Friday, March 06, 2020

ទស្សនៈមិត្តអ្នកអាន៖ រួមគ្នា អ្វីៗទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតនៃវីរុស COVID-19 និងឥទ្ធិពលរបស់វា

សម្រាប់​ស្ថាន​ភាព​របស់​ពិភព​លោក​នា​ពេលបច្ចុប្បន្ន​នេះ​បាន​ផ្តោត​អារម្មណ៍​ជាចំបង​ទៅ​លើ​ការ​រាតត្បាត​នៃ​ជម្ងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​ ឬ​ហៅ​ថា​ COVID-19 ។​ គិត​មក​ដល់​ពេល​នេះមាន​ប្រទេ​ស និង​ដែន​ដី​ជាង​​៨៤​​​ហើយ​​ដែល​ត្រូវ​បាន​អង្គការ​សុខភាព​ពិភព​លោក​ប្រកាស​ថា​មាន​ការ​ឆ្លង​ និង​ស្លាប់​ដោយសារ​ជម្ងឺ​​នេះ​​​។​ យោង​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក​មក​ដល់​ពេល​នេះ​ទាំង​នៅ​ប្រទេស​ចិន និង​​​នៅលើពិភពលោក​មាន​អត្រា​អ្នក​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​ឆ្លង C​OVID-19​ កើន​ដល់​ជាង​៣​២០០​នាក់​ ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នេះ​ជាង​៩​៥០០០​នាក់​ ហើយ​ក្នុង​នោះ​​ប្រទេស​ចិន​មានចំនួន​ច្រើន​ជាង​គេ​។ ជំងឺនេះបាន​ចាប់ផ្តើមរីករាលដាល និង​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ជា​បន្ត​បន្ទាប់​ទាំង​នៅក្នុង​និង​នៅ​ក្រៅ​ប្រទេស​ចិន​មិន​ទាន់​មាន​ការ​ស្រាក​ស្រា​ន្ត​​នៅ​ឡើយ​ទេ​ ហើយ​​ក្នុង​នោះ​ប្រទេស​ដែល​កំពុង​មាន​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ទៀត​បន្ទាប់​ពី​ចិន​​គឺមាន​ដូច​ជា​កូរ៉េ​ខាង​ត្បូង​ អ៊ី​រ៉ង់ អ៊ីតា​លី​​ ជប៉ុ​ន អាល្លឺម៉ង់ បារាំង​ អេស្ប៉ាញ​ និង​អាមេ​រិក​ជា​ដើម​។ ប៉ុន្តែ​ ទោះ​​ជា​​យ៉ាង​ណាក៏​ដោយ ​ចាប់​តាំង​ពីមាន​ការ​​ផ្ទុះឡើ​ង​តាំង​ពី​ដើម​ខែ​មក​រា​​ ឆ្នាំ២០២០មក​ មាន​អ្នក​ជំងឺ​ប្រមាណ​ជាង​៥​ម៉ឺ​ននាក់​ហើយ​​នៅ​លើ​ពិភព​លោក​ដែល​​ត្រូវ​បាន​ព្យា​បាល​ជា​សះ​ស្បើយ​ផង​ដែរ​។
ចំណែក​នៅ​ប្រទេ​ស​កម្ពុជា​ រហូត​មក​ដល់​ពេល​នេះ​ ក្រសួង​សុខា​ភិបាល​ បាន​រក​ឃើញ​ជំងឺ​នេះ​១​ករណី​គត់​ គឺ​នៅ​លើ​ខ្លួន​ជន​ជាតិ​ចិន​ម្នាក់​ដែល​មក​ពី​ក្រុង​វូ​ហាន​ប្រទេសចិន​​ចូល​មក​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មករា​ ឆ្នាំ​២០២០​ ប៉ុន្តែ​ជនជា​តិ​ចិន​រូប​នោះ​ត្រូវ​បាន​ព្យា​បាល​ឱ្យ​ជា​សះ​ស្បើយ​ ហើយ​​បាន​ចាក​ចេញ​ពី​កម្ពុជា​ទៅ​ប្រ​ទេស​ចិន​វិញ​តាំង​ពី​ថ្ងៃ​ទី​០៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០​២០​ មក​ម្លេះ​។
