Friday, January 10, 2020

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប១០ឆ្នាំ ថ្ងៃបង្កើតកងពលធំអន្តរាគមន៍លេខ៣ និងកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលប្រជុំថ្មី

កងពលធំអន្តរាគមន៍លេខ៣ ដែលឈរជើងការពារបូរណភាពទឹកដី និងសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២០ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០ ថ្ងៃបង្កើតកងពលធំអន្តរាគមន៍លេខ៣ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៨-ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ពេលអញ្ជើញដល់បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ ក្នុងឱកាសនោះ លោក ទៀ បាញ់ ព្រមទាំងគណៈអធិបតី បានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារសាលប្រជុំថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានអោយដឹងថា៖ កងពលធំអន្តរាគមន៍លេខ៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលមាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កើតឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ពោលគឺ កងពលធំអន្តរាគមន៍លេខ៣ ត្រូវបានបង្កើតឡើងក្រោយព្រឹត្តិការណ៍ ដែលតំបន់ប្រាសាទព្រះវិហារ ត្រូវបានទទួលរងការរំលោភបំពានពីសំណាក់ សត្រូវឈ្លានពានកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ តែជាង៣ខែប៉ុណ្ណោះ ដោយបានបង្កើតចេញពីអតីតកងពលតូចអន្តរាគមន៍លេខ១២ ចំណុះកងទ័ពជើងគោក។ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបញ្ជាក់អោយដឹងទៀតថា៖ ឆ្លងកាត់បេសកកម្មបំពេញភារកិច្ចជូនជូនប្រទេសជាតិ នារយៈពេលកន្លងមក កងពលធំអន្តរាគមន៍លេខ៣ បានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ។
កងពលធំអន្តរាគមន៍លេខ៣ បច្ចុប្បន្ន មានរចនាសម្ព័ន្ធចាត់តាំងរួមមាន៖ ទីបញ្ជាការ កងពល១ និងមាន៣ កងពលតូចអន្តរាគមន៍ចំណុះ គឺកងពលតូចអន្តរាគមន៍លេខ៧ លេខ៨ និងលេខ៩ ដែលមានភារកិច្ចស្នូល៖ សហការជាមួយអង្គភាពមិត្ត ឈរជើងការពារបូរណភាពទឹកដីបានយ៉ាងរឹងមាំ ក្នុងភូមិសាស្រ្ត ដែលខ្លួនទទួលខុសត្រូវ តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ-ឡាវ ចាប់ពីភូមិសាស្ត្រ ព្រំប្រទល់ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដល់ភូមិសាស្រ្ត ប្រាសាទព្រះវិហារ មុំបី ក្នុងស្រុកជាំក្សាន្ត ដល់ភូមិសាស្រ្ត កំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានចម្ងាយ គិតតាមខ្សែបន្ទាត់ព្រំដែន ប្រវែងប្រមាណជាង ២០០គ.ម។
ក្រៅពីភារកិច្ចស្នូលខាងលើ កងពលធំអន្តរាគមន៍លេខ៣ ក៍ជាកម្លាំងត្រៀមចល័តអន្តរាគមន៍ យ៉ាងសំខាន់របស់ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក តាមបទបញ្ជា។ កងពលក៏ជាកម្លាំងសហការយ៉ាងសំខាន់ ជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការរក្សានូវ សន្តិសុខ សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ។ ទទឹមនឹងនេះ កងពលធំអន្តរាគមន៍លេខ៣ ក៏បានត្រៀមកម្លាំងចុះជួយជាប្រចាំ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលជួបការលំបាក និង ត្រៀមលក្ខណៈ ជួបគ្រោះសង្រ្កោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិផ្សេងៗ។ លោកក៏បាន ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ កងសាងកងពលធំអន្តរាគមន៍លេខ ៣ ជាពិសេសថ្លែង អំណរគុណដល់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកស្រីកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភដល់កងពលលើការកសាងអង្គភាព និងជីវភាពរស់នៅប្រចាំថ្ងៃ របស់នាយទាហាន ពលទាហាន ក្នុងពលធំអន្តរាគមន៍លេខ ៣។
ថ្លែងនៅក្នុងពិធីប្រារព្ធខួបកំណើតកងពលធំអន្តរាគមន៍លេខ ៣ លោកសេនា ទៀ បាញ់ បានសំដែងនូវការចូលរួមរំលែកទុក្ខជាមួយគ្រួរសារជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងរងរបួសក្នុងគ្រោះថ្នាក់ រលំបាក់អាគារ នៅក្នុងខេត្តកែប ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ លោកសេនា ទៀ បាញ់ បានថ្លែងថា៖ ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០ឆ្នាំ ថ្ងៃបង្កើតកងពលអន្តរាគមន៍ធំលេខ ៣ នាពេលនេះ គឺស្រប ពេលដែរព្រះជាណាចក្រកម្ពុជា បានកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជំនះថ្ងៃ៧ មករា។ លោកក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដែលបានគាំទ្រ និងមានការជឿជាក់លើនាយទាហាន ពលទហាន កងពលអន្តរាគមន៍លេខ៣ ដែលបានធ្វើឲ្យបងប្អូនឈរជើងការពារបានយ៉ាងរឹងមាំក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យបូរណភាពទឹកដី និង សន្តិសុខជូនប្រជាពលរដ្ឋក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។
លោកបានបញ្ជាក់ទៀតថា៖ កំលាំងកងពលធំអន្តរាគមន៍លេខ ៣ គឺជាកំលាំងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែក ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសទប់ស្កាត់បដិវត្តពណ៌ និងក្រុមប្រឆាំងនានា ដែលមានបំណងបំផ្លិចបំផ្លាញរដ្ឋាភិបាល និងសន្តិភាព នៅកម្ពុជា។ លោកសេនា ទៀ បាញ់ ក៏បានថ្លែងអំណរគុណដល់សន្តិភាព ដែលបានធ្វើអោយយើងទាំងអស់គ្នា បានរស់នៅក្នុងភាពសុខសាន្ត និងការអភិវឌ្ឍរីកចំរើន។ លោក ក៏បានជំរុញអោយកងពលត្រូវបន្តខិតខំកសាងអង្គភាព ហ្វឹកហ្វឺនរៀនសូត្រ ទាំងជំនាញបច្ចេកទេស និង ការងារអប់រំចិត្តសាស្ត្រ ធ្វើការសហការអោយបានល្អជាមួយអាជ្ញាធរដែនដី កំលាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីចូលរួមទប់ស្កាត់បង្រ្កាបបទល្មើសផ្សេងៗ ត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋ និង បង្កើនកិច្ចសហប្រតិបត្តការជាមួយប្រទេសជិតខាង ដើម្បីរួមចំណែកពង្រឹងខឿនការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាអោយបាន កាន់តែរឹងមាំ ៕






No comments:

Post a Comment