Tuesday, August 29, 2023

វិភាគអន្តរជាតិ៖ សម្រាប់វៀតណាម! ភាពតានតឹងជាមួយចិន គឺជាហេតុផលដើម្បីខិតកាន់តែជិតសហរដ្ឋអាមេរិក

FN-(វ៉ាស៊ីនតោន)៖ ប្រឈមមុខនឹងការកើនឡើងភាពតានតឹងជាមួយចិន វៀតណាមកំពុងពិចារណាលើការធ្វើបច្ចុប្បន្នភាពទំនាក់ទំនងសន្តិសុខជាមួយសហរដ្ឋអាមេរិក បើទោះជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួននៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះនៅតែមានការសង្ស័យក៏ដោយ។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលើកឡើង ដល់ទៅ៣លើក គឺកាលពីថ្ងៃទី៣១ ខែកក្កដា ថ្ងៃទី៨ ខែសីហា និងថ្ងៃទី១០ ខែសីហាកន្លងទៅនេះថាសហរដ្ឋអាមេរិក និងវៀតណាមមានបំណងធ្វើបច្ចុប្បន្នភាពទំនាក់ទំនង ទ្វេភាគី ពី «ភាពជាដៃគូគ្រប់ជ្រុងជ្រោយ» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ»។

លោក ចូ បៃដិន ក៏បានបញ្ជាក់ដែរថាលោកអាចនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីត្រួតត្រាយផ្លូវឆ្ពោះទៅរកការធ្វើបច្ចុប្បន្នភាព ទំនាក់ទំនងជាផ្លូវការ មុនលទ្ធភាពនៃការចុះហត្ថលេខានាឱកាសនៃកិច្ចប្រជុំកំពូល G-20 ក្នុងប្រទេសឥណ្ឌា នៅខែកញ្ញាក្រោយនេះ។ ការអះអាងរបស់លោក ចូ បៃដិន កើតមានឡើង ចំពេលវៀតណាម និងចិនកំពុងមានភាពតានតឹងនឹងគ្នា នៅឯតំបន់ជម្លោះដែនទឹកសមុទ្រចិនខាងត្បូង។ បើទោះជាសហរដ្ឋអាមេរិក បានទទូចម្ដងហើយ ម្តងទៀតពីចេតនាចង់លើកកម្ពស់ទំនាក់ទំនងជាមួយវៀតណាមក៏ដោយ ក៏ទីក្រុងហាណូយ បានធ្វើជាមិនអើពើអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែមិនចង់ មានភាពរកាំរកូសជាមួយចិន និងរុស្ស៉ី។

ក៏ប៉ុន្តែ ការប្រែប្រួលស្ថានការណ៍ភូមិសាស្ត្រនយោបាយសព្វថ្ងៃ គួបផ្សំនឹងការប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយទូករបស់ចិនក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម នៅសមុទ្រចិនខាងត្បូងពីថ្ងៃទី៧ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនាកន្លងទៅនេះ អាចនឹងជំរុញឱ្យទីក្រុងហាណូយ ផ្លាស់ប្ដូរគំនិត​។ កាលពីឆ្នាំ២០១៩ នៅពេលវៀតណាម មានភាពតានតឹងជាមួយចិន ទាំងរុស្ស៉ី និងសហរដ្ឋអាមេរិកសុទ្ធតែឈរនៅខាងវៀតណាម។ តែនៅខែឧសភា ឆ្នាំ២០២៣នេះ រុស្ស៉ីបានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយចិន រហូតទៅជា «ភាពជាដៃគូគ្មានព្រំដែន» ដែលទំនាក់ទំនងបែបនេះ ច្បាស់ណាស់រុស្ស៉ីនឹងមិនអាចគាំទ្រវៀតណាម ដូចមុនៗបានទៀតឡើយ។ មិនតែប៉ុណ្ណោះ ក្នុងពេលដំណាលគ្នានោះដែរ ពោលគឺក្នុងខែឧសភា ទីក្រុងវ៉ាស៊ីនតោនបានព្យាយាមដឹកនាំកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងជាមួយចិន ដោយមិនបានហើបមាត់ និយាយគាំទ្រវៀតណាមឡើយ ផ្ទុយពីកាលពីឆ្នាំ២០១៩ ដែលអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានថ្កោលទោសសកម្មភាពរបស់ចិន។

