Friday, March 06, 2020

« ពេលវេលាគឺជាអាវុធយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន! »

ការស្គាល់កាលៈទេសៈ និងដឹងថាពេលណាត្រូវធ្វើអ្វី គឺជាកត្តាកំណត់ជោគជ័យរបស់មេដឹកនាំដែលឈ្លាសវៃ។ លោក ហ៊ុន សែន គឺពិតជា មេដឹកនាំដែលតែងតែធ្វើកិច្ចការនេះជារៀងរហូត មក។
ជាក់ស្តែង ក្នុងចំណាត់ការករណី Covid-19 ភាពឈ្លាសវៃរបស់មេដឹកនាំខ្មែររូបនេះបានបង្ហាញជាភស្តុតាងមួយថ្មីទៀត។ ហេតុអ្វីបានជាខ្ញុំហ៊ាននិយាយយ៉ាងដូច្នេះ? សូមពិនិត្យមើលចំណាត់ការរបស់របស់ហ៊ុន សែន ដូចតទៅ៖
ចាប់ពីការផ្ទុះឡើងនៃ វីរុសកូរ៉ូណាថ្មី ឬ Covid-19 កាលពី ចុងឆ្នាំ ២០១៩ ហូតមកដល់ថ្ងៃទី ០៤ មីនាឆ្នាំ ២០២០ គឺជា ដំណាក់កាលដែលមេដឹកនាំខ្មែររូបនេះចាត់ទុកថា ការទប់ស្កាត់ការភ័យខ្លាចរបស់ប្រជាពលរដ្ឋគឺជាអាទិភាពខ្ពស់បំផុតដើម្បីបង្ការហានីភ័យ។ នាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ច្បាស់ណាស់ថា ក្នុងដំណាក់កាលនេះ ការប្រើ ចិត្តសាស្ត្រជារឿងសំខាន់ដើម្បីទប់សភាពការណ៍កុំឲ្យច្រួលច្របល់ក្នុងសង្គមដែលបណ្តាល មកពីការភ័យស្លន់ស្លោជ្រុលរបស់ប្រជាពលរដ្ឋ។ ដូច្នេះហើយបានជានាយករដ្ឋមន្ត្រីខ្មែរបាន ចេញមុខធ្វើជាគំរូនៃការ លុបបំបាត់ការភ័យខ្លាចតាមរយៈ សកម្មភាពសំខាន់ៗចំនួន៣ ដូចខាងក្រោម៖
ទី១៖ គឺការអំពាវនាវម្តងហើយ ម្តងទៀតកុំឲ្យពលរដ្ឋភ័យខ្លាចព្រោះការភ័យខ្លាចវាបង្កគ្រោះថ្នាក់ជាងវីរុស Covid-19 ទៅទៀត។ លោក ហ៊ុន សែន យល់ច្បាស់ថា ពលរដ្ឋខ្មែរអាច បាត់បង់ម្ចាស់ការ និងធ្វើឲ្យមាន ភាពច្របូកច្របល់ក្នុងសង្គមប្រសិនបើមិនទប់ស្កាត់ការភ័យខ្លាចទេនោះពីព្រោះម្យ៉ាងការព្រួយបារម្ភពីវីរុសឆ្លងកំពុងគ្របដណ្តប់លើសតិអារម្មណ៍ពលរដ្ឋខ្មែរជាច្រើន និងម្យ៉ាងទៀតគឺការបំផុសព័ត៌មានក្លែងក្លាយបំពុលសង្គមពីសំណាក់ជនអគតិមួយចំនួនក៏បានធ្វើឡើងគួរឲ្យកត់សម្គាល់។
ទី២៖ ការបង្ហាញសកម្មភាពជាក់ស្តែងជាគំរូដល់មហាជន ដូចជាការស្នើរសុំទៅសួរសុខទុក្ខ និស្សិតខ្មែរនៅវូហាន, ដំណើរទស្សនកិច្ចផ្ទាល់ទៅកាន់ទីក្រុងប៉េកាំងដោយមិនពាក់ម៉ាស់ក្នុងពេលដែលវីរុសកំពុងផ្ទុះខ្លាំង និងការអនុញ្ញាតឲ្យនាវាយក្ស Westerdam ចូលចតហើយនាយករដ្ឋមន្ត្រីខ្លួនឯងចេញទៅទទួលស្វាគមន៍អ្នកទេសចរ ដោយផ្ទាល់ខណៈដែល ពិភពលោកកំពុងភ័យខ្លាច និង រើសអើងអ្នកទាំងនោះ។
