Wednesday, November 01, 2023

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មីនិងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន”

 CMF: 30 October, 2023


ឯកឧត្តមលោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំតំណាងស្ថានទូតនានាប្រចាំកម្ពុជា!

គណៈអធិបតីភ្ញៀវកិត្តិយស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រុមប្រតិបត្ដិករបោសសំអាតមីន តំណាងដៃគូ អភិវឌ្ឍ អង្គការជាតិ/អន្ដរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី!


ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីនៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅក្នុងខេត្តកំពង់ស្ពឺ និងការប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីនដ៏អធឹកអធម។ ជាដំបូង ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមសំដែងនូវអំណរសាទរនូវថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តកំពង់ស្ពឺទាំងអស់ ដែលបានទទួលនូវអគារដ៏ថ្មីស្រ​ឡាងនេះ។ សមិទ្ធផលនេះពិតជាសក្ដិសមទៅនឹងកម្រិតនៃការអភិវឌ្ឍ ក៏ដូចជាការកើនឡើងនូវតួនាទី និងភាពសកម្មរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការឆ្លើយតបទៅនឹងតម្រូវការចំបាច់របស់ប្រជាពលរដ្ឋ។


ខ្ញុំសូមយកឱកាសនេះ ដើម្បីធ្វើការកោតសរសើរដល់មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ប្រ​ជា​ការពារ ដែលបានខិតខំប្រឹងប្រែងនៅក្នុងការបំពេញភារកិច្ចបំរើប្រជាពលរដ្ឋ។ នេះជាគោលដៅធំរបស់រាជរដ្ឋាភិបាលតាំងពីអាណត្ដិមុនៗ ហើយរាជរដ្ឋាភិបាលអាណត្ដិទី ៧ នឹងបន្ដធ្វើយ៉ាងណាយកចិត្តទុក​ដាក់ដើម្បីបំរើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ អគារដ៏ថ្មីនេះ ជានិមិត្តរូបនៃភាពកាន់រឹងមាំ ភាពកាន់តែសម្បូរបែប និងទំនើបក្នុងការផ្ដល់សេវា។ នេះជាការឆ្លើយតបទៅនឹងការទទួលខុសត្រូវកាន់តែខ្ពស់ក្នុងគោលនយោបាយវិមជ្ឈការរបស់យើង គឺផ្ដល់សិទ្ធិទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយ ដឹកនាំ សម្របសម្រួលការងារ ដើម្បីបង្ខិតសេវាជូនដល់ប្រជាពលរដ្ឋ។


អម្បាញ់មិញតាមរបាយការណ៍របស់ឯកឧត្តម វ៉ី សំណាង ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងម្ចាស់ការក្នុងកសាង ទោះបីជាយើងប្រើពេលយូរបន្ដិច ប៉ុន្ដែវាបង្ហាញអំពីសមត្ថភាពនិងការឈានវិវត្តន៍ទៅមុខជាប្រចាំរបស់យើង។ យឺតឬលឿន ៧ឆ្នាំនៃការសាងសង់ បានចេញជារូបភាពសំរាប់បម្រើប្រជាពលរដ្ឋរបស់យើង ៣០ ឬ៤០ ឬ៥០ ឆ្នាំបន្ដទៅ(មុខ)ទៀត។ នេះជានិមិត្តរូបនៃការវិវត្តន៍របស់ប្រទេស ជាពិសេស ការរីកចម្រើននៅក្នុងសិទ្ធិនិងការទទួលខុសត្រូវរបស់ខ្លួន។


ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះប្រតិបត្ដិករសកម្ម​ភាពមីនទាំងអស់ដែលបានចូលរួមរំដោះខេត្តកំពង់ស្ពឺចេញពីការគំរាមកំហែងរបស់គ្រាប់មីនទាំងនេះ។ បេសកកម្មរបស់បងប្អូនគឺពិតជាគួរគោរព ដោយគ្រាប់មីនមួយគ្រាប់ៗ ដែលបានប្អូនបានដោះគឺស្មើនឹងអាយុជីវិតរបស់ប្រជាពលរដ្ឋម្នាក់ ដែលត្រូវបានការពារ និងជួយសង្គ្រោះ។ តាងនាមឲ្យរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺទាំងអស់ ខ្ញុំសូមអរគុណចំពោះការតស៊ូ ការលះបង់ និងពលីកម្មគ្រប់បែបយ៉ាងរបស់ប្រតិបត្ដិករសកម្មភាពមីនទាំងអស់ ដែលនាំឲ្យយើងមានសមិទ្ធផលថ្ងៃនេះ។ សូមអរគុណ។


[ចាប់ផ្តើមសេចក្តីអធិប្បាយ១]


(១) សង្គ្រាមចប់ មិនប្រើមីនក្នុងស្រុកនិងជួយដោះមីនតាមបណ្តាប្រទេស ក្រោមឆត្រសហប្រជាជាតិ


ក្នុងឋានៈជាមេបញ្ជាការកងទ័ពជើងគោក ខ្ញុំមានកិត្តិយសបានទៅប្រកាសកាលពីមុនចូលឆ្នាំខ្មែរថាយើងបានរំដោះស្រុកភ្នំស្រួច(ពីស្ថានភាពមានមីន)។ ឥឡូវនេះ (យើងបានប្រកាសគ្មានមីន)មិនមែនតែស្រុកភ្នំស្រួចទេ គឺរំដោះខេត្តទាំងមូលឲ្យអស់មីនតែម្ដង។ យើងមាន ២៥ រាជធានី-ខេត្ត។ (រំដោះនិងប្រកាសមិនមានមីនបាន)ថែមកំពង់ស្ពឺ(មួយទៀត ត្រូវជា) ១៣ ឬបាន ៥០ បូក ១។ ឯកឧត្តម លី ធុជ ថាយើងមានពន្លឺតិចៗ ហើយ។ ពន្លឺតិចវាច្រើនជាងអត់ពន្លឺ ឬមួយកាន់តែងងឹត។ បានន័យថាសង្គ្រាមចប់ ដាក់មីនថ្មីក៏លែងមាន (បានន័យថាយើងមាន)ការប្ដេជ្ញាចិត្តមិនប្រើប្រាស់(មីន)បន្ថែមទៀត … កម្ពុជាមិនត្រឹមតែដោះមីនខ្លួនឯងទេ យើងបានជួយដោះតាមបណ្ដាប្រទេសផ្សេងៗក្រោមឆ័ត្រអង្គការសហប្រជាជាតិ … កម្ពុជាមិនត្រឹមតែខំប្រឹងដោះ(មីន)ខ្លួនឯងនោះទេ ប៉ុន្ដែយើងបានចេញទៅជួយដោះ តាមបណ្ដាប្រទេសជាច្រើន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។


(២) ដកកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាពី ម៉ាលី


ថ្ងៃនេះ មានកម្លាំង PKO ចូលរួមដែរ។ កម្លាំងថែរក្សាសន្ដិភាពរបស់យើង។ ឥឡូវមានការវាយប្រហារគ្នានៅGaza។ កម្លាំងរបស់យើងដែលឈរជើងនៅលីបង់ ម្ដងម្កាលត្រូវរត់ចូលត្រង់សេ។ បងប្អូនរាយការណ៍​មក ជួនកាលទៅដោះមីននៅកន្លែងខ្លះត្រូវគេភ្ជង់កាំភ្លើង ត្បិតគេមិនដឹងយើងជានរណា។ ថ្ងៃមុនខ្ញុំឯកភាពដោយមានការស្នើសុំរបស់ឯកឧត្តម សុខ ចិន្ដាសោភា ពីឯកឧតត្តម សែម សុវណ្ណនី ដកកម្លាំងរបស់យើងពីម៉ាលី ដែលឈរជើងកន្លែងមួយត្រូវប្រឈមនឹងក្រុមវាយប្រហារ។ អង្គការសហប្រជាជាតិត្រូវចល័តដកកម្លាំងចេញ។ កម្លាំងរបស់យើងធ្លាប់រងការវាយប្រហាររហូតទទួលមរណភាពប៉ុន្មានឆ្នាំមុននោះ។ នេះជាការប្រឈមជាមួយគ្រោះថ្នាក់។ បងប្អូនប្រតិបត្ដិករដោះមីនក៏ដូចគ្នា។ មីនមិនមែនជារបស់លេងទេ។ នេះមីនមែនទែន។ កន្លែងខ្លះ (មីន)មិន(មានស្ថានភាព)ដើមដូចដែលដាក់ទេ។ មីននៅកន្លែងនេះដាក់ភាគច្រើនគឺច្នៃ។ សូម្បីតែគ្រូពីអាមេរិកពេលខ្លះ (តាម)មិនទាន់ផង។


(៣) ដោះមីនជួយប្រជាពលរដ្ឋពីគ្រោះថ្នាក់ស្លាប់ឬរបួសពិការ និងរំដោះដីឲ្យប្រជាពលរដ្ឋដាំដុះដំណាំ


ក្បួនដើមមានតែមួយទេក្នុងការដាក់។ ប៉ុន្ដែយើងដាក់ប៉ុន្មានជាន់ ហើយកន្លែងខ្លះមិនត្រឹមតែបង្កៃប៉ុន្មានជាន់ទេ ថែមទាំងដាក់ ២០ ឬ៣០ ឆ្នាំមុន។ មកដល់ពេលនេះ មីនទាំងនោះខូចទ្រង់ទ្រាយដើមទៅហើយ។ នេះបង្ហាញពីភាពគ្រោះថ្នាក់(ចំពោះ)ប្រតិបត្ដិករដោះមីន។ ខ្ញុំធ្លាប់ចូលរួមសម្ពោធសមិទ្ធផលផ្សេងៗ ដោយមជ្ឈមណ្ឌលកំចាត់មីនស៊ីម៉ាក់ ក៏ដូចជាអាជ្ញាធររបស់យើងដែលបានរៀបចំ ហើយទទួលព័ត៌មានជាបណ្ដើរៗ។ ពេលខ្លះកម្លាំងដោះមីនត្រូវទទួលបានមរណភាព។ ប៉ុន្ដែការលះ​បង់របស់បងប្អូនបានផ្ដល់នូវសុភមង្គលដល់ប្រជាពលរដ្ឋរបស់យើងរាប់ម៉ឺនរាប់សែននាក់រាប់លាននាក់ ដោយទី១ បានរួចផុតពីគ្រោះថ្នាក់ស្លាប់ ឬរបួសពិការ និងទី២ រំដោះដីពីមីនឲ្យប្រជាពលរដ្ឋរបស់យើងរាប់សែននាក់រាប់លាននាក់ អាចធ្វើអាជីវកម្មដាំដុះដំណាំដើម្បីជីវភាពរស់នៅ …។


[ចប់សេចក្តីអធិប្បាយ១]


ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះការចូលរួមជាវិភាគទាន និងការចូលរួមគ្រប់រូបភាពទាំងអស់ ពីវិស័យឯកជន ពីដៃគូអភិវឌ្ឍ ពីបណ្ដាប្រទេសជាមិត្ត និងអង្គការជាតិ/អន្ដរជាតិ ដែលនាំឲ្យកម្ពុជាអាចអនុវត្ដនូវសកម្មភាពរំដោះមីនរបស់ខ្លួន។ វិភាគទាន និងការគាំទ្រទាំងនេះ ជាសុទ្ធជាកាយវិការដ៏ថ្លៃថ្លា និងគួរឲ្យកោតសរសើរទាំងសំរាប់ប្រជាជនកម្ពុជា និងមនុស្សជាតិទាំងមូល។ ខ្ញុំសង្ឃឹមថាបេសកកម្មរំដោះមីនរបស់កម្ពុជា និងទទួលបាននូវការគាំទ្រជាបន្ដបន្ទាប់។


[ចាប់ផ្តើមសេចក្តីអធិប្បាយ២]


