Monday, May 25, 2020

នាយឧត្តមសេនីយ៍ ឈុំ សុជាត ប្រតិកម្មទៅនឹងការរិះគន់របស់ក្រុមឧទ្ទាមក្រៅច្បាប់ចំពោះការបំពាក់មេដាយជូនក្រុមវេជ្ជសាស្រ្តចិន

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ចេញប្រតិកម្មទៅនឹងការរិះគន់របស់ក្រុមឧទ្ទាមក្រៅច្បាប់ចំពោះការបំពាក់មេដាយជូនក្រុមវេជ្ជសាស្រ្តចិនដែលបានជួយដល់កម្ពុជាក្នុងការព្យាបាលនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ដែលជាជំងឺសាកលមួយដែលប្រទេសនានាលើពិភពលោកកំពុងរងនូវផលប៉ះពាល់។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបង្ហាញការសោកស្តាយ និងខកចិត្តជាខ្លាំងចំពោះការរិះគន់ដោយគ្មានសតិសម្បជញ្ញៈរបស់ក្រុមឧទ្ទាមក្រៅច្បាប់មួយចំនួន ដែលបានវាយប្រហារមកលើកិច្ចការមនុស្សធម៌ របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបំពាក់មេដាយ ជាគ្រឿងឥស្សរិយយសដោយ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនាមរាជរដ្ឋាភិបាលនៃរដ្ឋអធិបតេយ្យ ឯករាជ្យ ជូនដល់ មន្ត្រីយោធាជំនាញវេជ្ជសាស្ត្រ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកជួយកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ការរិះគន់នេះ មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៃស្ថានភាពដែលកម្ពុជា ក៏ដូចជាប្រទេស នៅលើពិភពលោក បាននិងកំពុងប្រឈមមុខនឹងការរីករាលដាលឆ្លងជំងឺកូវីដ១៩ រាប់លាននាក់ និងមានមនុស្សស្លាប់រាប់សែននាក់។ ដូចនេះ ការទទួលជំនួយជាសម្ភារៈពេទ្យ ដើម្បីទប់ស្កាត់ ប្រឆាំងជំងឺកូវីដ១៩ គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ និងក៏បង្ហាញនូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ និងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកផងដែរ។ លោក បន្តថា ការបំពាក់មេដាយកិត្តិយសដល់សប្បុរសជន មិនថាជូនដល់ជនរួមជាតិកម្ពុជា ឬជូនទៅជនបរទេស គឺជាកាយវិការមនុស្សធម៌ បង្ហាញនូវសាមគ្គីភាព ការលើកទឹកចិត្តប្រកបដោយគុណធម៌ឆ្លើយតបទៅនឹងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរបស់សកលលោក។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានគូសបញ្ជាក់ថា ការរិះគន់ វាយប្រហារក្នុងចេតនាបន្ទុចបង្អាក់សកម្មភាពមនុស្សធម៌ គឺជាសារជាតិរបស់ក្រុមប្រឆាំង ដែលមិនត្រឹមតែមិនបានផ្តល់នូវប្រយោជន៍សម្រាប់បម្រើប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវឥរិយាបថ បំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកិច្ចសហការល្អ និងការទំនាក់ទំនងជាអន្តរជាតិ និងក៏ជាចេតនាទុច្ចរិតមិនឱ្យតម្លៃលើអាយុជីវិតរបស់ពលរដ្ឋកម្ពុជា ខណៈដែលសិទ្ធិរស់រានមានជីវិតត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ហើយដែលប្រជាជនកម្ពុជា គួរតែមានមោទនភាព ខណៈដែលមានប្រទេសជាមិត្តជួយឧបត្ថមគាំទ្រ៕







No comments:

Post a Comment