Friday, January 15, 2021

ទស្សនៈមិត្តអ្នកអាន៖ ចក្ខុវិស័យនៃសក្តានុពលទេសចរណ៍នៅកម្ពុជា ក្រោយវិបត្តិជម្ងឺកូវីដ១៩

 ទោះ​បី​​ជា​ប្រទេស​កម្ពុជា​កំពុង​រង​នូវ​ផល​ប៉ះពាល់​ខ្លះៗ​​ដោយ​សារ​វិបត្តិនៃ​​សេដ្ឋកិច្ច​សកល​ និង​ជម្ងឺ​រាត​ត្បាត​កូវីដ​១៩​ក៏ដោយ​ ក៏​ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ​នៅ​តែ​​បន្ត​ការ​​ប្រែ​ក្លាយ​ហេដ្ឋា​រចនា​​សម្ព័ន្ធ​នៅ​តាម​​តំបន់​កម្សាន្ត​ និង​រមណីយ​ដ្ឋាន​នានា​នៅ​ទូទាំង​ប្រទេស​ឱ្យ​មាន​ភាព​​ទាក់​ទាញ​លំដាប់​ថ្នាក់​​ជាតិ​ និង​អន្តរជាតិ។​ ​បច្ចុប្បនេះ ​សកម្មភាពសាង​សង់​សំណង់​សណ្ឋាគារ​ អគារ​ខុន​ដូ​រ​ លំនៅ​ដ្ឋាន​ និង​ការ​​កែ​លំអរ​​​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​ទូទាំង​ប្រទេស​នៅ​តែ​​បន្ត​ជួស​ជុល​ សាង​សង់​ជាប្រចាំ​ដើម្បី​​បម្រើ​​ដល់​វិស័យ​ទេសចរណ៍​ក្រោយ​​ពេល​​ដែល​​វិបត្តិ​​នៃ​​ជម្ងឺ​​កូវីដ​​១៩​​បាន​​ធូរ​ស្បើយ​​។

ជាក់​ស្តែង​ គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បើកការដ្ឋានសាងសង់ និ​ង​ចំណាយ​ថវិ​កា​ប្រមាណ​ជិត​ ៣០០​ លាន​​ដុល្លារ​​អាមេរិក និង​សម្រេចការសាងសង់បានជិត​រួច​រាល់​ជាស្ថាពរ​ហើយ។ ​​​គម្រោង​អភិវឌ្ឍ​ហេដ្ឋា​រចនា​​សម្ព័ន្ធ​នេះ​​​បាន​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ឱ្យ​ក្លាយ​ជា​ទី​ក្រុង​ដ៏​ទំនើប​ពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរៈ​កិច្ចជាពិសេសដោយ​ធានា​បាន​នូវ​គុណភាព​រឹងមាំ​អាច​ប្រើប្រាស់​បាន​យូរ​អង្វែង​។​ ជាពិសេស​ គឺ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋ​កិច្ច​ជាតិ​ក្រោយ​វិបត្តិ​ជម្ងឺ​កូវីដ​១៩​។

ដោយឡែក​រាជ​រដ្ឋាភិបាល ក៏​បាន​សម្រេច​បើកការដ្ឋានគម្រោងសាងសង់ និង​កែលំអរ​ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវ​៣៨ខ្សែ នៅខេត្តសៀមរាបផង​ដែរ​ ដោយ​គ្រោង​នឹង​បញ្ចប់​គម្រោង​ទាំងស្រុង​នៅ​ចុង​ឆ្នាំ​២០២១​ខាង​មុខ​នេះ​។ ផ្លូវ​ក្រុង​ទាំង​​៣៨​ខ្សែ​រ​នេះ​​មានប្រ​វែង​សរុប​ប្រមាណ​ជាង៩៨គីឡូម៉ែត្រ​ និង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​​១៥០​លាន​ដុល្លារ​អាមេរិក​ ហើ​យ​ដែល​ត្រូវ​បាន​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​អនុម័ត​កញ្ចប់​ថវិកា​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០២០កន្លង​ទៅ​នេះ​។​ ការ​សម្រេច​​ឱ្យ​​មាន​ការ​​កែលំអរ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​​៣៨ខ្សែ នៅ​ខេត្ត​សៀមរាប​នាពេល​នេះ​ក៏​ជា​ចក្ខុវិស័យ​មួយ​បន្ថែម​ទៀ​ត​របស់​រាជ​រដ្ឋាភិបាល​​ក្នុង​ការ​រៀប​ចំ​ផែន​ការ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ស្រូបយកចំនួនភ្ញៀវទេសចរ ឱ្យចូលមកទស្សនា​នៅ​ខេត្ត​សម្បូរ​ដោយ​ប្រាសាទ​បុរាណ​មួយនេះ​កាន់​តែ​ច្រើន និង​ស្នាក់​នៅ​រយៈ​ពេល​យូរ​។

