Friday, November 29, 2019

តើមូលហេតុអ្វីដែល សម រង្ស៊ី គួរត្រូវបានគេហៅថា ជាជនចោលម្សៀត?


ទីបំផុត ការអស់សង្ឃឹម ការបាត់បង់ជំនឿ និងការបរាជ័យម្តងហើយម្តងទៀត ក្នុងជីវភាពនយោបាយក្នុងការដឹកនាំបក្សប្រឆាំង និង ក្នុងការវិលត្រឡប់ចូលស្រុកវិញរបស់ សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកាកន្លងទៅ ជាមួយនឹងការជាប់គុក និងការភៀសខ្លួនរត់ចោលស្រុក រត់ចោលគ្រួសារផ្ទះសម្បែងរបស់អ្នកគាំទ្រ និងសកម្មជនរបស់ខ្លួនភាគច្រើន ដោយសារការជឿជ្រុលលើ សម រង្ស៊ី បានធ្វើឱ្យពួកគេប្រែត្រឡប់ហៅ សម រង្ស៊ី ថាជាជនចោលម្សៀត ឬ ជាអ្នកនយោបាយគ្មានយុទ្ធសាស្រ្ត។ តើមានមូលហេតុអ្វីខ្លះ ដែល សម រង្ស៊ី ត្រូវបានមហាជនទូទៅ ពិសេស អ្នកគាំទ្រ និងសកម្មជនរបស់ខ្លួន ហៅ សម រង្ស៊ី ដូច្នេះ? តើអ្វីទៅជាជនចោលម្សៀត?
កំហុសខាងផ្នែកនយោបាយដដែលៗ និងការដឹកនាំបក្សប្រឆាំងកន្លងទៅ និងកំហុសខាងផ្នែកយុទ្ធសាស្រ្តចុងក្រោយថ្មីៗរបស់ សម រង្ស៊ី ពិតជាបាននិងកំពុងធ្វើឱ្យ សម រង្ស៊ី បាត់បង់ឥទ្ធិពល ប្រជាប្រិយភាព និងបានបាត់បង់ជំនឿ ព្រមទាំងការលែងមានការគាំទ្រ ក៏ដូចការលែងមានសង្ឃឹមទៅមុខទៀត សម្រាប់អ្នកគាំទ្រ និងសកម្មជន ព្រមទាំងជួរថ្នាក់ដឹកនាំនៃអតីតខ្មោចបក្សសង្រ្គោះជាតិតែម្តង។ ទីបំផុត ជោគវាសនារបស់សម រង្ស៊ី បាននិងកំពុងត្រដរខ្យល់រស់ ជ្រកក្រោមស្លាកសញ្ញាត្រឹមសម្ព័ន្ធភាពក្លែងក្លាយ សម្ព័ន្ធភាពបោកប្រាស់ “សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ” ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ជាក់ស្តែង អ្វីៗទាំងអស់ វាបាននិងកំពុងក្លាយទៅជាបំណែកបែកបាក់បំផុត ដែលគ្មានថ្ងៃអាចផ្សះផ្សារគ្នាបានឡើយ។ វាពិតណាស់ អាពាហ៍ពិពាហ៍មួយ ដែលត្រូវបានផ្សំផ្គុំឡើង ដោយការចាប់បង្ខំ នៅឆ្នាំ២០១២កន្លងមក វានឹងបានដើរដល់ទីបញ្ចប់ ត្រឹមចែកផ្លូវគ្នាដើរ គឺ ត្រូវវិលត្រឡប់ទៅរកទំនំចាស់រៀងៗខ្លួនវិញប៉ុណ្ណោះ។
