អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូបនៅក្នុងឆ្នាំ២០២៣
ត្រូវបានឈ្នះ ពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព
រសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ ( 1st China-ASEAN Taste
Quality Appraisal Activities of High-Quality Indica Rice Variety)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា
ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែតុលានេះ។
កម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃតំបន់ស្វយ័ត
Guangxi Zhuang របស់ប្រទេសចិន (Guangxi Zhung
Autonomous Region Seed Management Station ad Rice Research Institute of Guangxi
Academy of Agricultural Science) នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។
ជាលទ្ធផលពីកិច្ចការប្រកួតនៅក្នុងចំណោមសំណាកអង្ករនៃពូជស្រូវសរុបចំនួន
៦១ ដែលក្នុងនោះចំនួន ១២ប្រភេទ មកពីប្រទេសអាស៊ានចំនួន ៥ប្រទេស និងចំនួន ៤៩ប្រភេទ
មកពីតំបន់ស្វយ័ត និងខេត្តដែលដាំដុះស្រូវនៅប្រទេសចិន។
អង្ករម៉ាកសមូហភាព SKO ដែលមានពូជស្រូវឈ្មោះសែនក្រអូប (SEN
KRA-OB) ត្រូវបានទទួលស្គាល់ដោយ គណៈកម្មាធិការប្រកួត ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់
ព្រមទាំងឈ្នះពានរង្វាន់មាស ក្នុងចំណោមពានរង្វាន់មាសរបស់ពូជស្រូវរបស់ប្រទេសផ្សេងទៀត។
សហព័ន្ធស្រូវអង្ករកម្ពុជា សូមថ្លែងអំណរគុណដល់ប្រជាកសិករទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់
ដាំដុះ ថែទាំ និងផ្តល់នូវគ្រាប់ស្រូវដែលផលិតចេញជាអង្ករដែលមានគុណភាព ឱជារស មិនតែប៉ុណ្ណោះសម្រស់គ្រាប់អង្ករបានយ៉ាងល្អ
ដែលនាំឱ្យទទួលបាននូវពានរង្វាន់មាសនៅពេលនេះផងដែរ។
សហព័ន្ធស្រូវអង្ករកម្ពុជា
បានថ្លែងអំណរគុណដល់ សមាជិក សមាជិកា ដែលជារោងម៉ាស៊ីនកិនស្រូវដែលបានផ្តល់នូវវត្ថុសំណាកអង្ករសម្រា
ប់ជ្រើសរើសចូលរួមក្នុងការប្រកួត និងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន CICC (Cambodia) Co., Ltd ដែលជួយសម្របសម្រួលផ្នែកភស្តុភារកម្មក្នុងការចូលប្រកួតបានទាន់ពេលវេលា។
សហព័ន្ធស្រូវអង្ករកម្ពុជា
ក៏សូមថ្លែងអំណរគុណដល់ លោក តាំង សុខងន់ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង
តំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិនដែលជួយចូលរួមទទួលនូវពានរង្វាន់កិត្តិយសនេះសម្រាប់វិស័យស្រូវអង្ករកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា សូមអំពាវនាវដល់ប្រជាកសិករទាំងអស់
សូមមេត្តាខិតខំបន្តនូវការងារដាំដុះ ដែលប្រកបដោយគុណភាព និងមោទនភាពនេះជាបន្តទៀត។ ការទទួលបាននូវពានរង្វាន់មាសនេះនឹងជួយឱ្យតម្លៃអង្ករសែនក្រអូបមានការទទួលស្គាល់កាន់តែច្រើនឡើង
និងមានទីផ្សារកាន់តែធំទូលាយថែមទៀត។
សូមបញ្ជាក់ផងដែរថា៖ ពូជស្រូវសែនក្រអូបជាពូជស្រូវមិនប្រកាន់រដូវដែលដែលត្រូវបានដាំដុះ
ដោយប្រជាកសិករតាំងពីពាក់កណ្តាលទស្សវត្ស៩០ ដើម្បីឆ្លើយតបទៅកាន់ទីផ្សារ ក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋាន កសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវ
និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សកលវិទ្យាល័យភូមិន្ទកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ
និងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី បានរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការលើបច្ចេកទេស
និងហិរញ្ញវត្ថុ ដើម្បីរៀបចំឱ្យមានពូជស្រូវសែនក្រអូបមួយច្បាស់លាស់ ឆ្លងតាមការសិក្សានិងកិច្ចខិតខំរបស់អ្នកវិទ្យាសាស្ត្រស្រូវនៃវិទ្យាស្ថានស្រាវជ្រាវ
និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានសម្រាំងឡើងដោយជម្រើសឯកទត្តចេញពីពូជស្រូវក្រអូបផ្សេងៗ
រហូតទទួលបានពូជស្រូវសែនក្រអូបមួយដែលល្អ ហើយត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០១៩
ក្រោមឈ្មោះជាផ្លូវការថា «សែនក្រអូប ០១»៕
ឈ្នះរហូត តែតំលៃស្រូវថោកណាស់ ប្រជាកសិករខំណាស់ តែការទទួលបានគឺមិនស្មើរនឹងអ្វីដែលពួកគាត់ខំប្រឹង
ReplyDelete