Tuesday, August 13, 2019

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ នៅទំនប់ប្រទាក់ក្រឡា ខេត្តកំពត

ដោយសារអាកាសធាតុបង្កឲ្យមានភ្លៀងធ្លាក់ជាច្រេីនថ្ងៃជាប់ៗគ្នាធ្វេីឲ្យតំបន់មួយចំនួននៅតាមដងផ្លូវជាតិ និងផ្លូវក្នុងក្រុង ក៏ដូចជាផ្លូវក្នុងភូមិមួយចំនួនក្នុងខេត្តកំពត និងខេត្តកែប ទទួលរងនូវជំនន់ទឹកភ្លៀង ដែលធ្វេីឲ្យមានការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ជាក់ស្តែងទំនប់ប្រទាក់ក្រឡាស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានបាក់ដាច់ទំនប់បង្ហៀរទឹកប្រវែងប្រហែល២០ម៉ែត្រ បង្កឲ្យភូមិមួយចំនួនដែលនៅខាងក្រោមទំនប់ត្រូវបានជន់លេច។
ចំពោះ ស្ថានីយទឹកស្អាតត្រូវបានផ្អាកការផ្គត់ផ្គង់បណ្តោះអាសន្ន រង់ចាំទឹកស្រកទេីបដំណេីរការឡេីងវិញ។ ក្នុងហេតុការណ៍ដ៏បន្ទាន់នេះលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រី្ត រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត និងជាប្រធានក្រុមការងារចុះជួយខេត្តកែប បានដឹក នាំថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងព្រមទាំងក្រុមការងារចុះជួយខេត្តដោយមានការចូលរួម ពីលោកអភិបាលនៃគណ:អភិបាល ខេត្តទាំងពីរ បានអញ្ជេីញចុះពិនិត្យជាក់ស្តែង នៅទីតាំងខូចខាតនោះ។
ក្នុងឱកាសចុះត្រួតពិនិត្យជាក់ស្តែង លោកទេសរដ្ឋមន្រី្ត ចម ប្រសិទ្ធ បានថ្លែងការកោតសរសេីរចំពោះថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ ជាពិសេស គឺក្រសួងធនធានទឹក និងឧតុនិយម ដោយមានការសហការជាមួយពីក្រុមហ៊ុនផ្គត់ផ្គត់ទឹកស្អាតរបស់លោកឧកញ៉ា កុក អាន និងក្រុមហ៊ុន លី យ៉ុង ណាំ ប្រេីប្រាស់រថយន្តបែន និងគ្រឿងចក្ររួមគ្នា ធ្វេីការទប់បានដោយជោគជ័យកុំឲ្យទឹកក្នុងទំនប់ប្រទាក់ក្រឡាហូរចេញអស់ ដែលនាំឲ្យមានផលវិបាកយ៉ាងតិចពីរយ៉ាង គឺការជន់លិច និងអស់ទឹកពីក្នុងទំនប់។ ពីព្រោះទំនប់នេះមានសារ:សំខាន់ណាស់សម្រាប់ជាប្រភពទឹកឆៅ យកមកផលិតជាទឹកស្អាតទៅផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ និង ក្នុងតំបន់គោលដៅ នៃខេត្តកំពត និងខេត្ត កែប ហេីយក៏ជាប្រភពទឹកធ្វេីស្រែចំការរបស់ប្រជាពលរដ្ឋជុំវិញតំបន់នេះផងដែរ។
ឆ្លៀតឱកាសនោះដែរ លោក ក៏បានពិភាក្សាជាមួយមន្ត្រីជំនាញ និងអាជ្ញាធរខេត្ត ទាក់ទងនិងលទ្ធភាពការស្តារទំនប់ឲ្យកាន់តែជ្រៅ ការសាងសង់ទំនប់បង្ហៀរ និងការសាងសង់ស្ថានីយ៍បញ្ជូនទឹកជាដេីម។
សូមបញ្ជាក់ថា ដេីម្បីត្រៀមលក្ខណ:ជួយសង្រ្គោះ ឲ្យទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយបាតុភូតធម្មជាតិនានា ស្របតាមអនុសាសន៍ណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល លោក បានណែនាំឲ្យបណ្តាមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តទូទាំងប្រទេស ធ្វេីរបាយការណ៌មកក្រសួងពីរបាយទឹកភ្លៀង ជាប្រចាំថ្ងៃ ដេីម្បីក្តាប់ឲ្យបានភាពប្រឈម របស់ប្រជាពលរដ្ឋ ជាពិសេសការខ្វះខាតទឹកស្អាតប្រេីប្រាស់របស់ពួកគាត់ ពេលជួបគ្រោះទឹកជំនន់ រឺគ្រោះរាំងស្ងួតកេីតឡេីង។ ក្នុងនោះក៏មានការត្រៀមចុះជួយប្រជាពលរដ្ឋនៅតំបន់ក្បាលឆាយ ខេត្តព្រះសីហនុ និងតំបន់ងាយរងគ្រោះផ្សេងៗទៀតជាយថាហេតុ។
ស្ថិតក្នុងឱកាសនោះលោកទេសរដ្ឋមន្រី្ត ចម ប្រសិទ្ធ ក៏បាននាំយកនំស្រួយ ដែលជាការឧបត្ថម្ភពីក្រុមហ៊ុននំស្រួយលីលី មកចែកជូនប្រជាលរដ្ឋ តំណាងអជ្ញាធរដែនដី កងកម្លាំង ប្រចាំការ និងតំណាងក្រុមហ៊ុនសាងសង់ផងដែរ៕







No comments:

Post a Comment