ទោះ​បី​ជា​ស្ថាន​ភាព​ជម្ងឺឆ្លងប្រភេទ​ថ្មី​នេះ​​នៅ​​ប្រទេស​​កម្ពុជា​មាន​ភាព​ធូរ​ស្រាល និង​​មិន​មាន​បញ្ហា​ប្រឈម​ធ្ងន់​ធ្ងរ​ដូច​ប្រទេស​នានា​ក្តី​​ ក៏​ប្រមុខ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ដាក់​ចេញ​នូវ​ទស្ស​​នៈ​វិស័យ​បង្ការ​ និង​ទប់​ស្កាត់​ការ​ឆ្លង​ និង​រាល​ដាល​នៃ​ជម្ងឺ​ COVID-19 នេះ​ ដើម្បី​ធានា​ថា​ប្រទេស​កម្ពុជា បា​ន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ចូល​រួម​​​​ការពារជម្ងឺ​នេះ​ជាមុន និង​បាន​​ឆ្លើយ​​​តប​ទៅ​នឹង​ការអំពាវ​នាវ​របស់​អង្គកា​រ​សុខ​ភាព​ពិភព​លោក​ ក្នុង​ការ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​និង​ជម្ងឺ COVID-19 នេះ​ផង​ដែរ​។ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​កំណត់​ច្បាស់​ថា​ «​​​ការ​ងារ​អាទិភាព​បំផុត​របស់​កម្ពុជានា​ពេលនេះ​គឺ​ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃ​ជំងឺ​កូរ៉ូណាថ្មី ឬ​COVID-19​ ដោយ​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ត្រៀម​ខ្លួន​ទប់​ទល់​បើ​សិន​ជា​ជម្ងឺ​នេះ ឆ្ល​ង​មក​ដល់​ប្រទេស​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត​ផង​ដែរ​»។​ ការប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​សុខាភិបាល​​ឆ្នាំ២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំថ្មី​២០២០​ របស់​ក្រសួង​​នៅ​សណ្ឋា​គារ​សុខា​ភ្នំពេញ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែ​មីនា​ ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មីៗនេះ​។ ក្នុង​ន័យ​នេះ​ ដើម្បី​សម្រេច​កិច្ច​ការ​នេះ​ឱ្យទទួល​បាន​ជោគជ័យ​ មិន​ត្រឹម​តែ​ស្ថាប័ន​រដ្ឋ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ប៉ុន្តែ​ក៏​ត្រូវ​តែ​មាន​ការ​ចូល​រួម​ឱ្យ​សកម្មពី​ប្រជាពលរដ្ឋ​យើង​ផង​ដែរ​។
