Friday, February 24, 2023

វិភាគអន្តរជាតិ៖ អាស៊ីអាគ្នេយ៍ និងជម្លោះតៃវ៉ាន់, «ក្ដីកង្វល់ដ៏ធំសម្បើម តែជម្រើសមានតិចតួច»


(សិង្ហបុរី)៖ ការដំឡើងសសៃកដាក់គ្នារវាងចិន និងសហរដ្ឋអាមេរិក ជុំវិញឧប្បត្តិហេតុបាឡុងចិននៅក្នុងដែនអាកាសអាមេរិក បានបង្កឱ្យមានភាពតាន​តឹងសាជាថ្មី​នៅក្នុងទំនាក់ទំនងរវាង មហាអំណាចទាំង២ ដែលអាចជះឥទ្ធិពលដល់ពិភពលោកទាំងមូល។ ភាពតានតឹងនេះមិនត្រឹមតែបង្ហាញ​ពីភាពផុយស្រួយនៃសន្តិភាព​ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ជាចំណុចក្ដៅមួយដែល អ្នកជំនាញភាគច្រើនយល់ថាអាចនឹងផ្ទុះទៅជាសង្រ្គាមរវាងចិន និងអាមេរិក នៅពេលអនាគតប៉ុណ្ណោះទេ តែវាក៏មានជាប់ពាក់ព័ន្ធនឹងអនាគតតំបន់អាស៊ីអាគ្នេយ៍ទាំងមូលផងដែរ។



ការស្ទង់មតិក្រោមចំណងជើង 2023 State of Southeast Asia (SSEA) Survey បានបញ្ជាក់ឱ្យឃើញពីបញ្ហាដ៏​ស្មុគស្មាញដែលបណ្ដាប្រទេស​ក្នុងតំបន់អាស៊ី​អាគ្នេយ៍​នឹងត្រូវប្រឈមមុខ ក្នុងករណីសង្រ្គាម ឬជម្លោះនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ផ្ទុះឡើងដោយចៀសមិនរួច។ បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍សុទ្ធ​តែដឹងថាខ្លួនឯងថាពួកគេនឹងមិនអាចយករួចខ្លួនបានឡើយ ពីផលវិបាកនានាដែលដរចេញពីជម្លោះតៃវ៉ាន់។ ប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ភាគច្រើន ឬស្មើនឹង៤៣.៣ភាគរយ បារម្ភថាជម្លោះអាចនឹងបង្កអស្ថិរភាពដល់តំបន់ទាំងមូល និង២៨.៧ភាគរយ ខ្លាចក្រែងថាប្រទេសរបស់ពួកគេត្រូវបានបង្ខំឱ្យជ្រើសរើសរវាង​សហរដ្ឋអាមេរិក និងចិន។ បើធៀបទៅនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន សង្រ្គាមនៅតៃវ៉ាន់ ពិតណាស់នឹងបង្កផល ប៉ះពាល់ធ្ងន់ធ្ងរដល់តំបន់អាស៊ីអាគ្នេយ៍ ដោយសារតែវាជាសង្រ្គាមនៅក្បែរមាត់ទ្វារផ្ទះរបស់ពួកគេ។

