Thursday, March 25, 2021

ពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកាដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលមានស្នាដៃល្អ

 ក្រចេះ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកាដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងស្រុកចំនួន ០៣ គឺស្រុកស្នួល ស្រុកសំបូរ និងស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព”។

ក្នុងពិធីដ៏មានអត្ថន័យនេះ អភិបាលរងខេត្ត មានប្រសាសន៍សម្ដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើចំពោះអាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មផុលផុសក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរក្នុងការថែរក្សាការពារ សណ្ដាប់ធ្នាប់សុវត្ថិភាពសាធារណៈ ធ្វើឱ្យមានការគាំទ្រពីប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទូទៅក្នុងខេត្ត។ ហើយជោគជ័យដែលយើងទាំងអស់គ្នាសម្រេចបាន គឺពិតជាមានការរួមចំណែកពីប្រជាជន និងអ្នកពាក់ព័ន្ធដែលជាតួអង្គយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលុបបំបាត់ និងកាត់បន្ថយបទល្មើស ពិសេសការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព នៅមូលដ្ឋាន ធ្វើឱ្យការរស់របស់ប្រជាពលរដ្ឋកាន់តែមានភាពសុខដុមរមនា បង្កភាពអនុគ្រោះដល់ដំណើការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ ។

ក្នុងឪកាសនោះដែរ អភិបាលរងខេត្តបានសូមឱ្យកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សមត្ថកិច្ចជំនាញ អាជ្ញាធរគ្រប់មូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ បញ្ហាគ្រឿងញៀនឱ្យបានទាន់ពេលវេលា ឱ្យដូចភ្លៀងរលឹម ពង្រឹងការអនុវត្តយន្តការថ្នាក់ ស្រុក ឃុំ សង្កាត់ ដើម្បីប្រសិទ្ធភាពការងារ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសគឺគោលនយោបាយលេខ០១ គនប ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ស្តីពីគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងមូលដ្ឋាន តាមការណែនាំរបស់ក្រសួងមហាផ្ទៃ។

អភិបាលរងខេត្តក៏បានក្រើនរំលឹកអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាលបានយ៉ាងហ្មត់ចត់បំផុត និងសូមបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអំពីវិធានការនានាជាពិសេសវិធានការ “៣ ការពារ និង៣ កុំ” របស់ប្រមុខរាជរដ្ឋាភិបាល៕










No comments:

Post a Comment