ក្នុងជីវភាពនយោបាយក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅនេះ វាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ នូវការជួបតែរឿងបរាជ័យ គឺបរាជ័យផ្ទួនៗ ដោយជូរចត់ និងដោយអាម៉ាស់បំផុត ក្នុងការដឹកនាំបក្សប្រឆាំងមួយ។ ការបរាជ័យម្តងហើយម្តងទៀតនេះ បានធ្វើឱ្យសកម្មជន និងអ្នកគាំទ្ររបស់ខ្លួនបាត់ជំនឿ និងការគាំទ្រលើការដឹកនាំរបស់សម រង្ស៊ី បើទោះបី សម រង្ស៊ីខិតខំផ្តូរឈ្មោះពីគណបក្សមួយទៅគណបក្សមួយទៀត ច្រើនលើក ច្រើនសារយ៉ាងណាក៏ដោយក៏ សម រង្ស៊ី នៅតែមិនបានទទួលការគាំទ្រពីសកម្មជនរបស់ខ្លួនទៀតដែរ។ ពួកគេជឿថា ការដឹកនាំរបស់ សម រង្ស៊ីបានផ្តល់នូវរឿងគ្រោះថ្នាក់ ក្តីមហន្តរាយដល់ជាតិមាតុភូមិ ពិសេស បានធ្វើឱ្យសកម្មជន និងអ្នកគាំទ្ររបស់ខ្លួនខ្លះ ទទួលទោសត្រឹមជាប់គុកឥតប្រយោជន៍ ឬត្រូវរត់ចោលស្រុក ចោលគ្រួសារ ដែលជាមូលហេតុធ្វើឱ្យសកម្មជនរបស់ខ្លួនភាគច្រើន កាន់តែនឿយណាយក្នុងការដើរតាមនយោបាយដឹកនាំរបស់ សម រង្ស៊ី ដែលមានកំហុសច្រើនដង និងកាន់តែច្រើនឡើងៗ ហើយពួកគេបានហៅ សម រង្ស៊ី ថា ជាជនចោលម្សៀត។
វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់យ៉ាងច្បាស់ នូវពាក្យថា «ចោលម្សៀត» គឺ មកពីពាក្យថា «ម្សៀត» ដែលមានន័យថា ប្រយោជន៍, សេចក្ដីកើតការ៖ មានម្សៀត។ ចំណែកពាក្យថា «ចោលម្សៀត»មានន័យថា មិនកើតការ, មិនបានការ, ប្រើការមិនកើត៖ មនុស្សចោលម្សៀត ឬ ជនចោលម្សៀត។ ក្នុងន័យនេះ សម រង្ស៊ី គឺ ពិតជា ជនចោលម្សៀតយ៉ាងប្រាកដ ក្នុងការណ៍ដែលជនចោលម្សៀតនេះ បានដឹកនាំបក្សប្រឆាំងរយៈពេលជាង២០ឆ្នាំកន្លងមកនេះមិនដែលទទួលបានជ័យជំនះម្តងណាឡើយ ក្នុងការបោះឆ្នោត៥អាណត្តិកន្លងមកនេះ ហើយតែងតែទទួលបរាជ័យគ្រប់អាណត្តិ គ្រប់វិញ្ញាសា គ្រប់យុទ្ធវិធីយ៉ាងអាម៉ាស់បំផុត។ ហើយការមិនបានវិលត្រឡប់ចូលស្រុកវិញតាមការសន្យានៅថ្ងៃទី០៩ វិច្ឆិកា គឺបានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា សម រង្ស៊ី គឺពិតជាជនចោលម្សៀតយ៉ាងប្រាកដ ជាជនមិនគោរពតាមការសន្យា ការសន្យាវិលត្រឡប់ចូលស្រុកវិញមិនអាចយកជាការបាន ដែលនាំឱ្យជំនឿ និងការសង្ឃឹមគ្មានប្រយោជន៍ គ្មានបានការ គ្មានកើតការ បានត្រឹមតែធ្វើឱ្យអ្នកគាំទ្រ និងសកម្មជនជាប់គុកឥតប្រយោជន៍ ខាត់បង់លុយកាក់ និងពេលវេលាជាមួយនឹងគ្រួសារដ៏គួរឱ្យសោកស្តាយបំផុត។