ដោយសារតែស្ថានការណ៍វិវត្តន៍ទាំងនេះ វាមានហេតុផលជាច្រើននៅពីក្រោយការផ្លាស់ប្ដូរការគិតរបស់វៀតណាម ហើយក្នុងនោះជាពិសេសគឺអាយុជីវិតនៃរបបដឹកនាំរបស់ គណបក្សកម្មុយនិស្ដវៀតណាមតែម្ដង។ បានន័យថាប្រសិនបើគណបក្សកម្មុយនិស្ដវៀតណាម (VCP) មិនមានសមត្ថភាពភាព ឬមិនអាចការពារអធិបតេយ្យជាតិ ប្រឈមមុខជាមួយចិនបានទេ នោះប្រជាជនវៀតណាមទូទៅអាចនឹងចាប់ផ្ដើមចោទជាសំណួរពី «ភាពស្របច្បាប់» របស់ VCP។ វៀតណាម មិនមានមធ្យោបាយ ព្រមទាំង សមត្ថភាពគ្រប់គ្រាន់ដើម្បីប្រជែងខាងយោធាជាមួយចិនតែម្នាក់ឯងបានឡើយ ដែលនេះអាចពន្យល់បានពីការកើនឡើងចំណាប់អារម្មណ៍របស់ទីក្រុងហាណូយ ដើម្បីជំរុញ ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។ វៀតណាមក៏មានការព្រួយបារម្ភផងដែរពីការកើនឡើងនៃទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងចិនជាមួយកម្ពុជា និងឡាវ។ ចំណែក ក្ដីកង្វល់ចុងក្រោយបំផុត នោះគឺពាក់ព័ន្ធនឹងរុស្ស៉ីដែលជាដៃគូនយោបាយ និងសន្តិសុខដ៏សំខាន់របស់ទីក្រុងហាណូយជាយូរណាស់មកហើយ។ ប៉ុន្តែ «ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្មានព្រំដែន» របស់រុស្ស៉ីជាមួយចិន បានបង្កជាក្ដីកង្វល់ដ៏ធំដល់វៀតណាមថាចិនអាចនឹងប្រើប្រាស់ឥទ្ធិពលលើរុស្ស៉ី នៅក្នុងករណីជម្លោះរវាងចិន និងវៀតណាម ផ្ទុះឡើងនៅថ្ងៃណាមួយ។ ដូច្នេះវៀតណាមចាំបាច់ត្រូវតែរក «ខ្នងបង្អែក»។

ជាផ្នែកមួយនៃយុទ្ធសាស្ត្រជាប្រពៃណីរបស់ខ្លួន វៀតណាមតែងតែព្យាយាមជានិច្ច ក្នុងការរក្សាតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចទាំង៥ ដែលជាសមាជិកអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមានចិន បារាំង រុស្ស៉ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ម្លោះហើយការលើកកម្ពស់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក អាចនឹងបំផ្លាញដល់ការប្រឹងប្រែងរក្សាតុល្យភាពទំនាក់ទំនងនេះ ហើយក៏អាចធ្វើឱ្យល្អក់កករដល់ទំនាក់ទំនងជាមួយចិន និងរុស្ស៉ីផងដែរ។ តែយ៉ាងណាក៏ដោយ ការបន្ត បដិសេធចំពោះសហរដ្ឋអាមេរិក លើការលើកកម្ពស់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ក៏មិនមែនជារឿងល្អសម្រាប់វៀតណាមនោះដែរ ពីព្រោះវាអាចនឹងធ្វើឱ្យបាត់បង់ ការគាំទ្រពីសហរដ្ឋអាមេរិក ជាពិសសេក្នុងពេលដែលសមាជិកសភាអាមេរិកកំពុងចោទសួរពីកំណត់ត្រាសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម។