ពលករចំណាកស្រុកមកពីតំបន់អាស៊ីអាគ្នេយ៍ប្រហែលជា ៧០០,០០០នាក់ កំពុងធ្វើការនៅកោះតៃវ៉ាន់។ តៃវ៉ាន់មានជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅទៅនឹង «ខ្សែចង្វាក់ផ្គត់ផ្គង់​នៅក្នុងតំបន់», គឺជាអ្នកផលិតបន្ទះឈីបដ៏ធំនៅលើពិភពលោក និងជាចំណុចប្រសព្វនៃបណ្ដាញដឹកជញ្ជូន និងទូរគមនាគមន៍នៅក្នុងតំបន់។ ដូច្នេះហើយប្រសិនបើ​សង្រ្គាម ឬជម្លោះនៅតៃវ៉ាន់ផ្ទុះឡើង នោះវាអាច បំផ្លាញកំណើនសេដ្ឋកិច្ច និងស្ថិរភាពនៅក្នុងតំបន់។ តែទោះជាបែបនេះក្ដី បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មាន​ជម្រើសតិចតួចប៉ុណ្ណោះ ក្នុងការចាត់វិធានការឆ្លើយតបទៅនឹងជម្លោះនៅតៃវ៉ាន់។ ក្រុមអ្នកវិភាគជាច្រើនបានវាយតម្លៃថាដោយសារតែការទទួលស្គាល់​របស់ពួកគេចំពោះ​ផលប្រយោជន៍ស្នូលរបស់ចិនលើបញ្ហាតៃវ៉ាន់ ប្រទេសក្នុងអាស៊ីអាគ្នេយ៍ភាគច្រើននឹងព្យាយាមជ្រើសរើសយក «ជំហរអព្យាក្រឹត»។ បើតាមការស្ទង់មតិខាងលើ ប្រជាជន​ក្នុង​តំបន់អាស៊ីគ្នេយ៍ដែលបានចូលរួមក្នុងការសម្ភាសន៍ មាន៣៣.៥ភាគរយ ជ្រើសយក «ជំហរអព្យាក្រឹត» នៅក្នុងករណីដែលជម្លោះ ផ្ទុះឡើងនៅក្នុងតំបន់ច្រកសមុទ្រ​តៃវ៉ាន់។ ជម្រើសនេះគឺជាជម្រើសកំពូលនៅក្នុងចំណោមអ្នកដែលត្រូវបានសម្ភាសន៍មកពីប្រទេសព្រុយណេ កម្ពុជា និងឡាវ ដែលប្រទេសទាំង៣ កាន់តែងាកទៅរកចិន​ខ្លាំងទាំង​សេដ្ឋកិច្ច និងភូមិសាស្ត្រ។

បើគិតនៅក្នុងតំបន់ទាំងមូលវិញ មាន៤៥.៦ភាគរយ បានជ្រើសរើស «ជម្រើសប្រឆាំងនឹងការប្រើប្រាស់កម្លាំងយោធាជាមធ្យោបាយដោះស្រាយបញ្ហា» ហើយភាគច្រើននៃ​អ្នកត្រូវបានសម្ភាសន៍ ទាំងនេះមកពីប្រទេសឥណ្ឌូណេស៊ី វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី និងថៃ បានជ្រើសរើសយកជម្រើសមួយនេះ។ ដោយឡែក ជម្រើស «បង្ហាញការគាំទ្រសម្រាប់ចិន» គឺមាន ត្រឹមតែ ២.៧ភាគរយប៉ុណ្ណោះ នៅទូទាំងតំបន់ទាំងមូល ហើយប្រទេសដែលគាំទ្រចិនរួមមានកម្ពុជា (៩.០ភាគរយ) និងឡាវ (៦.៥ភាគរយ)។ ម្យ៉ាងវិញទៀត ទោះបីជាបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ទាំងអស់ ទទួលស្គាល់ «គោលនយោបាយចិនតែមួយ» និងចាត់ទុកចិន ឬសាធារណរដ្ឋ​ប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិនក៏ពិតមែន តែនេះមិនមែនមានន័យថា ពួកគេទាំងអស់គាំទ្រការប្រើប្រាស់កម្លាំងបាយរបស់ចិន ដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់នោះដែរ។ តួយ៉ាងនៅសេចក្ដីថ្លែងការណ៍ជាច្រើននៃប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់សុទ្ធតែបានឆ្លុះបញ្ចំងពី គោលជំហរនេះ នោះគឺសិង្ហបុរី​បានជំទាស់ទៅនឹងរាល់សកម្មភាពឯកតាភាគី ដើម្បីផ្លាស់ប្ដូរ «ស្ថានភាពដើម» ខណៈកម្ពុជាវិញគាំទ្រពេញទំហឹងចំពោះរាល់កិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការ សម្រេច​ឱ្យបាននូវការបង្រួបង្រួមជាតិ។

