Wednesday, October 16, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍៩ចំណុចដល់កិច្ចប្រជុំកំពូលស្ដីពីទឹកនៅហុងគ្រី ដើម្បីដោះស្រាយបញ្ហាទឹកទៅថ្ងៃខាងមុខ

ហុងគ្រី៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន៩ចំណុចដល់កិច្ចប្រជុំកំពូលស្ដីពីទឹក នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ដើម្បីដោះស្រាយបញ្ហាទឹកទៅថ្ងៃខាងមុខ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់ទិសដៅខាងមុខ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ ក៏ដូចជាហានិភ័យពាក់ព័ន្ធផ្សេងទៀតឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ជាពិសេស ក្រោមក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ សំដៅធានានិរន្តរភាពនៃការប្រើប្រាស់ធនធានទឹកប្រកបដោយភាពឆ្លាតវៃ សម្រាប់យើងទាំងអស់គ្នា ក៏ដូចជាសម្រាប់មនុស្សជំនាន់ក្រោយៗ និងដោយគ្មានជម្លោះរវាងប្រទេស និងប្រទេស ជាយថាហេតុ លោកបានគូសរំលេចនូវអាទិភាពមួយចំនួន ពាក់ព័ន្ធអភិក្រមនៃការគ្រប់គ្រង, អភិបាលកិច្ច និងការធ្វើហិរញ្ញប្បទាន ដូចតទៅ៖

ទី១៖ បន្តផ្តួចផ្តើមបង្កើតនិម្មាបនកម្មនយោបាយសកលលោកថ្មីមួយ សម្រាប់គ្រប់គ្រងធនធានទឹក ដើម្បីកៀរគរការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ បណ្តុះស្មារតី សន្សំសំចៃទឹក ក៏ដូចជា ចៀសវាងសកម្មភាពបំពុលប្រភពទឹក និងកសាងអភិបាលកិច្ចស្ថាប័ន និងគោលនយោបាយទឹកមួយ ដែលរឹងមាំ, ស្រុះស្រួលគ្នា និងមានតម្លាភាព។
ទី២៖ ពង្រឹងកិច្ចសម្របសម្រួល កិច្ចសហប្រតិបត្តិការ និងគណនេយ្យភាពស្តីពីទឹកក្រោមក្របខណ្ឌសកលលោក ពោលគឺអង្គការសហប្រជាជាតិ ដែលជាអ្នកត្រួសត្រាយផ្លូវដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាសកល និងក្នុងការអនុវត្តរបៀបវារៈសកល ឆ្នាំ២០៣០ ក៏ដូចជាកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ទី៣៖ ពង្រឹងកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយស្តីពីទឹក ថាមពល ការប្រែប្រួលអាកាសធាតុ ស្បៀង សុខភាព និងការអភិរក្សជីវៈចម្រុះ សំដៅលើកកម្ពស់ និងពង្រឹងអភិបាលកិច្ចសម្រាប់ធនធានទឹក និងការគ្រប់គ្រងធនធានទឹករួមគ្នា តាមរយៈកិច្ចសម្របសម្រួលអន្តរវិស័យរវាងក្រសួង និងស្ថាប័នរដ្ឋគ្រប់ជាន់ថ្នាក់ ព្រមទាំងតួអង្គពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកប្រើប្រាស់ទឹកផងដែរ។
ទី៤៖ បង្កើនការប្តេជ្ញាចិត្តក្នុងកម្រិតថ្នាក់ជាតិ ដើម្បីលុបបំបាត់ទីបំពុលប្រភពទឹក ដោយបង្កើនសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ សមត្ថភាពស្តុកទុកទឹកដែលត្រូវបានបំពុល និងពង្រឹងយន្តការទប់ស្កាត់ប្រភពនៃការបំពុលទឹកគ្រប់ទម្រង់។
ទី៥៖ បង្កើតភាពប្រទាក់ក្រឡាគ្នារវាងគោលនយោបាយពាក់ព័ន្ធនឹងទឹក តាមរយៈការពង្រឹងការរៀបចំយន្តការស្ថាប័ន ការរឹតបន្ដឹងក្របខណួតតិយុត្តិ និងច្បាប់។
ទី៦៖ លើកទឹកចិត្តដល់ការបង្កើតវិធីសាស្ត្រថ្មី ដោយមានការវាយតម្លៃពីការបែងចែកផលប្រយោជន៍ពីទឹក និងការទទួលខុសត្រូវលើការថែទាំប្រភពទឹក ក៏ដូចជា ការរៀបចំផែនការ និងប្រតិបត្តិការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកឆ្លងដែន សំដៅទប់ស្កាត់ជម្លោះជាយថាហេតុ និង ធានានិរន្តរភាពនៃការប្រើប្រាស់ប្រភពទឹករមគ្នា។
ទី៧៖ បង្កើនការវិនិយោគសាធារណៈសម្រាប់ការគ្រប់គ្រងទឹកនិងការប្រើប្រាស់ទឹកស្អាតនិងអនាម័យ ឱ្យស្របទៅនឹងទិសដៅដែលបានកំណត់ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
ទី៨៖ ចូលរួមរៀបចំបរិស្ថានគាំទ្រដល់គម្រូធុរកិច្ចបង្កើតថ្មី ដែលផ្តល់ការលើកទឹកចិត្តដល់ចីរភាពហិរញ្ញវត្ថុក្នុងការផ្តល់សេវាទឹកស្អាតដោយធានានូវការទទួលបានទឹកស្អាតក្នុងតម្លៃសមរម្យ ជាមួយស្តង់ដារអនាម័យខ្ពស់ ស្របគ្នានឹងការការពារ ព្រមទាំងការធ្វើឱ្យប្រព័ន្ធអេកូឡូស៊ី ផ្នែកលើទឹក និង ដី មានចីរភាព។
ទី៩៖ ពង្រឹងសមត្ថភាពតាមដានត្រួតពិនិត្យចំណុចដៅពាក់ព័ន្ធនឹងទឹក នៅក្រោមក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែង សម្រាប់ការប្រមូលទិន្នន័យ និងវិភាគពាក់ព័ន្ធនឹងទឹក នៅគ្រប់កម្រិត ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការគាំទ្រផ្នែក នយោបាយ និងហិរញ្ញវត្ថុ៕



No comments:

Post a Comment