(៤) ចូលជាសមាជិកប្រទេសផ្ដល់សច្ចាប័នលើការមិនប្រើប្រាស់គ្រាប់មីន


អម្បាញ់មិញ ឯកឧត្តម លី ធុជ បានអញ្ជើញខ្ញុំ ហើយកក់ ១ឆ្នាំមុន។ អញ្ចឹងខ្ញុំសូមឆ្លើយទទួល ១ឆ្នាំមុនចុះ។ សូមខាងពិធីការរៀបចំដាក់កម្មវិធី(របស់ខ្ញុំ)ចូលរួមជាការអបអរសាទរ លើកកម្ពស់និងបញ្ជាក់ទៅអន្ដរជាតិថា កម្ពុជាមានការប្ដេជ្ញាចិត្ត ក្នុងនាមជាប្រទេសមួយដែលរងគ្រោះដោយសារសង្គ្រាម ប្រជាពលរដ្ឋរាប់ពាន់ រាប់ម៉ឺននាក់ ស្លាប់ ពិការ ដោយសារមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ យើងត្រូវចូលរួមជាសមាជិកនៃអង្គការសហប្រជាជាតិ ក៏ដូចជាប្រទេសដែលបានផ្ដល់សច្ចាប័នទៅការមិនប្រើប្រាស់គ្រាប់មីននេះ។ និ​យាយពីការដោះមីន យើងមិនត្រូវបំភ្លេចគុណសម្ដេច តេជោ ដែលលោកមានចក្ខុវិស័យដឹកនាំផ្ដួចផ្ដើម រាប់​ទសវត្សរ៍មកនេះ។


(៥) កំពង់ស្ពឺជាខេត្តទី១៣ ប្រកាសគ្មានមីន


យើងធ្វើការជាជំហានៗ ឈានទៅដល់ការបញ្ចប់សង្គ្រាម ឈប់ដាក់មីនថ្មី និងដោះមីន ជាការបញ្ជាក់អំពីការបេ្ដជ្ញាចិត្តរបស់យើងនៅថ្នាក់អន្ដរជាតិចូលរួមមិនគាំទ្រសង្គ្រាម និងការខិតខំស្វែងរកសន្ដិភាពនិងការឈប់ប្រើប្រាស់មីនជាដើម។ ចុងក្រោយនេះ ផែនការកម្ពុជាគ្មានមីនឆ្នាំ២០២៥ ជាការផ្ដួចផ្ដើមរបស់សម្ដេច​​តេជោ ដែលយើងរួមគ្នាធ្វើ ថ្ងៃនេះកំពង់ស្ពឺជាខេត្តទី១៣ ហើយ(ដែលបានប្រកាសគ្មានមីន)។ នៅសល់ ១២(ខេត្ត)ទៀត។ យើងនឹងបន្ដធ្វើឲ្យបានសម្រេចផែនការនេះ ដើម្បីប្រែក្លាយដីរបស់យើងជាកន្លែង មិនមានហានិភ័យដោយសារគ្រាប់មីន ដែលជាឃាតករលាក់មុខ បន្ដទៅទៀត។


[ចប់សេចក្តីអធិប្បាយ២]


ជាមួយនឹងការអបអរសាទរចំពោះសមិទ្ធផលដ៏ត្រចះត្រចង់របស់យើងនាពេលនេះ យើងគួររំលឹកឡើងវិញនូវអតីតកាលដ៏ជូរចត់របស់ខេត្តកំពង់ស្ពឺ ដែលធ្លាប់តែជាសមរភូមិដ៏ក្ដៅគគុករវាងកងទ័ពរដ្ឋាភិបាល និងកម្លាំងខ្មែក្រហម។ ខេត្តកំពង់ស្ពឺដែលឥឡូវឡគ្មានមីន ពីមុនជាតំបន់ដែលអសុវត្ថិភាព ដែលទោះជាមានចម្ងាយមិនឆ្ងាយពីរាជធានីភ្នំពេញក៏ដោយ ក៏នៅតែឆ្ងាយដាច់ស្រយាល និងពិបាកទៅដល់។ ចំពោះគ្រាប់មីនវិញគឺស្ថិតនៅពាលពេញខេត្តទាំងអស់ សូម្បីតែនៅចម្ងាយផ្លូវជាតិលេខ ៤ ឬក្រុងច្បារមនក៏ដោយ ហើយតាមដឹងពេលដែលរាវសម្រាប់សង់អគារដូចមីន ៦៨គ្រាប់ ជិត ៧០គ្រាប់នៅទីនេះ។ អញ្ចឹងកន្លែងនេះដែលប្រជាពលរដ្ឋរបស់យើងរួមគ្នាធ្វើ ហើយទោះបីជាខេត្តកំពង់ស្ពឺ ជាចំណុចចាប់ផ្ដើមនៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមរយៈការចុះចូលរបស់អង្គការខ្មែរក្រហមនៅតំបន់ឱរ៉ាល់នៅឆ្នាំ ១៩៩៦ ដែលយើងអាចនិយាយថា ឈា្នន់សន្ដិភាពចាប់ផ្ដើមផ្ទុះពីតំបន់ឱរ៉ាល់នេះ។


[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]


(៦) ខេត្តកំពង់ស្ពឺជាភូមិសាស្ត្ររងការទម្លាក់គ្រាប់បែកអាមេរិកនិងការវាយប្រហារគ្នាច្រើន


តំបន់ចាប់ផ្ដើមមុនគេ ដែលឯកឧត្តម លី ធុច (បញ្ជាក់)មុនធ្លាក់មកភ្នំពេញគឺខេត្តកំពង់ស្ពឺ។ តាំងពី(ដើម​នៃសម័យ​សង្គ្រាម) គ្រាប់បែកទម្លាក់ធ្លាក់នៅក្នុងភូមិសាស្រ្តនៃខេត្តកំពង់សឺ្ពនេះឯង។ តាមរយៈរបាយការណ៍ខាង ស៊ីម៉ាក់ គឺតាំងពីឆ្នាំ១៩៦២។ កម្ពុជាស្គាល់គ្រាប់បែកអាមេរិកមុនគេ។ គឺគ្រាប់ដែល(ទម្លាក់)វាយគ្នានៅក្នុងសង្រ្គាម។ បញ្ចប់សង្រ្គាម (ភូមិភាគនេះ)ជាតំបន់ភូមិសាស្រ្តសំខាន់ ដែលមានការវាយប្រហារគ្នាច្រើនជាងគេ … ដីនៅតាមផ្លូវជាតិលេខ៤ តាមខ្ញុំដឹង ពីមុនយើងមានចល័តប្រជាពលរដ្ឋមកនៅកន្លែង(នេះ) ប៉ុន្តែអត់មានអ្នកណាចង់នៅទេ។


រាល់ថ្ងៃនេះ កន្លែងត្រូវប៉ាន់គឺផ្លូវជាតិលេខ៤ ដែលមានរោងចក្រ សហគ្រាស ចម្ការស្វាយ ដំណាំអីនៅតាមហ្នឹង។ ជំនាន់វាយគ្នា អត់មាន(មនុស្សមកចង់នៅ)ទេ។ កាលពីនៅក្មេង ខ្ញុំធ្វើដំណើរតាមនេះម្ដងៗ មិនអាចឡានតែមួយទេ … សុទ្ធតែរថយន្តទ័ពដំរីទឹក(ZIL) កាំភ្លើងបេ តាមក្រោយ។ តំបន់ខ្លះ មានការស្រែកជេរគ្នារវាងកម្លាំងខ្មែរក្រហមនៅតាមភ្នំ ជាមួយកម្លាំងរដ្ឋាភិបាលដែលជិះឡានតាមផ្លូវ មិសឹងតែរកបាញ់សម្លាប់គ្នា។ កន្លែងខ្លះ រហូតទៅដល់មានការដាក់មីនផ្សេងៗ … កន្លែងខ្លះត្រូវជិះលើភ្លឺស្រែ ដោយសារលើផ្លូវមានមីន។


[ចប់សេចក្តីអធិប្បាយ៣]


នេះហើយ បើយើងនិយាយអំពីការវិវត្តនៃខេត្តកំពង់ស្ពឺ នៃតំបន់ទាស់គ្នា ប៉ុន្តែក៏ជាចំណុចចាប់ផ្ដើមនៃការស្វែងរកសន្ដិភាពនោះដែរ ដែលយើងអាចឈានទៅដល់នយោបាយឈ្នះឈ្នះ នៅឆ្នាំ ១៩៩៨។ ដូច្នេះ សមិទ្ធផលទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ ដែលយើងទាំងអស់គ្នា អាចសម្រេចបានពេលនេះ ក៏ដូចជាការប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន ជាទឹកតាងមិនអាចប្រកែកបាន នៃជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការបិទបញ្ចប់ស្លាកស្នាម នៃសោកនាកម្មស៊ីវិលនៅកម្ពុជា។ ផ្លែផ្កានៃសន្ដិភាពសម្រាប់ខេត្តកំពង់ស្ពឺ៖ ទី១ ការដោះមីនអស់នៅក្នុងខេត្តកំពង់ស្ពឺ, ទី២ ប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍និងទេសចរណ៍។


[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]


(៧) ការដោះមីនប្រែខេត្តកំពង់ស្ពឺពីភូមិសាស្រ្តវាយប្រយុទ្ធក្នុងទសវត្សរ៍ទី៦០ ដល់ទី៩០ ទៅជាតំបន់ ទេសចរណ៍


មកដល់ចំណុចនេះ យើងមិនអាចនិយាយអំពីការដោះមីន ការវិវត្តនៃប្រទេសមួយ ដោយមិនផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនោះទេ។ យើងនិយាយអំពីការដោះមីនក្នុងសុខសន្ដិភាព។ យើងមិនអាចនិយាយពីការ … ដោះមីនយកតែទិន្ន័យថាបានប៉ុន្មានលានគ្រាប់នោះទេ។ វាជាការល្អហើយក្នុងការជួយកម្ចាត់នូវឃាតករលាក់មុខនេះ ប៉ុន្តែអ្វីដែលសំខាន់ សួរថាតើសកម្មភាពនេះបានផលអ្វីខ្លះដល់ប្រជាពលរដ្ឋ ដែលយើងប្រើពាក្យថា “ផ្លែផ្កានៃសន្ដិភាព” … ការចាប់ផ្ដើមស្វែងរកសន្ដិភាព និងឈានទៅដល់ការទទួលបានសន្ដិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះនៅឆ្នាំ ១៩៩៨ … ការដោះមីននៅក្នុងខេត្តកំពង់ស្ពឺបានជួយឱ្យខេត្តនេះក្លាយពីខេត្តដែលបណ្ដុំទៅដោយការប្រយុទ្ធគ្នា ទីតាំងភូមិសាស្រ្តវាយគ្នាតាំងពីទសវត្សរ៍ទី ៦០ មកដល់ទសវត្សរ៍ទី ៩០ ទៅជាតំបន់ដែលប្រជាពលរដ្ឋលែងភ័យព្រួយដោយសារការកាប់សម្លាប់គ្នា។