កំហុសចុងក្រោយរបស់ជនចោលម្សៀត គឺ បានដាក់ចេញនូវផែនការវិលត្រឡប់ចូលស្រុកវិញជាមួយនឹងនយោបាយហិង្សានិយម ញុះញង់ និងបំផុសបំផុល ឱ្យប្រជាជន និងកងកម្លាំងប្រដាប់អាវុធងើបបះបោរផ្តួលរំលំរដ្ឋាភិបាល និងដូររបបរាជានិយម ដែលមហាជនទូទៅបានមើលឃើញថា នឹងបំផ្លាញសន្តិភាព ស្ថិរភាពសង្គម ហើយទាញទម្លាក់ប្រជាជន និងជាតិមាតុភូមិ ឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាមស៊ីវិល ដូចក្នុងទសវត្យឆ្នាំ១៩៧០។ កំហុសធំបំផុតទី២ របស់ជនចោលម្សៀតនេះ បានប្រមាថចេស្តារអង្គព្រះមហាក្សត្រខ្មែរ ប្រឆាំងរដ្ឋធម្មនុញ្ញ ដែលអង្គព្រះមហាក្សត្រ ជាបុគ្គលមិនអាចរំលោភបំពានបានឡើយ។
ឥឡូវនេះ ជាមួយនឹងការបរាជ័យផ្ទួនៗ និងកំហុសខាងយុទ្ធសាស្រ្តនយោបាយ សមដូចក្រុម កឹម សុខានិយមខ្លះ បានបកស្បែកមុខជនចោលម្សៀតនេះថា ជាអ្នកនយោបាយគ្មានយុទ្ធសាស្រ្ត ដែលចូលចិត្តល្បែងនយោបាយឱ្យគ្រាន់តែមានការទាក់ទាញតាមទំព័រហ្វេសប៊ុក មិនបានគិតគូរដល់សេចក្តីសុខសាន្តរបស់ជាតិមាតុភូមិ និងប្រជាជន ហើយងុបងុលនឹងល្បែងនយោបាយហិង្សានិយម ដើម្បីយកឈ្នះគូរប្រជែងក្រៅច្បាប់ ក្រៅគោលការណ៍ប្រជាធិបតេយ្យ ដោយបានទាត់ចោលនូវឆន្ទៈរបស់មតិភាគច្រើនសម្រេចដឹកនាំតាមបែបប្រជាធិបតេយ្យ។
ជាចុងក្រោយ ជនចោលម្សៀត បាននិងកំពុងអស់ក្រឡាដើរ ដោយសារការប្រមាថព្រះចេស្តារព្រះមហាក្សត្រ ដើរហួសបន្ទាត់ប្រជាធិបតេយ្យ ប្រើប្រាស់នយោបាយហិង្សានិយម ដើម្បីផ្តួលរំលំរដ្ឋាភិ បាល ដូររបបរាជានិយមក្រោមលេសអំណាចប្រជាជន និងផែនការបដិវត្តពណ៌មិនបានសម្រេចតាមលំនាំនៃប្រទេសទុយណេហ្ស៊ី អេហ្ស៊ីប ស៊ែបប៊ី និងហ្វីលីពីន។ល។ ឥឡូវបានប្រឹងត្រដខ្យល់យករស់ជីវិតនយោបាយ ស្តាប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ តាមរយៈនយោបាយប្រជាវិថុទ្ធ នយោបាយប្រជានិយមបោកប្រាស់ និងតាមតោងកន្ទុយ កឹម សុខាឱ្យបានជាប់ ក្រោមស្លាកសម្ព័ន្ធភាពក្លែងក្លាយ កឹម សុខា និងសម រង្ស៊ី ជាមនុស្សតែមួយ ដែលទំនងពិតជាលែងមានន័យសម្រាប់អ្នកគាំទ្រ និងសកម្មជនរបស់ខ្លួន។ ក៏ប៉ុន្តែ បើទោះបី កឹម សុខា មិនទាន់បានហារមាត់ឱ្យបានដឹងច្បាស់ក្នុងពេលនេះ ក៏ក្រុម កឹម សុខានិយមបានវាយប្រហារ និងទាត់ចោលមិនទទួលយកតួរនាទីប្រធានស្តីទីបក្សខ្មោចរបស់ជនចោលម្សៀតនេះហើយចុងក្រោយ ក្រុម កឹម សុខានិយម ក៏មិនបានគាំទ្រនយោបាយហិង្សានិយមរបស់ជនចោលម្រៀតនេះ ក្នុងការប្រកាសវិលត្រឡប់មកផ្តួលរំលំរដ្ឋាភិបាល និងដូររបបរាជានិយម នៅថ្ងៃ៩ វិចិ្ឆកាកន្លងទៅនោះដែរ។
