Wednesday, November 25, 2020

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញមោទនភាពចំពោះវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីមោទនភាព ដែលកម្ពុជា អាចទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី អះអាងថា បើគ្មានវិធានការត្រឹមត្រូវម៉ត់ចត់ទេ នោះកម្ពុជា ពិសេសរាជធានីភ្នំពេញអាចប្រឈមនឹងមហន្តរាយលើវិស័យសុខភាពសាធារណៈ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ព្រឹត្តិការណ៍ ៣វិច្ឆិកា គឺជាមហន្តរាយសម្រាប់វិស័យសុខភាពសាធារណៈកម្ពុជា ពិសេសក្នុងរាជធានីភ្នំពេញ។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មនុស្សជាង ១៨០០នាក់ ត្រូវបានធ្វើចត្តាឡីស័ក បន្ទាប់ពីបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី។

លោកនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញថា កត្តាជោគជ័យរបស់កម្ពុជា គឺការចាត់វិធានការបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដោយបានស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា មកធ្វើចត្តាឡីស័ក ដែលលោកនាយករដ្ឋមន្ត្រី បានចាត់ទុកថា ជាការប្រតិកម្មរហ័សឆ្លើយតបបញ្ហាប្រឈមចំពោះមុខ៕






No comments:

Post a Comment