Wednesday, March 01, 2023

សម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានារបស់បញ្ជាការដ្ឋានកាំភ្លើងធំ នៅខេត្តកំពង់ឆ្នាំង, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រកាសប្រឆាំងដាច់ខាត ចំពោះរាល់អំពើខុសច្បាប់ទាំងឡាយ ដែលញុះញង់ឱ្យបែកបាក់សាមគ្គីភាពជាតិ

 

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងប្រកាសប្រឆាំងដាច់ខាត ចំពោះរាល់អំពើខុសច្បាប់ទាំងឡាយណា ដែលញុះញង់ឱ្យបែកបាក់សាមគ្គីភាពជាតិ។

លោកថ្លែងបែបនេះ ក្នុងពិធីសម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រមាថលើអង្គព្រះមហាក្សត្រ គឺជាទង្វើខុសច្បាប់ អសីលធម៌ និងមិនមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ។ ដូច្នេះ ក្នុងនាមជាកងកម្លាំងដែលមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ កងទ័ពជើងគោកសូមប្តេជ្ញាការពារអង្គព្រះមហាក្សត្រ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ សន្តិភាព និងការបង្រួបបង្រួមជាតិ ដើម្បីធានាការពារនិរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ ដោយប្រឆាំងដាច់ខាតចំពោះរាល់អំពើខុសច្បាប់ទាំងឡាយណា ដែលញុះញង់ឱ្យបែកបាក់សាមគ្គីភាពជាតិ។ ពិតណាស់ តាមរយៈប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា គឺបានសបញ្ជាក់ហើយថា ការបែកបាក់សាមគ្គីបាននាំមកនូវសង្រ្គាម ដែលជាសត្រូវរួមរបស់ប្រជាជាតិខែ្មរទាំងមូល»។

បើតាមលោកឧត្តមសេនីយ៍ឯក អនុលោមតាមរដ្ឋធម្មនុញ្ញ, គោលការណ៍ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ៖ ១៖ ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និង២៖ ត្រូវបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដើម្បីការពារសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គម និងស្ថិរភាពជាតិ។

ក្នុងឱកាសនោះដែរ លោកបានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលជាច្រើន ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្លែងអំណរគុណ និងកតញ្ញូតាចំពោះសម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាពរបស់យោធិន និងក្រុមគ្រួសារ តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ក៏ដូចជាការដោះស្រាយរាល់ការលំបាកផ្សេងៗ ដែលជួបប្រទះនៅតាមគ្រប់បណ្តាស្ថាប័ន-កងឯកភាពទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងបន្ថែមទៀត។

លោកក៏បានថ្លែងអំណរគុណផងដែរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័នស៊ីវិល ព្រមទាំងសប្បុរសជន ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ ដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ ហើយក៏ជាសក្ខីភាពនៃចំណងសាមគ្គីស្អិតរមួតរវាងកងទ័ព និងប្រជាជន លើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជន ដែលគាំទ្រដល់ការបំពេញភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នុងគ្រប់ដំណាក់កាល។

មួយវិញទៀត ការអភិវឌ្ឍរីកចម្រើនរបស់បណ្តាស្ថាប័ន-កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ មកដល់បច្ចុប្បន្ន ក៏មិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមចំណែកប្រកបដោយការលះបង់ និងគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ នៅក្នុងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។ ទាំងអស់នេះ គឺពិតជាបានស្តែងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ចការពារជាតិ ដើម្បីធានាបាននូវសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។

លោក ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែងរបស់បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ដែលកន្លងទៅនេះបានបំពេញតួនាទី-ភារកិច្ចទទួលបានលទ្ធផល និងស្នាដៃល្អប្រសើរ ទាំងលើការងារគ្រប់គ្រងកម្លាំងសម្រាប់អន្តរាគមន៍តាមបទបញ្ជា, ការងារហ្វឹកហ្វឺនជំនាញកាំភ្លើងធំតាមផែនការប្រចាំឆ្នាំ និងការចាត់តាំងយោធាចារ្យចុះបង្រៀននៅតាមអង្គភាពមូលដ្ឋាន គឺពិតស័ក្តិសមជាអង្គភាពឆ្នើមមួយ ដែលដើរតួនាទីយ៉ាងសំខាន់ជាសេនាធិការលើការងារដឹកនាំបញ្ជា និងគ្រប់គ្រងកម្លាំងទ័ពជំនាញកាំភ្លើងធំទូទាំងកងទ័ពជើងគោក៕





No comments:

Post a Comment