ថ្មីមួយទៀត ដើម្បីរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន?
ជុំវិញការវិលត្រឡប់ចូលស្រុកវិញរបស់ទណ្ឌិត សម​ រង្ស៊ី ដែលកំណត់យកថ្ងៃ៩ វិច្ឆកា ក្នុងការវិលត្រឡប់ចូលស្រុកវិញ គឺពិតណាស់ ជាអ្វីដែលមហាជនទូទៅ បាននិងកំពុងសំឡឹងមើលឃើញថា ជាបដិវត្តន៍ពណ៌ថ្មីមួយទៀត ឬការបង្កើតជំងឺចាស់ដ៏គ្រោះថ្នាក់ ដែលទណ្ឌិត សម រង្ស៊ី បានប៉ុនប៉ងម្តងហើយម្តងទៀតឱ្យ​ងើបឡើងវិញ ក្នុងគោលដៅជាយុទ្ធសាស្រ្ត ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់មួយ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ សារនយោបាយរបស់ទណ្ឌិត សម រង្ស៊ី ថ្មីៗចុងក្រោយនេះ គឺពិតជាបានបង្ហាញ​នូវការដុតកម្តៅខាងនយោបាយមួយដ៏ស្រួចស្រាល និងដ៏គ្រោះថ្នាក់បំផុត ដែលទំនងនឹងរុញស្ថានការណ៍នយោ​បាយ​នៅកម្ពុជាឱ្យធ្លាក់ចូលក្នុងភាពអសន្តិសុខ អស្ថិរភាពនយោបាយ ហើយទាញប្រទេសកម្ពុជាឱ្យធ្លាក់ចូលក្នុងភាពវឹកវរ ភាពអាណាធិបតេយ្យដ៏គ្រោះថ្នាក់បំផុត ដែលមហាជនទូទៅមិនអាចទទួលយកបាន ក្នុងខណៈពេលដែលប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព មានការអភិវឌ្ឍ មានវិបុលភាព និងវឌ្ឍនភាព ហើយដែលជីវភាពរបស់ប្រជាជនកម្នាក់ៗកំពុងតែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងមោទកភាពជាតិខ្មែរ ដែលមានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍ។ ការបំផុសកម្លាំងកម្មករក្រៅប្រទេស២លាននាក់អមដំណើរទណ្ឌិតវិលចូលស្រុកវិញ និងការដុតកម្តៅ បំផុសកំហឹងខាងក្នុងប្រទេសឱ្យ​បះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងគោលដៅបំផ្ទុះបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបដិវត្តន៍ពណ៌នេះធ្លាប់បានកើតឡើងក្នុងឆ្នាំ២០១៣ម្តងរួចហើយ តែភ័ព្វសំណាងល្អរាជរដ្ឋាភិបាលកម្ពុជាបានទទួលជោគជ័យក្នុងការទប់ស្កាត់ ដោយបានអនុវត្តនូវវិធានការច្បាប់យ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាព និងតឹងរឹងបំផុត។
​ពិតណាស់ សម រង្ស៊ី គឺជាទណ្ឌិត ដែលសមត្ថកិច្ចមានដីកាចាប់ខ្លួនរួចជាស្រេចពេលណាបុគ្គលជាទណ្ឌិតរូបនេះ បានមកដល់កម្ពុជានោះ គឺពិតណាស់វិធានការច្បាប់ត្រូវតែបានអនុវត្តយ៉ាងតឹងរឹងបំផុត ដើម្បីរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីការកសាង និងការអភិវឌ្ឍជាតិមាតុភូមិមួយនេះ និងក៏ដើម្បីរក្សាសេចក្តីសុខសាន្តរបស់ប្រជាជនជាចម្បង។
តើបដិវត្តន៍ពណ៌ថ្មីមួយទៀតសម្រាប់ថ្ងៃ៩ វិច្ឆកា ជាចំណុចផ្ទុះអាចកើតឡើងបានឬទេ? ការកំណត់ថ្ងៃ៩ វិច្ឆិកា គឺពិតណាស់ជាបដិវត្តន៍ពណ៌ថ្មីមួយ ដែលទណ្ឌិត សម រង្ស៊ី បាននិងកំពុងដុតកម្តៅ បំផុសបដិវត្តន៍ពណ៌មួយនេះឱ្យផ្ទុះឡើងយ៉ាងប្រាកដ។ ៩វិច្ឆិកា គឺថ្ងៃកំណត់ការផ្ទុះបដិវត្តន៍ពណ៌ជាថ្មីម្តងទៀត ដើម្បីរុញស្ថានការណ៍នយោបាយឱ្យធ្លាក់ចូលក្នុងអស្ថិរភាព និងអសន្តិសុខដើម្បីកេញចំណេញនយោបាយ និងបំរើផលប្រយោជន៍ក្នុងភូមិសាស្រ្តនយោបាយរបស់បរទេសជាមហាអំណាច។
ទោះបីយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីការបោះឆ្នោតតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ហើយដែលប្រជាពលរដ្ឋខ្មែរជាង៨៣.០២%ដែលមានសិទ្ធិបោះឆ្នោត បានចេញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេស ដោយរួមសាមគ្គីជ្រោងទង់សន្តិភាព សុខសន្តិភាព ដើម្បីការអភិវឌ្ឍប្រទេស និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាឱ្យ​បានល្អប្រសើរឡើង។
ដូច្នេះ រាជរដ្ឋាភិបាលស្របច្បាប់កម្ពុជាមានកាតព្វកិច្ចត្រូវអនុវត្តច្បាប់ដើម្បីរក្សាសុខសន្តិភាព ស្ថិរភាព និងសណ្តាប់សង្គមតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរជាម្ចាស់ប្រទេស ទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវផែនការទុច្ចរិត ក្នុងការបំផ្ទុះបដិវត្តពណ៌ថ្មីមួយទៀត ក្នុងថ្ងៃ៩វិច្ឆកា ដែលមហាជនទូទៅបានចាត់ទុកថាជាជំងឺចាស់ ដែលទណ្ឌិតសម រង្ស៊ីព្យាយាម  ម្តងហើយម្តងទៀតដើម្បីបំផ្ទុះបដិវត្តន៍ពណ៌ដ៏គ្រោះថ្នាក់មួយនេះ៕

