Thursday, March 25, 2021

អភិបាលខេត្តកែប អំពាវនាវហើយអំពាវនាវទៀត និងសុំយ៉ាងទទូច ឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តឱ្យខានតែបាននូវវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩

 កែប៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដឹកនាំកិច្ចប្រជុំជាមួយអនុគណៈកម្មការចំពោះកិច្ច ការចាក់វ៉ាក់សាំងនៅខេត្តកែប ដែលមានសមាជិកសមាជិកាអនុគណៈកម្មការប្រមាណ ២០រូប។

លោកអភិបាលខេត្ត បានលើកឡើងថា ការចាក់វ៉ាក់សាំងនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល អំពីបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងកិច្ចការពារការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោកបានបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យបង្កើតជាផែនការមេឱ្យបានច្បាស់លាស់ ដោយត្រូវរៀបចំយន្តការត្រឹមត្រូវ និងប្រើប្រាស់កម្លាំងសរុបឱ្យអស់លទ្ធភាពជំរុញការចាក់វ៉ាក់សាំងក្នុងល្បឿនមួយលឿន ដើម្បីកុំឱ្យវ៉ាក់សាំងហួសដឺឡេ (សុពលភាព) និងឱ្យវ៉ាក់សាំងដែលយើងទទួលបានទៅដល់ប្រជាជនឱ្យបានឆាប់ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩។

ក្នុងនោះ លោកបានសំណូមពរដល់បងប្អូន និងណែនាំដល់អជ្ញាធរមូលដ្ឋាន ទោះបីជាបានទទួលការចាក់វ៉ាក់សាំងទាំងពីរលើករួចក៏ដោយ ក៏ត្រូវអនុវត្តឱ្យបានជាដាច់ខាត នូវវិធាន ៣កុំ និង៣ការពារ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នេះ៕






No comments:

Post a Comment