Thursday, January 09, 2020

ឧបនាយករដ្ឋមន្ត្រី ស ខេង៖ ៧ មករា ជាការបង្ហាញនូវស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរ: កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា

នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ៤១ ទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២០) នៅខេត្តបាត់ដំបង ដែលមានអញ្ជើញចូលរួម ពីលោក លោកស្រី សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា លោកប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុក លោក អភិបាល នៃគណៈអភិបាលខេត្ត លោកប្រធានក្រុមប្រឹក្សាខេត្ត កងកម្លាំប្រដាប់អាវុធទាំង៣ ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត ស.ស.យ.ក សិស្សនិស្សិត អង្គការសង្គមស៊ីវិល និងមន្ត្រីរាជការសរុបប្រមាណ ៣៧៧០នាក់។

លោក ងួន រតនៈ បានអានខ្លឹមសារទាំងស្រុងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីខួបលើកទី៤១ ទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២០) ដែលបានធ្វើដំណើរទៅមុខលើមាគ៌ាមួយដ៏ត្រឹមត្រូវប្រកបដោយភាពជាម្ចាស់លើជោគវាសនារបស់ខ្លួន។ ” អរគុណ សន្តិភាព ” មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យនៃដំណើរការអភិវឌ្ឍន៍ និងភាពរឹងមាំនៃប្រជាធិបតេយ្យ និងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព។

ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ថ្ងៃ៧ មករា ជាការបង្ហាញនូវស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរ: កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ជាពិសេសគឺវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា ។

ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស បានចាត់ទុកថ្ងៃ៧មករា ឆ្នាំ១៩៧៩ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ៕







No comments:

Post a Comment