ថ្នាក់ដឹកនាំកំពូលៗ នៃគណបក្សកម្មុយនិស្ដវៀតណាម មានការព្រួយបារម្ភជាប្រចាំថាសហរដ្ឋអាមេរិកនៅតែចិញ្ចឹមចិត្តចង់ផ្ដួលរំលំរបបដឹកនាំដោយឯកបក្សរបស់វៀតណាម តាមរយៈការផ្លាស់ប្ដូរវប្បធម៌បន្តិចម្ដងៗ ឬចលាចលសង្គមដូចជា «បដិវត្តន៍ពណ៌» គាំទ្រដោយលោកខាងលិចដែលបានធ្វើឱ្យរញ្ជួយពេញពិភពលោក នៅអំឡុងទសវត្សរ៍ ឆ្នាំ១៩៩០ និងទសវត្សរ៍ឆ្នាំ២០០០។ ដូច្នេះ វាអាចទៅរួចថាថា្នក់ដឹកនាំវៀតណាមនឹងបន្តមើលឃើញថាទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ជាមួយការសង្ស័យ និងអាចជាគ្រោះថ្នាក់ដល់អាយុជីវិតយូរអង្វែងរបស់គណបក្សកុម្មុយនិស្ដវៀតណាម។ ប៉ុន្តែទោះជាមានការព្រួយបារម្ភ និងការសង្ស័យចំពោះសហរដ្ឋអាមេរិកក៏ដោយ ក៏ទីក្រុង ហាណូយ ទំនងជានឹងសម្រេចចិត្តរិះរកវិធីកាត់បន្ថយ «គ្រោះថ្នាក់ជាបន្ទាន់» បង្កឡើងដោយចិនក្នុងពេលបច្ចុប្បន្ន ជាជាងប្រឹងប្រែងកាត់បន្ថយគ្រោះថ្នាក់បង្កដោយ សហរដ្ឋអាមេរិក ដូចដែលបានលើកឡើងខាងលើ។

គួរបញ្ជាក់ថា បរាជ័យរបស់វៀតណាម ក្នុងការបណ្ដេញទូករបស់ចិនចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន (EEZ) កាលពីខែឧសភាកន្លងទៅ បានបង្ហាញពីការខ្វះខាត ការគាំទ្រពីអន្តរជាតិ និងអសមត្ថភាពរបស់ទីក្រុងហាណូយ ដើម្បីការពារអធិបតេយ្យដែនទឹករបស់ខ្លួន។ កត្តាទាំងនេះអាចនឹងជំរុញឱ្យវៀតណាម ពិចារណាយ៉ាងប្រាកដប្រជា ជាងមុន លើការលើកកម្ពស់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដែលជាប្រទេសតែមួយគត់មានឆន្ទៈ និងមធ្យោបាយពេញលេញ ដើម្បីទប់ទល់ជាមួយចិន ក្នុងតំបន់ជម្លោះដែនទឹក។

កិច្ចព្រមព្រៀងណាមួយរវាងសហរដ្ឋអាមេរិក និងវៀតណាម អាចនឹងបើកចំហកិច្ចសហប្រតិបត្តិការថ្មីៗនៅក្នុងវិស័យសំខាន់ៗដូចជាការផ្ទេរបច្ចេកវិទ្យា និងការចែករំលែក ព័ត៌មានសម្ងាត់។ ការចែករំលែងព័ត៌មានសម្ងាត់នេះឯងអាចជួយវៀតណាម ក្នុងការតាមដានសកម្មភាពរបស់ចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ វាក៏អាចជំរុញកំណើន សេដ្ឋកិច្ចវៀតណាមផងដែរ តាមរយៈការសម្របសម្រួលក្រោមកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងថាមពលបៃតង ព្រមទាំង ជួយកាត់បន្ថយការពឹងផ្អែកខ្លាំងពេករបស់វៀតណាមទៅលើការទិញអាវុធពីរុស្ស៉ី សំដៅធ្វើពិពិធកម្មអាវុធរបស់ខ្លួន ដើម្បីអាចទិញអាវុធកាន់តែស្រួលពីសហរដ្ឋអាមេរិក៕


No comments:

Post a Comment