Friday, January 10, 2020

សេចក្ដីប្រកាសព័ត៌មានស្ដីពី ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ស្ដីពី “សន្តិសុខ” នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក នៅមូលដ្ឋានទ័ពអាកាស ស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មាន​រៀបចំនូ​វពីធីធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ស្ដីពី “សន្តិសុខ” ​​​ក្រោម​អធិបតី​ភាព​​​​​របស់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរស៊ីវិល និង លោកទេសរដ្ឋមន្ត្រី​ ឱម យ៉ិនទៀង អនុប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរស៊ីវិល លោក ម៉ៅ ហា​វណ្ណា​ល់​ រដ្ឋមន្ត្រីទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិកា​រជាតិ​​សន្តិសុខ​អាកាសចរស៊ីវិល ព្រមទាំងមានការចូលរួម​ពី​សំណាក់ លោក លោកស្រី ​ដែល​ជា​​​សមាជិក​ សមាជិកា​នៃ​គណៈកម្មាធិការ​​សម្រាប់​​សម្របសម្រួលការងាររៀបចំលំហាត់សមយុទ្ធ និង​ជួយ​សង្គ្រោះ​​​បន្ទាន់​​ពេលមាន​ឧបទ្ទវហេតុ​ធ្លាក់​យន្ត​ហោះ​នៅក្នុងនិងក្បែរអាកាសយានដ្ឋាន​អន្តរជាតិ​នៃ​ព្រះ​រា​ជា​​​ណា​ច​ក្រ​​​កម្ពុជា​។​​
ក្រោម​ម៌ាគា​​ដ៏ត្រឹមត្រូវរបស់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្សប្រជាជនកម្ពុជា អស់​រយៈពេ​ល​​​ជាង ​​​​៤ទស្សវត្សរ៍​​​កន្លងមកនេះ​​ បានធ្វើឱ្យប្រទេសកម្ពុជាមានការរីក​ចម្រើន​លូត​លាស់​​យ៉ាងឆាប់រហ័ស​​​លើ​គ្រប់​​វិស័យ​។ ផ្ដើមចេញពីកត្តាសន្តិភាពពេញលេញដែលបានកសាងយ៉ាងលំបាកដោយ លោកនាយករដ្ឋមន្រ្ដី​​ ហ៊ុន សែន គឺ​​​ជា​​មូលដ្ឋាន​គ្រឹះ​​ដ៏​រឹង​មាំ​និង​​សំខាន់​​បំផុត​ក្នុ​ង​ការ​​អភិវឌ្ឍ​​​សេដ្ឋកិច្ចនិង​សង្គមនៅកម្ពុជា។ ជាមួយគ្នានេះ តាមរយៈការអនុវត្តនូវ​យុទ្ធ​សាស្ត្រ​​ច​​​តុកោណ​ដំណាក់​កាល​​ទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា​ កម្ពុជា​​បាន​និង​​កំពុង​កសាងនូវ​មូល​​ដ្ឋាន​​​​​ដើម្បី​ឈាន​ឆ្ពោះ​ទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយនឹងក្លាយ​ជា​​ប្រទេស​​ដែល​​​មាន​​ចំ​ណូលមធ្យម​កម្រិត​​​ខ្ព​ស់​​នៅ​​ឆ្នាំ​២០៣០ និង​ជា​ប្រទេសអភិវឌ្ឍន៍នៅឆ្នាំ​២០៥០ ខាង​មុខនេះ​។
បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិទាំង​៣​របស់​កម្ពុជា​ ដែលរួមមាន​អាកាស​យាន​ដ្ឋាន​​អន្តរជាតិ​​ភ្នំ​ពេញ អាកាស​យា​ន​ដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្ត​ព្រះសីហនុ​ ដែលជាច្រកទ្វារ​អន្តរជាតិ បាននិងកំពុង​ដើរ​តួនាទី​យ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាព​របស់កម្ពុជា​លើឆាក​អន្តរ​ជាតិ​ ក៏ដូចជា​ការ​ធ្វើ​សមាហរណកម្ម​កម្ពុជាទៅក្នុងតំបន់និងពិភពលោក ព្រមទាំងបាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​​ការ​រួមចំណែក​ដល់​ការអភិវឌ្ឍនិងជំរុញ​​កំណើន​សេដ្ឋកិច្ចជាតិ។ ជាក់ស្ដែង​ថ្មីៗនេះ អាកាស​យាន​ដ្ឋាន​​អន្តរ​ជា​តិ​​​​​ភ្នំ​ពេញ បានទទួលនូវជ័យលាភីជាអាកាសយានដ្ឋានល្អ​បំផុត​ទាក់​ទង​​នឹង​កំណើន​អ្នកដំណើរ​ប្រកប​ដោយ​ចីរភាព​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ សម្រាប់ឆ្នាំ​២០១៩​។
ស្របតាមស្មារតីនៃលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាអាទិ៍ច្បាប់ស្ដីពីសន្តិសុខអាកាសចរ​ស៊ីវិល​នៃ​​ព្រះរាជាណា​ចក្រ​​​​​​កម្ពុជា អនុក្រឹត្យស្ដីពីការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ បទបញ្ជារបស់​រាជរដ្ឋា​ភិ​​​បាល​​​​​​​ស្ដី​ពីការ​ពង្រឹង​​សន្តិសុខ​និង​សុវត្ថិភាព​នៅ​តាមអាកាសយានដ្ឋានអន្តរជាតិនៃ​​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជាពិសេស​​​សារាចរ​ណែនាំរបស់រាជរដ្ឋាភិបាល លេខ០៣ សរណន. ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០១១ ​​ស្ដីពីការ​គ្រប់គ្រង​គ្រោះ​​អាសន្ន​នៅក្នុង​និង​ក្បែរអាកាសយាន​ដ្ឋាននៃ​​ព្រះរាជាណាចក្រ​កម្ពុជា តម្រូវ​ឱ្យ​មាន​ការ​​ធ្វើលំហាត់​សមយុទ្ធ​ជាប្រចាំ ក្នុងគោលបំណងធានាសន្តិសុខនិងសុវត្ថិភាពនៃ​ប្រតិបត្តិកា​រ​​​អាកាសចរ​​ស៊ីវិល សណ្ដាប់​ធ្នាប់សាធារណៈ និងសុខុមាលភាពជូនអ្នកដំណើរជាតិនិងអន្តរជាតិ ពិសេស​​ដើម្បី​បង្ការ​និង​​ត្រៀម​ខ្លួន​រួ​ច​​ជា​​​ស្រេ​ចក្នុងការ​ឆ្លើយតប​ជា​បន្ទាន់​​ចំពោះគ្រោះអាសន្ននានាដែលអាច​កើតមាន​ជាយថា​ហេតុ​​នៅ​ក្នុង​​និង​នៅ​​​​ក្បែរ​​​អាកាស​យានដ្ឋាន សំដៅ​កាត់បន្ថយផលប៉ះពាល់លើ​​អាយុជីវិត​មនុស្ស អ្នក​ដំណើរ​ ឋបណី​យ​ភណ្ឌ​​​អាកាសយានដ្ឋាន