Thursday, June 01, 2023

វិភាគអន្តរជាតិ៖ សង្រ្គាមរបស់លោក ពូទីន ជាឱកាសរបស់សហរដ្ឋអាមេរិក


(វ៉ាស៊ីនតោន)៖ ការសន្ទនាពីគោលនយោបាយអាមេរិក ចំពោះប្រទេសអ៊ុយក្រែន គឺតែងតែលើកឡើងជារឿយៗថាអ៊ុយក្រែនគឺជាបញ្ហាមួយ។ អ្នកខ្លះយល់ថា បញ្ហាអ៊ុយក្រែន បង្វែរការចាប់អារម្មណ៍របស់សហរដ្ឋអាមេរិកពីចិន រីឯខ្លះទៀតភ័យខ្លាចពីការផ្ទុះសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី និងផលវិបាកខាងហិរញ្ញវត្ថុ រួមទាំងវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយសារតែការផ្ដល់ជំនួយគាំទ្រអ៊ុយក្រែន។


ការព្រួយបារម្ភទាំងនេះសុទ្ធតែមានហេតុផលរៀងៗខ្លួន។ ប៉ុន្តែគេភ្លេចគិតចំណុចដ៏សំខាន់មួយ នោះគឺសង្រ្គាមដែលផ្ទុះឡើងដោយសារការវិនិច្ឆ័យខុស ការរៀបចំផែនការ និងការអនុវត្តជាក់ស្ដែងមិនបានល្អរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាន និងកំពុងដុតបញ្ឆេះគំនិតស្នេហាជាតិយ៉ាងពុះកញ្ជ្រោល នៅក្នុងប្រទេសអ៊ុយក្រែន។ ប្រទេសមួយដែលនឹងងើបចេញពីសង្រ្គាមរបស់លោក ពូទីន ដូចជាអ៊ុយក្រែន នឹងក្លាយជា «កងទ័ពដ៏អស្ចារ្យមួយ» ក្នុងតំបន់អឺរ៉ុប ដែលនឹងផ្សារភ្ជាប់គ្នាយ៉ាងរឹងមាំ ទៅនឹងផលប្រយោជន៍ និងទស្សនវិស័យវែងឆ្ងាយជាមួយសហរដ្ឋអាមេរិក។

នៅអ៊ុយក្រែន គំនិតស្នេហាជាតិបានរីកសុះសាយ និងមានពាក្យស្លោកជាច្រើនដែលត្រូវបានគេយកមកប្រើដើម្បីដាស់ស្មារតីប្រជាជន។ «ជីតារបស់ខ្ញុំ បានប្រយុទ្ធ ជាមួយទាហានរុស្ស៉ី ហើយខ្ញុំគិតថាកូនរបស់ខ្ញុំ និងចៅរបស់ខ្ញុំ ក៏នឹងប្រយុទ្ធប្រឆាំងនឹងពួកគេដូចគ្នាដែរ»។ នេះជាការលើកឡើងរបស់ យុទ្ធជនសង្រ្គាមក្នុងទីក្រុង ម៉ារីយ៉ូប៉ូលម្នាក់ ដែលត្រូវបានទាហាន ​និងប្រជាជនស៊ីវិលអ៊ុយក្រែនយកមកនិយាយតៗគ្នា។

ដើម្បីស្វែងយល់ពីអ៊ុយក្រែន ក្នុងពេលបច្ចុប្បន្ន គេអាចសាកគិតទៅមើលប្រទេសអ៉ីស្រាអែល។ អ៉ីស្រាអែលជាប្រទេសមួយដែលបានបាត់បង់ទឹកដីខ្លួនឯង អស់រាប់សវត្សរ៍ តែប្រជាជនអ៉ីស្រាអែលមានការប្ដេជ្ញាយ៉ាងខ្លាំងក្នុងការកំណត់ជោគវាសនារបស់ខ្លួនឯង និងប្ដូរផ្ដាច់ដើម្បីឯករាជ្យ និងបូរណភាពទឹកដី។ ទាំងអ៉ីស្រាអែល និងអ៊ុយក្រែន មើលទៅមានវាសនាស្រដៀងគ្នាដែរ។ ដូចគ្នាទៅនឹងអ៊ីស្រាអែល អ៊ុយក្រែនធ្លាប់រងការឈឺចាប់ដោយសារអំពើប្រល័យ ពូជសាសន៍របស់ស្ដាលីន ក្នុងស.វទី២០ ហើយបច្ចុប្បន្នវិញ លោក ពូទីន ក៏ដឹកនាំការធ្វើសង្រ្គាមឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន។ សង្រ្គាមនេះមិនដឹងថា នឹងបញ្ចប់នៅថ្ងៃណានោះទេ ហើយគេក៏មិនដឹងថាតើបណ្ដា ប្រទេសលោកខាងលិចអាចជួយអ៊ុយក្រែនបានយូរដល់ណាទៀតនោះដែរ។

