Tuesday, August 13, 2019

ប្រជាពលរដ្ឋ៦០០គ្រួសារ នៅឃុំសិរីមង្គល ស្រុកកូនមុំ ដែលរងគ្រោះដោយទឹកជំនន់ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

រតនគិរី៖ ប្រជាពលរដ្ឋ៦០០គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ នៅឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរីនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ពិធីចែកអំណោយមនុស្សខាងលើប្រព្រឹត្តទៅក្រោមអធិបតី លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី និងលោក អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពជាតំណាងដ៏ខ្ពង់ខ្ពស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា។
ប្រសាសន៍សំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋនាឱកាសនេះលោក គន់ គីម លោក លី ធុជ និងលោក អ៊ុយ សំអាត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសាកសួរសុខទុក្ខ ពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ទឹកជំនន់ទាំងអស់ហើយ។
ក្រុមការងារ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើសុខភាព ដោយរក្សាអនាម័យ និងពិសារទឹកឆ្អិនជានិច្ច និងត្រូវប្រុងប្រយ័ត្ន ចំពោះ សត្វអសិរពឹសទាំងឡាយ ប្រសិនបើមានពស់ចឹក សូមប្រញាប់ប្រញាលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលឱ្យបានទាន់ពេលវេលា។ ក្រៅពីនោះ ក៏ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាព កូន ចៅ តូចៗ កុំឲ្យលេងទឹក ដើម្បីបញ្ជៀសការលង់ទឹក។ ដោយឡែកក្នុងពេលទឹកសម្រកទៅវិញនេះសូមបងប្អូន ពុកម៉ែប្រជាពលរដ្ឋត្រូវត្រៀមនូវពូជធារ ដំណាំ និងសហការជាមួយស្ថាប័នជំនាញ ដើម្បីស្ដារលទ្ធភាពកសិកម្មឡើងវិញ ។
អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដែលបានចែកជូនប្រជាពលរដ្ឋទាំង៦០០ដែលរងផលប៉ះពាល់ដោយទឹកជំនន់នាពេលនេះក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១កញ្ចប់ ក្នុងនោះមានមុង១ ភួយ១ក្រម៉ា១ និងសារ៉ុង១និង ប៊ីដុងទឹកទឹក៣០លីត្រចំនួន១ផងដែរ៕



No comments:

Post a Comment