Monday, June 15, 2020

ធនាគារ ជីប ម៉ុង សាខាទី១០ ត្រូវបានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការហើយ!

សៀមរាប៖ សាខាទី១០ របស់ធនាគារ ជីបម៉ុង ខមមើសលប៊ែង ម.ក ត្រូវបានសម្ពោធកាត់ខ្សែរបូរបើកឲ្យដំណើរការជាផ្លូវការនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរងនៃធនាគារជាតិកម្ពុជា និងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ សាខាធនាគារជីបម៉ុង ខេត្តសៀមរាប ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ហើយធនាគារជីបម៉ុងក្លាយជាដៃគូហិរញ្ញវត្ថុជាទីទុកចិត្ត និងយូរអង្វែងសម្រាប់អតិថិជននៅខេត្តសៀមរាប ហើយធនាគារជីបម៉ុង នឹងក្លាយខ្លួនជាស្ថាប័នហិរញ្ញវត្ថុជាទីទុកចិត្ត និងជាដៃគូវិនិយោគដ៏ជោគជ័យយូរអង្វែងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីបម៉ុង និងជាម្ចាស់ភាគហ៊ុនធនាគារ ជីបម៉ុង លោកឧញ៉ា លាង ឃុន បានបញ្ជាក់ថា ធនាគារ ជីបម៉ុង គឺជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីបម៉ុង ដែលមានវត្តមាន និងកេរ្តិ៍ឈ្មោះលើទីផ្សារកម្ពុជាជិត៤០ឆ្នាំមកហើយ និងជាបណ្តុំនៃក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ ដែលមានបទពិសោធន៍ ជំនាញវិជ្ជាជិវៈ និងទេពកោសល្យខ្ពស់ក្នុងការកំណត់គោលដៅវិនិយោគច្បាស់លាស់ រឹងមាំ យូរអង្វែង និងប្រកបដោយឆន្ទៈខ្ពស់ ដើម្បីសម្រេចបេសកកម្មដោយជោគជ័យ និង ស្ថិតនៅជាមួយអតិថិជនជានិច្ច។ ធនាគារ ជីបម៉ុង សាខាខេត្តសៀមរាប គឺជាសាខាទី១០នៃធនាគារ ជីបម៉ុង ហើយធនាគារនេះបានប្រតិបត្តិការចំនួន៤រាជធានីខេត្តហើយ គឺរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តសៀមរាប។
លោក ទៀ សីហា អភិបាលខេត្ត និង លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរងនៃធនាគារជាតិកម្ពុជា បានគូសបញ្ជាក់ថា ការបើកឲ្យដំណើរការបម្រើសេវាកម្មរបស់សាខាធនាគារ ជីបម៉ុង ខមមើសលប៊ែង ម.ក នៅខេត្តសៀមរាប នាពេលដែលពិភពលោកជួបនូវវិបត្តិកូវីដ១៩ ហើយក៏ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញនិងបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចនៅក្នុងខេត្តទេសចរណ៍មួយនេះ។ ពិតណាស់ហើយថា ការពង្រីកបណ្តាញប្រតិបត្តិការគឺជាកត្តាអាទិភាពរបស់ធនាគារសំដៅបង្កើននូវសក្តានុពលពាណិជ្ជកម្មបង្កើតនូវឱកាសសម្រាប់អតិថិជនឯកត្តជន និងសហគ្រាសក្នុងការប្រើប្រាស់ផលិតផលក៏ដូចជាធ្វើឲ្យប្រសើឡើងនូវកម្រិតជីវភាពដល់សហគមន៍ទាំងមូលផងដែរ។
លោកស្រី អ៊ុក ម៉ាលី ក៏បានគូសបញ្ជាក់ថា ខេត្តសៀមរាបជាខេត្តមានសក្តានុពលសេដ្ឋកិច្ចមួយនៅកម្ពុជា ក្នុងវិស័យទេសចរណ៍ ហើយខេត្តបានអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព សមភាព សមធម៌ លើគ្រប់វិស័យ ទាំងសន្តិសុខ សណ្តាប់ធ្នាប់ ធានានូវការទាក់ទាញអ្នកវិនិយោគិនទៀតផង ។ ក្នុងនោះលោកជំទាវគត្តិបណ្ឌិតក៏បានលើកផងដែរ អំពីអត្ថប្រយោជន៍ក្នុងការបម្រើរបស់ធនាគារ គឺយើងមិនអាចបញ្ឈប់ការរីកចម្រើនរបស់ធនាគារនៅពេលដែលកំពុងជួបវិបត្តិជម្ងឺ កូវិដ១៩ នៅលើពិភពលោក ក៏ដូចនៅកម្ពុជា គឺយើងនូវតែបន្តពង្រឹងពង្រីកអាជីវកម្មរបស់សម្រាប់ពេលអនាគត។ ក្នុងនោះលោកស្រី ក៏បានធ្វើការណែនាំមួយចំនួន លើកការបង្កើនយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រយុទ្ធប្រឆាំង បង្កា ទប់ស្កាត់នៃជម្ងឺឆ្លងកូវិដ១៩ ត្រូវអនុវត្តឲ្យបាននូវវិធានការការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យបានជាប្រចាំ ចំពោះបងប្អូនអតិថិជនរបស់ខ្លួនមកទទួលសេវានៅក្នុងសាខាធនាគាររបស់ខ្លួន៕



No comments:

Post a Comment