Monday, March 02, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហៅអ្នកបំផុសព័ត៌មានតាមហ្វេសប៊ុកពីការដួលសន្លប់បណ្តាលមកពីជំងឺកូរ៉ូណានោះ គឺជាជនទុច្ចរិត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការបំផុសព័ត៌មានមិនពិតដោយសារការផ្សព្វផ្សាយនៅតាមបណ្តាញហ្វេសប៊ុកនាពេលប៉ុន្មាន ថ្ងៃនេះពាក់ព័ន្ធនឹងការស្លាប់របស់ប្រជាជនខ្មែរដោយសារជំងឺកូរ៉ូណានោះគឺជាអំពើបំពុលព័ត៌មានរបស់ក្រុមទុច្ចរិតតែប៉ុណ្ណោះ។ ការបំភ្លៃព័ត៌មានគឺក្រុមទុច្ចរិតមានបំណងបំភិតបំភ័យប្រជាពលរដ្ឋទូទៅផង និងបំភិតបំភ័យ ក្រុមគ្រួសាររបស់ខ្លួនផងប៉ុណ្ណោះ ព្រោះការពិតនៅកម្ពុជា មិនមានករណីជំងឺ កូវីដ 19 នេះ កើតឡើងទេរហូតមកដល់ពេលនេះ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃចន្ទទី២ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មានជនទុច្ចរិតខ្លះគ្រាន់តែគេដើរដួលសន្លប់ដោយសារប្រការផ្សេងៗបែរជាយកមកបង្ហោះផ្សាយថាដោយសារជំងឺកូរ៉ូណា ហើយនេះគឺជាការប្រឌិតព័ត៌មានក្លែងក្លាយក្នុងបំណងទុច្ចរិតបង្កចលាចលសង្គមដែលមិនខុសពីពួកភេរវករនោះឡើយ។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានជំនឿថាប្រជាជនកម្ពុជានឹងមិនតក់ស្លុតដែលរហូតដល់មិនអាចគ្រប់គ្រងខ្លួនឯងបានទេ ហើយការផ្សព្វផ្សាយបំផ្លើសណាមួយមិនបានជួយអ្វីឱ្យប្រសើរក្រៅពីបង្កការភ័យខ្លាចដល់ប្រជាជននិងក្រុមគ្រួសារតែប៉ុណ្ណោះ៕




No comments:

Post a Comment