យើងដោះមីនអស់ ថ្ងៃនេះយើងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តដែលអស់មីនទី ១៣ (ដែលលែងមានមីន) បានន័យថា ប្រជាពលរដ្ឋលែងមានការព្រួយបារម្ភអំពីហានិភ័យនៃការស្លាប់ដោយសារមីន(និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ)ក្រោយពីសង្រ្គាម។ ពេលជាមួយគ្នានេះ ក៏បានន័យថាដីយើងរាប់ពាន់រាប់ម៉ឺនហិកតាត្រូវបានរំដោះជូនប្រជាពលរដ្ឋយើង ដើម្បីបង្កើតជាសកម្មភាពកសិកម្មនិងបន្តធ្វើសកម្មភាពចិញ្ចឹមជីវិត។ តំបន់ឱរ៉ាល់ ពីមុនជាអតីតសមរភូមិ តំបន់លាក់ខ្លួននៃកងទ័ពខ្មែរក្រហម ជាមូលដ្ឋានដើម្បីចូលវាយមកខេត្តកំពង់ស្ពឺ និងតាមបណ្ដោយផ្លូវជាតិលេខ៤ បានក្លាយទៅជាតំបន់ទេសចរណ៍ មានកន្លែងស្អាតៗ (ដូចជា) ភ្នំខ្នងផ្សារ គិរីរម្យ ដែលកាលមុន យើងចូលមិនចុះ។ ឥឡូវគឺជាកន្លែងដែលជារមណីយដ្ឋានដែលអាចទៅ(លេងកម្រាន្តបាន)។ មានការផ្សព្វផ្សាយកាន់តែខ្លាំងពីភ្នំខ្នងផ្សារ។ ខ្ញុំគិតថា នឹងដាក់ផែនការឡើង(ភ្នំខ្នងផ្សារ) ប៉ុន្តែមិនទាន់បានឡើង។ ចាំបបួលឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តម នេត សាវឿន ឯកឧត្តម ស៊ុន ចាន់ថុល ឡើង។ មិនឱ្យបន្លំជិះម៉ូតូមកពីខាងកោះកុងខាងអីទេ។ ឡើងពីក្រោមស្ពាយកាបូបដូចតែគេ។ បើនិយាយពីភ្នំខ្នងផ្សារ ទឹកដីហ្នឹងកកើតនៅក្នុងដែលធិបតេយ្យភាពកម្ពុជារាប់ពាន់ឆ្នាំទៅហើយ។ ភ្នំខ្នងផ្សារហ្នឹងមានបរិស្ថាននិងទេសភាពស្អាត។ មិនមែនទើបពូនជាភ្នំនៅឆ្នាំ១៩៩៨ ទេ ប៉ុន្តែដូចជាកន្លែងជាច្រើននៅទូទាំងប្រទេសដែរ ជាកេរិ៍្ដដំណែលដូនតារាប់ពាន់ឆ្នាំ …។


(៨) ការដោះមីនពង្រីកការភ្ជាប់តំបន់ជាច្រើនក្នុងខេត្តកំពង់ស្ពឺ សេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ


ថ្ងៃមុន ក្នុងសម្ភាសន៍ជាមួយទូរទស្សន៍ចិននៅប៉េកាំង ខ្ញុំបានលើកឡើងថា “កម្ពុជាមានកេរិ៍្ដដំណែលដូនតា មានសម្បត្តិវប្បធម៌ច្រើន ប៉ុន្តែជាអ​កុសល យើងមិនមានឱកាសនឹងបង្ហាញ។ ទើបតែឥឡូវ យើងមានសុខសន្ដិភាព (ទើបមានឱកាសនឹងបើកបង្ហាញ)”។ នៅខេត្តកំពង់ស្ពឺដូចគ្នា … ឥឡូវយុវជនបានទៅច្រើន។ ទាញផលឱ្យសហគមន៍នៅទីនោះ … ការដោះមីន ការបញ្ចប់សង្រ្គាម គឺផលធ្វើឱ្យតំបន់ទាំងនោះ ក្លាយទៅជាតំបន់ទេសចរណ៍។ ដោះមីន ពង្រីកផ្លូវភូមិសាស្រ្តបានផ្សារភ្ជាប់តំបន់ជាច្រើននៅក្នុងខេត្តកំពង់ស្ពឺ ដែលពីមុន ដាច់ស្រយាល។ យើងថា ទីរួមខេត្តកំពង់ស្ពឺ ច្បារមនចុះ កាលមុនដាច់ស្រយាលពីភ្នំពេញ ដោយសារផ្លូវលំបាក នៅឱរ៉ាល់ នៅថ្ពង នៅខេត្តស្រុកឃុំជាច្រើនណាស់ ពីមុនអត់មានផ្លូវតភ្ជាប់ទេ កាន់តែដាច់ស្រយាលថែមទៀត សេវាសាធារណៈ សាលារៀន មន្ទីរពេទ្យ មិនអាចទៅដល់។ អញ្ចឹងបង្កើនភាពងាយស្រួល យើងកសាងហេដ្ឋារចនាសម្ព័ន្ធ។ ខ្ញុំធ្លាប់មកផ្លូវលេខ៤៤ គឺពីហ្នឹងចាក់ទៅឱរ៉ាល់ រួចឡើងទៅខាងថ្ពង ចាក់ទៅផ្លូវជាតិលេខ ៥។ ផ្លូវល្អ។ សកម្មភាពសេដ្ឋកិច្ចនៅទីនោះក៏កើនច្រើន មានរោងចក្រ សហ​គ្រាស កសិឧស្សាហកម្មនៅទីនោះ។ ខ្ញុំក៏ធ្លាប់មកសម្ពោធរោងចក្រផ្សេងៗនៅទីនេះ …។


(៩) សង់អគារស្អាតសម្រាប់មន្រ្តីធ្វើការបម្រើប្រជាពលរដ្ឋបានល្អ ជាគុណ​ភាពនៃការចែករំលែកផ្លែផ្កា


និយាយត្រឹមផ្លែផ្កាតែមួយមុខ វាមិនទាន់ចប់ទេ។ យើងនិយាយអំពីបរិមាណ យើងនិយាយអំពីគុណភាពផង។ តើផ្លែផ្កានៃសន្ដិភាពនេះបានទៅដល់ដៃអ្នកណា? តើរដ្ឋាភិបាលប្រមូលដាក់នៅក្នុងឃ្លាំងទាំងអស់ ឬយ៉ាងណា? គុណភាពជាផ្លែផ្កាគឺការចែករំលែកនៃផ្លែផ្កាសន្ដិភាព។ រាជរដ្ឋាភិបាលដឹកនាំ(ជាង) ៤០ឆ្នាំនេះ បង្កើតជាការពង្រឹងសុខសន្ដិភាពនិងការជួយប្រទេសធ្វើឱ្យផ្លែផ្កាបានដល់ដៃប្រជាពលរដ្ឋគឺការអភិ​វឌ្ឍរីកចម្រើនដោយសមធម៌ … តើសង់អគារស្អាតបានផលអី? ផលគឺសម្រាប់មន្រ្តីធ្វើការអោយបានល្អនៅទីនេះ។ ជាការងារមួយសម្រាប់ផាសុខភាពសម្រាប់បងប្អូន។ មិនមែនសង់អាគារហើយឱ្យមន្រ្តីទាំងអស់ទៅធ្វើការក្រៅ កន្លែងនេះទុកឱ្យឯកឧត្តម វ៉ី សំណាង ម្នាក់ឯងទេ … ត្រូវចែកផលលាភឱ្យមន្រ្តីទាំងអស់ដែលបម្រើការទទួលបាននៅទីនេះ។ អម្បាញ់មិញ (ខ្ញុំឃើញថា)មានទាំងបន្ទប់ប្រចាំការរបស់មន្ទីរនីមួយៗ នៅទីនេះ។ ប៉ុន្តែផលធំបំផុត គឺនេះជាកន្លែងបម្រើប្រជាពលរដ្ឋ។ ហ្នឹងដែលយើងនិយាយអំពីគុណ​ភាពនៃផ្លែផ្កានៃការចែករំលែក។ បើត្រឹមតែសង់ដើម្បីឱ្យល្អ ទុកឱ្យឯកឧត្តមអភិបាលខេត្តមានកន្លែង អ្នកផ្សេងទៀតធ្វើការនៅកន្លែងលំបាកដដែល ហើយបម្រើប្រជាពលរដ្ឋនៅកន្លែងផ្សេងមិនដិតដល់ មិនកើតទេ …។


(១០) តភ្ជាប់កន្លែងមានសម្បតិ្តធម្មជាតិឬបេតិកភណ្ឌ ដើម្បីសកម្មភាពទេសចរផ្តល់ផលដល់សហគមន៍


អម្បាញ់មិញខ្ញុំនិយាយពីផ្លែផ្កា ពីខេត្តមួយដែលមានសង្គ្រាមទៅជាលែងមានសង្គ្រាម។ អញ្ចឹងផលទាំងនេះបានដល់អ្នកណា? គឺបានដល់ប្រជាជននៅមូលដ្ឋាន ជីវភាពរស់នៅរបស់គាត់ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រជាពលរដ្ឋធ្វើដំណើរ សេដ្ឋកិច្ច រោងចក្ររុញទៅដល់ បង្កើតការងារឲ្យបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ នេះហើយគឺជាការចែករំលែក … ដោយត្រូវដាក់ទិសដៅថាប្រជាពលរដ្ឋជាគោលដៅធំ។ អ្វីដែលយើងកសាងត្រូវតែជាមូលដ្ឋានសម្រាប់បម្រើ និងការសម្រេចភារកិច្ចក្នុងការបំរើប្រជាពលរដ្ឋយើងឲ្យបានល្អ … (ដោយ)ការបម្រើនិងការអភិវឌ្ឍន៍ដោយចីរភាពនិងដោយសមធម៌ ជាគោលដៅរបស់រាជរដ្ឋាភិបាល អនុវត្តកន្លងទៅ និងសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះបន្តអនុវត្តតទៅទៀត។ អញ្ចឹងផ្លែនេះ ត្រូវបេះឲ្យប្រជាពលរដ្ឋ ឲ្យដល់ដៃគាត់ រុញឲ្យដល់មូលដ្ឋាន ធ្វើផ្លូវឲ្យដល់មូលដ្ឋាន តភ្ជាប់កន្លែងដែលមានការអភិវឌ្ឍ និងបង្កើតតំបន់ទេសចរណ៍។ ខ្ញុំនិយាយនេះ (រាប់ថា)តំបន់ខ្នងផ្សារនេះ ហើយ(និង)តំបន់ផ្សេងៗដូចនៅថ្ពង នៅជ្រៀវ នៅគីរីរម្យ។ល។ ធ្វើយ៉ាងណាដើម្បីផ្សារភ្ជាប់ជាមួយនឹងសហគមន៍។


សូមឲ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ អាជ្ញាធរខេត្ត (គិតគូរពីការត)ភ្ជាប់កន្លែងទាំង​ឡាយមានលក្ខណៈសម្បតិ្តធម្មជាតិ ឬបេតិកភណ្ឌ ដែលអាចមានសកម្មភាពទេសចរណ៍បាន។ ធ្វើយ៉ាងម៉េចអោយអាទិភាពទៅសហគមន៍មូលដ្ឋានដើម្បីបានផល។ ខ្ញុំឃើញ(ថានឹង)បាន(ផល)ល្អ ជាងយកវិនិយោគពីក្រៅសុទ្ធទៅឲ្យសហគមន៍។ គាត់វិនិយោគផង គាត់ថែរក្សាផង បានផលទៅគាត់ផង។ នេះជារូបមន្តដែលបានធ្វើហើយ។ ធ្វើយ៉ាងណាបន្តឲ្យកាន់តែល្អ។ យើងជួយគាត់។ យើងជួយផ្សព្វផ្សាយពាណិជ្ជកម្មឲ្យគាត់ដើម្បីឲ្យទេសចរណ៍ទៅច្រើន។ តែធ្វើយ៉ាងណាជួយសហគមន៍មូលដ្ឋានដើម្បីបានផល … ខ្ញុំចាំ កាលពីនៅក្មេង ឧស្សាហ៍មកស្ពានយោលអំពែភ្នំ។ ពេលខ្លះធាក់កង់មក … នៅជ្រៀវ ខ្ញុំធ្លាប់ទៅម្តង។ ផ្លូវចូលស្អាត។ ជុំវិញមានចម្ការ។ បងប្អូននៅទីនោះ មានផ្ទះ មានសហគមន៍ …។


(១១) កំពង់ស្ពឺមានសក្តានុពលសេដ្ឋកិច្ចនិងយោធា ឈររវាងប៉ូលសេដ្ឋកិច្ចពីរក្នុងចំណោមប៉ូលទាំង៤


