Wednesday, February 09, 2022

បទវិភាគអន្តរជាតិ៖ «អាមេរិកប៉ុនប៉ងយកបញ្ហាតៃវ៉ាន់ធ្វើជាលេស ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ចិន ពិតជានឹងទទួលបរាជ័យជាក់ជាមិនខាន»

(ប៉េកាំង)៖ នៅថៃ្ងទី ៧ ខែកុម្ភៈ រដ្ឋាភិបាលអាមេរិកបានសម្រេចចិត្តថា នឹងលក់ «សេវាកម្មវិធីគ្រាប់មីស៊ីល Patriot» និង «គម្រោងឃ្លាំមើលសមរភូមិ» ក្នុងតម្លៃប្រហែល ១០០លានដុល្លារអាមេរិកទៅឱ្យចិនតៃវ៉ាន់។ នេះជាលើកទីពីរដែលបានលក់អាវុធទៅឱ្យចិនតៃវ៉ាន់ បន្ទាប់ពីរដ្ឋបាលអាមេរិកបច្ចុប្បន្ន បានឡើងកាន់មុខតំណែងមក។ ក្រុងវ៉ាស៊ីនតោនបានល្មើសម្តងហើយម្តងទៀត នូវពាក្យសន្យាខាងនយោបាយដែលមិនគាំទ្រឱ្យ «តៃវ៉ាន់ឯករាជ្យ» និងយកបញ្ហាតៃវ៉ាន់ធ្វើជាលេស ប៉ុនប៉ងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ជាច្រើនលើកច្រើនសា ទង្វើដ៏អាក្រក់របស់របស់អាមេរិកបែបនេះ បានបង្ហាញយ៉ាងពេញលេញថា សហរដ្ឋអាមេរិកគឺជាអ្នកបំផ្លាញធំបំផុតនូវសន្តិភាព និងស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។

សហរដ្ឋអាមេរិកបានអះអាងថា សេចក្តីព្រាងច្បាប់ស្តីពីការលក់អាវុធទៅឲ្យតៃវ៉ាន បានធ្វើឡើងលើមូលដ្ឋាននៃអ្វីដែលហៅថា «ច្បាប់ទំនាក់ទំនងជាមួយតំបន់តៃវ៉ាន់» ដើម្បីជួយតៃវ៉ាន់ឱ្យឆ្លើយតបនឹងអ្វីដែលហៅថា «ការគំរាមកំហែងក្នុងតំបន់»។ ប៉ុន្តែតាមពិតទៅ មិនថានិយាយពីវិស័យហេតុផលច្បាប់ ឬក៏លេសសម្រាប់លក់អាវុធក៏ដោយ ក៏សុទ្ធតែអាចឃើញថា ពាក្យទាំងនេះរបស់សហរដ្ឋអាមេរិក គ្មានភស្តុតាងអ្វីទាល់តែសោះ រហូតដល់បានបំភ្លៃការពិតទាំងស្រុង។

ទីមួយ៖ អនុលោមតាមសេចក្តីប្រកាសរួម ៣ ច្បាប់រវាងចិននិងអាមេរិក ជាពិសេសសេចក្តីប្រកាសរួម «១៧ សីហា» អាមេរិកទទួលស្គាល់ថា នៅលើពិភពលោក មានប្រទេសចិនតែមួយ តៃវ៉ាន់ជាចំណែកមួយរបស់ប្រទេសចិន ដែលមិនអាចកាត់ផ្តាច់បាន រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន។ អាមេរិកគួរគោរពគោលការណ៍ប្រទេសចិនតែមួយ និងសេចក្តីប្រកាសរួម ៣ ច្បាប់រវាងចិន និងអាមេរិក។ នេះគឺជាមូលដ្ឋាននយោបាយ នៃទំនាក់ទំនងរវាងចិន និងអាមេរិក។

ទីពីរ៖ ការពិតបានបញ្ជាក់ម្តងហើយម្តងទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ កំពុងប្រឈមនឹងភាពតានតឹងជុំថ្មីមួយ មូលហេតុពីឬសគល់ គឺ ដោយមកពីអាជ្ញាធរតៃវ៉ាន់ប៉ុនប៉ង់ «ពឹងផ្អែកទៅលើអាមេរិក ដើម្បីស្វែងរកការចង់ឱ្យតៃវ៉ាន់ឯករាជ្យ» ម្តងហើយម្តងទៀត ដោយឡែកមនុស្សមួយចំនួនរបស់អាមេរិក មានចេតនាប៉ុនប៉ង «ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន» ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស។ មួយផ្នែក រដ្ឋាភិបាលអាមេរិកប៉ុនប៉ងប្រើសន្លឹកបៀតៃវ៉ាន់ ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន មួយផ្នែកទៀត អាមេរិកបានញុះញង់ឱ្យស្ថានការណ៍នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ មានភាពតានតឹង ដែលធ្វើឱ្យតៃវ៉ាន់ចងជាប់ជាមួយនឹងអ្វីដែលហៅថា «យុទ្ធសាស្ត្រឥណ្ឌាប៉ាស៊ីហ្វិក» របស់អាមេរិកនិងឆក់យកផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងច្រើន ពីការលក់អាវុធទៅឱ្យតៃវ៉ាន់។

សូមបញ្ជាក់ថា បញ្ហាតៃវ៉ាន់ជាបញ្ហាសំខាន់បំផុតនិងរសើបបំផុត ក្នុងទំនាក់ទំនងរវាងចិន និងអាមេរិក។ បុរេលក្ខខណ្ឌសម្រាប់ឱ្យទំនាក់ទំនងរវាងចិន និងអាមេរិកវិលត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ ប្រកបដោយភាពរឹងមាំនិងសិ្ថរភាព គឺ អាមេរិកចាំបាច់ត្រូវបញ្ឈប់ការប្រាស្រ័យទាក់ទងជាផ្លូវការ ជាមួយអាជ្ញាធរតៃវ៉ាន់ភ្លាម ទោះតាមទម្រង់ណាក៏ដោយ មិនបញ្ចេញសញ្ញាខុសឆ្គងណាទៅកាន់ពួកបំបែកបំបាក់ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យព្រមទាំងបញ្ឈប់លេងកលល្បិច ដែលនិយាយផ្សេងធ្វើផ្សឹង។

សហរដ្ឋអាមេរិកចាំបាច់ត្រូវគោរពតាមគោលការណ៍ចិនតែមួយ យ៉ាងពិតប្រាកដ លុបបំបាត់ផែនការលក់អាវុធទៅឱ្យតៃវ៉ាន់ភ្លាម បញ្ឈប់ទំនាក់ទំនងខាងយោធាជាមួយតំបន់តៃវ៉ាន់ ក៏ដូចជាបញ្ឈប់ការប្រើប្រាស់ពួកបំបែកបំបាក់ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យដើម្បីបំផ្លាញផលប្រយោជន៍របស់ចិន។ បើពុំនោះសោត ចិនមុខជានឹងចាត់វិធានការដ៏ត្រឹមត្រូវ និងខ្លាំងក្លាដើម្បីគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួនជាក់ជាមិនខាន។ ប្រទេសចិននឹងធ្វើដូចអ្វីដែលខ្លួនបានសន្យាយ៉ាងដាច់ខាត!៕ (#CCFR Comment#)

ដោយ៖ Fresh News






No comments:

Post a Comment