Wednesday, September 11, 2019

នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ៖ កងទ័ពត្រូវប្រកាន់ភ្ជាប់នូវគុណធម៌ សីលធម៌សាមគ្គីគ្នា គោរពនូវក្រិត្យច្បាប់ និងបទវិន័យ

អនុវត្តន៍តាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០១៩ របស់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដាក់ចេញ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ រាជធានីភ្នំពេញ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញវិស្វកម្ម ប្រចាំឆ្នាំ២០១៩ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន តាមបណ្តាស្ថាប័ន និង កងឯកភាពចំណុះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ  ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង ខ.ភ.ម និងជា មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក ឧត្តមសេនីយ៍ទោ មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការរង នាយការិយាល័យ មេបញ្ជាការកងឯកភាព និងនាយទាហាន នាយទាហានរង ពលទាហាន ជាច្រើនរូបទៀត។
ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ហ្វឹកហ្វឺន ដែលអានដោយ លោក សឹង សុខន មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម បានបញ្ជាក់ថា ក្រោយពីអនុវត្តភារកិច្ចជំនាញវិស្វកម្មនា រដូវប្រាំង តាមបណ្តាការដ្ឋានទិសខាងមុខនៃមាតុភូមិរួចមក កងឯកភាពនីមួយៗ បានរួសរាន់ប្រមូលផ្តុំកម្លាំងនិងមធ្យោបាយគ្រឿងបំពាក់ចូលទីតាំងដែលបានកំណត់ ដើម្បីធ្វើការថែទាំជួសជុលសម្រាប់ត្រៀមអនុវត្តភារកិច្ចនៅដំណាក់កាលខាងមុខទៀត និងចាត់តាំងវគ្គហ្វឹកហ្វឺនបំប៉នទៅតាមជំនាញឯកទេសរបស់កងឯកភាពនីមួយៗ។
ជាក់ស្តែងនៅរដូវវស្សាក្នុងឆ្នាំ២០១៨នេះ ដោយអនុវត្តតាមផែនការហ្វឹកហ្វឺន បញ្ជាការដ្ឋានវិស្វកម្ម ស្ថាប័ន អង្គភាពចំណុះបានចាត់តាំងហ្វឹកហ្វឺនជំនាញសំខាន់ៗ និងបំប៉នគ្រូបង្គោលឲ្យដល់បណ្តាកងឯកភាព សម្រាប់អង្គភាពហ្វឹកហ្វឺនបន្ត ដែលមានកម្លាំងចូលរួមហ្វឹកហ្វឺន សរុបចំនួន ២៤៣៨នាក់ ក្នុងនោះការហ្វឹកហ្វឺនបំប៉នជំនាញចំនួន ១៦៣៧នាក់ អប់រំផ្សព្វផ្សាយផ្សេងៗចំនួន៨០១នាក់ អប់រំនយោបាយសតិអារម្មណ៍ចិត្តសាស្រ្ត កងទ័ពចំនួន ២១ លើក និងសភាពការណ៍ថ្មី ហើយយោធិនចូលរួម ២៦៦២៨នាក់។
ក្នុងការអនុវត្តភារកិច្ចជំនាញឆ្នាំ២០១៨-២០១៩ កន្លងទៅនេះ នៅគ្រប់បណ្តាការដ្ឋាន តាមបណ្តាទិសគ្រប់កងឯកភាពបានប្រមូលផ្តុំកម្លាំង និងមធ្យោបាយគ្រឿងបំពាក់ចុះអនុវត្តភារកិច្ច ស្ថាបនាផ្លូវ-ស្ពាន ក៏ដូចជាសំណង់ផ្សេងទៀត បណ្តាអង្គភាពសម្រេចបានលទ្ធផលខ្ពស់គួរជាទីមោទនៈបំផុត និងត្រូវបានថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ដែលបានអញ្ជើញចុះចូលរួមត្រួតពិនិត្យ និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង ពលទាហាន នៅតាមបណ្តាការដ្ឋានមានការកោតសរសើរ និងយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៃកម្ពុជា។