យើងមិនមែនជំរុញតែវិស័យឧស្សាហកម្មទេ។ (យើងក៏ជំរុញវិស័យ)កសិឧស្សាហកម្មផងដែរ។ ខេត្តកំពង់ស្ពឺមានសក្តានុពល(សេដ្ឋកិច្ចទេសចរណ៍ផង) ជាខេត្តយុទ្ធសាស្ត្រយោធា(ផង) ព្រោះ(ការដណ្តើមបានខេត្តកំពង់ស្ពឺ, បច្ចាមិត្តអាច)កៀបភ្នំពេញ កាត់ផ្តាច់ភ្នំពេញពីសមុទ្រ។ យុទ្ធសាស្ត្រសេដ្ឋកិច្ចក៏ជាខេត្តមួយដែលមានសក្តានុពលធំ (ឈរនៅកណ្តាលរវាង)ភ្នំពេញនិងខេត្តព្រះសីហនុ ដែលជាប៉ូល២ សំខាន់ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៤។ ខេត្តដែលពីមុនគេថា(មានតែ)កសិកម្មប្រវាស់មេឃ … ឥឡូវទៅជារោងចក្រចិញ្ចឹមបានរាប់ពាន់គ្រួសារ ហើយចំណូលកាន់តែទំនើប។ ខេត្តមិនត្រឹមតែ(ទទួលបាន)វិនិយោគវិស័យកាត់ដេរទេ (តែក៏មាន)ទំនើបកម្មនៅហ្នឹងដែរ ដូចជារោងចក្រផលិតដំណាប់នាំចេញ រោងចក្រតម្លើងរថយន្ត៣ នៅហ្នឹង។ បើខាងកងទ័ព មានសាលាទាហានច្រើនណាស់ ហើយក៏មានអង្គភាពទ័ពច្រើនទៅឈរជើងនៅទីនេះ … (ដើម្បី)កសាងនិងអភិវឌ្ឍធនធានមនុស្ស។ ទាំងអស់នេះបានផ្តល់ផលដល់អ្នកតាកែន(កោះស្លាផងដែរ) តំបន់ឱរ៉ាល់ និងតំបន់ណាដែលជាអតីតសង្គ្រាម …។


[ចប់សេចក្តីអធិប្បាយ៤]


ជាមួយនឹងការប្រារព្ធ និងការប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន ខ្ញុំក៏សូមឆ្លៀតយកឱកាសនេះ គូសរំលេចអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភាដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ នៅក្នុងកម្មវិធីជាច្រើនជួបជាមួយនឹងកម្មករ/ការិនី កម្មវិធីផ្សេងៗដាក់សម្ពោធនៅក្នុងពេទ្យតេជោសន្តិភាព ក្នុងវិស័យសុខាភិបាល ប្រកាសដាក់នូវកម្មវិធីគាំពារសង្គម។


[ចាប់ផ្តើមសេចក្តីអធិប្បាយ៥]


(ទាក់ទងនឹង)កម្មវិធីអប់រំ ខ្ញុំបាននិយាយច្រើនពីកម្មវិធីនយោបាយអាទិភាព ៦ចំណុច។ ថ្ងៃនេះខ្ញុំមិនលើកចំណុចហ្នឹងទេ ប៉ុន្តែសង្ខេបថាទាំងអស់នេះគឺសំដៅរុញផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ អម្បាញ់មិញឯកឧត្តម លី ធុជ បានមានប្រសាសន៍បន្តិចហើយពី សុខភាព អប់រំ និងបុគ្គលិក។ ថ្ងៃនេះ ក្រៅពីកម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច យើងចេញវិធានការគន្លឹះ ៥ចំណុច ដែលក្នុងនោះ (ទី១ គឺ)ការពង្រឹងសមត្ថ​ភាពរដ្ឋបាលសាធារណៈថ្នាក់ជាតិ និងក្រោមជាតិ, ទី២ ការពង្រឹងការអប់រំមូលដ្ឋាននិងសុខាភិបាល​មូលដ្ឋាន, ទី៣/ទី៤ ការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសន្តិភាព សុវត្ថិភាព ជាពិសេសដាក់ទិសដៅក្នុងការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន និងទី៥ គឺការកំណែទម្រង់ពង្រឹងប្រព័ន្ធយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋ។ វិធានគន្លឹះ២ គឺអប់រំនិងសុខាភិបាល ខ្ញុំបានលើកហើយ។ ខ្ញុំមិនលើកទៀតទេ។ ថ្ងៃនេះខ្ញុំសុំលើករំលេចបន្តិចអំពីវិធានគន្លឹះទី១ ទី៤ និងទី៥។


(១២) កំណែទម្រង់ ទំ​នើបកម្ម និងកែសម្រួលរដ្ឋបាលសាធារណៈ ឆ្លើយតបទៅតម្រូវការប្រជាពលរដ្ឋ


វិធានគន្លឹះទី១ គឺការពង្រឹងរដ្ឋបាលសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ … មុនដំបូង ខ្ញុំសូមអរគុណសាជាថ្មីជូនទៅដល់មន្ត្រីរាជការ អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ នៅតាមបណ្តាស្រុក ឃុំ ដែលបានខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយើង។ យើងបានធ្វើការកំណែទម្រង់ជាបន្តបន្ទាប់ ជាច្រើនអាណត្តិ ដើម្បីធានានូវការលើកតម្កើននូវសមត្ថភាព ក៏ដូចជាប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋបានច្រើន ប៉ុន្តែក៏នៅមានចំណុចដែលត្រូវធ្វើបន្ថែមទៀតដើម្បីពង្រឹងឲ្យកាន់តែប្រសើ។ រដ្ឋបាលសាធារណៈនេះត្រូវធ្វើការកំណែទម្រង់ ធ្វើទំ​នើបកម្ម និងកែសម្រួលជាប់ជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ គ្មានរូបមន្តមួយណាដែលថាដាក់ហើយគឺចប់សម្រាប់ ៥០ឆ្នាំនោះទេ។ វាលែងតែជីវិតប្រជាពលរដ្ឋ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច និងទំនើបកម្មលែងដើរទៅមុខ នោះបានន័យថាវិញ្ញាសារនៅដដែល។ ដំណោះស្រាយនៅដដែល។ ដរាបណាជីវិតកាន់តែកើន ជីវភាពរស់នៅកាន់តែកើន ការវិវត្តន៍សេដ្ឋកិច្ចកាន់តែកើន ការច្នៃប្រឌិត និងការកែលំអនៅក្នុងការបំរើប្រជាពលរដ្ឋ ក៏ត្រូវតែមានការឆ្លើយតបទៅនឹងតម្រូវការដែលប្រែប្រួលទៅតាមកំណើននៃជីវភាពរស់នៅ និងការប្រែប្រួលនៃសង្គមជាតិនោះ។


(១៣) រៀបរយផ្ទះអោយកាន់តែប្រសើ ទាំងថ្នាក់ជាតិនិងក្រោមជាតិ


ទាមទារឲ្យអាជ្ញាធររបស់យើង រដ្ឋបាលសាធារណៈរបស់យើង គឺទំនើបកម្ម និងវិវត្តន៍ជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលយើងបានធ្វើច្រើនអាណត្តិហើយ។ សម្រាប់អាណត្តិទី៧ នេះគឺជាវិធានការគន្លឹះទី១ របស់រាជរដ្ឋាភិបាលតែម្តង … ផ្តោតទៅលើការពង្រឹងសមត្ថភាព ដែលខ្ញុំហៅថាពង្រឹងនិងរៀបរយផ្ទះយើងឲ្យល្អទាំងថ្នាក់ជាតិទាំងក្រោមជាតិ … ផ្តោតលើការជ្រើសរើសមន្ត្រីចូលបម្រើការប្រកប​ដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ការពង្រឹងការគ្រប់គ្រងមន្ត្រី ការលើកកម្ពស់សមត្ថភាពប្រសិទ្ធភាពការងាររបស់មន្ត្រី រួមទាំងពង្រឹងស្ថាប័ន និងទី៣ការរៀបចំប្រព័ន្ធលើកទឹកចិត្តមន្ត្រីឲ្យសមស្របទៅនឹងគោលការណ៍ គុណាធិបតេយ្យផ្អែកលើសមិទ្ធកម្ម ក្នុងនោះ នៅថ្នាក់ក្រោមជាតិ យើងបានពិនិត្យគោលនយោបាយលើកទឹកចិត្តរហូតទៅដល់ថ្នាក់ភូមិ … ព្រោះអ្នកដែលអនុវត្តផ្ទាល់គឺមេភូមិ។ យើងមានឃុំ យើងមានសង្កាត់ យើងមានស្រុក គោលនយោ​បាយ … កិច្ចការទាំងអស់នេះគឺធ្វើយ៉ាងណាលើកទឹកចិត្តនិងពង្រឹងសមត្ថភាពនិងការខិតខំទទួលខុសត្រូវ​របស់បងប្អូន។ យើងបានសិទ្ធិកាន់តែច្រើនហើយ។ ការធ្វើវិមជ្ឈការនិងវិសហមជ្ឈការ សិទ្ធិអំណាចនិងការទទួលខុសត្រូវបានមកហើយ (ដូចនេះ)ធ្វើយ៉ាងណាឱ្យសេវាចូលកាន់តែកៀកទៅប្រជាពលរដ្ឋ។


(១៤) អាណត្តិទី៧ ពង្រឹងជាងពង្រីក ឬចាប់ហ្វ្រាំង ពិនិត្យវាយតម្លៃដើម្បីត្រៀមឈានទៅអាណត្តិមុខ


សមត្ថភាពក៏ដូចជាក្រមសីលធម៌ វិជ្ជាជីវៈ មនសិការរបស់មន្ត្រីគ្រប់ជាន់ថ្នាក់គឺជាអ្វីដែលត្រូវពង្រឹងបន្ថែម។ ឆ្លើយតបទៅនឹងតម្រូវការកាន់តែខ្ពស់ បំពេញបន្ថែមទៀតនូវអ្វីដែលបងប្អូនបានធ្វើកន្លងមកនេះ បានធ្វើកិច្ចការល្អនៅក្នុងការបំពេញភារកិច្ចរបស់យើង ប៉ុន្តែយើងត្រូវការជួយឱ្យកាន់តែល្អ ឱ្យកាន់តែទំនើបនៅក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ នេះគឺជាវិធានការគន្លឹះទី១។ ធ្វើយ៉ាងណាមូលដ្ឋានឱ្យកាន់តែរឹងមាំ ព្រោះវិធានគន្លឹះ ៥នេះ ផ្តោតទៅលើមូលដ្ឋានទាំងអស់។ ដំណាក់កាលអាណត្តិទី៧នេះ ខ្ញុំចាត់ថានៅក្នុងការពង្រឹងជាជាងពង្រីក។ (យើង)ពង្រីក(ក្នុងកម្រិត)មួយល្មមតាមការចាំបាច់។ ការរើសមន្ត្រីថ្មីអីផ្សេងៗ តាមការចាំបាច់ និងមានហេតុផលច្បាស់លាស់។ កន្លែងណាដែលខ្វះពិតប្រាកដ យើងថែមឱ្យ។ កន្លែងណាដែលលើស ត្រូវមើលវិធីដើម្បីពង្រឹងការប្រើប្រាស់ឱ្យចំគោលដៅ។ បង្កើនសមត្ថភាពបងប្អូន ពង្រាយមន្ត្រីថ្នាក់ជាតិ ក្រោមជាតិឱ្យបានល្អ ជាជាងទើតែនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនៅតែខ្វះ។ សំរាប់ឆ្នាំ ២០២៤ ខាងមុខ (ក្នុងកិច្ច)ប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃមុន ខ្ញុំបានដាក់គោលដៅជាឆ្នាំដែលចាប់ហ្វ្រាំង ហើយវាយតម្លៃ ដោយមិនប្រញាប់ទៅណាទេ។ ជាឆ្នាំដែលពិនិត្យមើលខ្លួនឯង វាយតម្លៃដើម្បីឈាន ១អាណត្តិ ២ អាណត្តិ ៣អាណត្តិ ទៅមុខទៀត។ ឡានបើកជាប់ យន្តហោះបើកជាប់ … ប៉ុន្តែដល់គីឡូណាមួយ ពេលមួយ ត្រូវនាំទៅជាងដើម្បីរឹតខ្ចៅ រឹតអីវាឱ្យល្អឡើងវិញ។ ទោះបីវាមិនខូចក៏ដោយ វាទៅមុខក៏ដោយ ប៉ុន្តែដើម្បីធានាប្រសិទ្ធភាពកាន់តែល្អ។ រដ្ឋបាលសាធារណៈក៏ត្រូវធ្វើដូចគ្នា។


