Thursday, January 09, 2020

បើគ្មានរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ដែរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ជាការពិតប្រាកដមិនអាចប្រកែកបានថា បើគ្មានរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ដែរ ហើយនិរន្តរភាពជាតិក៏មិនត្រូវកាត់ផ្តាច់ ប្រជាជនកម្ពុជានឹងបានបន្តរស់ក្នុងសន្តិភាព និងភាពសម្បូរសប្បាយ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃអង្គារទី៧ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថា អបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ដែលពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីផងដែរពីសំណាក់លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា លោក ស ខេង និងលោក សាយ ឈុំ អនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋប្រមាណជាជិត៥ម៉ឺននាក់ផងដែរ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ទោះបីប្រជាជនយើងកំពុងបានរស់នៅយ៉ាងសុខដុមរមនាក្រោមពន្លឺនៃសន្តិភាព និងការអភិវឌ្ឍក្តី ក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចនូវអតីតកាលដ៏ឈឺចាប់ និងខ្មៅងងឹងបំផុតរបស់ជាតិយើង ដែលបណ្តាលមកពីភ្លើងសង្រ្គាម និងអំពើប្រល័យពូជសាសន៍ដ៏សាហាវជាទីបំផុត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា រដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ របស់ពួក លន់ នល់ បានធ្វើឱ្យមាតុភូមិយើងដែលជា «កោះសន្តិភាព» ត្រូវធ្លាក់ចូលក្នុងភ្លើងសង្រ្គាមពេញទំហឹងដែលបានដុតបំផ្លាញមាតុភូមិដ៏ស្រស់ស្អាតរបស់យើង និងបង្កទុក្ខសោក និងការបាត់បង់ដែលពុំអាចគណនាបាន។ លោកបានបន្តថា បន្ទាប់ពីសង្រ្គាម៥ឆ្នាំ កម្ពុជាបានបន្តធ្លាក់ចូលក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ថែមទៀតដែលបង្កឡើងដោយពួកឃាតករ ប៉ុល ពត ធ្វើឱ្យមាតុភូមិកម្ពុជាត្រូវបំផ្លាញខ្ទេចខ្ទីដល់ចំណុចសូន្យ។ ប្រជាជនកម្ពុជាជាង៣លាននាក់ត្រូវសម្លាប់រង្គាលយ៉ាងព្រៃផ្សៃបំផុត ឯអ្នកនៅរស់ក៏រង់ចាំតែពេលត្រូវគេយកទៅសម្លាប់តែប៉ុណ្ណោះ៕



No comments:

Post a Comment