ទី៣៖ គឺការឆ្លៀតយកឱកាសនេះ ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបពីរបៀបរស់នៅប្រកបដោយអនាម័យដល់ប្រជាពលរដ្ឋខ្មែរពីព្រោះលោក ហ៊ុន សែន យល់ច្បាស់ណាស់ថា អនាម័យគឺជាគោលការណ៍គ្រឹះក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងគ្រប់ប្រភេទមិនត្រឹមតែ Covid-19 ទេ ហើយចំណុចខ្សោយរបស់ពលរដ្ឋខ្មែរគឺការរស់នៅដោយមិនសូវខ្វល់ពីអនាម័យ។
ជាលទ្ធផល ខ្ញុំសង្កេតឃើញថា កិច្ចការទាំង៣យ៉ាងនេះបានទទួលជោគជ័យយ៉ាងធំធេងគួរឲ្យមោទនៈបំផុតសម្រាប់ប្រទេសកម្ពុជា ពីព្រោះតាមរយៈសារនិងសកម្មភាពរបស់នាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋខ្មែរឈប់ភ័យខ្លាច Covid-19 តែបែរមក ប្រកាន់ យកគោលការណ៍អនាម័យដើម្បីការពារខ្លួនជំនួសវិញ។ ការឈប់ភ័យខ្លាចបានធ្វើឲ្យមានប្រក្រតី ភាពនៃការងារ មុខជំនួញ ឬរបរ រកស៊ីគ្រប់យ៉ាងពោលគឺ អ្វីៗនៅមានដំណើរការជាធម្មតា។ ចំណុចនេះមានសារៈសំខាន់ណាស់សម្រាប់លំនឹងសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។
អ្វីដែលគួរឲ្យកត់សម្គាល់ម្យ៉ាងទៀតគឺ ពលរដ្ឋខ្មែរគ្រប់ទិសទីបានអនុវត្តវិធីសាស្ត្រអនាម័យជាប្រចាំដូចជា៖ ការ លាងដៃញឹកញាប់, ការពាក់ម៉ាស់នៅពេលដែលពួកគេទៅកាន់ទីណាដែលមានមនុស្សម្នាច្រើន ឬនៅពេលមានជំងឺផ្តាសាយជាដើម។ នេះគឺជាឥរិយាបថថ្មី និងជាឥរិយាបថដ៏វិជ្ជមានរបស់ ពលរដ្ឋខ្មែរដែលអាចការពារបាន នូវការចម្លងវីរុស Covid-19 រហូតមកទល់ពេលនេះ។
បន្ទាប់ពីពលរដ្ឋខ្មែរស៊ាំនឹងបញ្ហា Covid-19 ហើយឈប់ភ័យខ្លាច និងចេះវិធីបង្ការខ្លួន, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាន់យកវិធានការ ដំណាក់កាលទី២តាមរយៈការប្រកាសចាត់ទុកការប្រយុទ្ធប្រឆាំងជាមួយ Covid-19 ជាអាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិបាល។
ក្នុងដំណាក់កាលនេះ មេដឹកនាំកម្ពុជារូបនេះបានតម្រូវឲ្យក្រសួងស្ថាប័នរដ្ឋកាត់បន្ថយការចំណាយ ពី ២៥% ទៅ ៥០% ដើម្បីត្រៀមថវិកាទុកបំរុងប្រើប្រាស់ក្នុង ករណីផ្ទុះ Covid-19 នៅកម្ពុជា។ វិធានការឆ្លើយតបជាច្រើនទៀតក៍ត្រូវបាន ដាក់ចេញដើម្បីត្រៀមខ្លួនឆ្លើយតបឲ្យបានល្អបំផុតក្នុងភាព ម្ចាស់ការក្នុងករណីដែលមាន បញ្ហា Covid-19 កើតឡើង នៅកម្ពុជាជាយថាហេតុ។
ពេលយើងពិនិត្យមើលបញ្ហា ទាំងនេះដោយយកចិត្តទុកដាក់ ទើបយើងអាចយល់បានពីភាពឈ្លាសវៃរបស់មេដឹកនាំ និង យល់ពីរបៀបដឹកនាំនិងគ្រប់គ្រងប្រទេស។
