Friday, January 10, 2020

សិក្ខាសាលាស្តីពីការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា សន្តិភាព និងសុខដុមភាពសម្រាប់ប្រជាជននៅអន្លង់វែង

ឧត្តរមានជ័យ៖ ក្រុមការងារសាងសង់វិមានឈ្នះឈ្នះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ បានប្រារព្ធធ្វើសិក្ខាសាលាស្តីពីការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា សន្តិភាព និងសុខដុមភាព សម្រាប់ប្រជាជន ដែលអង្គសិក្ខាសាលានេះប្រព្រឹត្តទៅ នៅសណ្ធាគារជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អគ្គលេខាធិការ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ក្នុងឱកាសនោះ លោក ហោ ជិនវិរយុទ្ធ អភិបាល នៃគណៈអភិបាលស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ បានថ្លែងសន្ទរថាស្វាគមន៍ ដោយបានចាត់ទុកការរៀបចំសិក្ខាសាលា ដែលបានប្រារព្ធធ្វើនៅអន្លុងវែងនាពេលនេះ គឺជាធាតុចូលរួមគ្នា ដើម្បីកសាងឯកសារជាក់លាក់ ស្តីពីគោលនយោបាយ ឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងនាមថ្នាក់ដឹកនាំស្រុក និងជាតំណាងអោយបងប្អូននៃអតីតកងកម្លាំងសមាហរណកម្ម លោកអភិបាលស្រុកអន្លុងវែង បានសំដែងនូវមោទនភាព និងមានក្តីសង្ឃឹមជឿជាក់ថា វីរភាព និងតាក់តាងភូមិសាស្រ្តតំបន់អន្លង់វែង ត្រពាំងប្រាសាទ ពិតជាមានតម្លៃថ្លៃថ្លា ក្នុងការរួមចំណែកក្នុងការកសាងសន្តិភាពពិតប្រាកដនៅកម្ពុជា ហើយត្រូវបានថែរក្សា អភិរក្ស និងអភិវឌ្ឍន៍នៅទីតាំងសំខាន់ៗទុកជាភ័ស្តុតាងជាមេរៀននិងបទពិសោធន៍សម្រាប់អ្នកសិក្សាជំនាន់ក្រោយជាពិសេសទទួលបានការអភិវឌ្ឍន៍ប្រកបដោយចេរភាព។
មានប្រសាសន៍នៅក្នុងឱកាសនោះដែលនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស របស់លោកឧនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានបញ្ជាក់ថា គោលបំណង នៃអង្គសិក្ខាសាលាគឺដើម្បីបង្កើត និងថែរក្សាចីរភាពនូវគុណតម្លៃនយោបាយឈ្នះ ឈ្នះ ដែលជាសសរទ្រូងដ៏រឹងមាំនៃការបង្កើតវិមានឈ្នះ ឈ្នះ និងដែលមានបាវចនាស្តីពី “កតញ្ញូ សុខដុម និងការចូលរួម” ឱ្យកាន់តែខ្ពង់ខ្ពស់ត្រដែតត្រដឹមឡើងថែមទៀត។ សិក្ខាសាលានេះ ក៏មានគោលបំណងកំណត់ឱ្យបាននូវតំបន់ប្រវត្តិសាស្ត្រយោធា គឺដើម្បីធានា ការពារ គ្រប់គ្រង និងប្រើប្រាស់ ឬទុកជាមរកតសម្រាប់ប្រវត្តិសាស្ត្រ ក្នុងពេលដែលបញ្ចប់សង្គ្រាម និងទទួលបានសន្តិភាព ដើម្បីឃើញការអភិវឌ្ឍ និងជាកត្តាឆ្លុះបញ្ចាំងទៅដល់អត្ថន័យដ៏ធំនៃសន្តិភាព និងបានមកដោយនយោបាយឈ្នះ ឈ្នះ។
នៅក្នុងការបង្ហាញនូវទស្សនទានស្តីពីសិក្ខាសាលារៀបចំតំបន់ប្រវត្តិសាស្ត្រយោធាអន្លង់វែង នាពេលនោះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងជាសំណួរថា ហេតុអ្វីបានជាត្រូវរៀបចំសិក្ខាសាលានៅអន្លង់វែង? ទាក់ទងទៅនឹងសំណួរនេះ លោក បានផ្តល់ចំលើយថា៖
– គុណធម៌ឈ្នះឈ្នះនៅទីនេះអាចបង្ហាញអំពីភាពស្មោះត្រង់ពីនយោបាយឈ្នះឈ្នះ ដែលមិនបោះបង់មិនធ្វើចប់ហើយលែងគិតគូរ ដូច្នេះភាពទាក់ទង ក្នុងការបង្កើតទំនាក់ទំនង គឺជាសីលធម៌ និងជាគុណធម៌ ដ៏ធំមួយនៃនយោបាយឈ្នះឈ្នះ ឈរលើការធានាបីយ៉ាង។
– ភូមិសាស្រ្តអន្លុងវែងគឺជាទីតាំងចុងក្រោយ នៃការបញ្ចប់សង្រ្គាម ហើយបង្កើតបានសន្តិភាព ជាតំបន់ កូនពៅ និងជាខ្សែឆ្លងពីបញ្ចប់សង្រ្គាមទៅសន្តិភាព។
– ទីតាំងច្រើនកន្លែងនៅទីនេះដែលមានប្រវត្តិទៅនឹងការដឹកនាំឬក៏បង្ហាញស្លាកស្នាមនៃកម្លាំងរបស់ខ្មែរក្រហម។
ថ្លែងបើកអង្គសិក្ខាសាលា ស្តីពីការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធានាឱកាសនោះ លោក គន់ គីម បានមានប្រសាសន៍ថា អន្លង់វែង គឺជាភូមិសាស្ត្រមួយ ដែលគេតែងគិតថាដាច់ឆ្ងាយ ក្នុងពេលដែលអន្លង់វែង គឺជាភូមិសាស្ត្រមួយមានឈ្មោះក្នុងប្រវត្តិសាស្ត្រជាតិ តំបន់ និងពិភពលោកក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ហើយនៅទីនេះ ពិតជាមាននូវរឿងរ៉ាវជាច្រើនដែលកើតឡើង និងបង្កប់ទុកនូវសារៈប្រយោជន៍សម្រាប់ធ្វើការសិក្សារៀនសូត្រ និងការបង្ហាញនូវតឹកតាង នៃការបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក បានបន្តថា ការរៀបចំ និងអភិរក្សតំបន់ប្រវត្តិសាស្ត្រយោធា គឺជាគំនិតផ្តួចផ្តើមដែល លោក ទៀ បាញ់ បានលើកឡើងក្នុងការពង្រីកចក្ខុវិស័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្តល់ក្នុងពិធីសម្ពោធវិមានឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨កន្លងមក។ ក្នុងចក្ខុវិស័យនេះ គឺពង្រីកឲ្យបាននូវការសិក្សា និងឃើញច្បាស់នូវអត្ថន័យអន្លង់វែងជាប្រវត្តិសាស្ត្រ បង្កើតឲ្យបាននូវការអភិវឌ្ឍ និងសមិទ្ធផលនានា ដែលមានសម្រាប់ប្រជាជាតិកម្ពុជាក្នុងការបញ្ចប់សង្គ្រាមនេះ៕



 

No comments:

Post a Comment