Thursday, March 25, 2021

គ្រួសារងាយរងគ្រោះក្នុងអំឡុងពេលជួបវិបត្តិដោយសារជំងឺកូវីដ-១៩ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១ លោក អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បាននាំយកអំណោយរបស់លោកស្រី វណ្ណលុយ អនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះក្នុងអំឡុងពេលជួបវិបត្តិដោយសារជំងឺកូវីដ-១៩ ចំនួន ៦គ្រួសារ ស្ថិតនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង


កម្មវិធីចែកអំណោយនេះ មានការចូលរួមពីលោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន លោក ឌឹម ឌន សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងមានការនិមន្តចូលរួមពៅព្រះអង្គ ប៉ុណ្យ ប៊ុនជីង ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង ព្រះអង្គ នុច មុនី ព្រះលេខាគណខេត្ត និងអាជ្ញាធរដែនដី ផងដែរ។


លោក អម សុភា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមកទទួលអំណោយនាពេលនេះ មានចំនួន៦គ្រួសារ ជាគ្រួសារងាយរងគ្រោះ ជួបការលំបាក ដែលបានរងនូវផលប៉ះពាល់ជីវភាពក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩។ អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាអំណោយរបស់លោកស្រី វណ្ណ លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមដោះស្រាយការលំបាកក្នុងអំឡុងពេលនៃការរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។


លោក បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី វណ្ណ លុយ ដែលជានិច្ចកាលតែងតែបានបរិច្ចាគនូវធនធានមួយចំនួន សម្រាប់ជួយដល់ប្រជាពល រដ្ឋក្នុងគ្រាលំបាកនេះ។ នៅក្នុងបរិបទថ្មីនេះ ប្រជាពលរដ្ឋត្រូវតែចូលរួមនូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាល នូវការរីករាលដាលជាសកលនូវជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នជំងឺនេះកំពុងតែរីករាលដាលនៅពាសពេញពិភពលោក ក្នុងនោះកម្ពុជាក៏បាននឹងកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩នេះផងដែរ។ 


ដូច្នេះសូមបងប្អូនត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ តាមរយៈពាក់ម៉ាស លាងសម្អាតដៃជាមួយអាល់កុល សាប៊ូ ជែល និងមានគម្លាតសុវត្ថិភាព ពិសេសគឺអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ។


អំណោយរបស់លោកស្រី វណ្ណ លុយ ដែលបានផ្តល់ជូននាពេលនេះចំនួន៦គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេស ត្រីខ១យួរ និងថវិកា ២ម៉ឺនរៀលផងដែរ៕





No comments:

Post a Comment