Wednesday, February 09, 2022

បទវិភាគអន្តរជាតិ៖ សង្រ្គាមផ្ទុះ ឬមិនផ្ទុះឡើង គឺអាស្រ័យលើលោក ពូទីន

(ម៉ូស្គូ)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីបើកកិច្ចពិភាក្សាជាមួយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សំដៅព្យាយាមបន្ធូរបន្ថយភាពតានតឹង និងបំបែកភាពជាប់គាំង ពាក់ព័ន្ធនឹងការបង្កើនសកម្មភាពយោធារបស់រុស្ស៊ី នៅក្បែរ តំបន់ព្រំដែនអ៊ុយក្រែន។

ខណៈកិច្ចពិភាក្សារវាងលោក ម៉ាក្រុង និងលោក ពូទីនចាប់ផ្ដើម នៅឯទីក្រុងវ៉ាស៊ីនតោនឯណោះវិញ រដ្ឋបាលប្រធានាធិបតី លោក ចូ បៃដិន នៅតែបន្តព្រមានពីលទ្ធភាព ដែលរុស្ស៊ីអាចនឹងប្រើកម្លាំងយោធាលើអ៊ុយក្រែន នៅពាក់កណ្ដាលខែកុម្ភៈនេះ។ ជំនួបរវាងលោក ពូទីន និងលោក ម៉ាក្រុង មិនទាន់អាចសម្រេចបានលទ្ធផលជាដុំកំភួន អ្វីឡើយ តែយ៉ាងហោចណាស់ លោក ពូទីនផ្ទាល់បានអះអាងថាឱកាសសម្រាប់កិច្ចសន្ទនា ឬដំណោះស្រាយការទូតនៅតែមានជានិច្ច។

បើតាមលោក ពូទីន កិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍ ដែលជាកិច្ចព្រមព្រៀងសន្តិភាពកំពុងជាប់គាំង ដើម្បីផ្សះផ្សាជម្លោះនៅក្នុងតំបន់ដុនបាស់ (Donbas) នៃភាគខាងកើតប្រទេសអ៊ុយក្រែន គឺជាដំណោះស្រាយតែមួយគត់សម្រាប់វិបត្តិអ៊ុយក្រែន ហើយកិច្ចចរចា Normandy នៅជុំបន្ទាប់ ត្រូវធ្វើយ៉ាងណាឱ្យអ៊ុយក្រែនគោរព និងអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងមីស្កិ៍។ កិច្ចចរចា Normandy មានប្រទេសចូលរួមដូចជា បារាំង, អាល្លឺម៉ង់ រុស្ស៊ី និងអ៊ុយក្រែន។

ពិតមែនទៅ លោក ពូទីន ត្រូវបានក្រុមអ្នកជំនាញមើលឃើញថាជាមនុស្សម្នាក់ ដែលតែងតែរក្សាទុកជម្រើសនៅក្នុងដៃជានិច្ច ដូច្នេះសង្រ្គាមផ្ទុះ ឬ មិនផ្ទុះឡើងគឺវាអាស្រ័យលើរូបលោកទាំងស្រុង។ ដោយឡែក ជុំវិញវិបត្តិអ៊ុយក្រែននេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងអធិបការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍(Olaf Scholz) ក៏បានបើកកិច្ចពិភាក្សានៅក្នុងទីក្រុងវ៉ាស៊ីនតោនផងដែរ ដើម្បីស្វែងរកចំណុចរួមមួយទប់ទល់ជាមួយរុស្ស៊ី។

មួយរយៈពេលចុងក្រោយនេះ អាល្លឺម៉ង់ដែលមានទំនាក់ទំនងល្អជាមួយរុស្ស៊ី បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់បណ្ដាប្រទេសជាសមាជិក NATO និងអ៊ុយក្រែន ចំពោះការស្ទាក់ស្ទើរក្នុងការបញ្ជូនសព្វាវុធឱ្យទីក្រុងកៀវ។ យ៉ាងណាក៏ដោយ ទាំងសហរដ្ឋអាមេរិក និងអង្គការ NATO ធ្លាប់បានបញ្ជាក់ថាពួកគេនឹងមិនបញ្ជូនកងទ័ព ទៅកាន់អ៊ុយក្រែន ដើម្បីជួយប្រយុទ្ធជាមួយរុស្ស៊ីនៅក្នុងករណីផ្ទុះសង្រ្គាមនោះទេ។ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត NATO បាន និងកំពុងបង្កើនការបញ្ជូនកងទ័ព និងសព្វាវុធ ទៅកាន់តំបន់អឺរ៉ុបខាងកើត ជាពិសេសតំបន់បាល់ទិក និងប៉ូឡូញ។

គួរបញ្ជាក់ថា កិច្ចចរចានាពេលកន្លងមករវាងអាមេរិក និងរុស្ស៊ី រួមទាំង NATO មិនទាន់បំបែកភាពជាប់គាំងសព្វថ្ងៃបានឡើយ។ រុស្ស៊ីបានដាក់សំណើទាមទារមួយចំនួនទៅកាន់បក្សសម្ព័ន្ធយោធា NATO ក្នុងនោះរួមមានទាំងការទាមទារឱ្យកងទ័ព NATO ចេញពីប្រទេសប៉ូឡូញ, អេស្ដូនី, ឡេតូនី និងលីទុយអានី ដែលសុទ្ធតែធ្លាប់ជាដែនដី អតីតសហភាពសូវៀត។ បន្ថែមពីលើនេះ រុស្ស៊ីក៏បានទាមទារជាលក្ខណៈផ្នែកច្បាប់ផងដែរឱ្យ NATO បញ្ឈប់ ឬបោះបង់ចោលសកម្មភាពពង្រីកឥទ្ធិពលយោធាក្នុងតំបន់ អឺរ៉ុបខាងកើត និងអ៊ុយក្រែន រួមទាំងធានាកុំទទួលយកអ៊ុយក្រែនជាសមាជិក NATO ឱ្យសោះ។ ប៉ុន្តែ សំណើទាំងនេះត្រូវបាន NATO បដិសេធ៕

ប្រភព៖ Sky News (ថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២)

ដោយ៖ Fresh News



No comments:

Post a Comment