Thursday, April 20, 2023

សម្តេចពិជ័យសេនា ទៀ បាញ់ បំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត

 ភ្នំពេញ៖ សម្តេចពិជ័យសនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិ “នាយឧត្តមសេនីយ៍” ដល់ជូនឯកឧត្តម។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សូមគោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ការទុកចិត្ត និងការគាំទ្រដល់រូបខ្ញុំ ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ។

គួររម្លឹកថា នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទទួលបានការដំឡើងឋានន្តរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ឯក ( ផ្កាយ៣ ) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦១៣/៦៧១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣។ ទទួលបានការតែងតាំងជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧១៨/៦៩៥ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨។ ទទួលបានការតែងតាំងជា មេបញ្ជាការ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩៣៣ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។ ទទួលបានការដំឡើងឋានន្តរស័ក្ដិ នាយឧត្តមសេនីយ៍ ( ផ្កាយ៤ ) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៤៥៤ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣៕




No comments:

Post a Comment