ជាក់ស្តែង នៅលើទំព័រហ្វេសប៊ុកថ្មីៗនេះ របស់លោក មុត ចន្ថា ជានាយកខុទ្ទកាល័យរបស់ កឹម សុខា បានបង្ហោះខ្លឹមសារមានចរិកលក្ខណៈជាការទះមួយកំភ្លៀងយ៉ាងខ្លាំងរបស់ កឹម សុខ ចំកណ្តាលមុខជនចោលម្សៀតនេះ ទំនងជា កឹម សុខា ចង់បង្ហាញឱ្យបានដឹង ដោយមិនចំពោះ នូវជំហរនយោបាយផ្ទុយគ្នាស្រឡះ រវាងក្រុមនយោបាយហិង្សានិយម និង ក្រុមនយោបាយអហិង្សានិយម។
ដូច្នេះ កំហុសរបស់ សម រង្ស៊ី នៅក្នុងការដាក់ចេញនូវយុទ្ធសាស្រ្ត ដេកផ្ទះ ឈ្នះស្អាត បានទទួលបរាជ័យទាំងស្រុង ក្នុងការបោះឆ្នោតឆ្នាំ២០១៨ ដែលមហាជនទូទៅបានមើលឃើញថា ជាការផ្តល់ឱកាសឱ្យបក្សកាន់អំណាចបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតដោយស្រួល។ ហើយកន្លងទៅ សម រង្ស៊ី ក៏បានលេងល្បែងខុសខាងយុទ្ធសាស្រ្តដ៏ធ្ងន់ធ្ងរបំផុតដែរ តាមរយៈ«ការជួយបំបែកសំណាញ់មេឃ» គឺ ការចូលរួមរបស់សម រង្ស៊ី ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយបានដូរប្រព័ន្ធពី ២/៣ ទៅ ៥០% បូក១ ក្នុងការបង្កើតរដ្ឋាភិបាល ដែលនៅពេលនោះលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានពិពណ៌នារឿងនេះថា ជនចោលម្សៀតនេះ «យកអំណាចដាក់លើជើងពានប្រគល់ឱ្យគណបក្សកាន់អំណាចដោយដៃទាំងពីរ»
ជារួម វាពិតជាសមទំនងបំផុត ដែលរាល់ការបរាជ័យទាំងអស់របស់ សម រង្ស៊ី គ្រប់អាណតិ្តការបោះឆ្នោត គ្រប់វិញ្ញាសា និងគ្រប់វិធី ក្នុងការដឹកនាំបក្សប្រឆាំងក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ត្រូវបានបង្កើតឡើង ដោយអត្តនោម័តនៃដឹកនាំរបស់បុគ្គល សម រង្ស៊ី ក៏ដូចជាកំហុសខាងយុទ្ធសាស្រ្តនយោបាយម្តងហើយម្តងទៀត ហើយទីបំផុត គួរត្រូវបានគេហៅថា ជាជនចោលម្សៀតយ៉ាងប្រាកដ ដែលអ្នកកគាំទ្រ ទាំងសកម្មជនរបស់ខ្លួន ក៏ដូចក្នុងជួរអតីតថ្នាក់ដឹកនាំរបស់អតីតបក្សប្រឆាំងអស់ជំនឿ និង លែងមានទំនុកចិត្ត ក្នុងការឱ្យបន្តដឹកនាំតទៅទៀតបានឡើយ៕
ដោយ ឡុង បូរិតា



No comments:

Post a Comment