នៅក្នុងការស្ទង់មតិខាងលើដដែល ហ្វីលីពីនគឺជាប្រទេសតែមួយគត់ដែលអាចជាភាគីពាក់ព័ន្ធនៅក្នុងជម្លោះតៃវ៉ាន់ ដោយ ២០.២ភាគរយនៃប្រជាជនហ្វីលីពីនដែលត្រូវបានសាកសួរ បានគាំទ្រឱ្យ រដ្ឋាភិបាលរបស់ពួកគេ «ជួយសម្រួលការគាំទ្រផ្នែកយោធាសម្រាប់តៃវ៉ាន់។ នេះគឺជាភាគរយគាំទ្រខ្ពស់បំផុតនៅក្នុងចំណោមបណ្ដាប្រទេសអាស៊ានទាំងអស់ និងខ្ពស់ជាងប្រទេសនានានៅក្នុងតំបន់ ៦.៣ភាគរយ។ យ៉ាងណាក៏ដោយ ភាគរយនេះនៅតែមានកម្រិតទាបជាងប្រជាជនហ្វីលីពីនដែល «ប្រឆាំងនឹងជម្រើសប្រើកម្លាំងយោធាដើម្បីដោះស្រាយបញ្ហា» ពោលគឺមាន ៥៤ភាគរយដែលរើស យកជម្រើសប្រឆាំងនេះ។ កាលពីថ្ងៃ២ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋាភិបាលរបស់ប្រធានាធិបតីហ្វីលីពីន លោក Marcos Jr. បានសម្រេចចិត្តអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលប្រើមូលដ្ឋានទ័ពរបស់ខ្លួន ចំនួន ៤បន្ថែមទៀត ដែលធ្វើឱ្យចំនួនមូលដ្ឋានទ័ពហ្វីលីពីនដែលយោធាអាមេរិកអាចចូលប្រើកើនដល់៩ នៅក្រោមកិច្ចព្រមព្រៀង 2014 Enhanced Defense Cooperation Agreement ឬហៅកាត់ថា EDCA។ ការចូលរួមរបស់ហ្វីលីពីននៅក្នុងករណីផ្ទុះជម្លោះ ឬសង្រ្គាមនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ គឺពិតជាមានសារៈសំខាន់ជាទីបំផុតចំពោះសហរដ្ឋអាមេរិក ក្នុងបេសកកម្មការពារ កោះតៃវ៉ាន់។ ពីព្រោះថាកោះ Luzon ដែលស្ថិតនៅភាគខាងជើងបំផុតនៃប្រទេសហ្វីលីពីន ស្ថិតនៅចម្ងាយត្រឹមតែជាង ២០០គីឡូម៉ែត្រប៉ុណ្ណោះពីកោះតៃវ៉ាន់ ហើយមូលដ្ឋានទ័ពដែលស្ថិតនៅក្រោម កិច្ចព្រមព្រៀង EDCA អាចផ្ដល់អត្ថាប្រយោជន៍យ៉ាងធំដល់សហរដ្ឋអាមេរិកក្នុងការដំឡើងមីស៊ីល កាំភ្លើងធំ និងកងអង្គភាពម៉ារីនដែលចាំបាច់ សម្រាប់បេសកកម្មជួយតៃវ៉ាន់ ក្នុងករណីមាន ការវាយប្រហារពីចិន។