និង​ប្រតិបត្តិករក្រុមហ៊ុនអាកាសចរណ៍​នៅក្នុង​ព្រះរាជា​​ណា​ចក្រ​​​​កម្ពុជា​។ ការ​ធ្វើ​​លំហាត់​សមយុទ្ធទ្រង់​ទ្រាយ​ធំ​របស់អាកាសចរស៊ីវិល ត្រូវបានកំណត់​ឱ្យ​ធ្វើនៅ​ក្នុង​​​និង​ជុំវិញ​បរិវេណ​អាកាសយាន​​​ដ្ឋា​ន​អន្តរជាតិ និងត្រូវ​អនុវត្តជា​ទៀងទាត់​​រៀង​រាល់​២ឆ្នាំម្ដង​ចំពោះ​​សមយុទ្ធ​​​ទ្រង់​ទ្រា​យ​ធំ ១ឆ្នាំ​ម្ដង​​​សម្រាប់​​លំហាត់សមយុទ្ធតាមផ្នែក និង៦ខែ​ម្ដង​សម្រាប់​លំហាត់​សមយុទ្ធ​​ដែល​បង្ហាញ​លើតុ។​
លំហាត់សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ដែលប្រព្រឹត្តទៅនៅអាកាស​យាន​ដ្ឋាន​​អន្តរជាតិ​​ភ្នំ​ពេញ នៅឆ្នាំ​២០២០​នេះ គឺជាលើកទីមួយដែលផ្ដោត​លើ​ប្រធាន​​បទ “សន្តិសុខ” ដែលបណ្ដាឆ្នាំកន្លងមកការធ្វើលំហាត់​សមយុទ្ធ​បានផ្ដោតតែ​លើប្រធានប​ទ​ស្ដីពី​ “សុវត្ថិភាព​”​​ ក្នុងវិស័យអាកាសចរស៊ិវិលប៉ុណ្ណោះ។ លំហាត់​សម​យុទ្ធ​​ទ្រង់ទ្រាយ​ធំនេះ ​ត្រូវបានរៀបចំ​ឡើង​​​ក្នុង​​គោល​បំណង​​ដើម្បីវាយតម្លៃលើផែនការគ្រប់គ្រងគ្រោះអាសន្ន ត្រួ​តពិនិត្យ​ទៅលើហេដ្ឋា​រចនា​សម្ព័ន្ធ​​​នៅ​​​បន្ទប់​គ្រប់គ្រង​គ្រោះអាសន្ន ក៏ដូចជាត្រួតពិនិត្យលើក្រុម​ការងារ​គ្រប់​គ្រងពេលមា​នអាសន្ន​កើត​ឡើង​ ជាអាទិ៍​ការដឹកនាំបញ្ជាចាត់ចែង និងការសម្រេចចិត្តក្នុងការជួយ​សង្គ្រោះ​ជនរងគ្រោះ​ដែលកើត​ចេញ​ពី​​ឧបទ្ទវហេតុនានាដែលកើតនៅក្នុងនិងនៅក្បែរ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​។ ទន្ទឹមនឹងនេះ ការធ្វើ​លំហាត់​​​​សមយុទ្ធ​នេះ​​ក៏ជាការវាយតម្លៃលើប្រព័ន្ធ​ផ្សព្វផ្សាយ​ជូន​សាធារ​ណ​​ជន​​ជាតិនិងអន្តរជាតិផងដែរ។
លំហាត់សមយុទ្ធ​ទ្រង់ទ្រាយ​ធំនេះ រួមមាន១២​ព្រឹត្តិការណ៍​​​​សេណារីយ៉ូ(Scenario) និងមានការ​ចូលរួម​​​ពី​សំណាក់អង្គភាពអន្តរាគមន៍មកពីខាងក្រៅ រួម​មានដូចជា​ ​​​កងពលតូច“ង៧០” កងកម្មង់ដូ៩១១ កងកម្លាំង​​ពិសេសប្រឆាំងភេរវកម្ម និងទ័ពអាកាស ព្រមទាំង​កងកម្លាំង​មាន​សមត្ថកិច្ចនិងបុគ្គលិក​ភា្នក់ងារ​​​ឯកជន​ដែលកំពុងបម្រើការក្នុងអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញផងដែរ។
ការធ្វើ​លំហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ស្ដីពី “សន្តិសុខ”  បានបញ្ចប់ដោយរលូននិង​ជោគជ័យ ​នៅ​វេលា​ម៉ោង១០​និង០០នាទី៕






No comments:

Post a Comment