(១៥) មានផ្លូវល្អ សំរាប់មន្ត្រី/អាជ្ញាធរទៅរករាស្ត្រ មិនមែនសំរាប់រាស្ត្រមករកមន្ត្រី/ស្រុក/ខេត្ត


ប្រគល់សិទ្ធិឱ្យ តែត្រូវជួយបង្កើនសមត្ថភាពនិងការទទួលខុសត្រូវ ធ្វើយ៉ាងណាឱ្យការដែលបំពេញភារកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិទទួលបានការជួយ ការយកចិត្តទុកដាក់ និងផ្តល់សិទ្ធិ ក៏ដូចជាការពង្រឹងសមត្ថភាពក្រមសីលធម៌ និងការទទួលខុសត្រូវឱ្យកាន់តែល្អសម្រាប់ប្រជាពលរដ្ឋរបស់យើង។ វិមជ្ឈការសិទ្ធិច្រើនណាស់ មិនបាច់ប្រជាពលរដ្ឋជិះឡាន ជិះម៉ូតូទៅភ្នំពេញដូចកាលមុន ទៅយកបណ្ណអីមួយចំនួនទេ។ យកមកតាមខេត្តអីមួយចំនួនហើយ។ ទៅមុខទៀតយើងអាចពិនិត្យការធ្វើប្រគល់សិទ្ធិទៅដល់ក្រោមពីខេត្តទៀតទៅលើវិស័យមួយចំនួន។ ឯកឧត្តម ស សុខា បានលើកពីកិច្ចការនេះ។ កិច្ចការមួយចំនួនគឺយើងបានប្រគល់សិទ្ធិទៅដល់ស្រុកទៅហើយ។ ដើម្បីបង្កើនការដំណោះស្រាយនេះជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនឹងបន្តនូវគោលនយោបាយ និងកម្មវិធី ពង្រឹងនិងសម្រួចនូវការធ្វើវិមជ្ឈការនិងសិទ្ធិនៃការទទួលខុសត្រូវនេះ ហើយជួយពង្រឹងសមត្ថភាពមូលដ្ឋាន។ បើទោះបីជាផ្លូវល្បឿនលឿនមានក៏ដោយ ផ្លូវល្អក៏ដោយ ក៏មិនចាំបាច់ប្រជាជនធ្វើដំណើរឆ្ងាយទោះទេ។ យើងធ្វើផ្លូវមិនមែនឱ្យប្រជាជនឡើងមករក​ខេត្ត មករកស្រុកទេ។ យើងធ្វើផ្លូវដើម្បីឱ្យអាជ្ញាធរអាចទៅរកដល់ប្រជាពលរដ្ឋ។ ឥឡូវការបម្រើសេវារបស់មន្ត្របានចុះផ្តល់ ជូនដល់ប្រជាពលរដ្ឋ។ កន្លែងខ្លះសំបុត្រអាពាហ៍ពិពាហ៍ទៅដល់រោងការ …។


(១៦) បំពាក់បច្ចេកវិទ្យា/ប្រព័ន្ធ IT នៅថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយការចំណាយនិងពេលវេលា


ថ្ងៃក្រោយយើងអាចបំពាក់ដល់ទៅប្រព័ន្ធ IT ប្រព័ន្ធអីមួយចំនួនដែលថាអាចឱ្យប្រជាពលរដ្ឋស្នើសុំតាមទូរស័ព្ទដៃតែម្តង ហើយចាំទៅយកនៅមណ្ឌលសុខភាព … ថ្ងៃមុន ឯកឧត្តម ជា វ៉ាន់ដេត បានគិតមើលពីការរៀបចំប្រព័ន្ធ IT មួយនៅតាមស្រុកដើម្បីប្រជាពលរដ្ឋអាចប្រើកុំព្យូទ័រ ឬបើត្រូវការបំពេញបែបបទផ្នែករដ្ឋបាលទាក់ទងទៅនឹងស្ថាប័នថ្នាក់ជាតិ ដោយមិនចាំបាច់ទៅដល់ថ្នាក់ជាតិទេ។ យើងបង្កើននិងសាកល្បងនៅខេត្តតាកែវ។ បង្កើតកន្លែងមួយ។ នៅមជ្ឈមណ្ឌលហ្នឹង ប្រជាពលរដ្ឋចង់ចុះឈ្មោះ ឬមួយក៏បំ​ពេញបែបបទស្នើសុំសេវាអីមួយចំនួនពីថ្នាក់ខេត្តអី ជួនកាលគាត់មិនបាច់មក គាត់ដាក់តាមហ្នឹង ហើយចាំជិះមកទទួល ឬមួយក៏ផ្ញើទៅដល់។ ឥឡូវបច្ចេកវិទ្យាយើងមានហើយ។ កាត់បន្ថយពេលវេលា និងចំណាយរបស់បងប្អូន។ ទោះបីពីឱរ៉ាល់ មកដល់កំពង់ស្ពឺមានផ្លូវ ៤៤ក៏ដោយ តែបើគាត់មិនចាំបាច់មកចុចតែទូរស័ព្ទមួយភ្លែតពីចម្ការរបស់គាត់។ ឥឡូវនៅចម្ការ កន្លែងខ្លះក៏មាន ៤G ដែរ។ ចុចមក ហើយមកទទួលបាន។ នេះការធ្វើទំនើបកម្ម។ មិនមែនធ្វើអោយល្អមើលទេ គឺធ្វើដើម្បីបម្រើប្រជាពលរដ្ឋ។ អញ្ចឹងទាមទារការបង្កើនសមត្ថភាព របៀបរបបការងារ និងការពង្រឹងមន្ត្រីដើម្បីធានានូវសេវា …។


(១៧) គិតធំនិងគ្រប់ជ្រុងជ្រោយ ធ្វើតាមទីដៅតូចៗ ជាគ្រឹះ


នេះគឺជាការពង្រឹងមូលដ្ឋានក្នុងអាណត្តិទី៧។ នេះគឺការពង្រឹង តែមិនមែនពង្រឹងនៅលើរង្កើក្រោមទេ។ គឺពង្រឹងមូលដ្ឋានតែម្តង។ នៅថ្នាក់ជាតិក៏យើងត្រូវធ្វើដែរ ប៉ុន្តែគឺឆ្ពោះទៅមូលដ្ឋាន។ ថវិកាដែលគ្រោងប៉ុន្មានរយលានដុល្លារថ្ងៃមុននោះគឺសម្រាប់ឆ្នាំ ២០២៤។ យើងត្រៀមនេះគឺសម្រាប់បម្រើឱ្យការកំណែទម្រង់ និងបាញ់ឆ្ពោះទៅមូលដ្ឋាន។ អប់រំគឺពង្រឹងថ្នាក់បឋមទៅដល់ថ្នាក់ទី១២ សុខាភិបាលពង្រឹងមណ្ឌលសុខភាព ពង្រឹងពេទ្យបង្អែកស្រុក ពេទ្យខេត្ត សេវាសាធារណៈគឺត្រូវពង្រឹងដើម្បីបម្រើបងប្អូន។ ឥឡូវវិធានគន្លឹះទី ៤ គឺការពង្រឹងការអនុវត្តគោលនយោបាយ ភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាព ដោយផ្តោតការយកចិត្តទុកដាក់លើការកាត់បន្ថយឈានទៅដល់ការលុបបំបាត់ ការជួញដូរនិងការប្រើប្រាស់គ្រឿនញៀនក្នុងសហគមន៍។ ថ្ងៃនេះ យើងប្រកាសខេត្តអស់មីន មានន័យថាលែងមានហានិភ័យពីគ្រាប់មីននិងពីសង្គ្រាម ប៉ុន្តែហានិភ័យពីសុខសុវត្ថិភាពសង្គម សន្តិសុខសង្គមគឺសំខាន់។ ការងារគ្រឿងញៀន បងធំបងតូច ល្បែងស៊ីសងផ្សេងៗ គឺជាកង្វល់។ ទាំងនេះជាវិធានគន្លឹះ … មិនមែនមានន័យថា មានតែប៉ុណ្ណឹងទេ។ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ គ្របដណ្តប់សកម្មភាពបន្តពីយុទ្ធសាស្ត្រចតុកោណ។


គោលនយោបាយរបស់យើងធំ ហើយអនុវត្តរាប់អាណត្តិមក។ យើងនៅបន្តទៅទៀត។ ប៉ុន្តែវិធានគន្លឹះបានន័យថា សម្រួចទិសដៅដែលខ្ញុំថាគិតឱ្យបានធំនិងគ្រប់ជ្រុងជ្រោយ តែធ្វើៗតូច។ បានន័យថា ផ្តោតទៅលើកម្មវិធីសកម្មភាពណាដែលសំខាន់ជាគ្រឹះនៃសកម្មភាពគោលនយោបាយធំនោះពីមួយអាណត្តិទៅមួយអាណត្តិដើម្បីយើងសម្រួចឱ្យចំតែម្តង។ អគារទាំងអស់នេះធំណាស់ ប៉ុន្តែស្អីដែលទ្រវាគឺសសរ ក្រៅពីហ្នឹងសាច់ជញ្ជាំងអីវាគ្រាន់បន្ទាប់បន្សំទេ។ បើយើងមិនពង្រឹងសសរ អគារនេះអត់ឈរយូរទេ។ បុកគ្រឹះក៏ដូចគ្នាដែរ។ គេមិនរៀបចំគ្រឹះពេញទេ គេបុកប៉ុន្មានរណ្តៅហ្នឹង។ អញ្ចឹងពង្រឹងសសរស្តម្ភ ពង្រឹងឱ្យរឹងមាំ។ នៅក្នុងវិស័យនីមួយៗ យើងមើលថាសកម្មភាពស្អីដែលជាគោលដៅអាទិភាព បុកវិស័យហ្នឹងឱ្យខ្លាំង។ ពង្រឹងវាឱ្យរឹងមាំ ដាក់អាទិភាព ដាក់ថវិកាពង្រឹងវាឱ្យរឹងមាំ។ អប់រំចង់ឱ្យមនុស្សពូកែថ្នាក់មហាវិទ្យាល័យ ពង្រឹងតែបឋមនិងថ្នាក់ទី១២ ឱ្យរឹងមាំទៅ។ ចង់ឱ្យសុខភាពប្រជាពលរដ្ឋរឹងមាំ ពង្រឹងមណ្ឌលសុខភាពនៅតាមភូមិដាច់ស្រយាល។


(១៨) អាទិភាព “ពង្រឹង៧០ ពង្រីក៣០”


យើងនឹងពង្រឹងមួយចំនួន ប៉ុន្តែអាទិភាពប្រហែលជា ៧០ពង្រឹង និង ៣០ពង្រីក។ បានន័យថា ថវិកាដែលយើងមាន ១០០ យើងចំណាយ ៣០ទៅលើការពង្រីកកន្លែងចាំបាច់ តែយើងយក ៧០ មកពង្រឹងកន្លែងដែលមានស្រាប់។ បើមន្រ្តីយើងមានប៉ុណ្ណឹង តើយើងចាំបាច់ពង្រីកទេ? បើចាំបាច់ យើងពង្រីក តែ(បើមិនចាំបាច់)យកថវិកាដែលសន្សំមកពង្រឹងឧបត្ថម្ភមន្រ្តីដែលមានស្រាប់។ លើកទឹកចិត្តគាត់ធ្វើការ។ រៀបចំប្រ​ព័ន្ធយ៉ាងណា ហើយពង្រីកឲ្យបានល្អដើម្បីយើងយកមកវិនិយោគលើការបណ្តុះបណ្តាល វិនិយោគទៅលើទំនើបកម្មឲ្យងាយស្រួលក្នុងការធ្វើ។ ពង្រីកតាមតម្រូវការជាក់ស្តែង និងត្រូវប្រាប់មកឲ្យច្បាស់ បើចង់បានមន្រ្តី។ ឧទាហរណ៍មន្ទីរមួយពេលដែលឡើងផែនការ មន្ទីរមួយៗលើកទៅឲ្យក្រសួងស្នើសុំ។ អញ្ចឹងពេលដែលរាជរដ្ឋាភិបាលអនុម័តឯកភាពហើយ ប្រឡងរើសមក។ ត្រូវបែងចែកមកហើយ។


