Wednesday, November 27, 2019

កិច្ចប្រជុំផ្សព្វផ្សាយដល់មន្ត្រីជំនាញ និងប្រជាពលរដ្ឋ ស្តីពីការចាត់វិធានការថែរក្សាទឹកទុក នារដូវប្រាំងខាងមុខនេះ

ត្បូងឃ្មុំ៖ ដើម្បីធ្វើយ៉ាងណារក្សាទឹកទុកប្រើប្រាស់ឲ្យបានគ្រប់គ្រាន់នារដូវប្រាំងខាងមុខនេះ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងធនធានទឹក តាមរយៈមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ១១សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពីការចាត់វិធានការថែរក្សាទឹកទុករបស់រាជរដ្ឋាភិបាលកម្ពុជា ដល់មន្ត្រីពាក់ព័ទ្ធជុំវិញខេត្ត និងប្រជាពលរដ្ឋតាមសហគមន៍ សរុបប្រមាណ១៤០នាក់ នៅសាលាខេត្តត្បូងឃ្មុំ។
ក្នុងកិច្ចប្រជុំនោះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោកចេង ប៊ុណ្ណរ៉ា អភិបាលរងខេត្តត្បូងឃ្មុំ។
ថ្លែងក្នុងឱកាសនោះ លោក ថោ ជេដ្ឋា និងលោក ចេង ប៊ុណ្ណរ៉ា បានឲ្យដឹងថា បើយោងតាមការព្យាករណ៍ក៏ដូចជាស្ថានភាពជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់ថា ក្នុងឆ្នាំ២០១៩ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែលនីណូ (El Nino) ដោយបានបង្កឲ្យមានកត្តាអវិជ្ជមានជាច្រើន ដូចជា ធាតុអាកាសមានសភាពក្តៅហូតហែងខ្លាំង រដូវវស្សាមកដល់មានសភាពយឺតយ៉ាវ របាយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ពិសេសជំនន់មានតែមួយលើក ហើយបន្ទាប់មកក៏បានស្រកចុះជាបន្តបន្ទាប់ដល់កម្រិតទាបបំផុតមួយដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។
ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួនលើវិធានការត្រៀមបង្ការក្នុងការថែរក្សាទឹក និងសន្សំសំចៃទឹកអោយបាលត្រឹមត្រូវគឺ មិនត្រូវប្រើប្រាស់ខ្ជះខ្ជាយឬបូមបាចប្រភពទឹកដើម្បីចាប់ត្រី ចំពោះស្រែប្រាំងគឺធ្វើបានតែមួយដងគត់និងមានការទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាទឹកទុក ហើយត្រូវត្រៀមអន្តរាគមន៍សង្គ្រោះស្រូវចុងរដូវនៅពេលស្រូវជិតប្រមូលផល និងត្រៀមវិធានការបែងចែកទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាការថែរក្សាប្រភពទឹកសម្រាប់ស្រោចស្រពដំណាំរួមផ្សំ។
លោក យា វឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ស្ថានភាពទឹកភ្លៀង គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានបរិមាណចំនួន១.៣៦៥,៧មម នៅឆ្នាំ២០១៨ ក្នុងពេលវេលាដូចគ្នា មានចំនួន១.៧៧៦,៦មម ប្រៀបធៀបឆ្នាំនេះតិចជាងឆ្នាំមុនចំនួន៤១០,៩មម ដោយបរិមាណទឹកភ្លៀងមានតិចបណ្តាលអោយស្រវរដូវវស្សាបានជួបនូវគ្រោះខ្វះទឹក នៅលើផ្ទៃដីមួយចំនួននៅក្នុងស្រុកត្បូងឃ្មុំ។ តែទោះជាយ៉ាងណា មន្ទីរនឹងបន្តខិតខំតាមគ្រប់មធ្យោបាយនាំយកទឹកទៅស្រោចស្រពសង្គ្រោះស្រូវបំពេញសំណូមពរ និងដោះស្រាយទុក្ខកង្វល់ជូនពលរដ្ឋ៕

No comments:

Post a Comment