វិធាន​ការ​ជាក់​ស្តែងទី​១​​សម្រាប់​បច្ចុប្បន្ន​នេះ​ គឺ​នៅ​ពេល​ដែល​មិន​ទាន់​មាន​ប្រជាជន​កម្ពុជា​យើង​ណាម្នាក់​ឆ្លង​ ឬ​​ស្លាប់​ដោយ​វីរុស​ COVID-19 នេះ​ទេ​ «យើង​ត្រូវ​រួប​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌​មាន​ក្លែង​ក្លាយ​ដែល​ក្រុម​ភេវរៈករ​តែង​តែ​បំភ្លៃ​ព័ត៌មាន​នៅ​តាម​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​នានា​ដូច​ជា យូធូប​ ហ្វេស​ប៊ុក»​ ជាដើម​។ ឈ្មោះ​ជាក្រុម​ភេវរៈករ​គឺ​ពិត​ជាត្រឹម​ត្រូវ ​ពី​ព្រោះ​​ក្រុម​នេះ​មិនត្រឹម​​តែ​​បំពុល​ព័ត៌មាន​ចំពោះ​ប្រជា​ពលរដ្ឋ​កម្ពុជា​ខ្លួន​ឯង​ប៉ុ​ណ្ណោះ​ទេ​ គឺ​ថែម​ទាំង​បំពុល​ព័ត៌​មាន​ចំពោះ​ពិភព​លោក​ថែម​ទៀត​​​ ដោយពួក​នេះ​បាន​​យក​​រូប​ភាព​មនុស្ស​ស្រវឹង​ស្រា​ដេកដួល​ក៏​ថា​ជាជម្ងឺ​កូរ៉ូ​ណា​ កម្មករ​ដួល​សន្លប់​ក្នុង​រោង​ចក្រ​ក៏​ថា​កូរ៉ូណា​ ឬ​ពេល​ខ្លះយក​​រូប​ភាព​ភ្ញៀវ​ទេស​ចរណ៍​ខ្យល់​គ​ក៏​បំភ្លៃ​ថា​ជា​ជម្ងឺ​កូរ៉ូណា​ ។ល។​ ដូច្នេះ​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ឈប់​​ជឿ​តាម​ព័ត៌​មាន​ដែល​ប​ង្ហោះ​​នៅក្នុង​បណ្តាញ​សង្គម​ទាំង​នោះ​។ មាន​តែ​ព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយជាផ្លូវ​ការ​​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា​ រួម​ជាមួយ​នឹងការបញ្ជាក់របស់​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុ​ជា​តែ​មួយ​គត់​ប៉ុណ្ណោះ​ ដែល​ជា​ព័ត៌​មាន​ដែល​ទុក​ចិត្ត​ និង​អាច​យក​ជាការ​បាន​។​​
សម្រាប់​វិធាន​ការ​ទី​២​ ក្នុង​នាម​ជាប្រជាពលរដ្ឋ​ល្អ​ ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​ប្រកាន់​ឱ្យ​បាន​ខ្ជាប់ខ្ជួន​​នូវ​​អ​នា​ម័​យ​ខ្លួន​ប្រាណ​បី​ប្រ​ការ​គឺ​ «ការ​ហូប​ស្អាត​ ផឹក​ស្អាត​ និង​រស់​នៅ​​ស្អាត​»​​។ ​វិធាន​ការ​នេះ​ធ្វើ​ឱ្យ​ខ្លួន​យើង​ កូន​ចៅ​យើង និង​ក្រុម​គ្រួសារ​យើង ​អាច​បង្ការ​ជម្ងឺបាន​ជាប្រចាំ​ ដោយ​ត្រូវ​បរិភោគ​តែ​អាហារដែល​ចំអិន​បាន​ឆ្អិន​ល្អ​ និង​ប្រកប​ដោយ​អនា​ម័យ​។ ហូប​ទឹក​ស្អាត ​ដែល​បាន​ដាំ​ពុះ​​ជា​ប្រចាំ​ និង​ត្រូវ​ឧស្សាហ៍​លាង​សំអាត​ដៃ​ជើង​ដោយ​ទឹក​សាប៊ូ ឬ​អាល់​កុល​ ទាំង​នៅ​ផ្ទះ​ ទាំង​នៅពេល​ធ្វើ​ដំណើរ​​​​ និង​ទាំង​នៅ​កន្លែង​ធ្វើការ​។ល។​
វិធាន​ការ​ទី​៣​ ប្រជាពលរដ្ឋ​ត្រូវ​រួម​គ្នា​សន្សំ​សំចៃ​ក្នុង​ការ​ចំណាយ ​ដើម្បី​រួម​គ្នាជួយថែរក្សា​ឱ្យ​បាន​នូវ​លំនឹង​នៃ​សេដ្ឋ​កិច្ច​ ទាំង​សេដ្ឋ​កិច្ច​ផ្ទាល់​ខ្លួន​ សេដ្ឋកិច្ច​គ្រួសារ​ សេដ្ឋកិច្ច​ជាតិ​ ក៏ដូច​ជាសេដ្ឋកិច្ច​សកល​ នៅ​​ក្នុង​រយៈពេល​អន្តរកាល​នៃ​ការ​រាតត្បាត​នៃ​ជម្ងឺ​ COVID-19 នេះ​​ ដោយ​សារ​ជម្ងឺ​រាតត្បាត​នេះ​នៅ​បន្ត​កើត​មាន​នៅ​ជុំ​វិញ​ពិភព​លោក​នៅឡើយ​។​
