Monday, May 25, 2020

លោក វេង សាខុន កោតសរសើរចំពោះការខិតខំប្រកាន់យករបរចិញ្ចឹមត្រីឆ្ពង់ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក

កោះកុង៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង អញ្ជើញអមដំណើរលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ចុះមកពិនិត្យសកម្មភាពចិញ្ចឹមត្រីឆ្ពង់ក្នុងបែ របស់លោក សេង ចន្ថា នៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
លោក សេង ចន្ថា កំពុងចិញ្ចឹមត្រីឆ្ពង់ក្នុងបែចំនួន ១៨ ដាក់កូនត្រី ៦០០-៧០០ក្បាល/បែ។ ទីផ្សារបច្ចុប្បន្នត្រីឆ្ពង់មានតម្លៃ ១៥,០០០រៀល/គីឡូក្រាម តម្លៃនេះធ្លាក់ចុះបន្តិចដោយមូលហេតុគ្មានការបញ្ជារទិញការរៀបចំពីធីបុណ្យ ការរៀបចំអាពាហ៍ពិពាហ៍ និងភោជនីយដ្ឋាន បន្ទាប់ពីមានវិបត្តិនៃការរីរាលដាលជំងឺឆ្លងសកលកូវីដ-១៩ ដែលជាហេតុមានសល់ត្រីក្នុងបែនិងលើសទម្ងន់។
ពិនិត្យឃើញទិដ្ឋភាពនិងសកម្មភាពចិញ្ចឹមត្រីក្នុងបែរួចមក លោករដ្ឋមន្រ្តី និងលោកស្រីអភិបាលខេត្ត បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រីឆ្ពង់ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងខេត្ត រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។ បើទោះជាតម្រូវការទីផ្សារ និងតម្លៃមានការធ្លាក់ចុះបន្តិចក្តី លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យពួកគាត់បន្តរក្សាមុខរបរនេះ រង់ចាំស្ថានភាពល្អប្រសើរឡើងវិញពីព្រោះនេះគឺជាអាជីពយ៉ាងរឹងមាំនិងជាប្រភពចំណូលក្នុងគ្រួសារយើងមានបទពិសោធន៍និងចុះទុនវិនិយោគជាច្រើន ដូច្នេះត្រូវអត់ធ្មត់តស៊ូរង់ចាំឱកាសល្អវិញ។ ឆ្លៀតយកឱកាសនេះ លោក បានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយទំនាក់ទំនងរកឈ្មួញនៅទីក្រុងភ្នំពេញនិងទីផ្សារក្រៅពីខេត្តព្រះសីហនុ ដើម្បីជួយរំដោះផលត្រីដែលមានក្នុងស្តុក។ នៅក្នុងស្ថានភាពល្អប្រសើរគួរជួយរៀបចំផែនការផលិតកម្មនិងអនុវត្តបច្ចេកទេសបានត្រឹមត្រូវដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់។
សូមជម្រាបជូនថា តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានឱ្យដឹងថា នៅទូទាំងខេត្តការចិញ្ចឹមត្រីក្នុងបែបានចំនួន ១៦០បែ អាចប្រមូលផលបាន ៦៥តោន ការចិញ្ចឹមត្រីទឹកប្រៃក្នុងស្រះមាន ៥ស្រះ អាចប្រមូលផលបាន ២៥តោន ការចិញ្ចឹមគ្រែងឈាមលើផ្ទៃដី ៥២៤ហិកតា ប្រមូលផលបាន ១៤,០០០តោន ការចិញ្ចឹមគ្រំចំពុះទាលើផ្ទៃដី ៨ ហិកតា ប្រមូលផលបាន ៣៥០តោន សរុបបរិមាណផលត្រីទឹកប្រៃ គ្រែង គ្រំ ចំនួន ១៤,៤៥០ តោនក្នុង១ឆ្នាំ៕




No comments:

Post a Comment