ប៉ុន្តែ រឿងមួយដែលគេកំពុងឃើញនឹងភ្នែក នោះគឺអ៊ុយក្រែន បាន និងកំពុងក្លាយជាកងទ័ពដ៏អស្ចារ្យមួយក្នុងតំបន់អឺរ៉ុប ដែលមានប្រវត្តិធ្វើសង្រ្គាមជាមួយ​មហាអំណាច យោធារុស្ស៉ី ព្រមទាំងកំពុងកែប្រែទិដ្ឋភាពយុទ្ធសាស្ត្រក្នុងតំបន់អឺរ៉ុបទាំងមូល។ អ៊ុយក្រែនអាចនឹងចូលរួមជាមួយប្រទេសប៉ូឡូញ ប្រទេសក្នុងតំបន់បាល់ទិក រួមទាំងប្រទេសក្នុងតំបន់ស្កង់ឌីណាវ បង្កើតជាប្លុកយោធាថ្មីមួយដើម្បីប្រឆាំងនឹងការវាតទីទឹកដីរបស់រុស្ស៉ី។ ខណៈសង្រ្គាម និងគ្រោះថ្នាក់នៅតែមាន ប្លុកនេះច្បាស់ណាស់នឹង មានការប្ដេជ្ញាចិត្តខ្ពស់ចំពោះ «សម្ព័ន្ធភាពអន្តរអាត្លង់ទិក» ហើយកាន់តែមើលឃើញសហរដ្ឋអាមេរិក ជាដៃគូដ៏សំខាន់មួយមិនអាចខ្វះបានជាដាច់ខាត។ ពួកគេក៏អាច នឹងប្រើទម្ងន់របស់ខ្លួននៅក្នុងបក្សសម្ព័ន្ធយោធា NATO និងសហភាពអឺរ៉ុប ប្រឆាំងជំទាស់នឹងការប៉ុនប៉ងទាំងឡាយណាមួយរបស់ប្រទេសអឺរ៉ុបមានឆន្ទៈទន់ខ្សោយ មួយចំនួនដែលចង់កាត់បន្ថយតួនាទីរបស់សហរដ្ឋអាមេរិក ក្នុងតំបន់អឺរ៉ុប ទៀតផង។

មិនតែប៉ុណ្ណោះ ប្រសិនបើសង្រ្គាមបញ្ចប់ទៅដោយអ៊ុយក្រែន គឺជាអ្នកឈ្នះ នោះសង្រ្គាមនេះនឹងជួយបង្កើតសម្ព័ន្ធមិត្តថ្មីមួយដ៏ខ្លាំងក្លាឱ្យសហរដ្ឋអាមេរិក ដែលនឹងជួយ លើកកម្ពស់គុណតម្លៃនៃសម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិក ព្រមទាំងនឹងកាត់បន្ថយឥទ្ធិពលនៃមហាអំណាចសើរើនិយមដូចជារុស្ស៉ី។

សង្រ្គាមរបស់លោក ពូទីន គឺជាសង្រ្គាមដ៏ធំមួយក្នុងសម័យព័ត៌មានវិទ្យា។ អ៊ុយក្រែនដែលសម្បូរវិស្វករ software និងអ្នកជំនាញ IT ស្រាប់ តាំងតែពីមុន សង្រ្គាមផ្ទុះឡើង បានស្ម័គ្រចិត្តចូលរួមជាមួយកងទ័ពជាតិ និងជួយអភិវឌ្ឍយុទ្ធសាស្ត្រថ្មីសម្រាប់សង្រ្គាម ក៏ដូចជាវិភាគព័ត៌មាន ដើម្បីបំបែកផែនការ របស់រុស្ស៉ី ហើយការធ្វើបែបនេះអាច ទៅបាន គឺផ្ដើមចេញពីគំនិតស្នេហាជាតិដុតបញ្ឆេះដោយសង្រ្គាមរបស់លោក ពូទីន។

អ៊ុយក្រែន ចង់បានទំនាក់ទំនងភាពជាដៃគូកាន់តែស៊ីជម្រៅជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក និងមន្ទីរបញ្ចកោណ ហើយដូចគ្នានៅនឹងកិច្ចសហប្រតិបត្តិការ ខាងបច្ចេកវិទ្យាជិតស្និទ្ធជាមួយអ៉ីស្រាអែល កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាជាមួយអ៊ុយក្រែនក៏អាចនឹងជួយដល់វិស័យឯកជន និងយោធាអាមេរិក អាចបន្ត រក្សា និងបង្កើនការនាំមុខចិន។ ដូច្នេះ ការជួយអ៊ុយក្រែន មិនមែនជាផែនការសប្បុរសធម៌ដែលកើតចេញពីមនោសញ្ចេតនានោះទេ ឬក៏ជាការបង្វែរការចាប់ អារម្មណ៍របស់សហរដ្ឋអាមេរិក ចេញពីចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះដែរ តែវាបានផ្ដល់ឱកាសមាសមួយសម្រាប់សហរដ្ឋអាមេរិក ទៅវិញ៕

No comments:

Post a Comment