អញ្ចឹងពេលស្នើសុំត្រូវពន្យល់ថាទៅកន្លែងណា? ខេត្តណា? ពេលដែលបាន ត្រូវអនុវត្តតាមគោលការហ្នឹង អត់មានទើនៅលើទេ។ ត្រូវរុញមកក្រោម ហើយមិនមែនរុញមកប្រថាប់ត្រាមួយឆ្នាំ ឬពីរឆ្នាំដើម្បីផ្ទេរចេញទេ គឺមកដើម្បីបំ​ពេញក្របខណ្ឌ។ បើមិនអញ្ចឹងកន្លែងខ្វះនៅតែខ្វះ។ មួយឃុំៗ បងប្អូនប្រជាពលរដ្ឋ(កើន)កាន់តែច្រើន។ អ្នកកំពង់ស្ពឺកើតមិនតិចទេ … ទឹកដីធម្មជាតិ ថយសង្រ្គាម លែងមានមីន បង្កើត(កូន)ច្រើន អ្នកចំណូលស្រុកក៏ច្រើនដែរ ព្រោះបង្កើតសកម្មភាពរោងចក្រនៅទីនេះ … អ្នកខ្លះមកពីខេត្តផ្សេងកសាងគ្រួសារនៅទីនេះ។ អញ្ចឹងមូលដ្ឋាននីមួយៗ ត្រូវបម្រើប្រជាជនកាន់​​តែច្រើន … ពង្រីកត្រូវមានហេតុផលច្បាស់លាស់ ហើយពង្រីកឲ្យចំគោលដៅ … យើងត្រូវពង្រឹងយន្តការ ភូមិ ឃុំ មានសុវត្ថិភាព … អញ្ចឹងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានដែលបានបំពេញភារកិច្ចល្អ … សូមបន្តបំពេញការងារពង្រឹងថែមទៀត ដោះស្រាយបញ្ហាប្រឈម …។


(១៩) រៀបចំរចនាសម្ព័ន្ធប្រយុទ្ធប្រឆាំងគ្រឿងញៀនអោយធ្ងន់ ដើម្បីកាត់បន្ថយនិងលុបបំបាត់ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន


ក្នុងអាណត្តិទី៧នេះ យើងបានកែសម្រួលរចនាសម្ព័ន្ធដឹកនាំ ក៏ដូចជាក្បាលម៉ាស៊ីនដឹកនាំរបស់អាជ្ញាធរ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន។ កាលពីរៀបចំដំបូង យើងគិតថាត្រឹមឋានៈទេសរដ្ឋមន្រ្តីមួយដឹកនាំ … ប៉ុន្តែយើងពិនិត្យមើលឃើញថា មិនគ្រប់គីឡូទេ … ត្បិតតំណាងក្រសួងស្ថាប័នដែលមកចូលរួមមានត្រឹមតែរដ្ឋលេខាធិការប៉ុណ្ណោះ។ មិនអាចជាអាទិភាពបានទេ។ អញ្ចឹងបានសម្រេចកែ។ មិនត្រឹមតែដំឡើងអ្នកដឹក​នាំទៅជាកម្រិតឧបនាយករដ្ឋមន្រ្តីទេ ថែមទាំងមានឧបនាយករដ្ឋមន្ត្រីសរុប ៤ នាក់នៅក្នុងយន្តការនេះ។ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ជាប្រធាន និងមានឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម កើត រិទ្ធ ឧបនា​យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ ទម្ងន់ធ្ងន់ដើម្បីបញ្ចេញសារជូនប្រជាពលរដ្ឋថា ទម្ងន់នេះវាស្មើនឹងការទទួលខុសត្រូវនិងអាទិភាពដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើការកាត់បន្ថយនិងឈានទៅលើការលុបបំបាត់នូវការជួញដូរនិងប្រើប្រាស់គ្រឿងញៀនឲ្យអស់ពីកម្ពុជា។


(២០) មានវិធានគន្លឹះ តែក៏អាស្រ័យលើអ្នកប្រតិ​បត្តិជាក់ស្តែង គឺអាជ្ញាធរ/កងកម្លាំងប្រដាប់អាវុធមូលដ្ឋាន


វិធានការទាំងអស់នេះ មិនមែន(ដកស្រង់ពី)ទ្រឹស្តីនិយមទេ។ គឺជាក់ស្តែងនិយម។ គឺស្តាប់ពីប្រជាពលរដ្ឋ ថាគាត់មានតម្រូវការអ្វីខ្លះ។ យើងចង់បម្រើគាត់ឲ្យល្អ ត្រូវធ្វើកិច្ចការស្អីខ្លះ? ទាក់ទងកិច្ចការងារនេះ ពិតណាស់បងប្អូនមិនអាចជប់បានមួយថ្ងៃទេ មិនអាចបង្កើតអាជ្ញាធរថ្ងៃនេះ ស្អែកឡើងអស់ទេ តែចាប់ផ្តើមពីការរៀបចំផ្ទះយើងឲ្យត្រូវ។ បានន័យថារៀបចំផ្ទះយើងឲ្យមានរបៀប បង្កើតយន្តការត្រូវ ទម្ងន់គ្រប់ដើម្បីសហការណ៍គ្នាធ្វើ។ ក្រសួងមហាផ្ទៃឯកឧត្តម ស សុខា ក៏បានដាក់ចេញវិធានគន្លឹះមួយចំនួនដើម្បីពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ វាអាស្រ័យទៅលើអ្នកអនុវត្តជាក់ស្តែង ប្រតិ​បត្តិការជាក់ស្តែង គឺអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធតាមមូលដ្ឋាន។ អញ្ចឹងសូមឲ្យអាជ្ញាធរខេត្ត ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធទាំងអស់ នៅក្នុងខេត្តកំពង់ស្ពឺរួមសហការគ្នាដើម្បីដោះស្រាយបញ្ហានេះ ធានានូវសុខសន្តិភាព សុវត្ថិភាព សេចក្តីសុខ ជូនប្រជាពលរដ្ឋយើងនៅក្នុងមូលដ្ឋានឲ្យបាន។


(២១) ពង្រឹងនិងលើកកំពស់គុណភាពនិងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌តាមវិធាន ៣


វិធានគន្លឹះទី៥ គឺការពង្រឹងនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។ រាជរដ្ឋាភិបាលបានធ្វើច្រើនមកហើយ មិនមែនទើបតែអាណត្តិនេះទេ។ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី អតីតនាយករដ្ឋមន្រ្តី លោកបានដឹកនាំការងារនេះ។ កន្លែងខ្លះរហូតទៅដល់ប្រើកណ្តាប់ដៃដែក វិធានការផ្សេងៗ… យើងបានធ្វើការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។ យើងមានការវិវត្តន៍ច្រើន ប៉ុន្តែការសេសសល់ក៏នៅមាន បញ្ហាកកស្ទះ បញ្ហាមិនប្រក្រតីមួយចំនួនដែលយើងត្រូវទទួលស្គាល់។ យើងត្រូវបំពេញបន្ថែម និងខិតខំធ្វើយ៉ាងណាផ្តល់នូវសេវាយុត្តិធម៌ជូនប្រជាជនឲ្យបាន។ ក្នុងប្រព័ន្ធតុលាការក៏មានកំណែទម្រង់ច្រើន មានការទំនើបកម្មច្រើន ការដោះស្រាយបញ្ហាក៏បានច្រើនបម្រើដល់ប្រជាពលរដ្ឋ។ ប៉ុន្តែ គ្មានអ្វីល្អឥតខ្ចោះទេ។ វាចាប់ផ្តើមមុនគេគឺការទទួលស្គាល់នូវចំណុចដែលយើងនៅខ្វះខាត ទទួលស្គាល់នូវអ្វីដែលប៉ះពាល់ចម្បងដល់ប្រជាជន ព្រោះធ្វើការងារមួយម៉ឺនមុខ។


គោលនយោបាយយុទ្ធសាស្រ្តចតុកោណ បញ្ចកោណ ចាប់ផ្តើមពីត្រីកោណ។ យើងបន្តអនុវត្ត បន្តលើកទឹកចិត្ត ថែរក្សាសមិទ្ធផល សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចបានហើយ។ ឥឡូវយើងសម្រួច។ នៅក្នុងការដោះស្រាយប្រព័ន្ធយុត្តិធម៌នេះ យើងមានវិធីសាស្រ្តច្រើនធ្វើ ក្នុងនោះផ្តោតទៅលើវិធាន៣។ ទី១ ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបន្ថែមទៅលើយន្តការដែលមានស្រាប់។ (ទី២) ការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការឲ្យបានឆាប់រហ័ស សំដៅលើកកម្ពស់គុណភាព ប្រ​​​សិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ កាត់បន្ថយភាពកកស្ទះនូវសំណុំរឿង។ ពេលខ្លះ មានសំណុំរឿងច្រើនពេកប្រមូលផ្តុំនៅប្រព័ន្ធតុលាការ។ ទី៣ ការត្រួតពិនិត្យនិងការដោះស្រាយភាពមិនប្រក្រតីមួយចំនួននៅតាមតុលាការ។


(២២) អាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជួយផ្សះផ្សារ​វិវាទរដ្ឋប្បវេណី ពាណិជ្ជកម្ម និងវិវាទដទៃទៀតតាមការស្នើសុំរបស់ភាគីវិវាទ ឬដែលភាគីវិវាទយល់ព្រមទទួលយកការសម្រុះសម្រួល


ថ្ងៃនេះ ខ្ញុំលើកយកចំណុចទី១ ស្តីពីការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(មកបរិយាយ)។ យើងរៀបចំយន្តការនេះដល់ថ្នាក់អាជ្ញាធរជាតិ ដែលអាចត្រឹមតែរៀបចំគណៈកម្មការអន្តរក្រសួងធ្វើការ ប៉ុន្តែសម្រាប់វិស័យអាទិភាព វិស័យគន្លឹះដើម្បីប្រសិទ្ធភាព យើងត្រូវលើកទម្ងន់ លើកកាន់តែធ្ងន់ ឲ្យដាវកាន់តែធំ កាន់តែមុតដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ អញ្ចឹង ការរៀបចំអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ បានផលស្អីជូនដល់ប្រជាពលរដ្ឋ? ចង់បញ្ជាក់ថា អាជ្ញាធរជាតិមិនទៅជំនួសតុលាការទេ មិនទៅជំនួសប្រព័ន្ធយុត្តិធម៌ដែលមានស្រាប់ទេ។ កន្លងទៅយើងធ្លាប់បានដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការច្រើន។ (វិធីសាស្ត្រ)នេះក៏ជាប្រពៃណីរបស់យើងដែរ។ ជម្លោះមួយចំនួនតែងតែរកមេឃុំ មេស្រុក ឲ្យជួយសម្របសម្រួល មុននឹងទៅតុលាការ ឬមួយក៏រកអ្នកចាស់ទុំក្នុងភូមិទៅសម្របសម្រួល ដោយមិនចាំបាច់ទៅដាក់ពាក្យរកមេធាវី រកអីទេ។ ជួនកាល(ការដំណើរការក្តី)យូរទៀតនៅតុលាការ។