ជាទូទៅ នៅពេលមានអាសន្នណាមួយកើតឡើង មេដឹកនាំតែងផ្ញើសារ និងធ្វើសកម្មភាពជា គំរូដើម្បីរក្សាលំនឹងចិត្តប្រជាពលរដ្ឋ និងលំនឹងសេដ្ឋកិច្ចជាតិ។
កាលពីដំបូងឡើយ មានអ្នកខ្លះដែលមិនយល់កាលៈទេសៈជាពិសេសក្រុមប្រឆាំងជ្រុលនិយមបាននាំគ្នារិះគន់ លោកហ៊ុន សែន ថាបានផ្ញើសារឬ បង្ហាញសកម្មភាពហាក់ដូចជាផ្ទុយពីនិន្នាការនៃការភ័យខ្លាច របស់ពិភពលោក ឬអ្នកខ្លះនិយាយថា ជាការដើរបញ្ច្រាសគេ។ ប៉ុន្តែ ពួកគេភ្លេចគិតថា «ត្រីដែលហែលបណ្តោយទឹកគឺមានតែត្រីងាប់ឬត្រីដែលអស់ថាមពលទៅមុខលែងរួចប៉ុណ្ណោះ ចំណែកឯត្រីដែលហែល បញ្ច្រាសទឹកគឺជាត្រីដែលវៃឆ្លាត និងពោរពេញដោយថាមពល»។
មកដល់ដំណាក់កាលនេះទើបយើងអាចយល់ច្បាស់ថា អ្វីដែល លោកហ៊ុន សែន បានធ្វើ គឺជាគំរូ មិនត្រឹមតែសម្រាប់ពលរដ្ឋខ្មែរ ប៉ុណ្ណោះទេ ប៉ុន្តែក៍សម្រាប់មេដឹកនាំពិភពលោកទាំងមូលផងដែរ។ ជាក់ស្តែង ឥឡូវនេះ គេក៏បានលឺប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រី សិង្ហបូរី លោក លី សៀនលុង ក៏ដូចជាបណ្តាមេដឹកនាំនៅអឺរ៉ុប ដែលសុទ្ធតែ បានផ្ញើសារកុំឲ្យពលរដ្ឋស្លន់ស្លោចំពោះរឿងនេះដូចៗគ្នា។ មកដល់ត្រង់នេះ ទើបគេយល់បានថា នាយករដ្ឋមន្ត្រីកម្ពុជាពិតជា មេដឹកនាំឈានមុខគេក្នុងការ បង្ហាញសារ និងកាយវិការគំរូ និងលឿនរហ័សជាងមេដឹកនាំ
ពិភពលោកផ្សេងៗទៀត។
ឥឡូវនេះ ដល់ពេលដែល មេដឹកនាំខ្មែររូបនេះត្រូវបញ្ចេញវិធានការបង្ការការពារ និងប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ហើយបើទោះបីជាវីរុសនេះមិនទាន់បានប៉ះពាល់ដល់ពលរដ្ឋខ្មែរណាម្នាក់ នៅឡើយក៏ដោយ។
លោកហ៊ុន សែន បានប្រកាសចាត់ទុកការប្រយុទ្ធប្រឆាំងជាមួយ Covid-19 ជាអាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិបាលកម្ពុជា។ វិធានការនេះ ប្រសិនបើប្រកាសតាំងពីដំបូងទី ប្រហែលធ្វើឲ្យពលរដ្ឋខ្មែរភ័យស្លន់ស្លោនិងឈានទៅបាត់បង់ម្ចាស់ការ ហើយអាចបង្កហានីភ័យធំធេងក៏ថាបាន។ ប៉ុន្តែ ការប្រកាសនៅ ពេលនេះបានក្លាយជារឿងធម្មតា មួយសម្រាប់ប្រជាពលរដ្ឋទូទៅ ពីព្រោះតែពួកគេបានឆ្លងផុតដំណាក់កាលទី១ទៅហើយ។ នេះហើយដែលហៅថាមេដឹកនាំដែលស្គាល់កាលៈទេសៈ និងដឹងថា ពេលណាត្រូវធ្វើអ្វីពោលគឺ ចំពោះលោកហ៊ុន សែន «ពេល វេលាគឺជាអាវុធយុទ្ធសាស្ត្រ ដែលធានាបាននូវភាពម្ចាស់ការ
និងជោគជ័យក្នុងការដឹកនាំនិងគ្រប់គ្រងប្រទេស» ។

ដោយ : អ្នកនយោបាយតុកាហ្វេ

No comments:

Post a Comment