Monday, May 25, 2020

លោកស្រី ម៉ែន សំអន៖ យើងត្រូវបន្តប្រុងប្រយ័ត្នក្នុងការការពារសុខភាពនិងធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការជំងឺឆ្លងកូវីដ១៩

ស្វាយរៀង៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាស ហែកលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ចាស់ជរា ១៤ គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ១ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ៣៩ គ្រួសារ សរុប ៥៤ គ្រួសារ មកពី ៣ឃុំ ក្នុងស្រុករមាសហែក គឺឃុំកំពង់ត្រាច អំពិល និងឃុំគគីរ ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានកិត្តិយសសាខា លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយក នាយករង និងមន្ត្រីនៃសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមប្រឹក្សាស្រុក និងលោកអភិបាល អភិបាលរងស្រុករមាសហែក។
ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានថ្លែងថា ទោះបីជំងឺកូវីដ១៩ មានការរីករាលដាល នៅលើពិភពលោកយ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលតែងតែគិតគូរជានិច្ចពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។ លោកស្រីក៏បានកោតសសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្ត ស្វាយរៀងដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសការយក ចិត្តទុកដាក់ធ្វើចត្តាឡីស័កបានយ៉ាងហ្មត់ចត់ចំពោះបង ប្អូនដែលធ្វើការចំណាកស្រុកនៅពេលដែលត្រឡប់ចូលមកស្រុកកំណើតវិញ។
លោកស្រី ម៉ែន សំអន ក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសយើងបានរកឃើញពលរដ្ឋកម្ពុជាមានផ្ទុកមេរោគកូវីដ១៩ ២ករណីបន្ថែមទៀត ដែលបានត្រឡប់មកពីក្រៅប្រទេសហេតុនេះយើងត្រូវប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតក្នុងការការពារសុខភាព និងធ្វើអនាម័យតាមការណែនាំរបស់គ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបា លជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវីដ១៩ មិនទាន់រលាយ បាត់ពីផែនដីនៅឡើយទេព្រោះជំងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់និងអាចធ្វើឲ្យមនុស្សបាត់បង់ជីវិតភ្លាមៗផងដែរ (យើងភ្លេចកូវីដ ១៩ ប៉ុន្តែ កូវីដ១៩មិនភ្លេចយើងនោះទេ)។ លោកស្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះ ការចិញ្ចឹមសត្វជាដើម ចំណែកឯអាជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធភាពនូវភូមិ-ឃុំមានសុវត្ថិភាពនិងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋទាំង៥៤គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សាប៊ូ ២ដុំ ក្រម៉ា ១ ម៉ាស់ ៦ ជែល ១ដប និងថវិកាធ្វើដំណើរ ចំនួន៤ម៉ឺនរៀលផងដែរ៕



No comments:

Post a Comment