Tuesday, August 13, 2019

ក្រសួងអប់រំ ចុះអនុស្សរណៈពង្រឹងកិច្ចសហប្រតិបត្តិការសិក្សា និងស្រាវជ្រាវជាមួយសាកលវិទ្យាល័យ Curtin នៃប្រទេសអូស្រ្តាលី

ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈ នៃការយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការសិក្សានិងស្រាវជ្រាវជាមួយ សាកលវិទ្យាល័យ Curtinនៃប្រទេសអូស្រ្តាលី ដើម្បីឈ្វេងយល់ពីលទ្ធភាពនៃការអភិវឌ្ឍគម្រោងលើកកម្ពស់វិស័យអប់រំ បង្កើតឱកាសធ្វើការ ជាមួយស្ថាប័នអប់រំ នៅកម្ពុជា ដើម្បីលើកកម្ពស់ និងជំរុញឱ្យមានការផ្លាស់ប្តូរបុគ្គលិក និងនិស្សិ តរវាងភាគីទាំងពីរ។ ការចុះហត្ថលេខានេះ ធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា និងលោកបណ្ឌិតសាស្ត្រាចារ្យ សេធ ឃូនីន (Seth Kunin) សាកលវិទ្យាលធិការរងទទួលបន្ទប់ទំនាក់ ទំនងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ ឃើធីន ព្រមទាំងវត្តមានរបស់លោកជំទាវ អាន់ ជេឡា ខូខូរ៉ាន់ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាផងដែរ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងអប់រំ។
លោក ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា គោលបំណង នៃអនុស្សរណៈនៃការយោគយល់គ្នានេះគឺផ្ដោតលើលទ្ធភាពដែលសាកលវិទ្យាល័យ Curtin ផ្ដល់លើការបណ្ដុះបណ្ដាលកម្មវិធីសិក្សាមូលដ្ឋានតាមសាកលវិទ្យាល័យនានា នៅកម្ពុជា ដោយផ្ដល់ឱកាសឱ្យនិស្សិតផ្សារភ្ជាប់រវាងការសិក្សារបស់ពួកគេដែលបានទទួលតាមសាកល វិទ្យាល័យនៅប្រទេសកម្ពុជា និងការសិក្សានៅក្នុងប្រទេសដែលពួកគេជ្រើរើស ជាបិសេស ប្រទេសអូស្រ្តាលី និងសាកលវិទ្យាល័យ Curtin។ លោក បានបន្ដថា សាកលវិទ្យាល័យ Curtin នៃប្រទេសអូស្រ្ដាលី នឹងសិក្សា លើលទ្ធភាពសហការជាមួយសកលវិទ្យាល័យភូមិន្នភ្នំពេញលើការអនុត្តកម្មវិធី២ឆ្នាំ+២ឆ្នាំ ដោយនិស្សិតសិក្សាកម្មវិធីសិក្សាមូលដ្ឋាន ហើយបន្ថែមមុខវិជ្ជាធុរកិច្ចនិងសិល្បៈសំខាន់ៗមួយចំនួនទៀត។ បន្ទាប់មកនិស្សិតទាំងនោះ អាចផ្ទេរទៅសិក្សានៅសាខាណាមួយក្នុងចំណោមសាខាក្រៅប្រទេសទាំង៥របស់សាកលវិទ្យាល័យ Curtin ដើម្បីបំពេញ២ឆ្នាំបន្ថែមទៀត សម្រាប់ទទួលបានសញ្ញាបត្របរិញ្ញាបត្រ។
ជាមួយគ្នានេះដែរ ក្នុងកិច្ចសហប្រតិបត្តិការនេះ គឺពិនិត្យលើសក្តានុពលក្នុងការបង្កើតឱកាសដើម្បីបង្រៀនបុគ្គលិកតាមសាកលវិទ្យាល័យនៅកម្ពុជា ដោយឱ្យបុគ្គលិតទាំងនោះអាចបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់តាមរយៈការសិក្សា១ឆ្នាំនៅភ្នំពេញ និងបន្ថែមឆមាស (១ឆមាសបន្ថែមទៀតនៅភ្នំពេញ) ឬ១ឆ្នាំទៀតនៅ Perth ប្រទេសអូស្រ្តាលី។ ទន្ទឹមនេះ យោងតាមលក្ខន្តិកៈនៃអនុស្សរណៈ សាកលវិទ្យាល័យ Curtin និងអគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំយុវជននិងកីឡាក៏បានយល់ព្រមសហការគ្នាលើកកម្ពស់កិច្ចសហបរតិបត្តិការ ផ្នែកសិក្សានិងស្រាវជ្រាវ និងឈ្វេងយល់ពីលទ្ធភាពនៃការអភិវឌ្ឍគម្រោងដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ការបង្កើតឱកាសធ្វើការជាមួយស្ថាប័នអប់រំនៅប្រទេសកម្ពុជា និងសហការកម្មវិធីភាសាអង់គ្លេស កម្មវិធីសិក្សាមូលដ្ឋាន កម្មវិធីសិក្សាដែលបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យពីរ(Articulation Programs) រួមនឹងកម្មវិធីសិក្សាមួយចំនួនថែមទៀតនៅសាកលវិទ្យាល័យក្នុងប្រទេសអូស្រ្តាលីនោះ៕





No comments:

Post a Comment