​តាម​រយៈ​ជំនួយ​ហិរញ្ញប្បទាន​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​ការ​សាង​សង់​ផ្លូវ​ជាតិ​លេខ​៣​​ ខេត្ត​កំពត​​ក៏​ជា​ខេត្ត​ទេសចរណ៍​​​មួយ​​នៅ​​​តែ​​​បន្ត​​​ភាព​​ទាក់ទាញ​លើ​គម្រោង​វិនិយោគ​ និង​អភិវឌ្ឍន៍​ធំ​ៗ​ជា​ច្រើន​ដែល​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារផង​ដែរ​។​ ក្នុង​នោះ​គម្រោងបណ្តាក់ទុនវិនិយោគធំៗ​ភាគច្រើន​ជា​ការ​វិនិយោគ​ទៅ​លើ​ការ​បង្កើត​តំបន់​កម្សាន្ត​ទ្រង់​ទ្រាយ​ធំ​​រួម​ជា​​មួយ​នឹង​ការ​សាង​សង់​លំ​នៅ​ដ្ឋាន​បែប​លំហែរ​កាយ​។​ ក្នុង​នោះ​ក៏​មាន​គម្រោងវិនិយោគ លើវិស័យ​បដិសណ្ឋារ​កិច្ច​ជាច្រើន​នៅក្នុងខេត្តកំពត ជាពិសេស​គម្រោង​រមណីយ​ដ្ឋាន សណ្ឋាគារ និងបឹងហ្គាឡូ នៅ​តាម​ដង​ព្រែក​​នានា​​របស់​​ខេត្ត​​ផងដែរ​។ នៅ​ពេល​ដែល​មាន​គម្រោង​​វិនិយោគ ផ្នែក​បដិសណ្ឋារ​កិច្ច​ច្រើននៅ​ក្នុង​ខេត្ត​នា​ពេល​នេះ​ បាន​​ឆ្លុះ​​បញ្ចាំងអំពី​​ភាព​ល្អប្រសើរ និង​ជំរុញ​ឱ្យ​មាន​ការ​ប្រកួតប្រជែង​កាន់តែខ្លាំងក្លា​នៅ​ក្នុង​វិស័យ​ទេសចរណ៍​របស់​ប្រទេស​​កម្ពុជា​ និង​​ធានា​​បាន​​នូវ​​គុណ​ភាព​​ខ្ពស់​​សម្រាប់​ការ​មក​កំសាន្ត​ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​។

ជារួម​ក្រោម​ការ​ដឹក​នាំ​ដ៏​ប៉ិន​ប្រសព្វ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ទោះ​បី​ជាប្រទេស​កម្ពុជា​កំពុង​ប្រឈម​​នឹង​​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជម្ងឺ​កូវីដ​១៩​​ ក៏​រាជ​រដ្ឋា​ភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ឈរ​ជើង​យ៉ាង​រឹង​មាំ​ក្នុង​ការ​រក្សាបាន​នូវ​លំនឹង​ម៉ាក្រូ​សេដ្ឋកិច្ច​ជាតិ​ ស្ថេរភាព​សង្គម​ សុខសន្តិភាព​ និង​ជាពិសេស​គឺ​ខឿន​ការពារ​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​រហូត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​នៅ​តំបន់​អាស៊ី និង​ចំណាត់​ថ្នាក់​លេខ​៣​នៅលើ​ពិភព​លោក​ជា​ប្រទេស ​ដែល​មានការ​គ្រប់គ្រង​បាន​ល្អ​​​ជាងគេ​លើ​ជំងឺ​កូ​វី​ដ​១​៩​ ​និង​ផល​ប៉ះពាល់​។​ ​របាយការ​ណ៍​វាយ​តម្លៃ​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​​ដោយ​ផ្អែកលើ​មូលដ្ឋាន​ទិន្នន័យ ​របស់​អង្គការសុខភាព​ពិភព​លោក​​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០។ ​

កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាលកម្ពុជា​​ក្នុង​ការ​ត្រៀម​ស្តារ​វិស័យ​ទេស​ចរ​ណ៍​នា​ពេល​​នេះ​​​​ពិត​ជា​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ចក្ខុវិស័យ​នៃ​សក្តានុពល​​ទេសចរណ៍​​នៅ​កម្ពុជា​ ក្រោយ​វិបត្តិ​ជម្ងឺ​កូវីដ​១៩ យ៉ាង​ពិត​ប្រាកដ​ ដោយ​ហេតុ​ថា​ តាមរយៈបទ​ពិសោធន៍​នៃ​ការ​ឆ្លង​កាត់​ផែន​ការ​ស្តារសេដ្ឋកិច្ច​​ឡើង​វិញ​ពេល​មាន​វិបត្តិ​នា​ពេល​កន្លង​ទៅ​ ដូច​ជា​ការ​រីក​រាល​ដាល​នៃ​ជំងឺ​សារ SARS ក្នុង​ឆ្នាំ​២០០៣​ និង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភព​លោក​ក្នុង​ឆ្នាំ​២០០៨​ រាជ​រដ្ឋាភិបាលបាន​អនុវត្ត​ដោយ​ជោគជ័យ​។​ ម្យ៉ាង​ទៀត​​ វិស័យទេសចរណ៍ គឺ​ជា​វិស័យ​ដ៏​សំខាន់​មួយ​សម្រាប់​បង្កើត​ការងារ​ និង​ប្រាក់​ចំណូលដល់​ប្រជាពលរដ្ឋ​​ ហើយ​​សម្រាប់ជម្ងឺ​រាត​ត្បាត​ពេល​នេះ​វិញ​ វា​ក៏​មិន​មែន​ជា​ករណី​​ខុស​គ្នា​ប៉ុន្មាន​ដែរ​ពី​ជម្ងឺ​រាត​ត្បាត​មុន​ៗ​ ដែល​រាជ​រដ្ឋាភិបាល​រំពឹង​ថា​ វិស័យ​ទេសចរណ៍​នឹង​​ដើរ​​តួ​​យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ស្តារ​សេដ្ឋកិច្ច​ជាតិ​ឡើង​វិញ​នាពេល​ដ៏ឆាប់​ខាង​មុខ​នេះ​៕​

 ដោយ​៖ សួន ចំរើន



No comments:

Post a Comment