Monday, December 14, 2020

លោក វ៉ា ថន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅបន្ត សម្រាប់អភិវឌ្ឍមូលដ្ឋាន

ក្រចេះ ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តក្រចេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅបន្ត ឆ្នាំ២០២០ ក្រោមអធីបតីភាពលោក វ៉ា ថន អភិបាលខេត្ត ។

ក្នុងពិធីនោះ លោក វ៉ា ថន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះស្មារតីចូលរួមរបស់បងប្អូនមន្ត្តី្ររាជការ ព្រះសង្ឃ កងកម្លាំងគ្រប់ប្រភេទ អាជីវករ រួមទាំងសប្បុរជន ក្នុងការបរិច្ចាគនូវថវិការផ្ទាល់ខ្លួន ដើម្បីជួយសម្រាលដល់រារដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងចាក់ការពារជំងីកូវីដ-១៩ និងបានស្នើសុំដល់បងប្អូនដែលកំពុងធ្វើចក្តាឡីស័ក សូមអត់ធ្មត់ និងចូលរួមសហការជាមួយអាជ្ញាធរ បន្តគោរពតាមវិធានការរបស់ក្រសួង និងស្តាប់ការណែនាំរបស់អាជ្ញាធរមូលដ្ឋាន រួមបន្តបង្កើនការបង្ករបង្កើនផល និងដំណាំរួមផ្សំ ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ។

ជាមួយគ្នានោះ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុង ស្រុក ដែលបានគោរពនិងអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋមូលដ្ឋាន ប្រកបដោយស្មារតីចូលរួមផុលផុស និងប្រសិទ្ធភាព នេះជាការបញ្ជាក់ថា យើងមានការយល់ដឹងច្បស់ និងមានតែការរួមគ្នាទើបអាចការពារ និងទប់ស្កាត់ជំងឺនេះបានកុំឲ្យចូលសហគមន៍។

ទន្ទឹមនោះដែរ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ ក៏មិនត្រូវភ្លេចនោះដែរចំពោះការងារបង្ករបង្កើនផល ត្រូវចុះពិនិត្យ និងតាមដានលើសកម្មភាព និងបច្ចេកទេសដាំដុះ ក៏ដូចជាការប្រើប្រាស់ពូជ រួមនិងការប្រើប្រាស់ទឹកស្រោចស្រពផងដែរ។

សូមបញ្ជាក់ដែរថា ក្នុងកិច្ចប្រជុំបានផ្តោតទៅលើវិស័យចំនួន៣ គឺ៖ វិស័យកសិកម្ម វិស័យអភវឌ្ឍន៍ជនបទ និងវិស័យសាធារណៈការ និងដឹកជញ្ជូន ដោយក្នុងនោះវិស័យកសិកម្ម ជាលទ្ធផលផ្ទៃដីបានស្តារដំណាំស្រូវឡើងវិញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ កសិករចំនួន ២.៣៧២ គ្រួសារ បានទទួលគ្រាប់ពូជស្រូវចំនួន ២៣៧.២០០ គីឡូក្រាម ពីរាជរដ្ឋាភិបាលកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ បានបញ្ចប់ការស្តារឡើងវិញជាស្ថាពរ ដោយស្តារបានចំនួន ១៨៧១,១៧ហិចតា ស្មើនឹង ១០៩,៧៧% ស្មើនឹង ២.៤២៣គ្រួសារ។ វិស័យអភិវឌ្ឍន៍ជនបទ សម្រាប់ផែនការឆ្នាំ២០២១ សម្រាប់ការងារផ្លូវ -ផ្លូវកៅស៊ូ ២ជាន់ប្រវែង៦១ គីឡូ ចុច១០០ ម៉ែត្រ ក្នុងស្រុកឆ្លូង -ផ្លូវកៅស៊ូ ២ជាន់ ក្នុងស្រុកសំបូរ ១០ គីឡូម៉ែត្រ -ស្រុកចិត្របុរី ១២ គីឡូម៉ែត្រ-ថែទាំខួបគ្រួសក្រហមស្រុកព្រែកប្រសព្វ ៩គីឡូចុច ២០០ ម៉ែត្រ ចិត្របុរី៦ គីឡូម៉ែត្រ -ការងារទឹក សាងសង់អណ្ដូងស្នប់ចំនួន២៣ អណ្ដូង មានក្នុងស្រុកព្រែកប្រសព្វ ស្រុកសំបូរ ស្នួល ចិត្របុរី -ថែទាំខួបផ្លូវចំនួន៣ ខ្សែសរុប ២៧.៥០ គីឡូម៉ែត្រ ក្នុងស្រុកព្រែកប្រសព្វ និងចិត្របុរី-ថែទាំប្រចាំ៥ខ្សែ សរុប ១០២.៥០ គីឡូម៉ែត្រ ក្នុងស្រុកសំបូរ ចិត្របុរី និងព្រែកប្រសព្វ -ជួសជុលផ្លូវមួយខ្សែសរុប៩ចុច៦០គីឡូម៉ែត្រ ក្នុងស្រុកសំបូរ។

សម្រាប់វិស័យសាធារណៈការនិងដឹកជញ្ជូន -គម្រោងថែទាំប្រចាំផ្លូវជាតិផ្លូវខេត្ត គ្រប់ប្រភេទប្រវែងសរុប ១,០២០.៤៨ គីឡូម៉ែត្រ ដោយក្នុងនោះមាន-ថែទាំប្រចាំផ្លូវជាតិ ផ្លូវខេត្ត ក្រាលកៅស៊ូប្រវែង ៣០២.៤៥ គីឡូម៉ែត្រ -ថែទាំប្រចាំផ្លូវជាតិ ផ្លូវខេត្ត ក្រាលគ្រួសក្រហមប្រវែង ៧០៦.៧៨ គីឡូម៉ែត -ផ្លូវឆ្លងកាត់ក្រុងប្រវែង ១១.២៤គីឡូម៉ែត្រ -ការងារថែទាំខួប-ជួសជុលផ្លូវជាតិលេខ៧៣ប្រវែង ១.៨៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ -ជួសជុលនិងពង្រីកផ្លូវខេត្តលេខ៣៧១ ប្រវែង ១.៧០០ ម៉ែត្រ ទទឹង៧ម៉ែត្រ និងលូមូលបណ្ដោយផ្លូវ ១.៧០០ ម៉ែត្រ -សាងសង់ផ្លូវក្រាលកៅស៊ូផ្លូវខេត្តលេខ២៧៩ ប្រវែង ៣.១៥០ ម៉ែត្រ ទទឹង៧ ម៉ែត្រ -សាងសង់លូបណ្ដោយផ្លូវជាតិលេខ៧៣ ប្រវែង ៣.០០០ម៉ែត្រ-ការងារស្រោចកៅស៊ូ២ជាន់ ផ្លូវជាតិលេខ៧៣ ប្រវែង ២.៧៧០ ម៉ែត្រ គុណនឹង10 ម៉ែត្រ- ការងារស្រោចកៅស៊ូ២ជាន់ ផ្លូវជាតិលេខ ៧៦ ប្រវែង ២.៦០០ម៉ែត្រ x ១០ ម៉ែត្រ៕






No comments:

Post a Comment