(ប៉េកាំង)៖ «សូមមេត្តាយកកូនបន្ថែម»។ នេះគឺជាសារមួយដែលរដ្ឋាភិបាលចិនផ្ញើទៅកាន់ប្រជាជនរបស់ខ្លួន ក្រោយបានអនុវត្តគោលនយោបាយកូនតែមួយ អស់រយៈពេលរាប់ទសវត្សរ៍។ ប៉ុន្តែ តើហេតុអ្វីបានជាធ្វើឱ្យចិនផ្លាស់ប្ដូរចិត្តទាំងស្រុងបែបនេះ? នៅត្រង់នេះ ហេតុផលគឺដោយសារតែចំនួនទារកចាប់កំណើត បាន ថយចុះក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា ជាហេតុបង្កឱ្យចំនួនប្រជាជនចិនធ្លាក់ចុះជាលើកដំបូងកាលពីឆ្នាំ២០២២ គិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០មក ខណៈ ការសិក្សាបានបង្ហាញថាប្រជាជនចិន មួយភាគបី នឹងមានអាយុ ៦០ឆ្នាំឡើងទៅ នៅឆ្នាំ២០៣០។
ការវិវត្តន៍ទាំងនេះគំរាមកំហែងយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចចិន ដែលពឹងផ្អែកមួយផ្នែកធំលើកម្លាំងពលកម្ម។ ការថយចុះចំនួនប្រជាជន មិនមែនចង់សំដៅថានឹង ខ្វះខាតប្រជាជនវ័យក្មេង ដើម្បីមើលថែប្រជាជនវ័យចំណាស់តែប៉ុណ្ណោះទេ។ ប៉ុន្តែរឿងសំខាន់ នោះគឺកំណើនសេដ្ឋកិច្ចចិនអាចនឹងជួបឧបសគ្គរាំងស្ទះកាន់តែខ្លាំង ដើម្បីវ៉ាសហរដ្ឋអាមេរិក ហើយក៏អាចនឹងបាត់ឈ្មោះជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក ទៅឱ្យឥណ្ឌាផងដែរ ដែលត្រូវបានគេព្យាករថា អាចនឹងវ៉ាដាច់ចិនកា្លយជាប្រទេសមានប្រជាជនច្រើនជាងគេបំផុត នៅក្នុងឆ្នាំ២០២៣នេះ។ ខាងក្រោមនេះជាចំណុចសំខាន់ៗគួរឈ្វេងយល់ទាក់ទងនឹង ការថយចុះចំនួនប្រជាជនចិន៖
* តើរដ្ឋាភិបាលចិនបានធ្វើអ្វីខ្លះ?
ការិយាល័យនយោបាយនៃគណបក្សកុម្មុយនិស្ដចិន កាលពីឆ្នាំ២០២១ បានសម្រេចចិត្តអនុញ្ញាតឱ្យគូសា្វមីភរិយានៅក្នុងប្រទេសចិនមានកូន ៣នាក់ ៥ឆ្នាំក្រោយ ការផ្លាស់ប្ដូរគោលនយោបាយកូនតែមួយ ដែលបានអនុវញ្ញាតឱ្យស្ត្រីអាចមានកូន២នាក់។ មុនដំបូងឡើយ ការផ្លាស់ប្ដូរគោលនយោបាយកូនតែមួយទៅជា គោលនយោបាយកូន២នេះ បានដំណើរការទៅមុខយ៉ាងល្អប្រសើរ។ នៅក្រោមគោលនយោបាយនេះ ទារកចាប់កំណើតក្នុងឆ្នាំ២០១៦ មានចំនួន១៧.៩លាននាក់ ឬកើនឡើង ១លាននាក់ ធៀបទៅនឹងកាលពីឆ្នាំ២០១៥។ តែទោះជាបែបនេះក្ដី ក្រោយមកទៀត អត្រាទារកកើតបានធ្លាក់ចុះជារៀងរាល់ឆ្នាំ ដោយនៅឆ្នាំ២០២២ ទារកចាប់កំណើតមានត្រឹមតែ ៩.៥៦លាននាក់ប៉ុណ្ណោះ ហើយនេះជាកំណត់ត្រាទាបបំផុតមួយគិតចាប់តាំងពីឆ្នាំ១៩៥០មក។ ប្រឈមមុខនឹងស្ថានការណ៍នេះ តំបន់មួយចំនួននៅក្នុងប្រទេសចិនបានអនុវត្តការលើកទឹកចិត្តដល់គូសា្វមីភរិយា ក្នុងការយកកូន ចាប់ពីការបន្ថែមថ្ងៃឈប់សម្រាកមាតុភាព ការផ្ដល់ប្រាក់ឧបត្ថម្ភ និងការផ្ដល់ប្រាក់កម្ចីសម្រាប់ទារកជាដើម។ ជាក់ស្ដែង នៅឯទីក្រុង Shenzhen នៅក្បែរទីក្រុងហុងកុង បានដាក់ចេញផែនការផ្ដល់ប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលដល់ ឪពុកម្ដាយ រហូតដល់កូនរបស់ពួកគេមានអាយុ ៣ឆ្នាំ។
* តើចំនួនប្រជាជនចិនថយចុះដល់កម្រិតណា?
