(ភ្នំពេញ)៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ជាខួបលើកទី៤៤ឆ្នាំ (២៤ កុម្ភៈ ១៩៧៩ ដល់ ២៤ កុម្ភៈ ២០២៣) នៃការជួបគ្នាឡើងវិញ រវាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយនឹងកូនប្រុស គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចបានបែកជាមួយភរិយា នៅថ្ងៃ១៨ ខែមិថុនា ឆ្នាំ១៩៧៧ មុន២ថ្ងៃដែលសម្តេចចេញដឹកនាំការតស៊ូ វាយពួក ប៉ុល ពត នៅថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧៧។
សម្តេចបញ្ជាក់ថា ដើម្បីរំលឹកដល់រឿងអតីកាល សម្តេចសូមផ្សាយចេញនូវសៀវភៅ «គូព្រេងមិនព្រាត់» ដែលអានដោយកញ្ញា ម៉ង់ ចាន់កញ្ញា តាម Channel Telegram របស់សម្តេច ខណៈខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី» ក៏នឹងត្រៀមចាក់ផ្សាយចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខ។
តាមរយៈ Facebook សម្តេចបានបង្ហោះសារយ៉ាងដូច្នេះថា «ថ្ងៃនេះ ២៤កុម្ភៈ ២០២៣នេះ ជាខួបលើកទី ៤៤ឆ្នាំនៃការជួបគ្នាឡើងវិញ រវាងខ្ញុំ និងភរិយាខ្ញុំជាមួយនឹងកូនប្រុស ដែលមិនដែលបានស្គាល់មុខគ្នា (២៤ កុម្ភៈ ១៩៧៩ ដល់ ២៤ កុម្ភៈ ២០២៣) បន្ទាប់ពីការជួបគ្នាចុងក្រោយនៅថ្ងៃ១៨ មិថុនា ១៩៧៧ មុន២ថ្ងៃដែលខ្ញុំចេញដឹកនាំការតស៊ូវាយពួក ប៉ុល ពត នៅថ្ងៃ២០ មិថុនា ១៩៧៧។
ខ្ញុំ និងភរិយាក៏ដូចជាប្រជាជនកម្ពុជា នៅទូទាំងប្រទេស សុទ្ធតែជួបរឿងប្រហាក់ប្រហែលគ្នា នៅក្នុងរបប ប៉ុល ពត។ ដើម្បីរំលឹកដល់រឿងអតីកាល ខ្ញុំសូមផ្សាយចេញនូវសៀវភៅគូព្រេងមិនព្រាត់ដែលអានដោយកញ្ញា ម៉ង់ ចាន់កញ្ញា តាម Channel Telegram នេះ។
ខ្ញុំសូមបញ្ជាក់ផងដែរថា Channel Telegram នេះក៏នឹងចាក់ផ្សាយផងដែរនូវខ្សែភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មីចាប់ពី ២០ មិនា ២០២៣ខាងមុខ គឺផ្សាយក្រោយទូរទស្សន៍បាយន្ត ផ្សាយរយៈពេលក្នុងរង្វង់មួយម៉ោងក្រោយទូរទស្សន៍បាយន្ត»។
សូមជម្រាបថា កាលពីខួបលើកទី៤៣ឆ្នាំនៃជួបគ្នាឡើងវិញ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បង្ហោះសាររៀបរាប់រឿងរ៉ាវក្រោយការជួបជុំភរិយា និងកូនប្រុស ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
ជារៀងរាល់ឆ្នាំ ខ្ញុំតែងបង្ហោះនូវដំណើររឿងនេះ ដើម្បីរំលឹកខ្លួនឯងនូវរឿងឈឺចាស់ផង និងចែករំលែកពីប្រវត្តិដ៏លំបាករបស់ខ្ញុំ និងភរិយាជូនបងប្អូនដែលចង់ដឹងផង។ ខ្ញុំបានក្លាយជាបុរសពោះម៉ាយមួយរយៈ ឬនិយាយមួយបែបគឺ (ទុក្ខប្តី ស្រីព្រាត់)។ រីឯភរិយាខ្ញុំបានក្លាយជាស្ត្រីមេម៉ាយកូន១មួយរយៈ ឬនិយាយមួយបែបគឺ (ទុក្ខស្រី ប្តីព្រាត់)។
ថ្ងៃនេះ ខ្ញុំគួរនិយាយរឿងដែលខ្ញុំពុំទាន់បាននិយាយក្រោយការជួបគ្នា។ ល្ងាចថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំបានជួបជាមួយភរិយា និងកូនខ្ញុំវិញ ក្រោយបែកគ្នាកាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ដែលពេលនោះកូនរបស់ខ្ញុំនៅក្នុងផ្ទៃ៥ខែប៉ុណ្ណោះ។ ការជួបគ្នាគឺជារឿងសប្បាយណាស់ ព្រោះយើងនៅរស់ទាំងអស់គ្នា និងបានជួបគ្នាឡើងវិញ។ សម្រាប់រូបខ្ញុំកាន់តែសប្បាយដោយបានដឹងនិងឃើញថា មានកូនប្រុស ហើយខ្ញុំបានក្លាយជាឪពុករបស់កូន។ អកុសលសម្រាប់រូបខ្ញុំ គឺកូនមិនព្រមហៅយើងថាជាឪពុក និងកាន់តែលំបាក គឺកូនមិនព្រមអោយយើងទៅជិតម្តាយគេទៀតផង។