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថាទីក្រុងម៉ានីលបានសម្រេចចិត្តអនុញ្ញាតឱ្យយោធាអាមេរិកចូលប្រើមូលដ្ឋានទ័ពបន្ថែម គឺដើម្បីតែសន្តិសុខផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ បន្ថែមពីលើនេះ ច្រកផ្លូវទឹក Bashi Channel ដែលស្ថិតនៅម្ខាងម្នាក់រវាងហ្វីលីពីន និងតៃវ៉ាន់ គឺជាច្រកផ្លូវឆ្លងកាត់មួយដ៏សំខាន់រវាងតំបន់សមុទ្រខាងត្បូង និងសមុទ្រចិនខាងកើត។ សម្រាប់ចិន ការគ្រប់គ្រងផ្លូវទឹកមួយនេះអាចនឹងជួយឱ្យខ្លួន បង្កឧបសគ្គ ឬរារាំងកុំឱ្យកងទ័ពអាមេរិកធ្វើប្រតិបត្តិការចេញពីហ្វីលីពីន។ គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ធ្លាប់បានលើកឡើងថាប្រសិនបើសង្រ្គាម ឬជម្លោះក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ពិតជាផ្ទុះឡើងមែន នោះវាពិបាកក្នុងការស្រមៃណាស់ពីសេណារីយ៉ូដែលហ្វីលីពីន នឹងមិនជាប់ពាក់ព័ន្ធ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ការសម្រេចចិត្តរបស់ទីក្រុងម៉ានីលអាចនឹងក្លាយជាការដាក់សម្ពាធលើសិង្ហបុរី ដែលជាសម្ព័ន្ធមិត្ត និងជាដៃគូដ៏​ជិតស្និទ្ធមួយផងនោះរបស់សហរដ្ឋអាមេរិក។ សិង្ហបុរីបានទទួលឱ្យ កងកម្លាំង Logistics Group Western Pacific នៃកងនាវាអាមេរិកឈរជើង ហើយកងកម្លាំងនេះគឺមានភារកិច្ចចម្បងផ្ដល់ភស្តុភារ និងការគំាទ្រទាំងឡាយដល់កងនាវាទី៧ នៃកងទ័ពជើងទឹក អាមេរិក។ ក្នុងន័យនេះ សិង្ហបុរីត្រូវតែធ្វើការពិចារណា និងសម្រេចចិត្តថាតើគួរតែអនុញ្ញាតឱ្យសហរដ្ឋអាមេរិចូលប្រើមូលដ្ឋានទ័ពរបស់ខ្លួនដែរឬក៏យ៉ាងណា នៅក្នុងករណីជម្លោះ ឬសង្រ្គាមនៅតៃវ៉ាន់ កើតឡើង។ ប្រសិនបើសិង្ហបុរីបដិសេធ នោះវាអាចនឹងបំផ្លាញធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងជាមួយសហរដ្ឋអាមេរិក តែបើយល់ព្រមវិញ នោះសិង្ហបុរីនឹងត្រូវប្រឈមមុខនឹង ការខឹងសម្បារពីចិន។

ការកើនឡើងនៃភាពតានតឹងជុំវិញតំបន់ច្រកសមុទ្រតៃវ៉ាន់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្ខំឱ្យបណ្ដាប្រទេសក្នុង​តំបន់អាស៊ីអាគ្នេយ៍ចាប់ផ្ដើមគិតគូនៅក្នុង​គោលនយោបាយការបរទេស និងសន្តិសុខពីអ្វីដែលពួកគេមិនធ្លាប់បានគិតដល់ ហើយកាន់តែសម្លឹងមើលវែងឆ្ងាយជាងមុនពីស្ថានការណ៍តៃវ៉ាន់។ ជាការពិតណាស់ បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់មិនចង់ឃើញជម្លោះ ប្រដាប់អាវុធផ្ទុះឡើងនោះទេ ព្រោះថាពួកគេដឹងច្បាស់ថាក៏មិនអាចរួចខ្លួននោះដែរ ហើយលទ្ធផលយ៉ាងណា​នោះ​ក៏មិនអាចស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេបាននោះដែរ។ ប៉ុន្តែ ខណៈហ្វីលីពីនកាន់តែត្រឡប់ទៅរកសហរដ្ឋអាមេរិកវិញ វានឹងបង្កឧបសគ្គដល់អាស៊ាន​ក្នុងការសម្រេចបាននូវ «កុងសង់ស៊ីស» ថាតើត្រូវឆ្លើយតបយ៉ាងណាទៅនឹងជម្លោះតៃវ៉ាន់ ហើយបញ្ហានេះ ក៏អាចនឹងធ្វើឱ្យមានការបែកបាក់យ៉ាងជ្រៅ​នៅក្នុងអា​ស៊ានផងដែរ៕ ដោយ៖ Fresh News

No comments:

Post a Comment