បើតាមទិន្នន័យផ្លូវការមួយចេញផ្សាយដោយការិយាល័យស្ថិតិចិន កាលពីខែមករា ដើមឆ្នាំ២០២៣ ការថយចុះចំនួនទារកចាប់កំណើត និងកើនឡើងចំនួនអ្នកស្លាប់ បានធ្វើឱ្យចំនួនប្រជាជនរស់នៅចិនដីគោក ធ្លាក់ចុះអស់ ៨៥០,០០០នាក់ ក្នុងឆ្នាំ២០២២។ ប្រធានការិយាល័យស្ថិតិចិនក៏បានព្យាករដែរថានិន្នាការធ្លាក់ចុះនេះ នឹងបន្តទៅមុខ ដោយសំអាងលើការធ្លាក់ចុះនៃឆន្ទៈប្រជាជនចិនក្នុងការយកកូន ការពន្យារពេលរៀបការ និងពពោះ រួមទាំងការធ្លាក់ចុះចំនួនស្ត្រីដែលគ្រប់អាយុ អាចយកកូន គួបផ្សំជាមួយនឹងការឆ្លងរាតត្បាតកូវីដ១៩ កាលពីមុន ដែលបានជំរុញឱ្យតួលេខអ្នកស្លាប់កើនឡើងក្នុងរយៈពេលខ្លី។
ចំនួនប្រជាជនចិនគ្រប់អាយុធ្វើការ ចន្លោះពី១៥ ដល់៥៩ឆ្នាំ ក៏បានធ្លាក់ចុះផងដែរពី ៧០ភាគរយកាលពីជាងមួយទសវត្សរ៍ មកនៅត្រឹម ៦២ភាគរយ។ ចំណែកឯ «អត្រាលទ្ធភាពផ្ដល់កំណើត» ធ្លាក់ចុះមកនៅត្រឹម ១.៣ ដែលនេះនៅទាបជាងកម្រិតស្ដង់ដារ ២.១ ដើម្បីអាចរក្សាចំនួនប្រជាជនឱ្យនៅឋេរ ដោយមិនរាប់បញ្ជូល ជនអន្តោប្រវេសន៍។ បន្ថែមពីលើនេះ ក្នុងឆ្នាំ២០១៩ អង្គការសហប្រជាជាតិបានព្យាករថាចិនអាចនឹងបាត់បង់ប្រជាជន ១១០លាននាក់នៅឆ្នាំ២០៥០។
* តើអ្វីទៅជាផលប៉ះពាល់?