កន្លងទៅ ការដោះស្រាយវិវាទក្រៅប្រព័ទ្ធតុលាការ បានដើរតួនាទីសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហា ជាពិសេសករណីរដ្ឋប្បវេណី ជម្លោះធម្មតាដែលមិនពាក់ព័ន្ធរឿងព្រហ្មទណ្ឌ។ សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីក៏លោកជំរុញការដោះស្រាយនេះ។ ខ្ញុំដោះស្រាយករណីវិវាទជាច្រើនមិនចាំបាច់ទៅដល់តុលា​ការ។ យើងដោះស្រាយយកឈ្នះឈ្នះតែម្ដង។ ផលប្រយោជន៍នៃបង្កើតអាជ្ញាធរដោះស្រាយវិវាទនេះ គឺស្រាយ​វិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀតតាមរយៈការសម្រុះសម្រួលផ្សះផ្សារ ដោយផ្អែកទៅលើកិច្ចព្រៀងរវាងភាគីពាក់ព័ន្ធ និងតាមការស្នើសុំរបស់ភាគីវិវាទ ឬដែលភាគីវិវាទយល់ព្រមទទួលយកការសម្រុះសម្រួលផ្សះផ្សារ។ ខ្ញុំសូមបញ្ជាក់ថា ការបង្កើតយន្តការនេះមិនមែនយន្តការបង្ខំបងប្អូនឱ្យទៅទេ ពេលមានវិវាទបងប្អូនអាចជម្រើសដែលមានស្រាប់ទៅតុលាការ រកចាស់ទុំឬមួយក៏អ្នកណាឱ្យដោះស្រាយ ឬមួយក៏យកពឹងផ្អែកទៅលើអាជ្ញាធរថ្មីនេះ។ អត់បង្ខំទេ មិនមែនបានន័យថាអត់ទៅតុលាការត្រូវតែដោះនៅនេះទេ ជាជម្រើសរបស់បងប្អូននៅក្នុងការដោះស្រាយ។


ហេតុអីបានជាយើងត្រូវបង្កើត? ផលប្រយោជន៍អីចាំបាច់? ទី១៖ គឺបង្ខិតសេវាដោះស្រាយវិវាទ ដែលមានភាពងាយស្រួលឆាប់រហ័សប្រសិទ្ធភាពខ្ពស់ ឱ្យកាន់តែទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ជួយកាត់បន្ថយចំណាយពេលវេលាក្នុងការដោះស្រាយ មិនទុកអោយទំនាស់រ៉ាំរ៉ៃ តាមរបៀបមានអីហៅមេឃុំ អភិបាលស្រុក ជួយសម្រួល។ យើងធ្វើអញ្ចឹង … ទី២៖ គឺផ្ដល់ឱ្យប្រជាពលរដ្ឋនូវយន្តការសម្រុះសម្រួល ដោះស្រាយវិវាទមួយដែលអាចធានានូវបរិយាកាស សន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គម គឺដោះស្រាយយកយន្តការឈ្នះឈ្នះ។ ហ្នឹងដូចយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធដែលមានស្រាប់ ប៉ុន្តែអ្វីដែលជាលក្ខណៈពិសេសរបស់យន្តការនេះ គឺរួមចំណែកកាត់បន្ថយការកកស្ទះសំណុំរឿងតាមតុលាការ ព្រោះទំនាស់ដែលដោះស្រាយរួចហើយនៅក្នុងក្របខណ្ឌអាជ្ញាធរថ្មីនេះ ត្រូវចាត់ទុកថាដោះស្រាយរួចរាល់ជាស្ថាពរ ដោយមិនបាច់ប្ដឹងទៅតុលាការ ព្រោះមានកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដោយអាជ្ញាធរនេះ មានអនុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលារ …។


(២៣) កិច្ចព្រមព្រៀងដោយអាជ្ញាធរជាតិស្រាយវិវាទក្រៅប្រព័ន្ធ មានទំងន់ដូចសាលក្រមតុលាការ


ពីមុន ជួនកាលហៅ អ៊ំ ពូ មីង និយាយគ្នាត្រឹមត្រូវហើយ ចេញទៅវិញ គាត់មិនគោរព មិនយល់ព្រម។ ស្ដាប់ទៅតវាគ្នាដដែល … ម៉ោង១២យប់ ទូរស័ព្ទមកថាកែចិត្តទៀតហើយ។ អញ្ចឹងដើម្បីប្រថាប់ត្រា កន្លងទៅទាល់តែទៅតុលាការចេញសាលក្រម។ ឥឡូវ … ពេលដែល(សំរេចបាន)កិច្ចព្រមព្រៀងហើយ គឺត្រូវចេញមកមានទម្ងន់ដូចសាលក្រមតុលាការ។ បានន័យថា ភាគីទាំងសងខាងលែងក្រឡាច់បានទៀតហើយ។ ហ្នឹងគឺជាផលសម្រាប់បងប្អូន។ នេះជាលក្ខណៈពិសេស។ បើយើងដោះ(ដូច)នេះបាន (យើង)នឹងជួយបងប្អូន … ខ្ញុំបានឱ្យឯកឧត្តម កើត រិទ្ធ ដែលប្រធានអាជ្ញាធរនេះ ជាគោលការណ៍សំខាន់គឺអ្វីដែលយើងបង្កើតគឺត្រូវផ្សព្វផ្សាយ បង្ហាញឱ្យប្រជាពលរដ្ឋឃើញផលប្រយោជន៍ ឱ្យគាត់ប្រើប្រាស់ដើម្បីចូលរួមក្នុងការដោះស្រាយរឿងយុត្តិធម៌។ នេះហើយជាគោលដៅនៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។


បងប្អូនខ្ញុំសុំ(ធ្វើការ)ផ្សព្វផ្សាយ។ ក្រែងថ្ងៃមុនយើងផ្សាយ Live ដែរ? ប្រជុំគណៈរដ្ឋមន្ត្រីក្រែងលោបងប្អូនអត់បានស្ដាប់ ឬមួយក៏ស្ដាប់ប៉ុន្តែអត់បានយល់។ សួរថាហេតុអីបានជាបង្កើតយន្តការវិវាទ គឺយើងខិតខំរកមធ្យោបាយជួយគ្នានៅក្នុងការដោះស្រាយជួយប្រជាពលរដ្ឋ។ ការដោះស្រាយរកយុត្តិធម៌មិនចាំទាល់តែតុ​លាការទេ គឺដោះស្រាយរកការសម្របសម្រួលភាគីទាំងសងខាងយល់គ្នា ឯកភាពគ្នាមានទម្ងន់ ដើម្បីឱ្យចប់រឿងដោយឈ្នះឈ្នះគឺជាកិច្ចការល្អបំផុត។ យើងមិនចង់ឈ្នះចាញ់ទេ យើងចង់បានឈ្នះឈ្នះ។ ចប់សង្គ្រាមក៏ដោយសារឈ្នះឈ្នះដែរ។ បើមិនបានឈ្នាន់សន្តិភាពដែលផ្ទុះពីឱរ៉ាល់ តាមនយោបាយឈ្នះឈ្នះ (ចាប់ផ្តើមពី)ឯកឧត្តម កែវ ពង្ស ជាមួយថ្នាក់ដឹកនាំមួយចំនួននៅទីនេះ ឈានទៅដល់តំបន់ ប៉ៃលិន សំឡូត ម៉ាឡៃ ក៏យើងមិនអាចចប់ដែរ បើវាយយកឈ្នះចាញ់ ដូចនៅប្រទេសខ្លះ …។


(២៤) ជាក់ស្តែងនិយម (១)កសាងផែនការច្បាស់លាស់ (២)រៀបចំយន្តការអនុវត្តមានប្រសិទ្ធភាព (៣) អ្នកអនុវត្តមានសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ


អ្វីដែលបានធ្វើហើយនៅថ្ងៃទី២៧(តុលា)កន្លងទៅនេះ ៣ថ្ងៃមុន យើងបានប្រជុំគណៈរដ្ឋមន្ត្រី ហើយបានឆ្លងនូវសេចក្ដីព្រៀងព្រះរាជក្រឹត្យ។ គោលការណ៍នេះសំខាន់។ ព្រះរាជក្រឹត្យខ្លះ អត់ចាំបាច់ឆ្លងគណៈរដ្ឋមន្ត្រីទេ តែព្រះរាជក្រឹត្យនេះសំខាន់ព្រោះប៉ះពាល់ប្រជាពលរដ្ឋ ហើយប៉ះពាល់ប្រព័ន្ធយុត្តិធម៌ដែលប្រជាពល​រដ្ឋចង់បានក្នុងការជួយពង្រឹងការកំណែទម្រង់។ យើងដាក់ឆ្លងគណៈរដ្ឋមន្ត្រី។ គណៈរដ្ឋមន្ត្រីបានឯកភាពទៅលើយន្តការនេះ និងដាក់ថ្វាយព្រះមហាក្សត្រដើម្បីព្រះអង្គឡាយព្រះហស្ដលេខា។ នៅពេលដែលព្រះរាជក្រឹត្យនេះចូលជាធរមាន អាជ្ញាធរនឹងបង្កើតក្រុមការងារសម្របសម្រួលវិវាទមួយចំនួនតាមការចាំបាច់ និងរៀបចំក្រុមចល័តដើម្បីចុះទៅជួយដោះស្រាយនៅតាមមូលដ្ឋាន។


កន្លងទៅ ឱ្យតែមានរឿងនៅតាមហ្វេសប៊ុក ពេលខ្លះមានអ្នកដាក់សារនៅខុទ្ទកាល័យរបស់ខ្ញុំនៅតាខ្មៅ។ ខ្ញុំបានបញ្ជូនទៅឱ្យអភិបាលខេត្តដើម្បីពិនិត្យដោះស្រាយ ប៉ុន្តែឥឡូវយើងមិនត្រឹមតែអាជ្ញាធរខេត្តដោះស្រាយទេ យើងមានក្រុមពិសេសមួយរបស់រាជរដ្ឋាភិបាល។ អាជ្ញាធរជាតិនេះនឹងចុះទៅជួយដោះស្រាយ សហការជាមួយយន្តការខេត្ត តាមរយៈការជួយសម្របសម្រួល បូកជាមួយនឹងការជួយផ្ដល់សេវាបច្ចេក​ទេសឱ្យបងប្អូន។ កាលនៅស្រុក អត់មានសេវាផ្លូវច្បាប់សម្រាប់ជួយផ្ដល់មតិយោបល់ទេ។ យន្តការនេះនឹងជួយផ្ដល់ដល់ស្រុកដើម្បីបំពេញភារកិច្ច។ មិនទៅជំនួសស្រុកទេ ប៉ុន្តែថែមទាំងពង្រឹង … រឿងប្រព័ន្ធយុត្តិធម៌មិនមែនរឿងតុលាការតែមួយទេ មានយុត្តិធម៌សង្គម យុត្តិធម៌ផ្លូវច្បាប់ សូម្បីតែការចែកផលលាភដោយសមធម៌ក៏ហៅថាយុត្តិធម៌ដែរ។ សេដ្ឋកិច្ចកើនទាល់តែប្រជាពលរដ្ឋរីកចម្រើនទាំងអស់គ្នា បានហៅថាយើងមានយុត្តិធម៌សង្គម។ បើប្រមូលផ្ដុំតែអ្នកមួយចំនួន ហើយធ្វើដូចជំនាន់ ប៉ុល ពត ប្រមូលផ្តុំតែអ្នក(ដែលជា)អង្គការ ឯអ្នកផ្សេងវេទនា មិនយុត្តិធម៌ទេ។ ការបែងចែកផលលាភ ការបង្កើតយន្តការនេះគឺដើម្បី ជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ សូមអាជ្ញាធរខេត្ត អាជ្ញាធរស្រុក ត្រៀមផ្ដល់ការគាំទ្រឱ្យបានពេញលេញ និងសហការឱ្យបានល្អ ព្រោះជាកម្លាំងដែលមកជួយគ្នាដើម្បីដោះស្រាយបញ្ហានេះ។


អ្នកណាអ្នកបានផល? គឺប្រជាពលរដ្ឋដែលមានវិវាទ … គ្មានប្រទេសណាមួយគ្មានវិវាទទេ … ល្ងាចមិញខ្ញុំមើលប្អូនស្រីម្នាក់គាត់ចេញមកនិយាយពីរឿងមុនការនិងក្រោយការ … មនុស្សយើងតាំងពីកកើតជាកុលសម្ព័ន្ធ ដែលហៅថាជាមនុស្សស្វា មនុស្សកុលសម្ព័ន្ធតូចៗ ក៏មានការប៉ះគ្នារវាងតំបន់ដែរ … ឥឡូវយើងត្រូវការមានយន្តការដោះស្រាយ។ យន្តការច្បាប់ប្រទេសមួយ លទ្ធិប្រជាធិបតេយ្យផ្អែកលើច្បាប់ និងការអនុវត្តដោយសង្គតិភាព និងសុខដុមរមនីយកម្ម។ មួយទៀត ខិតខំប្រឹងប្រែងសម្របសម្រួលដោះស្រាយយកឈ្នះឈ្នះ ដែលថ្ងៃនេះនៅកម្ពុជា នៅខេត្តកំពង់ស្ពឺ សមិទ្ធផលខេត្តកាន់តែធំ កាន់តែរីក បម្រើប្រជាពលរដ្ឋ គឺដោះមីនអស់។ សុទ្ធតែជាផលឈ្នះឈ្នះ។ យើងបន្តវប្បធម៌ឈ្នះឈ្នះនេះ ឈានទៅដល់ការដោះស្រាយវិវាទផ្សេងៗ … រួមចំណែកមួយនៅក្នុងការពង្រឹងប្រព័ន្ធយុត្តិធម៌។