ជារួម​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ជាច្រើន​ដើម្បី​ទប់​ទល់​ការពារ​ប្រឆាំង​នឹង​បញ្ហា​ជម្ងឺ​ COVID-19  នា​ពេល​នេះ​​ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ទូទាំង​ប្រទេស​ក៏​ត្រូវ​រួម​ចំណែក​ក្នុង​ស​កម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​កូរ៉ូណា​​នេះ​ផង​ដែរ​ ដើម្បី​ឱ្យ​ចំណាត់​ការ​នេះ​ទទួល​បាន​ជោគជ័យ​។ ក្នុង​ន័យ​នេះ​ ប្រជាពលរដ្ឋ​គ្រប់​រូប រួម​ជាមួយ​រាជរដ្ឋាភិបាល​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​​ត្រូវ​រួម​គ្នា​ជ្រោង​ខ្ពស់​ទង់​សាមគ្គី​ប្រជាជាតិ​ខ្មែរ​ និង​ប្រជាជាតិ​ទាំង​អស់​ក្នុង​សកល​លោក​ក្នុង​ទិស​ដៅ «យើង​រួម​គ្នា​​​​ធ្វើ​​អ្វី​ៗ​ទាំង​អស់​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការរាតត្បាត​នៃ​វីរុស​ ​COVID-19 »។​
ម្យ៉ាង​វិញ​ទៀត​ យើង​ទាំង​អស់​គ្នាក៏​​មានមោទនៈ​ភាពបំផុត​​​ចំពោះ​​មេ​ដឹក​​នាំ​​ខ្មែរ ជាពិសេស​ចំពោះ​​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែល​តែង​តែ​មាន​ការ​គិត​គូរ​ក្នុង​ទស្សនៈ​វិស័យ​វែង​ឆ្ងាយសម្រាប់​ដោះ​ស្រាយ​នូវ​​រាល់​បញ្ហា​ដែ​ល​កើត​មាន​ចំពោះ​មុខ​ដែល​បាន​កើត​មាន​នៅក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​នៅ​ជុំ​វិញ​ពិភព​លោក​ ហើយ​តែង​តែ​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​បង្ការ​ និង​ទប់​ស្កាត់​ជាមុន​ និង​តែង​តែ​ទទួល​បាន​ជោគជ័យគ្រប់​ពេល​ និង​គ្រប់​កាលៈទេសៈ​ចំពោះ​បញ្ហា​ប្រឈម​នានា​​​​​ដែល​អាច​កើត​មាន​នៅកម្ពុជា​ ទាំង​ពេល​អតីតកាល បច្ចុប្បន្ន​កាល​ ក៏​ដូច​ជាពេល​អនា​គត។​ ជោគជ័យ​ទាំង​នេះ​ក៏​​បាន​មក​ដោយ​សារ​មាន​ការ​ចូល​រួម​ និង​គាំ​ទ្រ​យ៉ាង​សកម្មផង​ដែរ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ភាគ​ច្រើនលើស​លុប​ ដែល​បាន​ផ្តល់​នូវ​ការ​​ទុក​ចិត្ត​ចំពោះ​លោក​នាយក​រដ្ឋ​មន្ត្រី​ឱ្យ​ដឹក​នាំ​ប្រ​ទេស​ឆ្ពោះ​ទៅ​រក​សុខ​សន្តិភាព​ ស្ថេរភាព​ និង​ការ​អភិវឌ្ឍ​៕​

 ដោយ៖ ពង្ស​ សុក្រឹត្យ

No comments:

Post a Comment