ប្រសិនបើការធ្លាក់ចុះចំនួនប្រជាជនពេញអាយុធ្វើការ នាំឱ្យមានការថយចុះចំនួនប្រជាជនកំពុងធ្វើការជាក់ស្ដែង នោះវាអាចនឹងធ្វើឱ្យតម្លៃកម្លាំងពលកម្ម ក្នុងប្រទេស ចិនឡើងថ្លៃ ហើយរដ្ឋាភិបាលអាចនឹងប្រឈមមុខនឹងផលលំបាកក្នុងការគាំទ្រដល់ប្រព័ន្ធសោធននិវត្តន៍ជាតិរបស់ខ្លួន។ បញ្ហាទាំងនេះឯងអាចនឹងក្លាយជាឧបសគ្គ រាំងស្ទះដល់សក្ដានុពលនៃកំណើនសេដ្ឋកិច្ចចិន រហូតទាល់តែគោលនយោបាយរបស់រដ្ឋាភិបាលជំរុញទឹកចិត្តឱ្យប្រជាជនយកកូន មានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ ផលប៉ះពាល់ក៏អាចរាលដាលដល់ក្រៅប្រទេសផងដែរ។ ជាឧទាហរណ៍ ការថយចុះចំនួនប្រជាជនចិន អាចនឹងកាត់បន្ថយចំនួននិស្សិត ឬសិស្សជនជាតិចិន បន្តការសិក្សានៅសហរដ្ឋអាមរិក អូស្ត្រាលី និងនៅតាមបណ្ដាប្រទេសដទៃផ្សេងទៀត។ ការទប់ស្កាត់ការថយចុះចំនួនប្រជាជនសម្រាប់រដ្ឋាភិបាលមានការពិបាកខ្លាំង ដ្បិតគ្រួសារចិនមួយចំនួន នៅតែឱ្យតម្លៃលើកូនប្រុសជាងកូនស្រី រហូតដល់មានគ្រួសារខ្លះសម្រេចចិត្តរំលូតកូនស្រីទៀតផង។
ដើម្បីដោះស្រាយការថយចុះចំនួនប្រជាជន រដ្ឋាភិបាលចិនបានដាក់ចេញវិធានការជាច្រើន ក្នុងនោះរួមមានទាំងការដំឡើងអាយុចូលនិវត្តន៍ ការផ្ដល់ប្រាក់ឧបត្ថម្ភ ការផ្ដល់សេវាថែទាំងកុមារដោយឥតគិតថ្លៃ និងការបន្ធូរបន្ថយពន្ធជាដើម ដើម្បីបង្កើតបរិយាកាសដែលអាចឱ្យប្រជាជនរបស់ខ្លួនយល់ថាស័ក្តិសមនឹងមានកូន។ គោលនយោបាយទាំងអស់នេះ ប្រទេសមួយជឿនលឿនដូចជាជប៉ុន និងកូរ៉េខាងត្បូងក៏ធ្លាប់បានធ្វើរួចហើយដែរ មិនបានទទួលលទ្ធផលល្អជាដុំកំភួននោះទេ។
គួរបញ្ជាក់ថា ទិន្នន័យដែលបញ្ចេញដោយអង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធ ទី១៩ ខែមេសានេះ បានបង្ហាញថា ឥណ្ឌាកំពុងឆ្ពោះទៅក្លាយជាប្រទេស ដែលមានប្រជាជនច្រើនជាងគេបង្អស់ នៅលើពិភពលោក ដោយនឹងលើសប្រជាជនរបស់ចិនក្នុងចំនួនជិត៣លាននាក់ នៅពាក់កណ្តាលឆ្នាំនេះ។
ទិន្នន័យរបស់ UN បានធ្វើការប៉ាន់ប្រមាណថា ចំនួនប្រជាជនឥណ្ឌានឹងកើនដល់១.៤២៨៦ពាន់លាននាក់ ធៀបនឹងប្រជាជនចិនចំនួន ១.៤២៥៧ពាន់លាននាក់។ UN បានគូសបញ្ជាក់ថា ទិន្នន័យខាងលើគឺឆ្លុះបញ្ចាំងព័ត៌មាន ដែលប្រមូលបានគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣។ របាយការណ៍របស់ UN មិនបានកំណត់ពេលវេលា ជាក់លាក់ ដែលចំនួនប្រជាជនឥណ្ឌា នឹងចាប់ផ្តើមកើនលើសចំនួនប្រជាជនចិននោះទេ ប៉ុន្តែកន្លងមក ក្រុមអ្នកជំនាញផ្នែកប្រជាសាស្រ្ត ដែលប្រើប្រាស់ទិន្នន័យ ពីមុនមករបស់ UN ធ្លាប់បានព្យាករថា ឥណ្ឌានឹងចាប់ផ្តើមមានប្រជាជនលើសចិនក្នុងខែមេសានេះ៕
Fresh News
No comments:
Post a Comment