Wednesday, November 27, 2019

អាជ្ញាធរខេត្តក្រចេះ បានបញ្ចប់សម្រេចនូវបញ្ហាទំនាស់ដីសម្បទានសង្គមកិច្ចនៅឃុំ២ធ្នូ ស្រុកស្នួល

ក្រចេះ ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានក្រុមការងារគ្រប់គ្រងដីរដ្ឋ និងលោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយកលំនៅដ្ឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមក្នុងពិធីបែងចែកដីសម្បទានសង្គមកិច្ចឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
ក្នុងកិច្ចប្រជុំនោះដែរ លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត និងប្រធានគណៈកម្មាការបែងចែកដីសម្បទានសង្គមកិច្ច ឃុំ២ធ្នូ ស្រុកស្នួល បានបញ្ជាក់ថា ដំណើរការនៃការបែងចែកដីសម្បទានសង្គមកិច្ចឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ គឺបានបញ្ចប់ជាស្ថាពរ មានរយៈពេលមួយឆ្នាំ ចាប់ពីខែតុលាឆ្នាំ២០១៨ ហើយបញ្ចប់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដែលដីសម្បទានសង្គមកិច្ចទាំងនោះមាន២ទីតាំង គឺទីតាំងទី១ នៅចំណុចគីឡូម៉ែត្រ ៩៤-៩៦ ជាប់ផ្លូវជាតិលេខ៧៦ ដែលមានផ្ទៃដីទំហំជាង៦០០ ហិកតា ហើយចំណុចទី២ គឺនៅចំណុច ដេ៥-ដេ៦ ជាប់ព្រំប្រទល់ប្រទេសវៀតណាម មានផ្ទៃដីជាង៣ពាន់ហិកតា។ ហើយការបែងចែកជូនមុខសញ្ញាទទួលដី ពេលនេះយើងហៅថាជាសប្បទានិកបានចំនួន១.៥៤១គ្រួសារ ស្មើនឹងប្រមាណជាង ៥.៦០០នាក់ បានដោះស្រាយជូនបងប្អូនប្រជាពរដ្ឋដែលពួកគាត់បានកាន់កាប់ដីខុសច្បាប់មានលំនៅឋានជាក់ស្ដែងបានចំនួន ២៤៤គ្រួសារ និងដោះស្រាយជូនជនជាតិដើមភាគតិចស្ទៀងបានចំនួន៩៩ គ្រួសារទៀត។
សរុបនៃការបែងចែកដី និងការដោះស្រាយដីជូនប្រជាពលរដ្ឋ នៅក្នុងបរិវេណនៃដីសម្បទានសង្គមកិច្ចឃុំ ២ធ្នូនេះ គឺបានរហូតទៅដល់ ១.៨៨៤ គ្រួសារហើយមានសមាជិកគ្រួសារគឺជិត ៧០០០ នាក់។
មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់លោក វ៉ា ថន បានថ្លែងថា នេះគឺជាជោគជ័យមួយក្រោមការដឹកនាំចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី បានធ្វើការណែនាំដឹកនាំផ្ទាល់មកអាជ្ញាធរដែនដីថ្នាក់ក្រោមជាតិដើម្បីសម្រេចនូវការបែងចែកដីជូនប្រជាពលរដ្ឋ ហើយជាការបញ្ចប់នូវទំនាស់ដីធ្លីបាននៅក្នុងដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនចំការកៅស៊ូមេមត់ដោយបានកាត់យកដីសម្បទានសេដ្ឋកិច្ចរបស់ចំការក្រុមហ៊ុនកៅស៊ូមេមត់នេះ ប្រមាណជាង ៤ពាន់ហិកតា យកមករៀបចំជាដីសម្បទានសង្គមកិច្ច។ ហើយឥឡូវនេះដីសម្បទានសេដ្ឋកិច្ចដែលយើងបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋជូនក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទវិញ។
ដូច្នេះរវាងប្រជាពលរដ្ឋទទួលផលនៅក្នុងដីសម្បទានសង្គមកិច្ច និងការទទួលវិនិយោគរបស់ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ជួលដីពីរដ្ឋពីក្រសួងកសិកម្មនេះ គឺញែកដាច់ពីគ្នាលែងមានទំនាស់ទៀតហើយ និងបានថ្លែងអំណរគុណចំពោះការដឹកនាំផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តែងតែចង្អុលណែនាំគ្រប់ដំណាក់កាលនៃការអនុវត្តដើម្បីក្រុមការងារសម្រេចបាន១០០% ។
លោកបញ្ជាក់ទៀតថា ចំពោះបញ្ហាប្រឈមផ្សេងយើងបានដោះស្រាយជាបន្តបន្ទាប់ហើយ បញ្ហាដែលនៅសេសសល់មានដូចជាប្រើប្រាស់ទៅប្រើប្រាស់ជាផ្លូវចូលទៅកាន់លើដីសម្បទានសង្គមកិច្ច យើងនិងសិក្សាបន្ថែមអំពីបញ្ហាអណ្តូងទឹក សំណើសុំធ្វើផ្លូវចូលទៅកាន់ដីសម្បទានសង្គមកិច្ចទាំងពីរចំណុចនេះ ហើយក៏ទទួលបានពីការប្ដេជ្ញាចិត្តខ្ពស់ពីគ្រប់មន្ត្រីពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមដោះស្រាយនូវទំនាស់របស់បងប្អូន និងរក្សាការពារនូវសន្តិសុខ សុវត្ថិភាពជូនបងប្អូនក្នុងការទទួលបានដីប្រកបដោយស្របច្បាប់ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕



No comments:

Post a Comment