ស្តែងចេញពីសកម្មភាពនៃការងារហ្វឹកហ្វឺន សម្រេចបានលទ្ធផលនាពេលកន្លងមក ក្រៅអំពីការងារបោសសម្អាតមីន និង រកឃើញនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទនៅលើការដ្ឋាន ក្រុម EOD បានដោះបំផ្លាញដោយមានប្រសិទ្ធភាព គ្រាប់បែកទម្លាក់ពីលើយន្តហោះទទួលបានដោយជោគជ័យជាលើកដំបូង ដែលលទ្ធផលនេះបញ្ជាក់អោយឃើញអំពីសមត្ថភាពជំនាញរបស់យោធិនដែលបានបណ្តុះបណ្តាលនាពេលកន្លងមកនេះ។
ចំណែកលើការងារកសាងគ្រប់គ្រងពង្រឹងកម្លាំងវិញ អង្គភាពបានយកចិត្តទុកដាក់ ផ្សព្វផ្សាយ អប់រំ នយោបាយ សតិអារម្មណ៍ ចិត្តសាស្រ្តដល់កងទ័ព ដើម្បីបានលើកកម្ពស់គុណភាពនយោបាយកងទ័ព គោរពវិន័យម៉ឺងម៉ាត់ មានស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈមុតស្រួច ពុះពារឆ្លងកាត់រាល់ឧបសគ្គ គ្រោះថ្នាក់លំបាកមិនខ្លាចនឿយហត់ ពុះពារអនុវត្តឲ្យខាងតែបានសម្រេចជោគជ័យតាមបទបញ្ជាដែលថ្នាក់លើប្រគល់ឲ្យ ជាពិសេសចូលរួមការពារសន្តិភាពមិនឲ្យបាត់បង់ និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
បន្ទាប់មកគណៈអធិបតីនៃអង្គពិធីបាន អញ្ជើញទ្បើងបំពាក់ឋានន្តរស័ក្តិជូនដល់ នាយទាហាន នាយទាហានរង ពលទាហានដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ចជំនាញវិស្វកម្ម នៅបណ្តាការដ្ឋានទិសខាងមុខនៃមាតុភូមិចំនួន ១២៤៤នាក់ ក្នុងនោះថ្នាក់អនុសេនីយ៍ ចំនួន២៤៥នាក់ ថ្នាក់នាយទាហានរងចំនួន ៩១៩នាក់ក្នុងនោះបំពាក់ឋានន្តរស័ក្តិជានិមិត្តរូប និងតែងតាំងមុខងារ ៨០នាក់។
ក្នុងឱកាសនោះ លោក ខ្វាន់ ស៊ាម មានប្រសាសន៍សំណេះសំណាល និងការកោតសរសើរខ្ពស់ចំពោះស្នាដៃ នាយទាហាន នាយទាហានរង និង ពលទាហាន បញ្ជាការដ្ឋានវិស្វកម្មសម្រេចបានកន្លងមក ហើយ លោកបានក្រើន រំឮកដល់នាយទាហាន នាយទាហានរង ដែលបានបំពាក់ឋានន្តរស័ក្តិចំនួន១.២៤៤នាក់ នៅពេលនេះ ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចជំនាញគ្រប់ជំនាញទាំងអស់ ដោយត្រូវប្រកាន់ភ្ជាប់នូវគុណធម៌ សីលធម៌ កុំយកអំណាចទៅគំរាមកំហែងដល់ថ្នាក់ក្រោម ត្រូវចេះសហការ សាមគ្គីគ្នាឲ្យបានល្អ គោរពនូវក្រិត្យច្បាប់ បទវិន័យរបស់កងទ័ព ដើម្បីដឹកនាំអង្គភាពឲ្យមានការរីកចំរើន និងសម្រេចរាល់ភារកិច្ច ដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការប្រគល់ឲ្យ។

ក្នុងខណៈនោះ លោក ក្វាន់សៀម ក៏បាននាំយកនូវអំណោយរបស់ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ បញ្ជការរដ្ឋានកងទ័ពជើងគោគ រួមមាន៖ ភេសជ្ជៈចំនួន៧០០កេស គ្រាប់ពូជចំនួន១៨៧កញ្ចប់ និង ២៨គ.ក្រ ជូនដល់បណ្តាកងឯកភាព ចំណុះបញ្ជាការដ្ឋានវិស្វកម្ម ផងដែរ ៕





No comments:

Post a Comment