Thursday, February 10, 2022

បទវិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយភាពផ្អែមល្ហែម រវាងលោក ស៊ី ជិនពីង និងលោក ពូទីន?


(ប៉េកាំង)៖ ខណៈបណ្ដាប្រទេសលោកខាងលិចមួយចំនួនដឹកនាំដោយសហរដ្ឋអាមេរិក នាំគ្នាធ្វើពហិការការទូតប្រឆាំងនឹងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ទីក្រុងប៉េកាំង ចិន និងរុស្ស៊ីបានយកឱកាសនៃការប្រារព្ធព្រឹត្តិការណ៍ដ៏ធំមួយនេះបង្ហាញពីការកើនឡើងជាលំដាប់នៃទំនាក់ទំនងទ្វេភាគីនៃប្រទេសរបស់ ពួកគេ។


លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលថតជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅថ្ងៃបើកការប្រកួត ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ឆ្នាំ២០២២។ មិនតែប៉ុណ្ណោះ លោក ពូទីន ផ្ទាល់ថែមទាំងប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រគ្មានព្រំដែន 

ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់អង្គការ NATO ព្រមទាំងបានអំពាវនាវឱ្យលោកខាងលិចបោះបង់ចោលមនោគមន៍វិជ្ជាសម័យសង្រ្គាមត្រជាក់។


នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ លោក ពូទីន និងលោក ស៊ី ជិនពីន ក៏បាននិយាយដែរថា NATO ត្រូវតែគោរពដែនអធិបតេយ្យភាព, សន្តិសុខ និងផលប្រយោជន៍នៃបណ្ដាប្រទេសទាំងឡាយ ហើយប្រកាន់ឥរិយាបថស្មើភាពចំពោះការអភិវឌ្ឍដោយសន្តិវិធីរបស់បណ្ដាប្រទេសនានា។ តើហេតុអ្វីបានចិន និងរុស្ស៊ីអាចសម្រេចបានទំនាក់ទំនងល្អដូចសព្វថ្ងៃ?


បើតាមអ្នកជំនាញភាគច្រើន, ចិន និងរុស្ស៊ីមានទំនាក់ទំនងល្អ គឺដោយសារតែពួកគេចាត់ទុកលោកខាងលិច ជាពិសេសអាមេរិក ជា «សត្រូវរួម» ហើយឈរលើ គោលជំហរបែបនេះធ្វើឱ្យគេយល់ថាប្រទេសទាំង២ ដែលធ្លាប់មានជម្លោះមនោគមន៍វិជ្ជានឹងគ្នាក្នុងសម័យសង្រ្គាមត្រជាក់ កំពុងឆ្ពោះទៅរកការប្រែក្លាយ ទំនាកទំនងរបស់ពួកគេ ឱ្យទៅជាប្រព័ន្ធសម្ព័ន្ធមិត្តតែម្ដង។


*កិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៊ី ភាគច្រើនពាក់ព័ន្ធនឹងនយោបាយ


ក្រុមអ្នកជំនាញលោកខាងលិច មើលឃើញកិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៊ី មានលក្ខណៈនយោបាយ ជាជាងការត្រៀមខ្លួនសម្រាប់ការចូលរួម ក្នុងសកម្មភាពយោធារួមគ្នា។ កាលពីប៉ុន្មានខែមុន ទីក្រុងម៉ូស្គូបានបង្ហាញការគាំទ្រត្រង់ៗរបស់ខ្លួន ចំពោះការប្រើប្រាស់កម្លាំងយោធារបស់ចិនជាមធ្យោបាយ ដាក់សម្ពាធលើជប៉ុន និងកូរ៉េខាងត្បូង។


កាលពីខែតុលា ឆ្នាំ២០២១ កងទ័ពជើងទឹកចិន និងរុស្ស៊ីបានដឹកនាំាការធ្វើប្រតិបត្តិការល្បាតរួមគ្នា ជុំវិញប្រទេសជប៉ុន ហើយនៅខែវិច្ឆិកា ឆ្នាំ២០២១, យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រជាច្រើនគ្រឿងនៃប្រទេសទាំង២ បានចូលរួមក្នុងប្រតិបត្តិការល្បាតអាកាសជាលើកទី៣ ពីលើតំបន់សមុទ្រជប៉ុន និងសមុទ្រចិនខាងកើត ដែលនេះត្រូវបានគេមើលឃើញថាចិន និងរុស្ស៊ីចង់បង្ហាញថាខ្លួនមានបំណងរួមដៃគ្នា ដើម្បីទប់ទល់សម្ព័ន្ធមិត្តអាមេរិក-ជប៉ុន។


ប៉ុន្តែ ទីក្រុងប៉េកាំងវិញ ហាក់ដូចជាមិនបានធ្វើដូចរុស្ស៊ីនោះទេ ដោយពួកគេមានការស្ទាក់ស្ទើរបង្ហាញការគាំទ្រត្រង់ៗចំពោះសកម្មភាពយោធារុស្ស៊ីនៅក្នុង តំបន់អឺរ៉ុប។ កងទ័ពចិនមិនបានចូលរួមក្នុងការធ្វើសមយុទ្ធយោធាឈ្មោះថា Zapad-21 ដែលរៀបចំឡើងដោយរុស្ស៊ី និងបេឡារុសនោះទេ។ ផ្ទុយទៅវិញ កងទ័ពរុស្ស៊ី បានចូលរួមជាក្នុងសមយុទ្ធយោធារួមនៅក្នុងប្រទេសចិន។


ការស្ទាក់ស្ទើររបស់ចិនក្នុងការបង្ហាញការគាំទ្រត្រង់ៗ ដល់សកម្មភាពយោធារុស្ស៊ីក្នុងតំបន់អឺរ៉ុប ត្រូវបានគេបកស្រាយថាអាចមកពីចិនខ្លាចថាវាធ្វើឱ្យ សហភាពអឺរ៉ុប កាន់តែខិតជិតទៅរកសហរដ្ឋអាមេរិក។ ម្យ៉ាងវិញទៀត ខណៈរុស្ស៊ីគាំទ្រគោលនយោបាយចិនតែមួយចំពោះកោះតៃវ៉ាន់ ចិនវិញមិនដែលបាន លើកឡើងពីបំណងជាក់លាក់ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែនឡើយ៕


ប្រភព៖ CNA (ថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២)

ដោយៈ Fresh News



No comments:

Post a Comment