អញ្ចឹងជាថ្មីម្ដងទៀត ខ្ញុំសូមឲ្យអាជ្ញាធរមូលដ្ឋានត្រៀមសហការ រួមគ្នាដោះស្រាយការអនុវត្តនូវវិធានគន្លឹះទាំងប៉ុន្មាននេះ បូកជាមួយនឹងការដាក់ចេញគោលនយោបាយអាទិភាព ៦ចំណុច ដែលត្រូវពង្រឹងសេវាផ្ដល់ជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលមិនត្រឹមតែប្ដេជ្ញាចិត្តដោយអាននៅសភាថ្ងៃទី២២(សីហា) ដែលថារាជរដ្ឋាភិបាលថ្មីនឹងត្រូវយកចិត្តទុកដាក់នោះទេ ឬថ្ងៃ២៤(សីហា) ដើម្បីដាក់ចេញនូវអីនោះទេ ប៉ុន្តែជាបន្តបន្ទាប់ក្នុង២ខែនេះ យើងបានដាក់ចេញនូវវិធានការជាក់លាក់ទៀត។ ធ្វើអីក៏ដោយ (ដើម្បី)បានជោគជ័យ ទី១ ត្រូវការការកសាងផែនការឲ្យបានច្បាស់លាស់ ផ្អែកទៅលើមូលដ្ឋានជាក់ស្ដែងនិយមគ្រប់ជ្រុងជ្រោយ ទី២ ត្រូវការរៀបចំយន្តការអនុវត្តឲ្យបានល្អ មានប្រសិទ្ធភាព របៀបរបបការងារ និងធនធានមនុស្សដែលមានប្រសិទ្ធភាព ដែលត្រូវពង្រឹង និងទី៣ គឺអ្នកអនុវត្តប្រកបដោយសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ … ក្នុងវិធានប៉ុន្មានដែលបានដាក់ចេញនេះ សុទ្ធតែជាការរៀបចំយន្តការអនុវត្ត រៀបចំមនុស្សដើម្បីធ្វើ បានន័យថាយើងធ្វើផែនការមិនផ្អែកលើទ្រឹស្ដីនិយមទេគឺជាក់ស្ដែងនិយម។ យើងរៀបចំយន្តការអនុវត្តផ្អែកលើភាពជាក់ស្ដែងនិយម សំដៅទៅឲ្យមានលទ្ធផលនៅលើដី ដើម្បីឲ្យបងប្អូនប្រជាជនបានទទួលផលនៅក្នុងអាណត្តិទី៧នេ។


[ចប់សេចក្តីអធិប្បាយ៥]


អញ្ចឹងនៅក្នុងចំណុចដែលខ្ញុំបានលើកនេះ ស្របតាមស្មារតីនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ រដ្ឋសភា ដែលខ្ញុំបានគូសរំលេចខាងលើ ខ្ញុំសូមដាក់ចេញនូវអនុសាសន៍ ៥ ចំណុច ដើម្បីពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈសម្រាប់រដ្ឋបាលរាជធានី/ខេត្ត ក៏ដូចជាស្ថាប័នពាក់ព័ន្ធយកទៅអនុវត្ត រួមមាន៖


ទី១ រដ្ឋបាលរាជធានី/ខេត្តត្រូវចូលរួមពង្រឹងការជ្រើសរើសមន្រ្តីចូលបម្រើការងារ ឲ្យប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ពោលគឺយើងត្រូវធានាថា មន្រ្តីជាអ្នកបម្រើប្រជាជនដោយត្រូវប្រកបដោយមនសិការ សមត្ថភាព និងក្របសីលធម៌វិជ្ជាជីវៈខ្ពស់។


ទី២ រដ្ឋបាលរាជធានី/ខេត្តត្រូវដាក់ចេញ និងផ្សព្វផ្សាយនូវយន្តការរាយការណ៍ ឬយន្តការទទួលពាក្យបណ្ដឹងអំពីបញ្ហាណាមួយ ពីសំណាក់បងប្អូនប្រជាពលរដ្ឋងាយស្រួល និងទាន់ពេល ហើយត្រូវឆ្លើយតបបងប្អូនប្រជាពលរដ្ឋវិញឲ្យបានឆាប់រហ័ស និងដោយប្រសិទ្ធភាពខ្ពស់។


[ផ្ដើមសេចក្តីអធិប្បាយ៦]


អាជ្ញាធរខេត្ត/រាជធានី តាមដាន ដោះស្រាយ និងជូនដំណឹងដល់ប្រជាពលរដ្ឋ ដោយសហការជាមួយថ្នាក់ជាតិដោះស្រាយបញ្ហានៅមូលដ្ឋាន។ ការងារនេះ ខ្ញុំបានឲ្យអាជ្ញាធរខេត្តទាំងអស់តាមដាន ដោះស្រាយបញ្ហាជូនដំណឹងគាត់ជាបន្តបន្ទាប់។ កុំចាំបាច់ឲ្យគាត់ទៅដល់តាខ្មៅ។ ខ្ញុំត្រូវបញ្ជូនយកមកឲ្យខេត្តវិញ ដោយសារទីមួយខេត្តអត់បានទទួល ឬមួយខេត្តបានទទួលហើយ បាត់ដំណឹងឈឹង។ សូមចាត់មន្រ្តីធ្វើការទំនាក់ទំនងឲ្យប្រជាពលរដ្ឋ(បានដឹងថា)ដោះស្រាយបានដល់កម្រិតណា។ កុំឲ្យគាត់ពិបាកចំណាយច្រើន។ ខ្ញុំគង់តែរុញមកក្រោមវិញដដែលទេ។ អញ្ចឹងយើងរួមគ្នាធ្វើនៅកន្លែងនេះឲ្យអស់ពីលទ្ធភាព។ បន្តិចទៀតមានយន្តការដែលត្រូវមកជួយដោះស្រាយ … ឥឡូវក៏សូមបន្ថែមមួយទៀត ផ្ដល់ការគាំទ្រពេញលេញសហការជាមួយក្រុមការងារអាជ្ញាធរជាតិដោះស្រាយវិវាទផ្សេងៗ វិវាទដីធ្លី វិវាទក្រៅប្រព័ន្ធតុលាការ និងវិវាទដទៃទៀតដែលមានស្រាប់ … ដោះស្រាយបញ្ហានៅមូលដ្ឋាន។


[ចប់សេចក្តីអធិប្បាយ៦]


ទី៣ រដ្ឋបាលរាជធានី/ខេត្តត្រូវផ្ដល់នូវសេវាសាធារណៈដែលល្អបំផុត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងដាច់ខាតមិនត្រូវធ្វើឲ្យសេវាសាធារណៈទាំងនេះស្មុគស្មាញនិងបង្កជាបន្ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋនោះឡើយ។


ទី៤ រដ្ឋបាលរាជធានី/ខេត្តត្រូវតាមដាន និងស្វែងយល់ជានិច្ចនូវគោលនយោបាយរបស់ថ្នាក់ជាតិ របស់រាជរដ្ឋាភិបាល និងត្រូវត្រៀមខ្លួនជានិច្ចក្នុងការបំពេញការងារ ដែលត្រូវបានធ្វើប្រតិភូកម្ម ឲ្យមានប្រសិទ្ធភាពខ្ពស់ ទទួលសិទ្ធិអំណាច និងទទួលខុសត្រូវ។


និងទី៥ រដ្ឋបាលរាជធានី/ខេត្តត្រូវពង្រឹងភាពស្អាតស្អំរបស់ខ្លួន ជាពិសេស ចៀសវាងនូវការប្រើប្រាស់អំណាចខុសច្បាប់ ឬធ្វើប៉ះពាល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលនឹងចាត់នូវវិធានការតឹងរ៉ឹងបំផុតប្រសិនបើមានករណីរំលោភអំណាចនេះកើតឡើង។


ជាមួយគ្នាដែរ ការបញ្ជាក់សាជាថ្មី រាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាដើម្បីជួយទៅដល់រដ្ឋបាលរាជធានី/ខេត្ត/ស្រុក/ឃុំ/សង្កាត់ ដើម្បីមានលទ្ធភាព និងសមត្ថភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ។


ជាថ្មីម្ដងទៀត ខ្ញុំសូមអបអរសាទររដ្ឋបាលខេត្តកំពង់ស្ពឺ ចំពោះការទទួលបាននូវអគារដ៏ថ្មីសន្លាងនេះ ក៏ដូចជាការប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីនក្នុងខណៈនេះ។ ខ្ញុំសង្ឃឹមថា ជាមួយនឹងសមិទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ ខេត្តកំពង់ស្ពឺនឹងបើកនូវទំព័រថ្មីមួយទៀត ដែលក្នុងនោះជាការអភិវឌ្ឍដ៏ពេញលេញ និងឆ្ពោះទៅរកអនាគតមួយដ៏ច្បាស់លាស់ និងភ្លឺស្វាង។ ទន្ទឹមនឹងនេះ ខ្ញុំក៏សង្ឃឹមថា ខេត្តដទៃទៀតក៏នឹងក្លាយជាខេត្តអស់មីនជាបន្តបន្ទាប់ ជាពិសេស ខេត្ត១២ដែលនៅសល់ និងអាចឈានទៅសម្រេចបាននូវគោលគំនិតផ្ដួចផ្ដើមដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ក្នុងការធ្វើឲ្យកម្ពុជាគ្មានមីនៅក្នុងឆ្នាំ២០២៥។ ការសម្រេចបាននូវកិច្ចការនេះ នឹងទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ហើយខ្ញុំមានសុទិដ្ឋិនិយមថា យើងនឹងបន្តទទួលបានការគាំទ្រពីវិស័យឯកជន ដៃគូអភិវឌ្ឍន៍ បណ្ដាប្រទេសជាមិត្ត និងអង្គការជាតិ/អន្តរជាតិ ដើម្បីសម្រេចនូវបេសកកម្មនេះ។


ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃអង្គពិធីទាំងមូល សូមប្រកបតែនឹងសុខភាពល្អបរិបូរណ៍ មានសុភមង្គលគ្រប់ក្រុមគ្រួសារ និងសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ចក្រោមម្លប់ដ៏សែនត្រជាក់នៃសុខសន្តិភាព។ ខ្ញុំសូមប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីនចាប់ពីពេលនេះតទៅ។


ថ្ងៃនេះ ដែលខ្ញុំក៏នាំនូវអំណោយឧបត្ថម្ភផងដែរ ជូនក្រុមប្រឹក្សាឃុំ/សង្កាត់ ស្មៀន អាជ្ញាធរភូមិ ចូលរួមក្នុងអង្គពិធី សរុប ២ ០៨៣នាក់ ម្នាក់ៗថវិកា ១០ម៉ឺនរៀល។ ជូនក្រុមប្រតិបត្តិករបោសសម្អាតមីន ៥ ក្រុម មានបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អង្គភាព CMAC អង្គការ MAG និងអង្គការ Halo Trust ក្នុងមួយក្រុមៗថវិកា ៥ លានរៀលផងដែរ។ ហើយជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ៣លានរៀល និងក្រុមតន្រ្តីសម័យ ៥ លានរៀល។ ហើយសូមប្រសិទ្ធពរជ័យឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនទាំងអស់ ទទួលបានតែនឹងពុទ្ធពរ និងពរាទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លាងឃ្លៀតឡើយ៕

No comments:

Post a Comment