Wednesday, September 11, 2019

រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ទទួលគោរមងារជា «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» ពីអង្គការសហព័ន្ធវិស្វកម្មអាស៊ាន

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដែលទទួលបានគោរមងារជា «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» (Distinguished Honorary Fellow) ពីអង្គការសហព័ន្ធវិស្វកម្មអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

គោរមងារជា «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» ដែលអង្គការសហព័ន្ធវិស្វកម្មអាស៊ានប្រគល់ជូន លោក អ៊ិត សំហេង នាពេលនេះ ដោយផ្អែកលើស្នាដៃ និងការខិតខំប្រឹងប្រែងរបស់លោក ក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជានាពេលកន្លងមក ព្រមទាំង  ជាឥស្សរជនជាន់ខ្ពស់ដែលបានជួយជ្រោមជ្រែងគណៈវិស្វករកម្ពុជា។

ពិធីប្រគល់គោរមងារនេះ បានរៀបចំធ្វើឡើងក្នុងឱកាសដែលលោក អ៊ិត សំហេង អញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទលើកទី៣៧ របស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន (CAFEO-37) ក្រោមវត្តមានអញ្ជើញចូលរួមបើកដោយ ឯកឧត្តម Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី  នៅថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ។

ក្នុងឱកាសនោះ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី  ក៏ទទួលបាន  គោរមងារ   «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» ផងដែរ៕




No comments:

Post a Comment