Monday, March 02, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យប្រជាពលរដ្ឋខ្មែរធ្វើដំណើរកំសាន្តក្នុងស្រុកជំនួសឱ្យក្រៅប្រទេស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជំរុញឱ្យប្រជាពលរដ្ឋខ្មែរដែលពីមុនធ្លាប់ចំណាយដើម្បីធ្វើដំណើរកំសាន្តទៅក្រៅប្រទេសនោះ គួរងាកមកធ្វើដំណើរស្វែងយល់នៅក្នុងស្រុកវិញម្តងស្របពេលដែលមានការរីករាលដាលនៃជំងឺកូរ៉ូណាថ្មីនោះ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃចន្ទទី២ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើដំណើរទេសចរណ៍ក្នុងស្រុកក៏ជាការជួយសម្រួលដល់វិស័យទេសចរណ៍ផងដែរ ហើយជាការប្រសើរគួររកមគ្គុទេសក៏ទេសចរណ៍ដើម្បីជួយទៅដល់ពួកគេឱ្យបន្តទទួលបានការងារធ្វើពីព្រោះថាកន្លងមកមានតែទេសចរបរទេសតែប៉ុណ្ណោះដែលជួយពួកគេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការធ្វើដំណើរក្នុងស្រុកនៅតាមតំបន់ប្រាសាទនានាដូចជា ប្រាសាទអង្គរវត្ត ប្រាសាទសំបូរព្រៃគុក ប្រាសាទបាក់ខែង ប្រាសាទនានាដែលមានការជួយណែនាំដោយមគ្គុទេសក៏ទេសចរណ៍នោះ គឺជាការទទួលបាននូវចំណេះដឹង និងការយល់ដឹងថែមទៀតពីប្រវត្តិសាស្រ្តផងដែរ៕



No comments:

Post a Comment