Wednesday, October 16, 2019

លោកនាយករដ្ឋមន្រ្តី អញ្ជើញធ្វើដំណើរចេញពីប្រទេសហុងគ្រី បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី

បន្ទាប់ពីបានបញ្ចប់ដំណើរនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹកលើកទី៣ ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រយៈពេល២ថ្ងៃរួចមក នៅរសៀលថ្ងៃទី១៥ តុលានេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី។ នៅអាកាសយានដ្ឋានអន្តរជាតិ Vaclav Havel វត្តមាននៃ ការអញ្ជើញជូនដំណើរលោកនាយករដ្ឋមន្រ្តី និងគណៈប្រតិភូរួមមាន លោក Maret Libri sky ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃប្រទេសហុងគ្រី ប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ លោកស្រី Petra Jensi kova មន្រ្តីនៃ នាយកដ្ឋានពិធីការក្រសួងការបរទេសឆែក លោកស្រី ទូច សុផារត្ន ឯកអគ្គរាជទូតរបស់កម្ពុជា ប្រចាំសាធារណរដ្ឋឆែក មាននិវេសនដ្ឋាននៅទីក្រុងប៊ែកឡាំង សហព័ន្ធអាល្លឺម៉ង់ ព្រមទាំងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។
យន្តហោះពិសេសបានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តជាតិទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី ប្រកបដោយសុវត្តិភាពកាលពីវេលាម៉ោង១៧ម៉ោង នៅទីក្រុងសូហ្វីយ៉ា ក្រោមវត្តមាននៃការអញ្ជើញទទួលបដិសញឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីលោក ហ្គ័រ ហ្គ័រហ្គើអេវ អនុរដ្ឋមន្រ្តីក្រសួងការបរទេសប៊ុលហ្ការី លោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប៊ុលហ្ការី ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀទណាម លោក ប៉ូល សេងគី ភារ:ធារី នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្ការី ព្រមទាំងឥស្សរជនការទូតនៃប្រទេសកម្ពុជាជាច្រើនរូបទៀត។

សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី រយៈពេល២យប់៣ថ្ងៃ សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី។ លោកនាយករដ្ឋមន្រ្តី និងធ្វើជំនួបកំពូលជាមួយសមភាគីនាយករដ្ឋមន្រ្តីប៊ុលហ្ការី នៅវេលាថ្ងៃត្រង់ថ្ងៃទី១៦តុលាស្អែក។ ចំពោះ ព័ត៌មានពិស្តារស្តីពីសកម្មភាព នៃដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី ដែលជាប្រទេសទី៣ នៅតំបន់អឺរ៉ុបខាងកើត អ្នកយកព័ត៌មានពិសេសរបស់អគ្គនាយក ដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងធ្វើសេចក្តីរាយការណ៍ជូនទស្សនាជាបន្តបន្ទាប់ទៅទៀត ។










No comments:

Post a Comment