ម៉ាណែត ទើបបានផ្តាច់ដោះប៉ុន្មានសប្តាហ៍មុនពេលមកជួបខ្ញុំ។ រ៉ានី បានប្រាប់ខ្ញុំថា ពេលរសៀលក្នុងថ្ងៃឆ្លងសាឡាងអ្នកលឿង ក្នុងដំណើរមកភ្នំពេញ ម៉ាណែត បានក្រឡេកឃើញគេលក់នំបុ័ង ម៉ាណែត ឃ្លានណាស់ចង់បាននំបុ័ងញាំ តែទាំងភរិយាខ្ញុំ ស៊ីណាត ប្អូនស្រីខ្ញុំ និងអតីតយុទ្ធមិត្ត២នាក់ ដែលជិះម៉ូតូដឹកភរិយា និងកូនខ្ញុំមកកាន់ទីក្រុងភ្នំពេញគ្មានប្រាក់ ឬរបស់អ្វីដើម្បីដោះដូរជាមួយនំបុ័ងនេះឡើយ។
ម៉ាណែត កូនកំសត់មួយនេះ បានត្រឹមលេបទឹកមាត់មើលមុខម្តាយ ដែលកំពុងហូរទឹកភ្នែកអាណិតកូន។ បន្ទាប់ពីបាយល្ងាច និងក្រោយដឹងរឿងនំបុ័ង នៅលើសាឡាងអ្នកលឿង ខ្ញុំរកបានស្ករគ្រាប់ប្រហែលជាង១០គ្រាប់ប្រគល់អោយកូន។ ម៉ាណែត ទទួលយក តែគេយកទៅគប់លេង ព្រោះគេមិនស្គាល់ស្ករគ្រាប់ទេ។
ខ្ញុំបកស្ករគ្រាប់ប្រគល់អោយ ម៉ាណែត តែកូនរុញដៃខ្ញុំចេញ ដល់ពេលខ្ញុំហូបស្ករគ្រាប់ទើប ម៉ាណែត ដឹងថាជារបស់សម្រាប់ញាំ ម្តងនេះ ម៉ាណែត ញាំស្ករគ្រាប់ទាំងសំបករហូតភរិយាខ្ញុំឃើញក៏បកសំបកស្ករគ្រាប់អោយ តែគាត់អោយញាំតែ២គ្រាប់ប៉ុណ្ណោះ ព្រោះខ្លាចកូនក្តៅខ្លួន។ នេះហើយជារសជាតិនៃកុមារជំនាន់ ប៉ុលពត ដែលមិនដែលបានរបស់ហូបឬសម្ភារៈនៃល្បែងលេងសម្រាប់កុមារ។
ប្រហែលម៉ោង៩យប់ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ភរិយាខ្ញុំបានអោយ ម៉ាណែត គេងកើយដៃនៅលើគ្រែ ដែលអាចជាទម្លាប់បែបនេះពីមុនមក។ មួយសន្ទុះក្រោយមកខ្ញុំឡើង ទៅដេកលើគ្រែជាមួយប្រពន្ធខ្ញុំស្រាប់តែ ម៉ាណែត ស្រែកយំហើយដេញខ្ញុំចុះពីគ្រែ។ ពេលខ្ញុំចុះពីលើគ្រែទើប ម៉ាណែត ឈប់យំ។ ខ្ញុំត្រូវអង្គុយរង់ចាំ ម៉ាណែត ដេកលក់ទើបហ៊ានឡើងលើគ្រែ។ ខ្ញុំបន្តធ្វើបែបនេះប្រហែល៣សប្តាហ៍។ ថ្ងៃមួយ ខ្ញុំសាកល្បងលេងសើចជាមួយប្រពន្ធខ្ញុំ ដោយធ្វើមិនដឹងមិនឮជាមួយ ម៉ាណែត ដោយឡើងដេកទទូរភួយជិតទាំងពីរនាក់ ស្រាប់តែមិនឮ ម៉ាណែត យំទៀតទេថែមទាំងមិនឮសម្លេងកូនទៀតផង។
ដោយមិនឮសម្លេងកូនខំបើកភួយឡើងវិញ ស្រាប់តែបាត់កូនខំបើកទ្វារមករកកូនខាងក្រៅបន្ទប់រកមិនឃើញ តែបែរជាមករកឃើញកូនសម្ងំគេងក្រោមគ្រែទាំងទឹកមុខមិនសប្បាយចិត្ត។ ថ្ងៃក្រោយមកយើងសាកល្បងលេងជាមួយកូនម្តងទៀត តែម្តងនេះ ម៉ាណែត មិនយំ មិនរត់ពួនទៀតទេ គឺឡើងជិះឪពុកម្តាយពីលើភួយតែម្តង។ ចាប់ពីពេលនោះហើយដែល ម៉ាណែត បានហៅខ្ញុំថាពុក។
សូមបញ្ជាក់ជូនថា ខ្ញុំ និងភរិយាចិញ្ចឹមកូនចំនួន៥នាក់ មិនដែលមានមេដោះទេ គ្រប់យ៉ាងយើងត្រូវធ្វើខ្លួនឯងដើម្បីកូន។ ដោយសាររឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណមី កំពុងត្រូវបានថត ខ្ញុំសង្ឃឹមថាវគ្គនេះ អាចបង្កើតបានជាឈុតឆាកមួយចំនួនផងដែរ៕
No comments:
Post a Comment