Thursday, January 09, 2020

៤១ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការជួយគាំទ្រពីមិត្តរួមជាតិ និងអន្តរជាតិ បានធ្វើឱ្យកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ៤១ ឆ្នាំកន្លងមកនេះ កម្ពុជាបានពុះពារជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា ឆ្លងកាត់បណ្តាដំណាក់កាលប្រវត្តិសាស្រ្តដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ប្រឹងប្រែងជម្នះនូវផលវិបាកយ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យដែលបន្សល់ទុកពីសង្រ្គាមបំផ្លិចបំផ្លាញ និងរបបប៉ុល ពត ខិតខំស្តារកសាង និងអភិវឌ្ឍមាតុភូមិចេញពីគំនរផេះផង់ និងពុះពារស្វែងរកសន្តិភាព និងការផ្សះផ្សារជាតិ។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថា អបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ដែលពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីផងដែរពីសំណាក់លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា លោក ស ខេង និងលោក សាយ ឈុំ អនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋប្រមាណជាជិត៥ម៉ឺននាក់ផងដែរ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ផ្អែកលើកម្លាំងមហាសាមគ្គីជាតិ និងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងការជួយឧបត្ថម្ភពីមិត្តភក្តិជិតឆ្ងាយ និងសហគមន៍អន្តរជាតិ កម្ពុជាបានឆ្លងកាត់ឧបសគ្គទាំងអស់នោះដោយជោគជ័យ ដែលធ្វើឱ្យប្រទេសជាតិមានស្ថិរភាពជាជំហានៗ និងមានការរីកចម្រើនជាបន្តបន្ទាប់ រហូតឈានដល់ដំណាក់កាលអភិវឌ្ឍនដូចពេលនេះ៕









No comments:

Post a Comment