ដោយ ឡុង បូរិតា

ក្រសួងទេសចរណ៍ និងផ្នែកឯកជន ដាក់វិធានការណ៍១១ចំណុចទប់ស្កាត់កញ្ចប់ទស្សនកិច្ចដែលមានតម្លៃសូន្យ (Zero Package Tours)

ក្រសួងទេសចរណ៍ រួមមានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ និងជនជាតិខ្មែរនិយាយភាសារុស្សី សមាគមមគ្គទ្ទេសក៏ទេសចរណ៍ភាសាចិន សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ភាសាជប៉ុនអង្គរ សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ភាសាអាល្លឺម៉ង់ សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ រាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការ ១១ ចំណុចប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងសកម្មភាពលក់កញ្ចប់ទស្សនកិច្ចកម្សាន្ត “ថ្លៃសូន្យ” (Zero Package Tours)។

ក្រសួងទេសចរណ៍ បានអំពាវនាវអោយប្រតិបត្តិការទេសចរណ៍ទាំងអស់ សូមចូលរួមអនុវត្តវិធានការទាំង១១ចំណុចខាងលើ។ ប្រសិនបើមានព័ត៌មាន ឫក៏មានករណីមិនប្រក្រតីពាក់ព័ន្ធការអនុវត្តបែប zero package Tours ពីភាគីពាក់ព័ន្ធណាមួយ សូមមេត្តាផ្តល់នូវព័ត៌មានមកលេខទូរសព្ទ 092779833 ឬ 092 706 565៕